សន្តីអាញេសជាព្រហ្មចារី និងមរណសាក្សី ថ្ងៃទី ២១ ខែមករា

ជាសន្តឧបការី៖ គូស្រករដែលទុកចិត្តគ្នា, គូដណ្តឹង, ភាពព្រហ្មចារីខាងផ្លូវកាយ, កូនរបស់ព្រះនាងម៉ារី, កុមារី, អ្នកដែលត្រូវគេបៀតបៀន។ សន្តីអាញេស មានជីវិតក្នុងអំឡុងពេលដែលព្រះសហគមន៍ រងការបៀតបៀន។ «អាញេស» មានន័យថា «កូនចៀម» ក្នុងភាសាក្រិក មានន័យថា «បរិសុទ្ធ» ។ នាងបានដឹងឭអំពីព្រះជាម្ចាស់ ហើយក្រោយ មកក្លាយទៅជាគ្រិស្តបរិស័ទ។ នាងថ្វាយខ្លួនទាំាងស្រុងទៅកាន់ព្រះគ្រិស្ត។ នៅពេលនាងមានអាយុ ១២ ឆ្នាំ នាងមិនព្រមរៀបការជាមួយអ្នកធំ និងមានអំណាច ដែលជាកូន របស់អ្នកតំណាងចៅអធិរាជរ៉ូម៉ាំង ព្រោះលោកមិនជឿគោរពព្រះជាម្ចាស់ ក្រោយមក នាងត្រូវគេរាយការណ៍ថាជាគ្រិស្តបរិស័ទ។ ហើយគេក៏ចាប់ខ្លួននាង។ នាងត្រូវបង្ខំឲ្យឈរចំពោះមុខព្រះមីនេ ដែលជាព្រះរបស់ជនជាតិរ៉ូម៉ាំង ដើម្បីថ្វាយគ្រឿងក្រអប ប៉ុន្តែនាងបែរ ទៅលើកដៃ ហើយថ្វាយបង្គំព្រះយេស៊ូវិញ ដោយធ្វើសញ្ញាឈើឆ្កាងថែមទៀត។ ពួកទាហានរ៉ូម៉ាំងដោះ សំលៀកបំពាក់របស់នាងចោល ដើម្បីឲ្យនាងអ៉ាម៉ាស។ ប្រជាជនបែរមុខចេញ មិនចង់មើល ប៉ុន្តែមាន មនុស្សប្រុសម្នាក់ មើលនាងដោយចិត្តមិនបរិសុទ្ធ រំពេចនោះមានរន្ទះបាញ់ពីលើមេឃ ធ្វើឲ្យបុរស នោះខ្វាក់ភ្នែក តែម្តង។ គេចាប់នាងទៅសម្លាប់ ដោយប្រើភ្លើងដុចទាំងរស់ ប៉ុន្តែអណ្តាតភ្លើងមិនអាចធ្វើឲ្យនាងគ្រោះថ្នាក់ឡើយ បានជាគេយកនាងទៅកាត់ ក។ ពេជ្ឈឃាតពេលដឹងថានឹងកាត់ក ក្មេងស្រីម្នាក់ ដូចជា មិនហ៊ានធ្វើ នាងបាន ជំរុញថា «កាត់ទៅចុះ! កុំខ្លាចអី! ព្រោះកូនក្រមុំអាចធ្វើឲ្យកូនកំលោះឈឺចាប់ ប្រសិនបើធ្វើឲ្យ គាត់ (ព្រះអង្គ) រង់ចាំ»។ ទោះបីនាងអាយុគ្រាន់តែ ១២ ឆ្នាំ ប៉ុន្តែមានចិត្តក្លាហាន សុខចិត្តលះបង់ជីវិតដើម្បីរក្សាភាពព្រហ្មចារី និងហ៊ានទទួលសេចក្តីស្លាប់ ដោយសារសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់។ សក្ខីភាពរបស់នាង ជាទីគោរពមិនមែនតែព្រះសហគមន៍ឡាតាំង(អឺរ៉ូបខាងលិច)តែប៉ុណ្ណោះទេ ប៉ុន្តែ វីរភាព របស់នាងល្បីទៅដល់ព្រះសហគមន៍ទាំងមួល។ វីរភាពរបស់សន្តីអាញ៉ែស ហូរចេញមកពីសេចក្តីស្រឡាញ់ ដែលនាងមានចំពោះព្រះជាអម្ចាស់ យេស៊ូគ្រិស្ត។ យើងអាចផ្តល់សក្ខីភាពអំពីជំនឿលើព្រះយេស៊ូគ្រិស្តរបស់យើង ក្នុងសង្គមលោកីយ ដែលមិនចង់ស្គាល់ ព្រះជាម្ចាស់។ យើងហ៊ានធ្វើអ្វីជាច្រើន ប្រសិនបើយើងឲ្យតម្លៃលើកិច្ចការនោះ ជួនកាលរហូតដល់ហ៊ានបាត់បង ជីវិត តើអ្វីមួយណា ដែលមានតម្លៃជាងគេក្នុងជីវិតយើង? តើវាអាចជួយសង្រ្គោះយើងបានយ៉ាងដូចម្តេច? តើព្រះយេស៊ូអាចជួយយើងសុខចិត្តលះបង់អ្វីៗទាំងអស់ ដូចសន្តីអាញ៉ែសបានទេ? តើយើងអាចរក្សាព្រហ្មចារីខាងផ្លូវវិញ្ញាណ ដើម្បីថ្វាយជីវិតចំពោះព្រះជាម្ចាស់បានយ៉ាងដូចម្តេច? សូមឲ្យយើងមានចិត្តស្រឡាញ់ព្រះជាម្ចាស់ ព្រះយេស៊ូ ហើយសុខចិត្តលះបង់អ្វីៗ ដើម្បីស្រឡាញ់ ព្រះអង្គ ជាងរូបសម្បតិ្តខាងក្រៅ។ សូមឲ្យគុណធម៌របស់យើងខ្ញុំហាក់ដូចជា ម្កុដនៃជ័យជំនះ។ សូមឲ្យយុវជន យុវនារី ហានការពារភាពព្រហ្មចារីរបស់ខ្លួន ដើម្បីព្រះយេស៊ូគ្រិស្ត។

Facebook
Twitter
LinkedIn