សន្ដស្ដេផានជាមរណសាក្សីទីមួយ
លោកស្តេផានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ ដែលប្រោសឱ្យលោកមានប្រាជ្ញាវាងវៃ និងចិត្តក្លាហាន។ ហេតុនេះហើយ បានជាព្រះសហគមន៍ដើមដំបូងបានជ្រើសរើសលោកស្តេផានឱ្យចែកអំណោយយ៉ាងត្រឹមត្រូវឱ្យអ្នកក្រីក្រ។ លោកក៏ដាស់តឿនជនជាតិយូដាដែលបានឆ្កាងព្រះយេស៊ូឱ្យទទួលស្គាល់សិរីរុងរឿងរបស់ព្រះអង្គ នៅពេលលោកទទួលមរណភាព លោកពោលព្រះបន្ទូលដែលព្រះយេស៊ូបានថ្លែងទុកពេលដែលព្រះអង្គជាប់លើឈើឆ្កាង។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកិច្ចការគ្រីស្តទូត កក ៦,៨-១០; ៧,៥៤-៦០
ព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងលោកស្តេផានណាស់ ហើយព្រះអង្គប្រទានឫទ្ធានុភាពឱ្យលោកសម្តែងឫទ្ធិបាដិហារិយ៍ និងទីសម្គាល់ធំៗ ក្នុងចំណោមប្រជាជន។ មានអ្នកខ្លះ ជាសមាជិកធម្មសាលាដែលគេហៅថា “ធម្មសាលាពួកអ្នកងារពីរដើម” និងអ្នកខ្លះក្នុងចំណោមអ្នកស្រុកគីរេន អ្នកស្រុកអាឡិចសន់ឌ្រី និងអ្នកខ្លះទៀតក្នុងចំណោមអ្នកស្រុកស៊ីលីស៊ី និងអ្នកស្រុកអាស៊ី នាំគ្នាជជែកជាមួយលោកស្តេផាន ប៉ុន្តែ ពួកគេពុំអាចជជែកឈ្នះលោកស្តេផានបានឡើយ ព្រោះលោកមានប្រសាសន៍ប្រកបដោយប្រាជ្ញាមកពីព្រះវិញ្ញាណ។ កាលពួកគេឮដូច្នោះ គេក្រេវក្រោធជាខ្លាំង គេសង្កៀតធ្មេញដាក់លោកស្តេផាន រីឯលោកស្តេផានវិញ លោកបានពោរពេញដោព្រះវិញ្ញាណដ៏វិសុទ្ធ លោកសម្លឹងមើលទៅលើមេឃ ឃើញសិរីរុងរឿងរបស់ព្រះជាម្ចាស់ និងឃើញព្រះយេស៊ូឈរនៅខាងស្តាំព្រះអង្គ។ លោកមានប្រសាសន៍ថា៖ «មើលហ្ន៎៎! ខ្ញុំឃើញផ្ទៃមេឃបើកចំហ ហើយឃើញបុត្រមនុស្សឈរនៅខាងស្តាំព្រះជាម្ចាស់»។ ពួកគេស្រែកឡើងយ៉ាងខ្លាំង ទាំងយកដៃខ្ទប់ត្រចៀក ហើយនាំគ្នាស្ទុះចាប់លោក។ គេបណ្តេញលោកចេញពីទីក្រុង រួចយកដុំថ្មគប់សម្លាប់លោក។ ពួកអ្នកដែលជាសាក្សីបានយកសម្លៀកបំពាក់របស់ខ្លួនទៅទុកក្បែរជើងយុវជនម្នាក់ឈ្មោះសូល។ នៅពេលគេគប់ដុំថ្មសម្លាប់នោះ លោកស្តេផានទូលអង្វរថា៖ «ព្រះអម្ចាស់អើយ! សូមទទួលព្រះវិញ្ញាណរបស់ទូលបង្គំផង!»។ បន្ទាប់មក លោកលុតជង្គង់ចុះ ហើយបន្លឺសំឡេងខ្លាំងៗថា៖ «ព្រះអម្ចាស់អើយ! សូមកុំប្រកាន់ទោសគេ ព្រោះតែអំពើបាបនេះធ្វើអ្វី»។ កាលបានទូលដូច្នោះហើយ លោកក៏ផុតដង្ហើមទៅ។
ទំនុកតម្កើងលេខ ៣១ (៣០), ៣-៤.៦.៨-៩.១៧.២០ បទកាកគតិ
១. | សូមទ្រង់ផ្ទៀងស្តាប់ | ពាក្យខ្ញុំរៀបរាប់ | មិនឱ្យមានឆ្គង |
សូមរំដោះខ្ញុំ | ឱ្យឆាប់តែម្តង | ជាកំពែងផង | |
សង្គ្រោះរូបខ្ញុំ ។ | |||
២. | ទ្រង់ជាសិលា | កំពែងថ្មដា | ពាំងទូលបង្គំ |
