អត្ថបទទី១៖ សូមថ្លែងលិខិតផ្ញើជូនគ្រីស្តបរិស័ទជាតិហេប្រឺ ហប ៤,១-៥.១១
បងប្អូនជាទីស្រឡាញ់!
ព្រះជាម្ចាស់មានព្រះបន្ទូលសន្យាថា នឹងប្រោសឱ្យយើងចូលទៅសម្រាកជាមួយព្រះអង្គ។ ព្រះបន្ទូលសន្យានោះ នៅស្ថិតស្ថេរនៅឡើយ ដូច្នេះយើងត្រូវភ័យខ្លាចក្រែងលោមានបងប្អូនណាម្នាក់នឹកស្មានថា ខ្លួនចូលទៅមិនទាន់ ដ្បិតយើងក៏បានទទួលដំណឹងល្អដូចដូនតាដែលចេញពីស្រុកអេស៊ីបដែរ ។ ក៏ប៉ុន្តែ ព្រះបន្ទូលដែលពួកគេស្តាប់គ្មានប្រយោជន៍អ្វីដល់គេទេ ព្រោះព្រះបន្ទូលដែលគេបានឮនោះពុំបានជ្រួតជ្រាបចូលក្នុងចិត្តគេដោយជំនឿឡើយ។ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ “យើងខឹងនឹងពួកគេ ហើយប្តេជ្ញាថាមិនឱ្យពួកគេចូលមកសម្រាកជាមួយយើងជាដាច់ខាត”។ ចំពោះយើងជាអ្នកជឿវិញ យើងបានចូលមកសម្រាកជាមួយព្រះអង្គហើយ។ ពិតមែនហើយ ព្រះជាម្ចាស់បានបង្ហើយកិច្ចការរបស់ព្រះអង្គតាំងពីកំណើតពិភពលោកមកម្ល៉េះ ដ្បិតមានចែងទុកត្រង់វគ្គមួយ ស្តីអំពីថ្ងៃទីប្រាំពីរថា ព្រះជាម្ចាស់បង្ហើយកិច្ចការទាំងអស់នៅថ្ងៃទីប្រាំពីរ រួចព្រះអង្គក៏សម្រាក។ រីឯក្នុងទំនុកតម្កើងមានចែងសាជាថ្មីថា៖ “ពួកគេនឹងមិនបានចូលទៅសម្រាកជាមួយយើងជាដាច់ខាត”។ ហេតុនេះ យើងត្រូវតែខ្នះខ្នែងចូលទៅរកសម្រាកជាមួយព្រះអង្គនោះវិញ កុំឱ្យមាននរណាម្នាក់ធ្លាក់ខ្លួនទៅយកតម្រាប់តាមពួកអ្នកដែលមិនស្តាប់បង្គាប់នោះឡើយ។
ទំនុកតម្កើងលេខ ៧៨ (៧៧) ,៣-៤.៦-៨ បទព្រហ្មគីតិ
៣ | យើងបានឮគេប្រាប់ | ឱ្យយើងស្តាប់ជាដំណឹង | |
ដូនតាលោកខំប្រឹង | តំណាលរឿងគ្រប់ទាំងអស់ | ។ | |
៤ | តំណាលពីប្ញទ្ធា | នុភាពជាស្នាព្រះហស្ត | |
អស្ចារ្យគ្មានចន្លោះ | ល្អឥតខ្ចោះទ្រង់ប្រព្រឹត្ត | ។ | |
យើងនឹងនិយាយប្រាប់ | កូនចៅស្តាប់តទៅពិត | ||
កូនចៅត្រូវរិះគិត | មានគំនិតយល់មិនខាន | ។ | |
៦ | ឱ្យមនុស្សជាន់ក្រោយស្គាល់ | ព្រះអង្គផ្ទាល់កុំងាករេ | |
កូនចៅកើតហូរហែ | បង្រៀនគេតរហូត | ។ | |
៧ | ឱ្យគេផ្ញើជីវិត | ព្រមស្នេហ៍ស្និទ្ធមិនភរភូត | |
គោរពតាមបែបបទ | ចាំឱ្យស្ទាត់ស្នាព្រះហស្ត | ។ | |
៨ | កុំឱ្យប្រជាជន | ចិត្តទោរទន់ប្រព្រឹត្តហួស | |
ដូចដូនតាទាំងនោះ | ចិត្តរឹងរូសប៉ងប្រឆាំង | ។ | |
គំនិតវៀចវេរល្អៀង | ចិត្តមិនទៀងមិនស្មោះត្រង់ | ||
នាំគ្នាក្បត់ព្រះអង្គ | មិនទៀងត្រង់សោះឡើយណា | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ៧,១៦
អាលេលូយ៉ា! អាលេលូយ៉ា!
