អត្ថបទទី១៖ សូមថ្លែងលិខិតផ្ញើជូនគ្រីស្តបរិស័ទជាតិហេប្រឺ ហប ៣,៧-១៤
ព្រះវិញ្ញាណដ៏វិសុទ្ធមានព្រះបន្ទូលក្នុងទំនុកតម្កើងមួយថា៖«ថ្ងៃនេះ ប្រសិនបើអ្នករាល់គ្នាឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ មិនត្រូវមានចិត្តរឹងរូសដូចនៅគ្រាបះបោរ ក្នុងថ្ងៃដែលគេល្បងលព្រះអង្គនៅវាលរហោស្ថាននោះឡើយ! បុព្វបុរសរបស់អ្នករាល់គ្នាបានល្បងលយើង ដើម្បីសាកមើលយើង។ គេបានឃើញកិច្ចការដែលយើងបានធ្វើក្នុងអំឡុងពេលសែសិបឆ្នាំ។ ហេតុនេះហើយ បានជាយើងទាស់ចិត្តនឹងមនុស្សនៅជំនាន់នោះណាស់ ហើយយើងពោលថា ចិត្តរបស់ពួកគេចេះតែវង្វេងរហូតទៅ គេពុំស្គាល់មាគ៌ារបស់យើងឡើយ យើងខឹងនឹងពួកគេ ហើយប្ដេជ្ញាថា មិនឱ្យពួកគេចូលមកសម្រាកជាមួយយើងជាដាច់ខាត»។ បងប្អូនអើយ! ដូច្នេះ ចូលប្រយ័ត្ន! ក្រែងលោនរណាម្នាក់ក្នុងចំណោមបងប្អូនបែជាមានចិត្ដអាក្រក់លែងជឿរហូតដល់ទៅងាកចេញពីព្រះជាម្ចាស់ដ៏មានព្រះជន្មរស់។ ផ្ទុយទៅវិញ ចូរដាស់តឿនគ្នាទៅវិញទៅមកជារៀងរាល់ថ្ងៃ គឺគ្រប់ពេលដែលមានចែងក្នុងគម្ពីរថា «ថ្ងៃនេះ!» នៅឡើយដើម្បីកុំឱ្យបងប្អូនណាម្នាក់ប្រកាន់ចិត្តរឹងរូស ដោយចាញ់បោកមេនៃអំពីបាប។ ប្រសិនបើយើងរក្សាជំហររឹងប៉ឹងដែលយើងមានតាំងពីដំបូងមក រហូតដល់ចុងបញ្ចប់មែននោះ យើងពិតជាបានចូលរួមជាមួយព្រះគ្រីស្តហើយ។
ទំនុកតម្កើងលេខ ៩៥ (៩៤), ៦-១១ បទកាកគតិ
៦ | ចូរនាំគ្នីគ្នា | គោរពវន្ទា | ក្រាបថ្វាយព្រះអង្គ |
យើងក្រាបចំពោះ | ព្រះភ័ក្រ្តផូរផង់ | បារមីត្រចង់ | |
ទ្រង់បង្កើតយើង | ។ | ||
៧ | ព្រះអង្គជាព្រះ | នៃយើងទាំងអស់ | បារមីថ្កុំថ្កើង |
ទ្រង់ជាគង្វាល | ដឹកនាំពួកយើង | ថ្ងៃនេះព្រះអង្គ | |
បន្លឺសូរសៀង | ។ | ||
៨ | អ្នកកុំធ្វើផ្តាស | ដូចដូនតាចាស់ | ល្បងលព្រះអង្គ |
នៅមេរីបា | ក្នុងគ្រាកន្លង | នៅម៉ាសាផង | |
ក្នុងរហោស្ថាន | ។ | ||
៩ | គឺបុព្វបុរស | នៃអ្នកទាំងអស់ | ចិត្តគេសាមាន្យ |
គេបានល្បងល | ទោះបីគេបាន | ឃើញកិច្ចប៉ុន្មាន | |
យើងបានប្រព្រឹត្ត | ។ | ||
១០ | ក្នុងអំឡុងពេល | សែសិបឆ្នាំដែល | យើងចាំមិនបាត់ |
មនុស្សជំនាន់នោះ | ឱ្យយើងឆ្អែតចិត្ត | គេធ្វើទុច្ចរិត | |
ឱ្យយើងពោលថា | ។ | ||
ពួកគេទាំងនេះ | ជាប្រជារាស្រ្ត | មានចិត្តប្ញស្យា | |
ជាមនុស្សវង្វេង | មិនស្គាល់មាគ៌ា | ពួកគេគ្រប់គ្នា | |
មិនស្តាប់យើងឡើយ | ។ | ||
១១ | ហេតុនេះយើងខឹង | ពួកគេយ៉ាងខ្លាំង | ឥតមានល្ហែល្ហើយ |
យើងប្តេជ្ញាចិត្ត | មិនជួយគេឡើយ | ព្រមទាំងមិនឱ្យ | |
គេចូលក្នុងស្រុក | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ៤,២៣
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះយេស៊ូប្រកាសដំណឹងល្អ ហើយប្រោសប្រជារាស្រ្តរបស់ព្រះអង្គឱ្យបានជាសះស្បើយពីជំងឺរោគាគ្រប់យ៉ាង។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ១,៤០-៤៥
មានមនុស្សឃ្លង់ម្នាក់ចូលមករកព្រះយេស៊ូ គាត់លុតជង្គង់ទូលអង្វរព្រះអង្គថា៖«ប្រសិនបើលោកមានបំណង លោកអាចប្រោសខ្ញុំប្របាទឱ្យបានជាស្អាតបរិសុទ្ធផង»។ ព្រះយេស៊ូមានព្រះហប្ញទ័យអាណិតអាសូរគាត់ពន់ពេកណាស់ ព្រះអង្គក៏លូកព្រះហស្តទៅពាល់គាត់ ទាំងមានព្រះបន្ទូលថា៖«ខ្ញុំចង់! ចូរឱ្យអ្នកបានជាស្អាតបរិសុទ្ធចុះ!»។ មនុស្សឃ្លង់ក៏បានជាស្អាតបរិសុទ្ធភ្លាម។ បន្ទាប់មក ព្រះយេស៊ូដេញគាត់ឱ្យចេញទៅភ្លាមទាំងមានព្រះបន្ទូលយ៉ាងតឹងរ៉ឹងថា៖«ចូរប្រយ័ត្នឱ្យមែនទែន! កុំនិយាយហេតុការណ៍នេះប្រាប់នរណាឱ្យដឹងឮឡើយ ផ្ទុយទៅវិញ ត្រូវទៅបង្ហាញខ្លួនឱ្យលោកបូជាចារ្យឃើញ ហើយថ្វាយតង្វាយដូចដែលលោកម៉ូសេបានបង្គាប់ទុក ដើម្បីជាសក្ខីភាពបញ្ជាក់ថា អ្នកបានជាស្អាតបរិសុទ្ធហើយ»។ ប៉ុន្តែ បុរសនោះចេញទៅប្រកាស និងផ្សព្វផ្សាយរឿងនេះនៅគ្រប់កន្លែងឱ្យគេដឹង។ ហេតុនេះយើងបានជាព្រះយេស៊ូមិនអាចយាងចូលទីក្រុងដូចពីមុនបានទៀតឡើយ គឺព្រះអង្គគង់នៅតែខាងក្រៅទីក្រុង ត្រង់កន្លែងស្ងាត់ៗ ហើយមានមនុស្សពីគ្រប់ទិសទី នាំគ្នាមកគាល់ព្រះអង្គ។