ថ្ងៃព្រហស្បតិ៍ ទី០៥ ខែមករា ឆ្នាំ២០២៣

អត្ថបទទី១៖ សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតយ៉ូហាន ១យហ ៣,១១-២១

ម្នាលកូនចៅជាទីស្រឡាញ់! ដំណើរដែលបងប្អូនបានទទួលតាំងពីដើមដំបូងរៀងមកនោះ គឺយើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក។ យើងមិនត្រូវធ្វើដូចកាអ៊ីនដែលកើតចេញមកពីរអំណាច ហើយបានកាត់កប្អូនរបស់ខ្លួននោះឡើយ។ ហេតុអ្វីបានជាគាត់សម្លាប់ប្អូន ដូច្នេះ? គឺមកពីអំពើដែលគាត់ធ្លាប់ប្រព្រឹត្តសុទ្ធតែអាក្រក់ រីឯអំពើដែលប្អូនរបស់គាត់ប្រព្រឹត្តសុទ្ធតែសុចរិត។ បងប្អូនអើយ! ប្រសិនបើមនុស្សលោកស្អប់បងប្អូន សូមកុំងឿងឆ្ងល់ឡើយ។ យើងដឹងហើយថា យើងបានឆ្លងផុតពីសេចក្តីស្លាប់មកកាន់ជីវិត ព្រោះយើងស្រឡាញ់បងប្អូន។ អ្នកណាមិនស្រឡាញ់ អ្នកនោះស្ថិតនៅក្នុងសេចក្តីស្លាប់។ អ្នកណាស្អប់បងប្អូនរបស់ខ្លួន អ្នកនោះជាឃាតករ។ បងប្អូនដឹងស្រាប់ហើយថា ឃាតករគ្មានជីវិតអស់កល្បជានិច្ចស្ថិតនៅក្នុងខ្លួនទេ។ យើងស្គាល់សេចក្តីស្រឡាញ់ស្រាប់ហើយ គឺព្រះយេស៊ូបានបូជាព្រះជន្មរបស់ព្រះអង្គសម្រាប់យើង ហេតុនេះ យើងត្រូវបូជាជីវិតសម្រាប់បងប្អូនដែរ។ ប្រសិនបើនរណាម្នាក់មានសម្បត្តិលោកីយ៍ ហើយឃើញបងប្អូនរបស់ខ្លួនខ្វះខាត តែបែរជាមិនអាណិតអាសូរគេទេនោះ ធ្វើដូចម្តេចនឹងឱ្យសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ស្ថិតនៅក្នុងខ្លួនអ្នកនោះកើត! កូនចៅអើយ! យើងមិនត្រូវស្រឡាញ់ត្រឹមតែបបូរមាត់ ឬពាក្យសម្តីប៉ុណ្ណោះទេ គឺត្រូវស្រឡាញ់តាមអំពើដែលយើងប្រព្រឹត្ត និងតាមសេចក្តីពិតវិញ។ ត្រង់ហ្នឹងហើយដែលយើងដឹងថា យើងកើតមកពីសេចក្តីពិត ហើយចិត្តយើងមិនភ័យខ្លាចនៅចំពោះព្រះអង្គទេ។ ហេតុនេះ ប្រសិនបើចិត្តគំនិតរបស់យើងដាក់ទោសយើងនោះ ព្រះជាម្ចាស់ដែលធំជាងចិត្តរបស់យើងទ្រង់ឈ្វេងយល់ទាំងអស់។ កូនចៅជាទីស្រឡាញ់អើយ! ប្រសិនបើចិត្តគំនិតរបស់យើងមិនដាក់ទោសយើងទេនោះ យើងនឹងមានចិត្តរឹងប៉ឹងនៅចំពោះព្រះភក្ត្រព្រះអង្គ។