មានព្យាការីដ៏ប្រសើរម្នាក់កើតឡើងនៅក្នុងចំណោមយើងហើយ! ព្រះអម្ចាស់យាងមករំដោះប្រជារាស្រ្តរបស់ព្រះអង្គ។អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ២,១-១២
ព្រះយេស៊ូយាងត្រឡប់មកក្រុងកាផានុមវិញ ហើយអ្នកស្រុកឮដំណឹងថា ព្រះអង្គគង់នៅក្នុងផ្ទះ។ មានមនុស្សយ៉ាងច្រើនមកមូលផ្តុំគ្នាកកកុញ គ្មានសល់កន្លែងណាសោះឡើយ សូម្បីតែនៅមាត់ទ្វារផ្ទះក៏គ្មានសល់ដែរ។ ព្រះយេស៊ូថ្លែងព្រះបន្ទូលឱ្យគេស្តាប់។ មានបុរសបួននាក់សែងមនុស្សខ្វិនដៃខ្វិនជើងម្នាក់មករកព្រះអង្គ។ ប៉ុន្តែ ដោយមានមនុស្សច្រើនពេក គេពុំអាចនាំមនុស្សខ្វិននោះទៅជិតព្រះយេស៊ូបានឡើយ។ ដូច្នេះ គេក៏ចោះដំបូលផ្ទះចំពីលើកន្លែងដែលព្រះអង្គគង់ ហើយសម្រូតមនុស្សខ្វិននៅលើគ្រែស្នែងចុះតាមប្រឡោះមក។ កាលព្រះយេស៊ូឈ្វេងយល់ជំនឿរបស់អ្នកទាំងនោះ ព្រះអង្គមានព្រះបន្ទូលទៅកាន់អ្នកពីការថា៖«កូនអើយ! ព្រះជាម្ចាស់អត់ទោសអ្នកឱ្យរួចពីបាបហើយ»។ ពួកធម្មចារ្យខ្លះដែលអង្គុយនៅទីនោះរិះគិតក្នុងចិត្តថា៖«ហេតុដូចម្តេចបានជាអ្នកនេះហ៊ានប្រមាថព្រះជាម្ចាស់ ដោយពោលពាក្យស្មើនឹងព្រះអង្គបែបនេះ? ក្រៅពីព្រះជាម្ចាស់មួយព្រះអង្គ តើនរណាអាចអត់ទោសឱ្យមនុស្សរួចពីបាបបាន!»។ ព្រះយេស៊ូឈ្វេងយល់ចិត្តគំនិតរបស់គេភ្លាម ទើបទ្រង់មានព្រះបន្ទូលទៅគេថា៖«ហេតុអ្វីបានជាអ្នករាល់គ្នារិះគិតបែបនេះ? បើខ្ញុំប្រាប់ការនេះថា ព្រះជាម្ចាស់អត់ទោសអ្នកឱ្យរួចពីបាបហើយ” ឬថា” ចូរក្រោកឡើង យកគ្រែស្នែងរបស់អ្នកដើរទៅចុះ” តើឃ្លាមួយណាស្រួលនិយាយជាង? ប៉ុន្តែ ខ្ញុំចង់ឱ្យអ្នករាលគ្នាដឹងថា បុត្ររបស់មនុស្សមានអំណាចនឹងអត់ទោសឱ្យមនុស្សនៅលើផែនដីនេះឱ្យរួចពីបាបបាន»។ ព្រះអង្គងាកទៅរកអ្នកខ្វិន ហើយមានព្រះបន្ទូលថា៖«ចូរក្រោកឡើង យកគ្រែស្នែងរបស់អ្នកដើរទៅផ្ទះវិញទៅ!»។ មនុស្សខ្វិនក៏ក្រោកឈរឡើងភ្លាម យកគ្រែស្នែងរបស់ខ្លួន ដើរកាត់មុខមនុស្សទាំងអស់ចេញទៅ ធ្វើឱ្យគេគ្រប់គ្នាស្ញប់ស្ញែងយ៉ាងខ្លាំង ហើយលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ដោយពោលថា៖«យើងមិនដែលបានឃើញការអស្ចារ្យណាមួយដូចពេលនេះឡើយ!»។