ទារកដែលស្តេចហេរ៉ូតសម្លាប់ ថ្ងៃទី ២៨ ខែធ្នូ

ព្រះយេស៊ូយាងមកប្រទានជីវិតដ៏ពេញលេញឲ្យមនុស្សលោក ប៉ុន្តែ នៅពេលព្រះអង្គប្រសូតមក ព្រះបាទហេរ៉ូដសម្លាប់ទារកជាច្រើន! ការនេះបង្ហាញឲ្យដឹងថា ចិត្តលោភលន់របស់អ្នកបាបបណ្តាលឲ្យមានសេចក្តីស្លាប់ ដូចជនជាតិយូដាធ្វើគុតព្រះយេស៊ូនៅពេលក្រោយ។ តែទោះជាយ៉ាងណាក៏ដោយ ក៏ព្រះហប្ញទ័យមេត្តាករុណារបស់ព្រះជាម្ចាស់ នៅតែឈ្នះអំពើឃោរឃៅរបស់មនុស្សបាប ព្រះអង្គសង្រ្គោះមនុស្សទាំងអស់ ព្រមទាំងប្រទានជីវិតយ៉ាងបរិបូណ៌ឲ្យគេផង។ ព្រះយេស៊ូសង្គ្រោះមនុស្សលោកដោយមិនគិតពីបុណ្យរបស់គេទេ ដូចទ្រង់មិនបានរាប់បុណ្យទារកទាំងនោះដែរ។ដំណើររបស់រឿងរ៉ាវនេះ មានរៀបរាប់ក្នុងកណ្ឌគម្ពីរម៉ាថាយ ២,១៦-១៨ ក្រោយស្តេចហេរ៉ូតបានដឹងថា ត្រូវហោរាចារ្យទាំងបីបោក ក៏ខឹងណាស់ ទ្រង់បញ្ជាឲ្យទាហានទៅសម្លាប់ទារកក្រោម ២ ឆ្នាំ នៅភូមិបេថ្លេហិម និងភូមិជិតខាង។ ហេតុការណ៍នេះកើតមានឡើង តាមទំនាយរបស់ព្យាការីយេរេមីថា “មានសំឡេងមួយលាន់ឮ ពីភូមិរ៉ាម៉ាមក ជាទំនួញសោកសៅ គឺ នាងរ៉ាខែលយំសោកអាណិតកូន នាងមិនព្រមឲ្យនរណាលួងឡោមនាង ឡើយ ព្រោះកូននាងបាត់បង់ជីវិតអស់ទៅហើយ”។ ពិធីបុណ្យខាងក្រិក និយាយថា ហេរ៉ូតសម្លាប់ក្មេងចំនួន ១៤,០០០ នាក់ ខាងស៊ីរីថា ៦៤,០០០ នាក់ ហើយ អ្នកនិពន្ធសម័យកណ្តាលនិយាយថា ១៤៥,០០០ នាក់ តាមកណ្ឌគម្ពីរវិវរណៈចំពូក ១៤ ខ ៣។ ប៉ុន្តែអ្នកសរសេរ ជំនាន់យើងនេះ បានបន្ថយចំនួនច្រើន ព្រោះបេថ្លេហិមជាភូមិតូចមួយ។ Knabenbauer និយាយថា មានប្រហែល ១៥-២០ នាក់។ Bisping និយាយថា មាន ១០ ឬ ១២ នាក់ រីឯ Kellner គិតថាមានតែ ៦ នាក់។ យើងមិនអាចកំណត់ពេលវេលាការសម្លាប់របស់ទារកនេះបានទេ ប៉ុន្តែយើងដឹងថា ទារកត្រូវសម្លាប់ក្នុង ២ ឆ្នាំ ចាប់ពីផ្កាយបង្ហាញឲ្យហោរាចារ្យទាំងបីឃើញ។ ព្រះសហគមន៍ចាត់ទុកថា ក្មេងទាំងអស់នោះគឺជា មរណសាក្សី។ ពួកគេមិនគ្រាន់តែលះបង់ជីវិតដើម្បីព្រះយេស៊ូគ្រីស្តប៉ុណ្ណោះទេ ប៉ុន្តែបានស្លាប់ក្នុងអង្គព្រះគ្រីស្ត ដែរ។ ព្រះសហគមន៍កំណត់ឲ្យមានបុណ្យរំលឹកនេះចាប់ពីពេលណា យើងមិនទាន់ឃើញភស្តុតាំងទេ ប៉ុន្តែគិតថា ប្រហែលចុងសតវស្សទី ៤ និងមិនលើសចុងសតវស្សទី ៥ ទេ។ បុណ្យរំលឹកថ្ងៃនេះ ជួយដាក់តឿនយើង អំពីមរណសាក្សី ដែលថ្វាយខ្លួនចំពោះព្រះជាម្ចាស់។ ដូចជាមរណសាក្សីនៅកម្ពុជាជាដើម។ ជីវិតវ័យក្មេងរបស់ព្រះយេស៊ូ ធ្វើឲ្យយើង នឹងដល់ការបៀតបៀននៅ ជំនាន់លោកម៉ូសេដែរ នៅពេលនោះ ស្តេចផារោន បញ្ជាឲ្យសម្លាប់ ក្មេងប្រុសរបស់ជនជាតិអ៊ិស្រាអែលទាំងអស់ បោះក្នុងទន្លេនីល។ ប៉ុន្តែព្រះជាម្ចាស់ជួយការពារម៉ូសេ យ៉ាងល្អបំផុតរហូតដល់ បានត្រូវចិញ្ចឹមក្នុងវាំងរបស់ ស្តេចតែម្តង។ ម៉ាថាយ រៀបរាប់ជីវិតវ័យកុមាររបស់ព្រះយេស៊ូ ដើម្បីឲ្យយើងឃើញថា ព្រះយេស៊ូ គឺជាម៉ូសេ ថ្មី ក្នុងសម្ព័ន្ធមេត្រីថ្មី។ ព្រះអង្គជាស្តេចយ៉ាងពិតប្រាកដ ដែលហេរូតមិនអាចនឹកស្មានបាន។ សូមបងប្អូនអធិដ្ឋានដើម្បីក្មេងៗទូទាំងពិភពលោក ដែលស្លាប់ដោយសារសង្គ្រាម និងភាពអយុតិធម៌ទាំងអស់ ជាពិសេសពីឪពុកម្តាយរបស់ខ្លួន ដែលសម្រេចចិត្ត ពន្លូតកូន ខ្លួនឯង ដោយក្មេងទាំងអស់នោះគ្មានកំហុស អ្វីសោះ៕

Facebook
Twitter
LinkedIn