ទំនុកតម្កើងលេខ ១០០ (៩៩),១-៥ បទកាកគតិ

មនុស្សលើផែនដីទាំងប្រុសទាំងស្រីចូរអបអរឡើង
សាទរព្រះម្ចាស់ជាព្រះថ្កុំថ្កើងព្រះម្ចាស់នៃយើង
កុំរាឡើយណា
នាំគ្នាគោរពទាំងថ្ងៃទាំងយប់ដោយចិត្តជ្រះថ្លា
នាំគ្នាមកជិតអង្គព្រះចេស្តាច្រៀងហ៊ោខ្ញៀវខ្ញារ
ដោយអរសប្បាយ
ចូរដឹងគ្រប់គ្នាថាព្រះម្ចាស់ជាព្រះយើងគ្រប់កាយ
ជាព្រះអម្ចាស់ពិតឥតក្លែងក្លាយបង្កើតយើងហើយ
ទ្រង់ថែថ្នាក់ថ្នម
យើងនាំគ្នីគ្នាចូលកុំរួញរាដំណាក់សក្តិសម
ទាំងអរព្រះគុណព្រះម្ចាស់ឧត្តមសរសើរបង្គំ
ព្រះនាមព្រះអង្គ
ដ្បិតព្រះអម្ចាស់ទ្រង់សប្បុរសណាស់ករុណាហ្មត់ហ្មង
គង់នៅស្ថិតស្ថេរអង្វែងកន្លងស្មោះស្ម័គ្រច្បាស់ច្បង
អស់កល្បតទៅ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១,៤១.៤៩

អាលេលូយ៉ា! អាលេលូយ៉ា!
យើងទទួលស្គាល់ថា ព្រះយេស៊ូជាអ្នកក្រុងណាសារ៉ែត ពិតជាព្រះមេស្ស៊ីមែន គឺព្រះអង្គនេះហើយដែលជាព្រះបុត្រារបស់ព្រះជាម្ចាស់!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១,៤៣-៥១

ក្រោយពីបានជួបសាវ័កដើមដំបូង ព្រះយេស៊ូសព្វព្រះហឫទ័យយាងទៅស្រុកកាលីឡេ។ ព្រះអង្គជួបលោកភីលីព ហើយមានព្រះបន្ទូលទៅគាត់ថា៖«សូមអញ្ជើញមកតាមខ្ញុំ»។ លោកភីលីពជាអ្នកភូមិបេតសៃដាដូចលោកអន់ដ្រេ និងលោកសិលាដែរ។ លោកភីលីព ទៅជួបលោកណាថាណាអែលហើយប្រាប់គាត់ថា៖«បុរសដែលមានចែងទុកមកក្នុងធម្មវិន័យរបស់លោកម៉ូសេ និងគម្ពីរព្យាការីនោះ ឥឡូវនេះ យើងបានឃើញហើយ! លោកឈ្មោះយេស៊ូ ជាអ្នកស្រុកណាសារ៉ែត ជាបុត្ររបស់លោកយ៉ូសែប»។ លោកណាថាណាអែលពោលតបទៅលោកភីលីពវិញថា៖«ពុំដែលមានអ្វីល្អអាចចេញពីភូមិណាសារ៉ែតបានឡើយ»។ លោកភីលីពប្រាប់គាត់ថា៖«សូមអញ្ជើញមកអ្នកនឹងឃើញ!»។ កាលព្រះយេស៊ូទតឃើញលោកណាថាណាអែលដើរមករកព្រះអង្គ ព្រះអង្គមានព្រះបន្ទូលអំពីគាត់ថា៖​«អ្នកនេះជាជនជាតិអ៊ីស្រាអែលដ៏ពិតប្រាកដមែន ដ្បិតគាត់គ្មានពុតត្បុតអ្វីក្នុងខ្លួនសោះ»។ លោកណាថាណាអែលទូលសួរព្រះអង្គថា៖​«តើលោកគ្រូដែលស្គាល់ខ្ញុំពីអង្កាល់?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖«ខ្ញុំឃើញអ្នកកាលអ្នកនៅក្រោមដើមស្វាយមុនភីលីពហៅអ្នកទៅទៀត»។ លោកណាថាណាអែលទូលព្រះអង្គថា៖«ព្រះគ្រូ! ព្រះអង្គពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់ ហើយក៏ពិតជាព្រះមហាក្សត្ររបស់ជនជាតិអ៊ីស្រាអែលមែន»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖«អ្នកជឿ មកពីអ្នកឮខ្ញុំនិយាយ​ថា ខ្ញុំឃើញអ្នកនៅក្រោមដើមស្វាយ។ ថ្ងៃក្រោយ អ្នកមុខតែនឹងឃើញការអស្ចារ្យលើសពីនេះទៅទៀត»។ ព្រះអង្គមានព្រះបន្ទូលថែមទៀតថា៖«ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នករាល់គ្នានឹងឃើញផ្ទៃមេឃបើកចំហ ហើយពួកទេវទូតរបស់ព្រះជាម្ចាស់ចុះឡើងពីលើបុត្រមនុស្ស»។

Facebook
Twitter
LinkedIn