អត្ថបទទី១៖ សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតយ៉ូហាន ១យហ ៥,៥-១៣
ម្នាលកូនចៅជាទីស្រឡាញ់! តើនរណាអាចឈ្នះលោកីយ៍បាន? គឺអ្នកដែលជឿថា ព្រះយេស៊ូពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់។ ព្រះយេស៊ូគ្រីស្តហ្នឹងហើយដែលបានយាង មកក្នុងលោកនេះដោយទឹកនិងដោយលោហិត មិនត្រឹមតែដោយទឹកប៉ុណ្ណោះទេ គឺដោយ ទឹក និងដោយលោហិតផង។ ព្រះវិញ្ញាណផ្តល់សក្ខីភាពថា សេចក្តីនេះពិតជាត្រឹមត្រូវមែន ដ្បិតព្រះវិញ្ញាណជាសេចក្តីពិត។ មានបន្ទាល់បី គឺព្រះវិញ្ញាណ ទឹក និងលោហិត ហើយ បន្ទាល់ទាំងបីនេះរួមគ្នាផ្តល់សក្ខីភាពតែមួយ។ ព្រះជាម្ចាស់បានផ្តល់សក្ខីភាពអំពីព្រះបុត្រា របស់ព្រះអង្គ។ យើងតែងតែទទួលស្គាល់សក្ខីភាពរបស់មនុស្ស រីឯសក្ខីភាពរបស់ព្រះជា ម្ចាស់រឹងរឹតតែធំជាងនោះទៅទៀត។ អ្នកណាជឿលើព្រះបុត្រារបស់ព្រះជាម្ចាស់ អ្នកនោះ មានសក្ខីភាពរបស់ព្រះអង្គនៅក្នុងខ្លួន អ្នកណាមិនជឿលើព្រះជាម្ចាស់ទេ អ្នកនោះចាត់ទុកថា ព្រះអង្គកុហកទៅវិញ ព្រោះគេមិនជឿលើសក្ខីភាពដែលព្រះជាម្ចាស់បានប្រទានមក ស្តីអំពី ព្រះបុត្រារបស់ព្រះអង្គ។ រីឯសក្ខីភាពនោះមានដូចតទៅនេះ គឺព្រះជាម្ចាស់បានប្រទាន ជីវិតអស់កល្បជានិច្ចមកយើង ហើយជិវិតនេះស្ថិតនៅក្នុងព្រះបុត្រារបស់ព្រះអង្គ។ អ្នក ណាមានព្រះបុត្រា អ្នកនោះក៏មានជីវិតដែរ ហើយអ្នកណាគ្មានព្រះបុត្រារបស់ព្រះជាម្ចាស់ ទេ អ្នកនោះគ្មានជីវិតនេះឡើយ។ ខ្ញុំសរសេរសេចក្តីនេះមកអ្នករាល់គ្នា ដើម្បីឱ្យអ្នក រាល់គ្នាដឹងថា អ្នករាល់គ្នាដែលជឿលើព្រះនាមព្រះបុត្រារបស់ព្រះជាម្ចាស់នោះ មានជីវិត អស់កល្បជានិច្ចហើយ។
ទំនុកតម្កើងលេខ ១៤៧, ១២-១៥.១៩-២០ បទព្រហ្មគីតិ
| ១២ | ក្រុងយេរូសាឡឹម | កុំស្ងាត់ស្ងៀមនៅរេរង់ | |
| ព្រមទាំងក្រុងស៊ីយ៉ូន | ចូរត្រៀមខ្លួនថ្កើងព្រះម្ចាស់ | ។ | |
| ១៣ | ដ្បិតព្រះអង្គការពារ | អ្នករាល់គ្នាបានសុខណាស់ | |
| ទ្រង់ឱ្យពរដល់រាស្ត្រ | ដែលរស់ពាសពេញទីក្រុង | ។ | |
| ១៤ | ទ្រង់ប្រទានទឹកដី | មានសេរីសុខត្រចង់ | |
| សន្តិភាពគ្រប់ជ្រុង | ស្រូវបំរុងច្រើនមហិមា | ។ | |
| ១៥ | នៅលើផ្ទៃផែនដី | ស្រស់ប្រិមប្រីយ៍ទ្រង់បញ្ជា | |
| ផ្សព្វផ្សាយគ្រប់ទិសា | ពីបញ្ជាព្រះអម្ចាស់ | ។ | |
| ១៩ | ទ្រង់សម្តែងឱ្យពូជ | លោកយ៉ាកុបស្តាប់បន្ទូល | |
| ក្រឹត្យវិន័យនិមល | ឱ្យអ៊ីស្រាអែលបានដឹង | ។ | |
| ២០ | ព្រះអង្គពុំបញ្ជា | សព្វកិច្ចការអស់ទាំងហ្នឹង | |
| ឱ្យជាតិសាសន៍ផ្សេងដឹង | វិន័យទ្រង់នោះសោះឡើយ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មក ១,១០;៩,៧
អាលេលូយ៉ា! អាលេលូយ៉ា!
មេឃបើកចំហ ឃើញមានឮព្រះសូរសៀងរបស់ព្រះបិតាថា៖ “នេះជាបុត្រដ៏ជាទីស្រឡាញ់របស់យើង ចូរស្តាប់ព្រះអង្គចុះ!”។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ១,៧-១១
លោកយ៉ូហានបាទីស្តប្រកាសប្រាប់បណ្តាជនថា៖«លោកដែលមានកម្លាំងខ្លាំងជាងខ្ញុំនឹងមកតាមក្រោយខ្ញុំ។ ខ្ញុំមានឋានៈទាបណាស់ សូម្បីតែឱនស្រាយខ្សែស្បែកជើងជូនលោកក៏មិនសមនឹងឋានៈដ៏ខ្ពង់ខ្ពស់របស់លោកផង។ ខ្ញុំបានធ្វើពិធីជ្រមុជទឹកឱ្យអ្នករាល់គ្នាក្នុងទឹក រីឯលោកវិញលោកនឹងធ្វើពិធីជ្រមុជឱ្យអ្នករាល់គ្នាក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ»។ នៅគ្រានោះ ព្រះយេស៊ូយាងមកពីភូមិណាសារ៉ែតក្នុងស្រុកកាលីឡេ។ ព្រះអង្គបានទទួលពិធីជ្រមុជទឹកពីលោកយ៉ូហានក្នុងទន្លេយ័រដាន់។ ភ្លាមនោះ នៅពេលព្រះអង្គយាងឡើងពីទឹក ព្រះអង្គទតឃើញផ្ទៃមេឃរហែក ហើយព្រះវិញ្ញាណយាងចុះដូចសត្វព្រាបមកសណ្ឋិតលើព្រះអង្គ។ មានឮព្រះសូរសៀងមួយពីលើមេឃមកថា៖«ព្រះអង្គជាព្រះបុត្រាដ៏ជាទីស្រឡាញ់របស់យើង យើងគាប់ចិត្តនឹងព្រះអង្គណាស់!»។





