សន្តអន់ទន នៅអេហ្ស៊ីប ជាចៅអធិការ ថ្ងៃទី ១៧ ខែមករា

ជាសន្តឧបការី៖ នៃបរិស្ថានវិទ្យា, សត្វ, អ្នកធ្វើកញ្ច្រែង, អ្នកលក់សាច់, អ្នកធ្វើការក្នុងដីព្រះពរ, សត្វចិញ្ជឹម, ក្រុមឥសី, លោកសង្ឃកាតូលិក, អ្នកជំងឺសាស្បែក, មនុស្សតូចទាបជាដើម។ សន្តអន់ទន កើតក្នុងឆ្នាំ ២៥០ នៅប្រទេសអេស៊ីប។ លោកមានឈ្មោះថាជា«បិតារបស់ឥសី» ព្រោះលោកចាកចេញទៅនៅកន្លែងវាលរហោស្ថាន ប្រហែលអាយុ ១៨ ឆ្នាំ ដោយសារព្រះបន្ទូលថា «បើអ្នកចង់ល្អឥតខ្ចោះ ចូរយកទ្រព្យសម្បត្តិរបស់អ្នកទាំងប៉ុន្មាន ទៅលក់ ហើយចែកឲ្យជនក្រីក្រ …រួចសឹម មកតាមខ្ញុំ» (មថ. ២១,១៩)។ លោកអនុវត្តតាមព្រះបន្ទូលនេះ ដោយរស់នៅយ៉ាងតឹងរឹង តមអាហារ និងអធិដ្ឋានយ៉ាងខ្ជួបខ្ជួន ហើយរស់នៅតែឯកឯង ដោយបដិសេធការរស់នៅ តាមរបៀបលោកីយ៍ ប៉ុន្តែក្រោយមក លោកឃើញថា ជីវិតឥសីម្នាក់ឯងនោះ អាចមានគ្រោះថ្នាក់ ប្រសិនបើមិនបានរៀបចំជាមុន។ បានជាលោកចាប់ផ្តើមរៀបចំការរស់នៅតាមរបៀបឥសី សាជាថ្មី គឺឲ្យរស់នៅរួមជាមួយគ្នាក្នុងវត្តអារ៉ាម មានការអធិដ្ឋានរួមគ្នា ដោយមានឥសីចាស់ទុំជួយណែនាំ ហើយរស់នៅជាមួយគ្នាដូចជាបងប្អូន ព្រោះជាផ្លូវដែលអាចជួយទៅដល់ជីវិតដ៏វិសុទ្ធ នោះល្អជាងរស់នៅ តែម្នាក់ឯងយ៉ាងរឹតត្បឹត។ លោកសហការជាមួយសន្តអាថាណាស តស៊ូលទ្ធិនឹងក្លែងក្លាយឈ្មោះអារីយូស។ ជីវិតរស់នៅជាមួយ គ្នារបស់ឥសីតាមរបៀបវត្តអារ៉ាមនេះ មានឥត្ធិពលទៅទូទាំងព្រះសហគមន៍ខាងកើត។ លោកស្លាប់ នៅឆ្នាំ ៣៥៦ ក្នុងអាយុ ១០៥ ឆ្នាំ។ របៀបរស់នៅជីវិតឥសីនេះ មិនបំផ្លាញរាងកាយទេ ប៉ុន្តែដាក់វានៅក្រោមអំណាចរបស់យើងវិញ ជួយស្តារជីវិត ពីដើមរបស់មនុស្សដែលមានភាពសុខដុមពេញលេញឡើងវិញ គឺជីវិតរបស់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ៕ ការរស់នៅក្នុងជីវិតយើងសព្វថ្ងៃ ទាមទារភាពដ៏វិសុទ្ធដូចគ្នាដែរ ជីវិតដ៏វិសុទ្ធគឺ ជីវិតដែលមានទំនាក់ ទំនងជាមួយព្រះជាម្ចាស់។ ជីវិតបុព្វជិតា តាមរបៀបឥសី គឺការរស់នៅបែបផ្តាច់ទំនាក់ទំនងខាង លោកីយ ដើម្បីយកពេលជិតស្និទ្ធជាមួយព្រះជាម្ចាស់។ តើយើងដកឃ្លារបស់ជីវិតប្រចាំថ្ងៃខ្លះ អធិដ្ឋាន ហើយរិះគិត អំពីវត្តមានរបស់ព្រះជាម្ចាស់នៅក្នុងជីវិតយើង ដើម្បីសេចក្តីសុខសាន្តក្នុងដួងចិត្តរបស់យើង រួមជាមួយ ព្រះអង្គឬទេ?តើបេះដូងរបស់យើង ថ្វាយទៅកាន់ព្រះជាម្ចាស់ ឬជីវិតលោកីយ មួយណាច្រើនជាង? បពិត្រព្រះជាម្ចាស់ ជីវិតរបស់យើងខ្ញុំមានការល្បួងជាច្រើន យើងខ្ញុំមិនដឹងថានឹងរស់នៅយ៉ាងណា ដើម្បីជៀសផុតពីកិលេសតណ្ហាខាងលោកីយ៍។ សូមសន្តអន់ទនជួយអង្វរឲ្យយើងខ្ញុំ មានចិត្តស្វែងរក ព្រះអង្គដែលជាប្រភពនៃសេចក្តីសុខសាន្តរបស់យើងខ្ញុំជានិច្ច។

Facebook
Twitter
LinkedIn