ព្រះសហគមន៍​ភូមិភាគភ្នំពេញ​គោរពវិញ្ញាណក្ខន្ធ​អតីតសម្តេចប៉ាប

​ក្នុងពិធី​បុណ្យ​គោរព​វិញ្ញាណក្ខន្ធ​សម្តេចប៉ាប​បេណេឌិក​ទី​១៦ និង​បុណ្យគោរព​ព្រះនាង​ម៉ារីជាមាតានៃ​ព្រះសហគមន៍​កាលពីថ្ងៃទី​២ ខែ​ធ្នូ​កន្លងទៅ លោកអូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍កាតូលិក​ភូមិភាគភ្នំពេញ​មាន​ប្រសាសន៍​​ថា យប់​នេះ​ឱ្យ​យើង​ស្តាប់​ម្តង​ទៀត​អំពី​ការ​អប់​រំ​របស់​សម្តេច​ប៉ាប បេណេឌិកតូ ទី​១៦ ដែល​បាន​ជម្រុញ​យើង​ ដើម្បី​ឱ្យ​យើង​បន្ត​បេសកកម្ម​របស់​ព្រះជាម្ចាស់។

ថ្លែង​ក្នុងធម្មទេសនា នៅ​ព្រះវិហារ​ក្សត្រីនៃ​សន្តិភាព​អរិយក្សត្រ​ ក្នុង​ស្រុក​ល្វាឯម ខេត្ត​កណ្តាល​ ដែលមាន​អង្គទូតពីប្រទេស​អាល្លឺម៉ង់និង​បារាំង ​រដ្ឋលេខាធិការនៃ​ក្រសួងធម្មការ​និង​សាសនា​ចូលរួម និង​គ្រីស្ត​បរិស័ទ​ចាស់ក្មេង​យ៉ាង​ច្រើន​កុះករ​​ផង លោកអភិបាល​បាន​លើក​ឡើង​ថា ក្នុង​កិច្ច​ជំរុញ​នោះ មាន​៥​ចំណុចសំខាន់ៗ ដែលអតីតសម្តេចប៉ាប​បាន​ផ្តល់​ជា​ទិសដៅ​សម្រាប់​គ្រីស្ត​បរិស័ទ​រស់នៅ​ក្នុងសង្គម​និង​មាន​ជំនឿ​រឹងមាំ។

«ទី​១ ព្រះជាម្ចាស់​ជា​សេចក្តី​ស្រឡាញ់ ទី២ជំនឿ​​បំភ្លឺ​ជីវិត​របស់​យើង ទី៣​សេចក្តី​ពិត​ជា​ផ្លូវ​នៃ​ជីវិត​របស់​យើង ទី​៤ មាន​តែ​ព្រះយេស៊ូ​គ្រីស្ត​ដែល​អាច​សង្រ្គោះ​យើង និងទី​៥ អំណាច​នៃ​សេចក្តី​ស្រឡាញ់​អាច​ឈ្នះ​អំពើ​អាក្រក់និងអំពើ​ឃោរឃៅ​នៅ​ក្នុង​ពិភព​លោក»។

លោកអភិបាល​អូលីវីយ៉េ​សង្កត់​ធ្ងន់ថា «ពិត​មែន យើង​មិន​អាច​សង្ខេប​ទាំង​គំនិត ទាំង​ជីវិត ទាំង​ស្នាដៃ​របស់​សម្តេច​ប៉ាប បេណេឌិកតូទី​១៦ ដោយ​ពាក្យ​ខ្លីៗ​បាន​ទេ។ ប៉ុន្តែ ខ្ញុំ​គិត​ថា​យប់​នេះ ​ឱ្យ​យើង​ស្តាប់​អត្ថន័យ​នៃ​ជីវិត​របស់​សម្តេច​ប៉ាប​គឺ “ប្រសិន​បើ​យើង​ចង់​ឱ្យ​ពិភព​លោក​របស់​យើង​មាន​ជីវិត​សាជាថ្មី ប្រសិន​បើ​យើង​ចង់​ឱ្យ​ពិភព​លោក​របស់​យើង​ទទួល​ការ​សង្រ្គោះ​ដ៏​ពិត​ប្រាកដ មាន​ផ្លូវ​តែ​មួយ គឺ​ឱ្យ​យើង​រក​ឃើញ​ព្រះជាម្ចាស់​សាជាថ្មី”។»

ប្រសិន​បើ យើង​ចេះ​ទទួល​ស្វាគមន៍​វត្តមាន​របស់​ព្រះជាម្ចាស់​នៅ​ក្នុង​ដួង​ចិត្ត​យើង ប្រសិន​បើ​យើង​ចេះ​ចែក​រំលែក​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​ដល់​បង​ប្អូន​ឯទៀតៗ នោះ​យើង​អាច​ដើរ​តាម​ផ្លូវ​នៃ​សុភមង្គល​ដ៏​ពិត​ប្រាកដ​បាន។ លោក​អភិបាល​បញ្ជាក់។

