ថ្ងៃអង្គារ ទី០៣ ខែមករា ឆ្នាំ២០២៣

អត្ថបទទី១៖ សូមថ្លែងលិខិតទី ១ របស់គ្រីស្ដទូតយ៉ូហាន ១យហ ២,២៩-៣,៦

មា្នលកូនចៅជាទីស្រឡាញ់! អ្នករាល់គ្នាដឹងស្រាប់ហើយថា ព្រះជាម្ចាស់សុចរិត ហេតុនេះ ចូរអ្នករាល់គ្នាដឹងដែរថា អស់អ្នកដែលប្រព្រឹត្តតាមសេចក្តីសុចរិត សុទ្ធតែកើតមកពីព្រះអង្គទាំងអស់។ សូមគិតមើល៍ ព្រះបិតាមានព្រះហឫទ័យស្រឡាញ់យើងខ្លាំងដល់កម្រិតណា! គឺព្រះអង្គស្រឡាញ់យើងរហូតដល់ទៅហៅយើងថា ជាបុត្រធីតារបស់ព្រះអង្គ ហើយយើងពិតជាបុត្រធីតារបស់ព្រះអង្គមែន! ហេតុនេះហើយ បានជាមនុស្សលោកមិនស្គាល់យើង មកពីគេមិនបានស្គាល់ព្រះអង្គ។ កូនចៅជាទីស្រឡាញ់អើយ! ពេលនេះ យើងទាំងអស់គ្នាជាបុត្រធីតារបស់ព្រះជាម្ចាស់ ហើយដែលយើងនឹងបានទៅជាយ៉ាងណាៗ នោះព្រះអង្គពុំទាន់សម្តែងឱ្យយើងដឹងនៅឡើយទេ។ ប៉ុន្តែ នៅពេលព្រះគ្រីស្តយាងមកដល់ យើងនឹងបានដូចព្រះអង្គដែរ ដ្បិតព្រះអង្គមានភាពយ៉ាងណា យើងក៏នឹងបានឃើញព្រះអង្គយ៉ាងនោះដែរ។ អ្នកណាមានសេចក្តីសង្ឃឹមទៅលើព្រះអង្គបែបនេះ អ្នកនោះបាន​ជម្រះខ្លួនឱ្យបរិសុទ្ធ ដូចព្រះអង្គទ្រង់បរិសុទ្ធដែរ។ អ្នកណាប្រព្រឹត្តអំពើបាប អ្នក​នោះ​បំពានលើវិន័យ ដ្បិតអំពើបាបជាការបំពានលើវិន័យ។ អ្នករាល់គ្នាដឹងស្រាប់ហើយថា ព្រះយេស៊ូយាងមកដើម្បីដកបាបចេញពីមនុស្សលោក ដ្បិតគ្មានបាបនៅក្នុងព្រះអង្គទាល់តែសោះ។ អ្នកណាស្ថិតនៅជាប់នឹងព្រះអង្គ អ្នកនោះមិនប្រព្រឹត្តអំពើបាបទេ។ រីឯ​អ្នក​ប្រព្រឹត្តអំពើបាបវិញ មិនដែលបានឃើញព្រះអង្គ ព្រមទាំងមិនស្គាល់ព្រះអង្គផង។

ទំនុកតម្កើងលេខ ៩៨ (៩៧) ,១.៣-៦ បទកាកគតិ

ចូរច្រៀងបទថ្មីថ្វាយព្រះម្ចាស់ថ្លៃកុំភ្លេចឡើយណា
ដ្បិតទ្រង់ប្រព្រឹត្តសព្វកិច្ចអស្ចារ្យដោយឫទ្ធិចេស្តា
យកជ័យជម្នះ
ព្រះអង្គនៅតែសម្តែងឥតប្រែករុណាត្រចង់
ព្រះទ័យស្មោះស្ម័គ្រអ៊ីស្រាអែលផងសុចរិតឥតហ្មង
ចងចាំទាំងអស់
មនុស្សម្នាមូលមីររស់នៅគ្រប់ទីឆ្ងាយទាំងស្រីប្រុស
នៃភពផែនដីឃើញការសង្គ្រោះព្រះម្ចាស់របស់
យើងគ្រប់ៗគ្នា
ជនទាំងប្រុសស្រីនៅលើផែនដីរៀបចំអង្គា
អបអរសាទរថ្វាយព្រះនាមាស្រែកហ៊ោខ្ញៀវខ្ញារ
ដោយតូរ្យតន្ត្រី
សូមផ្ញើចិត្តកាយដេញទាំងពិណថ្វាយព្រះធ្លាប់ប្រណី
ព្រោះព្រះអង្គនោះធ្លាប់ថ្នមបមបីថែទាំយប់ថ្ងៃ
រៀងរាល់វេលា
ចូរនាំគ្នាផ្លុំត្រែស្នែងប្រគុំថ្វាយព្រះរាជា
អបអរសាទរអង្គព្រះនាមាខ្ពស់លើពសុធា
គ្មានអ្វីស្មើព្រះ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១,១៤.១២

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះបន្ទូលប្រសូតជាមនុស្ស ហើយគង់នៅជាមួយយើង។ អស់អ្នកដែលទទួលព្រះបន្ទូលនឹងទៅជាបុត្រធីតារបស់ព្រះបិតា។អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១,២៩-៣៤

នៅគ្រានោះ លោកយ៉ូហានបាទីស្តឃើញព្រះយេស៊ូយាងតម្រង់មករកលោក លោកមានប្រសាសន៍ថា៖”មើលហ្ន៎៎! លោកនេះហើយជាកូនចៀមរបស់ព្រះជាម្ចាស់ដែលដកបាបចេញពីមនុស្សលោក គឺលោកនេះហើយដែលខ្ញុំប្រាប់អ្នករាល់គ្នាថា” លោកដែលមក​​ក្រោយខ្ញុំប្រសើរជាងខ្ញុំ ដ្បិតលោកមានជីវិតមុនខ្ញុំ។ កាលពីដើម ខ្ញុំពុំស្គាល់ឋានៈរបស់លោកទេ ប៉ុន្តែខ្ញុំមកធ្វើពិធីជ្រមុជក្នុងទឹក ដើម្បីឱ្យលោកបង្ហាញខ្លួនឱ្យប្រជារាស្ត្រអ៊ីស្រាអែលស្គាល់”។ លោកយ៉ូហានផ្តល់សក្ខីភាពថា៖«ខ្ញុំបានឃើញព្រះវិញ្ញាណយាងចុះដូចសត្វព្រាបពីស្ថានបរមសុខមក ហើយសណ្ឋិតលើលោក។ ពីមុនខ្ញុំពុំស្គាល់ឋានៈលោកទេ ប៉ុន្តែ ព្រះជាម្ចាស់ដែលចាត់ខ្ញុំឱ្យមកធ្វើពិធីជ្រមុជក្នុងទឹក ទ្រង់មានព្រះបន្ទូលមកខ្ញុំថា«អ្នកឃើញព្រះវិញ្ញាណយាងចុះមកសណ្ឋិតលើអ្នកណា គឺអ្នកនោះហើយដែលធ្វើពិធីជ្រមុជក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ“។ ខ្ញុំបានឃើញដូច្នោះមែន ហើយខ្ញុំសូមបញ្ជាក់ថា លោកនេះពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន»។

Facebook
Twitter
LinkedIn