ឬសន្ដយ៉ូហាន
លោកយ៉ូហាន នៅកិនទី កើតនៅប្រទេសប៉ូឡូញនាឆ្នាំ ១៣៩០។ លោកជាសាស្ត្រាចារ្យខាងអក្សរសាស្ត្រ និងទេវវិទ្យា នៅមហាវិទ្យាល័យក្រាកូវី។ លោកយកចិត្តទុកដាក់បម្រើជនក្រីក្រកំសត់ទុគ៌តអស់ពីសមត្ថភាព។ លោកទទួលមរណភាពមុនថ្ងៃបុណ្យណូអែលឆ្នាំ ១៤៧៣។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីម៉ាឡាគី មគ ៣,១-៤.២៣-២៤
ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «យើងចាត់ទូតយើងឱ្យទៅមុនដើម្បីរៀបចំផ្លូវសម្រាប់យើង។ រំពេចនោះព្រះអម្ចាស់ដែលអ្នករាល់គ្នាស្វែងរកនឹងយាងចូលក្នុងព្រះវិហាររបស់ព្រះអង្គ។ រីឯទូតនៃសម្ពន្ធមេត្រីដែលអ្នករាល់គ្នារង់ចាំកំពុងតែមក។ ប៉ុន្តែ នៅថ្ងៃដែលព្រះអង្គយាងមកដល់ តើនរណាអាចទ្រាំបាន? នៅពេលព្រះអង្គលេចមក តើនរណាអាចឈរបាន? ដ្បិតព្រះអង្គប្រៀបបាននឹងភ្លើងរបស់ជាងដែក និងដូចសាប៊ូរបស់អ្នកបោកសម្លៀកបំពាក់។ ព្រះអង្គនឹងគង់កាត់ក្តីដូចជាងទងអង្គុយរំលាយ និងបន្សុទ្ធសាច់ប្រាក់។ ព្រះអង្គនឹងជម្រះកូនចៅលោកលេវីឱ្យបានបរិសុទ្ធ ព្រះអង្គនឹងបន្សុទ្ធពួកគេដូចបន្សុទ្ធមាស និងប្រាក់។ ពួកគេនឹងនាំតង្វាយដ៏ត្រឹមត្រូវតាមវិន័យ មកថ្វាយព្រះអម្ចាស់ដោយចិត្តស្មោះត្រង់។ ពេលនោះព្រះអម្ចាស់សព្វព្រះហឫទ័យទទួលតង្វាយរបស់អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមដូចនៅបុរាណកាល និងនៅជំនាន់មុន។ ចំណែកឯយើងវិញយើងនឹងចាត់ព្យាការីអេលីឱ្យមកមុនថ្ងៃរបស់ព្រះអម្ចាស់ ជាថ្ងៃដ៏ឧត្តុង្គឧត្តមគួរឱ្យស្ញែងខ្លាច។ យើងនឹងបង្វែរចិត្តឪពុកទៅរកកូន ហើយបង្វែរចិត្តកូនទៅរកឪពុក។ ដូច្នេះយើងនឹងមិនមកបំផ្លាញស្រុករបស់អ្នករាល់គ្នាឱ្យវិនាសសូន្យទេ»។
ទំនុកតម្កើងលេខ ២៥,៤-១០.១៤ បទពាក្យ ៧
៤ | ឱព្រះអម្ចាស់ទូលបង្គំ | សូមជួយណែនាំនិងបង្រៀន |
ឱ្យស្គាល់មាគ៌ាល្អថ្កើងថ្កាន | វិសុទ្ធហួសស្មាននៃព្រះអង្គ ។ | |
៥ | សូមជួយអប់រំខ្ញុំឱ្យរស់ | តាមក្តីពិតស្មោះព្រះអង្គផង |
ដ្បិតទ្រង់សង្គ្រោះខ្ញុំឥតហ្មង | សង្ឃឹមព្រះអង្គរៀងរាល់ថ្ងៃ ។ | |
៦ | ឱព្រះអម្ចាស់សូមកុំភ្លេច | ចាំជាប់ជានិច្ចពេញព្រះទ័យ |
ដែលធ្លាប់អាណិតពន់ពេកក្រៃ | ករុណាប្រណីខ្ញុំជានិច្ច ។ | |
៧ | សូមបំភ្លេចបាបនិងកំហុស | ដែលខ្ញុំមានទៅច្រើនឬតិច |
