ត្រូវជាថ្ងៃទី ៨ ក្នុង អដ្ឋទិវា នៃបុណ្យព្រះយេស៊ូប្រសូត។ ថ្ងៃទី ១ ខែមករា
ព្រះនាងម៉ារីជាមនុស្សធម្មតា មានសាច់មានឈាមដូចយើងទាំងអស់គ្នា តែព្រះជាម្ចាស់បានជ្រើសរើសព្រះនាង និងតែងតាំងព្រះនាងឲ្យធ្វើជាព្រះមាតារបស់ព្រះបុត្រាព្រះអង្គ។ ព្រះនាងព្រហ្មចារីនីម៉ារីបានប្រសូតបុត្រមួយ ហើយបុត្រនេះជាព្រះជាម្ចាស់ ។ នេះជាហេតុដែលព្រះសហគមន៍ពីដើម តែងតែហៅព្រះនាងម៉ារីថា “ព្រះមាតារបស់ព្រះជាម្ចាស់ ” ( “Theotokos” , មហាសន្និបាតនៅក្រុងអេភេសូ, ឆ្នាំ៤៣១) ដើម្បីបញ្ជាក់ថា ព្រះយេស៊ូជាព្រះជាម្ចាស់ដ៏ពិតប្រាកដផង និងជាមនុស្សដ៏ពិតប្រាកដផង។ ហេតុការណ៍នេះអស្ចារ្យ ហួសនិស្ស័យដែលប្រាជ្ញាមនុស្សអាចយល់បាន។ ព្រឹត្តិការណ៍នេះ ពិតជាស្នូលនៃជំនឿរបស់គ្រីស្តសាសនា គឺព្រះជាម្ចាស់សព្វព្រះហប្ញទ័យចាប់កំណើតជាមនុស្ស (Incarnatus) ដើម្បីសង្គ្រោះមនុស្សលោក ហើយ «គេនឹងថ្វាយព្រះនាមថា “អេម៉ានូអែល ” ប្រែថា “ព្រះជាម្ចាស់គង់ជាមួយយើង” » (មថ ១,២៣) ។
បុណ្យព្រះនាងម៉ារី ជាព្រះមាតាព្រះជាម្ចាស់ គឺត្រូវនឹង៨ថ្ងៃក្រោយបុណ្យព្រះយេស៊ូប្រសូត ព្រះសហគមន៍បង្កើត ថ្ងៃនេះឡើងនៅក្នុងសតវស្សទី៧។ សន្តសម្តេចប៉ាប យ៉ូហានទី ២៣ បានដាក់ថ្ងៃនេះ នៅឆ្នាំ ១៩៦២ ថា ជាថ្ងៃព្រះជាអម្ចាស់យេស៊ូ ទទួលពីធីកាត់ស្បែកយ៉ាងឱឡារិក (ព្រោះជនជាតិយូដា នឹងថ្វាយកូនប្រុស ទៅកាន់ព្រះជាម្ចាស់ ក្រោយបានកំណើត ៧ ថ្ងៃ)។
នៅក្នុងសៀវភៅលទ្វិគ្រិស្តសាសនានៃព្រះសហគមន៍កាតូលិក លេខ ៧២១ បានរៀបរាប់អំពី ព្រះនាងម៉ារីថា៖ «នាងម៉ារីជាព្រះមាតាដ៏វិសុទ្ធបំផុតរបស់ព្រះជាម្ចាស់នៅតែព្រហ្មចារីជាស្នាព្រះហស្តរបស់បេសកកម្ម រួមនៃព្រះបុត្រា និងព្រះវិញ្ញាណក្នុងពេលកំណត់។ ជាលើកទីមួយក្នុងគម្រោងការនៃការសង្គ្រោះ ដោយសារព្រះវិញ្ញាណបានរៀបចំនាង ហើយព្រះបិតារកឃើញព្រះដំណាក់ដែលព្រះបុត្រា និងព្រះវិញ្ញាណរបស់ព្រះអង្គអាចរស់នៅក្នុងចំណោមមនុស្សលោកបាន។ ហេតុនេះហើយ បានជាការ បញ្ជូនបន្តព្រះសហគមន៍ បានអានអត្ថបទពិរោះជាងគេនៃព្រះប្រាជ្ញាញាណ (សុភ ៨,១-៩,៦; បសរ ២៤) ដោយសំដៅលើព្រះនាងម៉ារី គឺក្នុងពិធីបុណ្យព្រះសហគមន៍ច្រៀង និងយកព្រះនាង ម៉ារីជារូបតំណាងនៃ “បល្ល័ង្ករបស់ព្រះប្រាជ្ញាញាណ”។ ក្នុងនាងម៉ារីព្រះវិញ្ញាណចាប់ផ្ដើមសម្ដែង