សូមជួយដឹកនាំ | ឆ្លងផ្លូវតូចធំ | តម្រង់ទិសខ្ញុំ | |
ដោយយល់ព្រះនាម ។ | |||
៦. | ខ្ញុំសូមប្រគល់ | វិញ្ញាណនិមល | ថ្វាយអង្គក្សត្រា |
ទៅក្នុងព្រះហស្ត | ព្រះម្ចាស់ហើយណា | ព្រោះព្រះអង្គជា | |
ព្រះទុកចិត្តបាន ។ | |||
៨. | ចិត្តខ្ញុំស្រស់ថ្លា | អរឥតឧបមា | រីករាយសប្បាយ |
ដោយសារព្រះអង្គ | ទ្រង់មានព្រះទ័យ | ករុណាប្រណី | |
ពេលខ្ញុំវេទនា ។ | |||
៩. | ទ្រង់មិនបណ្តោយ | ឱ្យរូបខ្ញុំធ្លោយ | ខ្លោចផ្សាគ្រាំគ្រា |
ធ្លាក់ទៅក្នុងដៃ | របស់បច្ចា | សូមទ្រង់ករុណា | |
មេត្តាប្រណី ។ | |||
១៧. | សូមបែរព្រះភក្ត្រ | ទតមកមើលអ្នក | បម្រើព្រះអង្គ |
មេត្តាសង្គ្រោះ | ទូលបង្គំផង | ដោយហឫទ័យទ្រង់ | |
ប្រណីករុណា ។ | |||
២០. | បពិត្រព្រះម្ចាស់ | ព្រះទ័យសន្តោស | វិសេសថ្កើងថ្កាន |
ដល់អ្នកគោរព | កោតខ្លាចគ្រប់ប្រាណ | មិនដែលរំខាន | |
អ្នកជ្រកជាមួយ ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អាលេលូយ៉ា! អាលេលូយ៉ា!
លោកស្តេផានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ បានឃើញផ្ទៃមេឃបើលចំហ ហើយព្រះយេស៊ូឈរនៅខាងស្តាំព្រះបិតា។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១០,១៧-២២
ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖ «ចូរប្រយ័ត្ន! កុំទុកចិត្តមនុស្សលោកឱ្យសោះ ដ្បិតគេនឹងចាប់បញ្ជូនអ្នករាល់គ្នាទៅតុលាការ គេនឹងយករំពាត់ខ្សែតីមក វាយអ្នករាល់គ្នានៅក្នុងធម្មសាលារបស់គេ។ គេនឹងបញ្ជូនអ្នករាល់គ្នាទៅឱ្យលោកទេសាភិបាល និងឱ្យស្តេចនានាកាត់ទោស ព្រោះតែអ្នករាល់គ្នាតាមខ្ញុំ។ ប៉ុន្តែ ពេលនោះ ជាឱកាសសម្រាប់ឱ្យអ្នករាល់គ្នាផ្តល់សក្ខីភាពឱ្យពួកលោក និងឱ្យសាសន៍ដទៃដឹង ឮទៅវិញ។ ពេលគេចាប់បញ្ជូនអ្នករាល់គ្នាទៅកាត់ទោស ចូរកុំភ័យបារម្ភនឹងរកពាក្យ ដែលអ្នករាល់គ្នាត្រូវនិយាយយ៉ាងណាៗនោះឡើយ ដ្បិតព្រះជាម្ចាស់នឹងប្រទានពាក្យដែលអ្នករាល់គ្នាត្រូវនិយាយនៅពេលនោះតែម្តង។ មិនមែនអ្នករាល់គ្នាទេដែលនិយាយ គឺព្រះវិញ្ញាណនៃព្រះបិតារបស់អ្នករាល់គ្នានឹងមានព្រះបន្ទូលនៅក្នុងចិត្តអ្នករាល់គ្នា។ បងប្អូននឹងចាប់បញ្ជូនគ្នាឯងទៅឱ្យគេសម្លាប់ ឪពុកនឹងចាប់បញ្ជូនកូនទៅឱ្យគេសម្លាប់ ហើយកូនៗលើកគ្នាប្រឆាំងនឹងឪពុកម្តាយ ព្រមទាំងបញ្ជូនទៅឱ្យគេសម្លាប់ទៀតផង។ មនុស្សគ្រប់ៗរូបនឹងស្អប់អ្នករាល់គ្នាព្រោះតែនាមខ្ញុំ។ ប៉ុន្តែ អ្នកណាស៊ូទ្រាំរហូតដល់ចុងបញ្ចាប់ ព្រះជាម្ចាស់នឹងសង្គ្រោះអ្នកនោះ»។