អតីតសម្តេចប៉ាប​បេណេឌិក​ទី​១៦ បាន​សុគត​កាលពីថ្ងៃទី​៣១ ខែ​ធ្នូ​ថ្មីៗនេះ នៅនិវេសនដ្ឋាន​របស់ទ្រង់​នាបុរីវ៉ាទីកង់។ លោកអភិបាល​បន្ថែមថា រូប​លោក​ផ្ទាល់​បាន​ទទួល​អំណោយ​មួយ​យ៉ាង​ពិសេស​ពីសម្តេចប៉ាប​អង្គនេះ ដោយ​ទ្រង់​ផ្ទាល់​​បាន​​ជ្រើស​តាំង​លោក​ជា​អភិបាល​ឧបត្ថម្ភក​សម្រាប់​ព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញក្នុងឆ្នាំ​២០០៩ និង​ជា​អភិបាល​ពេញសិទ្ធិ​ក្នុងឆ្នាំ​២០១០។

ព្រះសហគមន៍កាតូលិក​នៅ​កម្ពុជា មានអំណរ​សប្បាយ​ ដែល​បានទទួល​សារ​វីដេអូ​ពី​អតីត​សម្តេចប៉ាប​បេណេឌិកទី​១៦ មុន​ពេលទ្រង់​លាលែង​ពី​តំណែងក្នុង​ខែ​មករា ឆ្នាំ​២០១៣​​ សម្រាប់​ចូលរួម​ពិធី​ខួប​៥០ឆ្នាំ​នៃ​មហាសន្និបាត​បុរីវ៉ាទីកង់ទី២ និង​ខួប២០​ឆ្នាំនៃសៀវភៅ​សង្ខេប​គោល​លទ្ធិ​ព្រះសហគមន៍កាតូលិក​។

«ព្រះអង្គ​បាន​ផ្ញើ​សារ​វីដេអូ​តិច​បំផុត នៅ​ក្នុង​អំឡុង​ពេល​ព្រះអង្គ​កាន់​តួនាទី​ជា​សម្តេច​ប៉ាប។ ប៉ុន្តែ សារ​វីដេអូ​ចុង​ក្រោយ​របស់​ព្រះអង្គ គឺ​សម្រាប់​ព្រះសហគមន៍​កាតូលិក​កម្ពុជា​យើង ព្រះអង្គ​បាន​ទូល​អង្វរ​ព្រះនាង​ម៉ារី​នៃ​ទន្លេ​មេគង្គ ឱ្យ​ការពារ​ថែរក្សា​ព្រះសហគមន៍​របស់​យើង និង​ការពារ​ថែរក្សា​ជំនឿ​របស់​យើង។» លោកអភិបាល​អូលីវីយ៉េ​បញ្ជាក់។

នៅ​ចុង​បញ្ចប់​នៃ​ធម្មទេសនា លោកគង្វាល​ព្រះសហគមន៍​បាន​ជំរុញ​ឲ្យ​គ្រីស្ត​បរិស័ទ​យកចិត្ត​ទុកដាក់​យក​គំរូ​តាម​អតីត​សម្តេចប៉ាប​អង្គនេះ ដោយ​ពោល​ថា សម្តេចប៉ាប​អញ្ជើញ​យើង​ឱ្យ​យើង​ដើរ​តាម​គំរូ​របស់​ព្រះអង្គ«ឱ្យ​យើង​ដើរ​តាម​ផ្លូវ​នៃ​សេចក្តី​ស្រឡាញ់​ដោយ​សុខ​ចិត្ត​លះបង់​ចោល​ជីវិត​របស់​យើង ដើម្បី​ផល​ប្រយោជ​ន៍សម្រាប់​បង​ប្អូន​ឯទៀតៗ នៅ​ក្នុង​ការ​ដាក់​ចិត្ត​គំនិត​យ៉ាង​ទាប​បំផុត។ ពិត​មែន ដើរ​ឆ្ពោះ​ទៅ​រក​ព្រះជាម្ចាស់​បន្តិច​ម្តងៗ គឺ​ជា​សុភមង្គល​ដ៏​ពេញ​លក្ខណៈ។»

ដូនជី  អានលូស៊ី ង្វៀង គីមង៉ា ជាប្រធានក្រុមគ្រួសារបងស្រីឧបការគុណ មាន​ប្រសាសន៍​ថា ជីវិត​របស់​សម្តេចប៉ាប​បេណេឌិកទី១៦ គឺ​រស់នៅ​​ស្ងៀមស្ងាត់ ហើយ​ពេល​សុគត​ក៏​ស្ងប់ស្ងាត់ «​ខ្ញុំគិតថាយើងជាគ្រីស្តបរិស័ទ មិនមែនបង្ហាញតែអ្វីដែលនៅខាងក្រៅ ប៉ុន្តែជីវិតនៅខាងក្នុង ជីវិតខាងវិញ្ញាណគឺមានតម្លៃខ្លាំងជាង និងអំពីរបៀបរបស់យើងដែលទាក់ទងជាមួយព្រះជាម្ចាស់និងការរស់នៅរបស់យើងជាមួយព្រះជាម្ចាស់អស់មួយជីវិត»។

