សន្តបាស៊ីល និងសន្តក្រេគ័រ ជាជនដ៏ប្រសើរឧត្តមនៅណាស៊ីយ៉ាង ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍។ ថ្ងៃទី ២ មករា

សន្តបាស៊ីល និងសន្តក្រេគ័រ កើតនៅស្រុកកាប៉ាដូស (ប្រទេសទួរគីសព្វថ្ងៃ) ប្រហែលនៅ គ.ស ៣៣៩។ លោកទាំងពីរទៅរៀនជាមួយគ្នា នៅមហា វិទ្យាល័យ ក្រុងអាថែន នាប្រទេសក្រិក។ កាលលោកទាំងពីរត្រឡប់ទៅស្រុកវិញ គាត់នាំគ្នា បួស អស់ជាច្រើនឆ្នាំ។ លោកបាស៊ីលមានសកម្មភាពខាងចាត់ចែង និងណែនាំគ្រីស្តបរិស័ទ ដូច្នេះ លោកបង្កើតអារាមនៅជិតក្រុងសេសារេ ហើយតែងក្បួនតម្រាសម្រាប់បព្វជិត។ ក្បួនតម្រានេះ មានឥទ្ធិពលយ៉ាងខ្លាំងបំផុតទៅលើបព្វជិតទាំងប៉ុន្មាននៅគ្រប់កន្លែង។ សន្តបេណេឌិកតូអនុវត្តតាមក្បួនតម្រានេះដែរ។ នៅឆ្នាំ ៣៧០ លោកទទួលមុខងារជា អភិ បាលព្រះសហគមន៍ក្រុងសេសារេ ជាស្រុកកំណើត។ លោកបានទាមទារសេរីភាពនៃព្រះ សហគមន៍ ពីរដ្ឋអំណាច។ លោកតែងទេសនាប្រឆាំងនឹងលោកអរីយូស ដែលផ្សព្វ ផ្សាយលទ្ធិក្លែងក្លាយអំពីព្រះគ្រីស្ត តែព្រះចៅអធិរាជគាំទ្រលោកអរីយូស។ លោកបានសរសេរសៀវភៅជាច្រើនក្បាលអំពីទេវវិជ្ជា ជាពិសេសអំពីព្រះវិញ្ញាណដ៏វិសុទ្ធ។ ទាំង ឪពុក ទាំងម្តាយ ទាំងបងស្រី និងប្អូនប្រុសពីរនាក់ ក៏ជាសន្តបុគ្គលដែរ។ លោកក្រេគ័រ (៣៣៥-៣៩០) ទទួលមុខងារជាអភិបាលព្រះសហគមន៍ក្រុងកុងស្តង់ទីណូប។ លោកក៏ប្រឆាំងនឹងលោកអរីយូស ដែលផ្សព្វផ្សាយលទ្ធិក្លែងក្លាយអំពីព្រះគ្រីស្ត។ ដោយខ្មាំងធ្វើបាបលោកខ្លាំងពេក លោកលាលែងមុខងាររបស់ខ្លួនទៅរស់នៅក្រុងណាស៊ីយ៉ាង លោកនិពន្ធសៀវភៅជាច្រើនអំពីទេវវិជ្ជា ។

Facebook
Twitter
LinkedIn