សន្តថូម៉ាស បេកេត កើតនៅឆ្នាំ ១១២០ នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។ លោកជាអធិការបតីនៃរាជាណាចក្រអង់គ្លេស (១១៥៥–១១៦២) និងជាអគ្គអភិបាលព្រះសហគមន៍នៅទីក្រុង កង់ទើបូរី (១១៦២–៧០) ក្នុងរជ្ជកាលរបស់ព្រះបាទហង់រីទី២ ។ ការងាររបស់លោក គឺការឈ្លោះប្រកែកគ្នាយ៉ាងយូរជាមួយព្រះបាទហង់រី ដែលមានបំណងចង់បំពានឯករាជ្យភាព និងចង់ធ្វើជាម្ចាស់គ្រប់គ្រងព្រះសហគមន៍ នៅក្នុងរាជាណាចក្រអង់គ្លេសទាំងមូល ។ ក្រោយមកគេ បានសម្លាប់លោកត្រង់ទីអាសនៈ នៅក្នុងវិសាលវិហារនាក្រុងកង់ទើបូរី នៅថ្ងៃទី ២៩ ខៃធ្នូ ឆ្នាំ ១១៧០ ។ លោកជាគង្វាលដ៏ល្អ ខិតខំការពារថែរក្សាសិទ្ធិសេរីភាពរបស់ព្រះសហគមន៍យ៉ាងម៉ឺងម៉ាត់ កុំឲ្យអ្នកកាន់អំណាចខាងនយោបាយ ប្រើសាសនាធ្វើជាប្រយោជន៍សម្រាប់បង្កើនអំណាចផ្ទាល់ខ្លួន ហើយកុំឲ្យសាសនាជាប់ក្នុងក្របខ័ណ្ឌនយោបាយនោះឡើយ ។ លោកពិតជាឈ្វេងយល់ថា សាសនា និងរដ្ឋអំណាច គួរតែជាវិស័យពីរប្លែកពីគ្នា ។ លោកបានទទួលឋានៈជាសន្តបុគ្គល និងជាមរណសាក្សីរបស់ព្រះសហគមន៍ នៅឆ្នាំ ១១៧៣ ហើយសព្វថ្ងៃ មានទាំងគ្រីស្តបរិស័ទនិកាយកាតូលិក និងគ្រីស្តបរិស័ទនិកាយអង់គ្លីកង់ រួមគ្នាគោរពលោកជាសន្ត ។ លោកក៏ជាឧបការីម្នាក់ ក្នុងចំណោមសន្តឧបការីសម្រាប់អស់លោកបូជាចារ្យ និងលោកឧបដ្ឋាកភូមិភាគ ។