លោករ៉ៃម៉ុង ពេញ៉ាហ្វរ កើតនៅក្នុងគ្រួសារនៃវណ្ណៈអភិជន ក្នុងទីក្រុងបាសេឡូន ប្រទេសអេស្ប៉ាញ។ លោកបានរៀន ខាងច្បាប់និងទេវវិទ្យា នៅស្រុករបស់លោក ក្រោយមកទៅសិក្សានៅក្រុងបូឡូញ្ញ៉ា ប្រទេសអ៊ីតាលី នៅទីនេះលោកធ្វើជាសាស្ត្រាចារ្យ ក្រោយមកលោកត្រឡប់ទៅបាសេឡូនវិញ ហើយចូលក្រុមបព្វជិត ដូមីនីកាំងនៅពេលមានអាយុ ៤៥ ឆ្នាំ។ លោកក្លាយទៅជាអ្នកផ្តល់អគ្គសញ្ញាសម្រុះសម្រួលនិងអ្នកច្បាប់ដ៏ឆ្លាតវៃ។ លោកបានផ្តល់ អគ្គសញ្ញាសម្រុះ សម្រួលឲ្យសម្តេចប៉ាប និងស្តេចជាច្រើននៅសម័យនោះ។ លោកបានជួយសម្តេចប៉ាបកែតម្រូវច្បាប់ព្រះសហគមន៍ឡើងវិញ។ លោកបាន សរសេរ (ឌឺហ្គ្រីតល) Decretals ដែលជាភាគមួយសំខាន់របស់ច្បាប់ព្រះសហគមន៍។ លោកបានសរសេរសៀវភៅ សូម៉ា ខាសូម (Summa Casuum) ដែលទាក់ទងនឹងការចាត់ចែងលទ្ធផល នៃអគ្គសញ្ញាលើកលែងទោស។ ហើយស្នាក់ដៃដ៏ ល្បីល្បាញបំផុតគឺ លោកបង្កើតមជ្ឈមណ្ឌលភាសាខាងកើត។ លោកក្លាយទៅជាប្រធាន ខ្ពស់បំផុតលំដាប់ទី ៣ របស់ក្រុមគ្រួសារដូមីនីកាំង។ លោកបានជំរុញឲ្យសន្តថូមាស អគីណូ សរសេរ សៀវភៅ សូម៉ា ខាស្រ្តា យេនថាយ (Summa Costra Gentiles)។ លោកបានរៀបចំ ធម្មនុញរបស់ក្រុមបព្វជិតមាតាលោះទាសករ ដែលមានតួនាទីជួយគ្រីស្តបរិស័ទដែលត្រូវជាទាសកររបស់មូស្លីម។ រូបភាពរបស់លោកតែងគូរ ដូចជាលោកឆ្លងសមុទ្រ ដោយប្រើអាវផាយរបស់លោក៕ យើងជាគ្រិស្តបរិស័ទគួរមានការសិក្សាថែមទៀត អំពីច្បាប់ព្រះសហគមន៍ ដែលអាចជួយការរស់នៅ របស់យើងក្នុងឋានៈជាគ្រិស្តបរិស័ទនោះ មានភាពត្រឹមត្រូវ សមគួរ។ ដោយសារលោកយកចិត្តទុកដាក់អគ្គសញ្ញាលើកលែងទោស នោះគួរធ្វើឲ្យយើង យកចិត្តទុកដាក់ ការទទួលសារភាពបាប ដើម្បីលើកស្ទួយជីវិតខាងផ្លូវវិញ្ញាណរបស់យើង។ បញ្ហាសម័យនោះគឺ ប្រព័ទ្ធទាសករ សព្វថ្ងៃនេះ ជីវិតទំនើប ធ្វើឲ្យមនុស្សយើងជាទាសករដែរ ដូចជា ទាសកររបស់សម្ភារៈនិយម, បច្ចេកនិយម, បរិភោគនិយម ។ល។ គ្រិស្តបរិស័ទត្រូវប្រយ័ត្នខ្លួន ធ្លាក់ខ្លួន ក្នុងរបៀបជីវិតបែបនេះ។ បពិត្រព្រះជាអម្ចាស់យេស៊ូគ្រិស្តអើយ! សូមព្រះអង្គជួយតម្រូវចិត្តមនុស្សដែលតែងតែអាងអំណាច ហើយបៀតបៀនឈ្លានពានអ្នកដទៃ កែប្រែចិត្ត គំនិត ហើយសូមឲ្យយើងខ្ញុំជាគ្រិស្តបរិស័ទ ចេះចែករំលែក ផ្តល់ជំនួយឲ្យអ្នកដទៃ ដូចសន្តរ៉ៃម៉ុងផង។
