សន្តយ៉ូហានជាគ្រីស្តទូតនិងអ្នកនិពន្ធគម្ពីរដំណឹងល្អ

ថ្ងៃទីបី នៃបុណ្យព្រះយេស៊ូប្រសូត
ថ្ងៃទី ២៧ ខែធ្នូ

សន្តយ៉ូហានជាសាវ័កមួយរូបក្នុងចំណោមក្រុមគ្រិស្តទូត ១២ រូប ជាជនជាតិយូដា ឪពុកលោកគឺ លោក សេបេដេ(មថ ៤,២១/មក ១,១៩) ជាប្អូនរបស់សន្តយ៉ាកុប ម្តាយឈ្មោះសាឡូមេ ជាសមាជិករបស់ក្រុមស្រ្តីដែលដើរតាមព្រះយេស៊ូ។ លោកយ៉ូហាន ជាកូនសិស្សលោកយ៉ួហាបាទីស្ត ប៉ុន្តែក្រោយមក លោកយ៉ូហាន បាទីស្តបង្ហាញឲ្យលោកដើរតាម ព្រះយេស៊ូ(យហ ១,៣៥-៤១)។ ព្រះយេស៊ូត្រាស់ហៅលោក ជាមួយលោកយ៉ាកុបជាបងប្អូន និងជាមួយលោកសិលា ឲ្យដើរតាមព្រះអង្គមុនគេ។ ព្រះអង្គក៏ជ្រើសរើសលោក និងសាវ័កទាំងពីរនាក់នោះឲ្យធ្វើជាសាក្សីពិសេសនៅពេលព្រះអង្គសម្តែងសិរីរុងរឿង និងនៅពេលព្រះអង្គអធិដ្ឋានទាំងព្រួយបារម្ភនៅសួនឧទ្យានកេតសេម៉ានី។ លោកយ៉ូហាន “សាវ័កដែលព្រះយេស៊ូស្រឡាញ់” ។ នៅពេលព្រះយេស៊ូជាប់នៅលើឈើឆ្កាង ព្រះអង្គបានផ្ញើព្រះមាតាឲ្យលោកថែរក្សា។ នៅពេលលោករត់ទៅផ្នូរជាមួយលោកសិលា លោក “ឃើញហើយជឿ”។ លោកនិពន្ធគម្ពីរដំណឹងល្អ លិខិតបីច្បាប់ និងវិវរណៈ ។ ក្នុងកណ្ឌគម្ពីរទាំងនេះ លោកយ៉ូហានចង់សម្តែងការអាថ៌កំបាំងដ៏អស្ចារ្យរបស់ព្រះយេស៊ូ ដែលជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ហើយដែលប្រទានជីវិតដ៏ពេញលេញឲ្យមនុស្សលោក។ លោកក៏រំឭកអំពីវិន័យថ្មីរបស់ព្រះអង្គដែរ។ មានតែសេចក្តីស្រឡាញ់របស់អស់អ្នកជឿទេ ដែលជាសញ្ញាសម្គាល់បញ្ជាក់ថា ព្រះយេស៊ូពិតជាព្រះសង្គ្រោះរបស់មនុស្សលោកមែន។ លោកចូលរួមក្នុងមហាសន្និបាតក្រុងយេរូសាឡឹមលើកទីមូយ(កក ២,៩) ចុងក្រោយនៃ ជីវិតរបស់លោក ត្រូវនិរទេសទៅនៅក្នុងកោះប៉ាត់ម៉ស នៅសម័យចៅអធិរាជដូម៉ាស៊ាំង។ លោកជាអ្នកនិពន្ធកណ្ឌគម្ពីរជាច្រើន ដូចជា កណ្ឌគម្ពីរយ៉ូហាន, លិខិតសន្តយ៉ូហានទាំង ៣ និង គម្ពីរវិវរណៈ។ លោកបានពន្យល់អំពីព្រះយេស៊ូ គឺជាគ្រឹះក្នុងដំណឹងល្អរបស់លោក។ លិខិតរបស់លោកបញ្ជាក់ថា ព្រះយេស៊ូគឺជា សេចក្តីស្រឡាញ់និងជាពន្លឺ។ រីឯគម្ពីរវិវរណៈ បានលើកទឹកចិត្តគ្រីស្តបរិស័ទក្នុងការបៀតបៀនថា ព្រះយេស៊ូបានឈ្នះមារសាតាំង និង លោកីយ៍ ហើយគ្រិស្តបរិស័ទដែលរួមជាមួយព្រះអង្គក៏មានទទួលជ័យជំនះនោះដែរ។ បពិត្រព្រះជាម្ចាស់ សូមឲ្យយើងខ្ញុំមានចិត្តខ្នះខ្នែង ដូចលោកយ៉ូហាន ដើម្បីប្រកាស ដំណឹងល្អ។ សូមព្រះអង្គជួយឲ្យយើងខ្ញុំដើរតាមព្រះយេស៊ូជានិច្ច ដោយសេចក្តីស្មោះត្រង់ ដូចលោក យ៉ូហានផង។

Facebook
Twitter
LinkedIn