ដូនជី​ប្រធាន​រូប​​នេះ បាន​បន្ថែម​ទៀតថា  ចំពោះ​ការ​សោយទិវង្គត​របស់​អតីតសម្តេចប៉ាប «ខ្ញុំគិតថា ព្រះអង្គនឹងជួបមនុស្សជាច្រើននាក់នៅស្ថានបរមសុខ ហើយគាត់និងអធិដ្ឋានមកឲ្យយើងវិញ។

«ការសោយទិវង្គតរបស់លោក សម្រាប់ខ្ញុំមានលក្ខណៈស្ងៀមស្ងាត់ ជាការមួយបង្ហាញអំពីការបន្ទាបខ្លួនរបស់លោកនៅចំពោះមុខព្រះជាម្ចាស់។ ដូច្នេះសម្ដេចប៉ាបជាគំរូមួយសម្រាប់យើង(ឧបដ្ឋាក) និងគ្រីស្តបរិស័ទនៅក្នុងការបន្ទាបខ្លួន ក្នុងការចែករំលែកសេចក្ដីស្រឡាញ់ចំពោះបងប្អូនទៅវិញទៅមក» នេះ​ជា​ការ​លើកឡើង​របស់​លោក​ឧបដ្ឋាក វី សំណាង ក្នុងពិធី​គោរព​វិញ្ញាណក្ខន្ធ​អតីតសម្តេចប៉ាប​កាលពីពេលថ្មីៗនេះ។ 

លោកឧបដ្ឋាក​បន្ថែមថា ទោះបីជាយ៉ាងណា យើងសូមអរគុណព្រះជាម្ចាស់ ចំពោះវត្តមានរបស់សម្តេចប៉ាបបេណេឌិកទី១៦ ដែលលោកបានខិតខំជួយឲ្យព្រះសហគមន៍ ដើរលើមាគ៌ារបស់ព្រះជាម្ចាស់ជួយដល់គ្រីស្ដបរិស័ទស្គាល់ព្រះជាម្ចាស់កាន់តែច្រើនឡើងៗ តាមរយៈ​ការបកស្រាយទេវវិទ្យាដែលណែនាំឲ្យគ្រីស្តបរិស័ទយល់អំពីព្រះជាម្ចាស់កាន់តែខ្លាំងឡើងៗ។

អតីត​សម្តេចប៉ាប​បេណេឌិកទី១៦(Pope Emeritus Benedict XVI)  មាន​ព្រះនាម​ដើម​ថា យ៉ូសែប អាឡូស៊ីយូស រ៉ាតស៊ីងហ្គឺ ប្រសូតនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩២៧ នៅប្រទេសអាឡឺម៉ង់។ លោកមានបងប្អូនចំនួន៣នាក់។ លោកជាសម្ដេចប៉ាបទី២៦៥បន្តមុខងារពីសន្តសិលា កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០០៥ ហើយព្រះអង្គបានលាលែងពីតំណែងនាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៣ដោយកត្តាសុខភាព។

អតីតសម្តេចប៉ាប បេណេឌីកទី១៦ បានសុគត​ក្នុងព្រះជន្មាយុ ៩៥ឆ្នាំ នៅថ្ងៃសៅរ៍វេលាម៉ោង៩៖៣៤នាទីព្រឹក (ម៉ោង៣៖៣៤នាទីរសៀលនៅកម្ពុជា)នៅក្នុងនិវេសនដ្ឋាន​​របស់ព្រះអង្គ (Mater Ecclesiae) ក្នុងបុរីវ៉ាទីកង់។

ក្នុង​រយៈ​ពេល​ទទួល​មុខងារ​ជា​សម្តេចប៉ាប ចាប់ពី​ឆ្នាំ​២០០៥​ដល់​ឆ្នាំ​២០១២ អតីតសម្តេចប៉ាប​បេណេឌិកទី១៦ បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ជាផ្លូវ​រដ្ឋ ចំនួន​២៧ដង ដោយទៅកាន់ប្រទេស​​ក្នុង​ទ្វីបអឺរ៉ុប​ អាមេរិក អាមេរិកឡាទីន អាហ្វ្រិក និង​អាស៊ី​បូព៌ា ដើម្បី​រឹត​ចំណង​ការទូត សួរសុខ​ទុក្ខ​គ្រីស្ត​បរិស័ទ​ និងទំនាក់ទំនង​អន្តរ​សាសនា។

ក្នុងមួយជីវិតរបស់អតីតសម្តេចប៉ាប ចាប់តាំងពីទ្រង់បានសិក្សាអំពីទេវវិទ្យា និងបានក្លាយជាសាស្ត្រាបង្រៀន ព្រះអង្គបានសរសេរសៀវភៅទេវវិទ្យា អប់រំជីវិតផ្លូវវិញ្ញាណ និងអប់រំគ្រីស្តបរិស័ទចំនួន៦៦ក្បាល៕

Facebook
Twitter
LinkedIn