នៅពីក្មេងខ្ចីសូមបំភ្លេច | ទ្រង់គ្មានកលកិច្ចធ្លាប់មេត្តា ។ | |
៨ | ព្រះអម្ចាស់មានព្រះហឫទ័យ | សប្បុរសពេកក្រៃករុណា |
សូមជួយបង្ហាញពីមាគ៌ា | មនុស្សបាបរាល់គ្នាបានស្គាល់ផង ។ | |
៩ | ព្រះអង្គនាំមនុស្សដែលមានចិត្ត | សុភាពសុចរិតតាមគន្លង |
មាគ៌ាត្រឹមត្រូវល្អផូរផង់ | មិនឱ្យមានហ្មងស្គាល់ផ្លូវល្អ ។ | |
១០ | មាគ៌ារបស់ព្រះអម្ចាស់ | សម្តែងយ៉ាងច្បាស់ករុណាធម៌ |
ដល់អ្នកគោរពទោះក្រីក្រ | ខ្ពង់ខ្ពស់បវរតាមសម្ពន្ធ ។ | |
១៤ | ព្រះតែងសម្តែងភក្តីភាព | អ្នកតូចខ្ពស់ទាបយ៉ាងស្ម័គ្រស្មោះ |
អ្នកដែលកោតខ្លាចទ្រង់សប្បុរស | ឱ្យគេទាំងអស់ស្គាល់មេត្រី ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អាលេលូយ៉ា! អាលេលូយ៉ា!
ឱ! ព្រះគ្រីស្តជាទីសង្ឃឹមនៃប្រជាជាតិទាំងឡាយអើយ! សូមយាងមក!
ព្រះសង្គ្រោះរបស់ប្រជាជនទាំងអស់អើយ សូមយាងមកសង្គ្រោះអ្នកដែលវង្វេងបាត់ផង។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១,៥៧-៦៦
ពេលនាងអេលីសាបិតគ្រប់ខែហើយ គាត់សម្រាលបានកូនប្រុសមួយ។ អ្នកជិតខាង និងញាតិសន្តាននាំគ្នាអបអរសាទរជាមួយគាត់ ព្រោះគេបានឮដំណឹងថា ព្រះអម្ចាស់បាន សម្តែងព្រះហឫទ័យមេត្តាករុណាដល់គាត់យ៉ាងច្រើនអនេក។ ប្រាំបីថ្ងៃក្រោយមក គេនាំគ្នាធ្វើពិធីកាត់ស្បែកឱ្យទារកនោះ ហើយចង់ដាក់ឈ្មោះថា “សាការី” ដូចឪពុកដែរ តែម្តាយប្រាប់ថា៖ «ទេ! ត្រូវដាក់ឈ្មោះថា “យ៉ូហាន” វិញ (ឈ្មោះ “យ៉ូហាន” នេះមានន័យថា “ព្រះអម្ចាស់ប្រណីសន្តោស”)។ ពួកគេតបថា៖ «ក្នុងញាតិសន្តានរបស់អ្នក គ្មាននរណាមានឈ្មោះនេះទេ»។ គេធ្វើសញ្ញាសួរទៅលោកសាការីថា ចង់ដាក់ឈ្មោះអ្វីឱ្យកូន។ លោកសាការីសុំឱ្យគេយកក្តារឆ្នួនមួយមក ហើយសរសេរថា៖ «កូននេះឈ្មោះ យ៉ូហាន»។ ពួកគេស្ងើចសរសើរតម្កើងគ្រប់គ្នា។ រំពេចនោះ ស្រាប់តែលោកនិយាយបានដូចដើមវិញ រួចលោកបន្លឺសំឡេងលើកតម្កើងព្រះជាម្ចាស់។ អ្នកជិតខាងកោតស្ញប់ស្ញែងគ្រប់ៗគ្នា ហើយព្រឹត្តិការណ៍នេះឮសុសសាយពេញតំបន់ភ្នំ ក្នុងស្រុកយូដា។ អស់អ្នកដែលបានឮ ក៏ចងចាំរឿងនេះទុកក្នុងចិត្ត ហើយដណ្តឹងសួរខ្លួនឯងថា៖ «តើថ្ងៃក្រោយកូននេះនឹងទៅជាយ៉ាងណា?» ដ្បិតព្រះបារមីរបស់ព្រះអម្ចាស់តាមជួយថែរក្សាកូននេះ។