អ្នកស្រីប៉ូលីន ម៉ារី យ៉ារីខូត កើតក្នុងគ្រួសារកាតូលិកដែលមានចិត្តសទ្ធា នៅក្រុងលីយង់ ប្រទេសបារំាង នៅថ្ងៃទី ២២ កក្កដា ឆ្នាំ ១៧៩៩។ កាលពីក្មេងនាងមានបំណងចង់ក្លាយជាសាសនទូត។ ក្រោយមក តាមរយៈបងរបស់នាង នាងបានបេសកកម្មនៅទ្វីបអាស៊ី។ នាបុណ្យព្រះយេស៊ូប្រសូត ឆ្នាំ ១៨១៦ នាងបានធ្វើពាក្យសច្ចារស់នៅព្រហ្មចារីអស់ មួយជីវិត។ បានអាយុ ១៨ ឆ្នាំ នាងបាននិពន្ធសៀវភៅមួយក្បាល ដែលមានជំណងជើងថា “សេចក្តីស្រឡាញ់ គ្មានកំរិតរបស់ព្រះកាយ ព្រះជាអម្ចាស់”។ នៅឆ្នាំ ១៨១៨ គ្រិស្តបរិស័ទជនជាតិបារាំងរូបនេះបានបង្កើតសមាគមដើម្បី ប្រកាសជំនឿហើយត្រូវទទួលស្គាល់ជាផ្លូវការនៅថ្ងៃទី ៣ ខែឧសភា ឆ្នាំ ១៨២២។ ប៉ូលីន ជាអ្នកបង្កើតទីភ្នាក់ងារជំនួយដ៏ធំសម្រាប់បេសកកម្ម ក្នុងប្រវត្តសាស្ត្ររបស់ព្រះសហគមន៍កាតូលិក ដែលក្រោយមកក្លាយទៅជាសមាគមដើម្បីផ្សព្វផ្សាយជំនឿ និង ប្តូរទៅជារបស់សន្តអាសនៈ ដោយប្រើពាក្យ “Pontifical” ខាងមុខឈ្មោះសមាគម ដោយសម្តេចប៉ាបពីយូ ទី ១១ នៅឆ្នាំ ១៩២២។ ថ្ងៃមួយក្នុងពេលនាងកំពុងអធិដ្ឋាននាងបានលឺព្រះសូសៀងព្រះយេស៊ូមានព្រះបន្ទូលមកកាន់នាងថា កូនអើយ តើកូនអាចរងទុក និងស្លាប់ដើម្បីខ្ញុំបានដែរឬទេ? នាងតបវិញថា ខ្ញុំសូមថ្វាយខ្លួនខ្ញុំទាំងស្រុងទៅក្នុងព្រះហឫទ័យរបស់ព្រះអង្គ។ នាងបានទទួលមរណភាពនៅថ្ងៃទី០៩ ខែមករា ឆ្នាំ១៨៦២។ ក្រោយពេលនាងស្លាប់ គេបានរកឃើញអត្ថបទដ៏វែងមួយដែលជាសាក្ខីភាពខាងផ្លូវវិញ្ញារបស់នាង។ ក្នុងមានពាក្យខ្លះថាៈ ក្នុងអង្គព្រះគ្រីស្តយេស៊ូ ខ្ញុំមានសង្ឃឹមជានិច្ច ព្រះឈើឆ្កាងគឺជាទ្រព្យសម្បត្តិតែមួយគត់របស់ខ្ញុំ ខ្ញុំនឹងលើកតម្កើងព្រះអង្គក្នុងគ្រប់ពេល ហើយពាក្យលើកតម្កើងទាំងនេះនៅក្នុងមាត់របស់ខ្ញុំជានិច្ច។ នាងត្រូវបានព្រះសហគមន៍ប្រកាសជាអ្នកមានសុភមង្គលនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២។