សន្តវ៉ាំងសង់ ជាឧបដ្ឋាក និងមរណសាក្សី។ ថ្ងៃទី ២២ ខែមករា

សន្តវ៉ាំងសង់ កើតនៅអ៊ូអេស្កា(Huesca) នៅជិតក្រុងសារ៉ាកូស្សា ប្រទេសអេស្ប៉ាញ ប្រហែលក្នុងស.វទី៣ ឪពុករបស់លោកគឺសន្តអ៊ឺទ្រីស៊ីស ម្តាយរបស់លោកគឺអ្នកស្រី អ៊ីនូឡា។ លោកវ៉ាំងសងបានទទួលការអប់រំនៅទីក្រុង សារ៉ាកូស្សា និងទទួលអគ្គសញ្ញាតែងតាំងជាឧបដ្ឋាក ដោយលោកអភិបាលវ៉ាឡេរីអុស។ លោកជាឧបដ្ឋាកមួយដ៏ល្បី ក្នុង ចំណោមឧបដ្ឋាកដ៏ទៃទៀត គឺ សន្តរ៉ូឡង និង សន្តស្ទេផាន។ នាសម័យនោះ ជាសម័យព្រះចៅអធិរាជរ៉ូម៉ាំង ឌីអូក្លេស៊ីយ៉ាំង(Diocletian) ជាសម័យដែលបៀតបៀនគ្រីស្តបរិស័ទយ៉ាងសាហាវ គេបង្គំឱ្យគ្រីស្តបរិស័ទបោះបង់ចោលជំនឿ និងគរពព្រះនៃជនជាតិរ៉ូមាំង។ ដោយសារការមិនព្រមធ្វើតាមបញ្ជារបស់ព្រះចៅអធិរាជ លោកវ៉ាំងសង រួមជាមួយលោកអភិបាលព្រះសហគមន៍ត្រុវបាន ចាប់ចងជាមួយច្រវាក់ ដាក់គុក នៅក្នុងគុក គេបាននិយាយថា គេនឹងដោះលែងលោកវិញប្រសិនបើលោកយកព្រះគម្ពីរទៅដុតចោលក្នុងភ្លើង ក៏ប៉ុន្តែលោកវាំងសង់ បដិសេធមិនធ្វើតាមឡើយ។ ដោយហេតុនេះហើយបានជាគេដាក់ទារុណកម្មជាច្រើនមកលើលោក គេវាយលោកដោយរំពាត់ចំពោះមុខប្រជាជនដោយទំពក់ដែក រហែកដាច់សាច់ គេយកអំបិលមកបិតរបួលរបស់លោក និងដុតរោលភ្លើងទៀតផង ក្រោយមកដាក់ក្នុងគុក ពោលពេញដោយអំបែងកែវ ទោះបីលោកទទួលទារុណកម្ម ផ្សេងៗ យ៉ាងសាហាវយ៉ាងណាក៏ដោយ ក៏លោកនៅតែមានចិត្តក្លាហានក្នុងអង្គព្រះយេស៊ូគ្រិស្ត មិនបោះបង់ជំនឿឡើយ លោកបានទទួលមរណភាព ប្រហែលឆ្នាំ៣០៤។ លោកបំពេញមុខងារដែលព្រះសហគមន៍ប្រគល់ឲ្យលោកដោយចិត្តក្លាហាន លោកមិនបោះបង់ចោលជំនឿ ទោះបីជួបការពិបាក ទារុណកម្មរហូតដល់បាត់បង់ជីវិត។ តើសក្ខីភាពរបស់លោក អាចជួយជំរុញចិត្តយើង ឲ្យផ្តល់សក្ខីភាពនៅក្នុងជីវិតប្រចាំថ្ងៃយ៉ាងដូចម្តេច? សូមសន្តវ៉ាំងសង់ជួយផ្តល់ភាពក្លាហានឲ្យយើងហានតស៊ូឧបសគ្គនានាក្នុងជីវិត ដើម្បីព្រះយេស៊ូ ដូចលោក បានផ្តល់សក្ខីភាពអំពីព្រះអង្គ។ សូមឲ្យយើងមានព្រះយេស៊ូក្នុងជីវិត ជាពិសេសនៅពេលយើងរងទុក្ខវេទនាក្នុងជីវិត។

Facebook
Twitter
LinkedIn