“កិច្ចការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់” ដែលព្រះអង្គនឹងបំពេញក្នុងព្រះគ្រីស្ត និងក្នុងព្រះសហគមន៍។»
ព្រះសហគមន៍ខាងលិច មានប្រពៃណីច្រៀងបទ «សូមយាងមក ព្រះវិញ្ញាណនៃព្រះបង្កើត» (Veni Creator Spiritus) ជាបទចម្រៀងដ៏សមគួរ សម្រាប់រំលឹកការបង្កើតថ្មីរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ ជាពិសេសសម្រាប់ឆ្នាំថ្មី ដែលយើងសង្ឃឹមនឹង បង្កើតលទ្ធផលល្អៗសម្រាប់ជីវិតយើង។
ថ្ងៃនេះដែរ ព្រះសហគមន៍ចាត់ទុកជា «ព្រះនាងម៉ារី មាតានៃសន្តិភាព» ព្រោះព្រះនាងបានរកឃើញ សេចក្តីសុខសាន្តក្នុងអង្គព្រះយេស៊ូ ដែលព្រះអង្គនាំសន្តិភាព មកឲ្យមនុស្សជាតិ។ ព្រះសហគមន៍បាន បញ្ចូលគំនិតនេះ ក្នុងឆ្នាំ ១៩៦៧ ដែល ប្រកាស ឲ្យថ្ងៃនេះជា «ថ្ងៃសន្តិភាពរបស់ពិភពលោក» ព្រោះ ព្រះយេស៊ូគឺជា សន្តិភាពរវាង ព្រះជាម្ចាស់និង មនុស្ស និង រវាងមនុស្សនឹងមនុស្ស។ សន្តសម្តេចប៉ាប យ៉ូហានទី ២៣ បានបញ្ជាក់នៅក្នុងសន្ទារុកថា នៅអង្គការសហប្រជាជាតិ នៅថ្ងៃទី ១១ ខែមេសា ឆ្នាំ ១៩៦៣ ថា «ព្រះសហគមន៍មិន ដែលនៅស្ងៀមក្នុងការចាប់អារម្មណ៍ ទៅកាន់រឿង ចំបាច់ថា យើងទាំងអស់គ្នាត្រូវរួម ដៃគ្នាកសាងសន្តិភាពយ៉ាងពិតប្រាកដ។ សន្តិភាពនេះប្រកបដោយ សេចក្តីពិត, យុតិធម៌, សេចក្តីស្រឡាញ់ និងសេរីភាព ដែលប្រៀបដូចជាសសរទាំង ៤ របស់ផ្ទះនៃ សន្តិភាព ដែលបើកទូលាយសម្រាប់ មនុស្សទាំងអស់»៕
សម្រាប់មនុស្សទាំងអស់ ជាពិសេសគ្រិស្តបរិស័ទ យកចិត្តទុកដាក់កសាងសន្តិភាព ក្នុងគ្រប់ទី កន្លែងដែលខ្លួនរស់នៅ។ សូមព្រះនាងម៉ារី អង្វរព្រះយេស៊ូជាអម្ចាស់នៃយើង សម្រាប់ជីវិតរបស់យើង ក្នុងឆ្នាំថ្មីនេះ ឲ្យជួបតែ សេចក្តីល្អ សុភមង្គលក្នុងជីវិត ដែលមកពីយើងមានជំនឿនិងប្រព្រឹត្តតាមជំនឿនោះ។