លោកស្ទេផានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ ដែលប្រោសឲ្យលោកមានប្រាជ្ញាវាងវៃនិងចិត្តក្លាហាន ។ ហេតុនេះហើយ បានជាព្រះសហគមន៍ដើមដំបូងបានជ្រើសរើសលោកស្ទេផានឲ្យចែកអំណោយយ៉ាងត្រឹមត្រូវឲ្យអ្នកក្រីក្រ។ លោកក៏ដាស់តឿនជនជាតិយូដា ដែលបានឆ្កាងព្រះយេស៊ូ ឲ្យទទួលស្គាល់សិរីរុងរឿងរបស់ព្រះអង្គ ។ នៅពេលលោកទទួលមរណភាព លោកពោលព្រះបន្ទូលដែលព្រះយេស៊ូបានថ្លែងទុកពេលដែលព្រះអង្គជាប់លើឈើឆ្កាង។ បេសកកម្មរបស់លោកមានកត់ទុកក្នុងកណ្ឌគម្ពីរកិច្ចការគ្រីស្តទូត លោកចាត់ទុកថា ជាមរណសាក្សី ដោយសារជំនឿលើព្រះយេស៊ូមុនគេបង្អស់ក្នុងព្រះសហគមន៍។ លោកត្រូវគ្រីស្តបរិស័ទគោរព ចាប់ពី គ្រីស្តសតវស្សដំបូង។ ក្នុងកណ្ឌគម្ពីរកិច្ចការគ្រីស្តទូត ៦,១-៦ លោកត្រូវព្រះសហគមន៍ជ្រើសរើសជាឧបដ្ឋាក ជួយក្រុមគ្រីស្តទូត ដើម្បីជួយការងារផ្តល់ម្ហូបអាហារឲ្យស្រ្តីមេម៉ាយនិងអ្នកក្រីក្រ ដែលជាបញ្ហាមូយក្នុង ព្រះសហគមន៍ រវាងគ្រីស្តបរិស័ទជាតិយូដានិងគ្រីស្តបរិស័ទដែលមកពីស្រុកក្រៅ។ លោកមានសញ្ជាតិក្រិក និងជាម្នាក់ក្នុងចំណោមឧបដ្ឋាកទាំង ៧ ដំបូងរបស់ព្រះសហគមន៍។ លោកធ្វើតួនាទីជា អ្នកប្រកាសព្រះបន្ទូល ផ្តល់ធម្មទេសនា។ ព្រះជាម្ចាស់ប្រទានឫទ្ធានុភាពឲ្យលោក សម្តែងការអស្ចារ្យនិងទីសម្គាល់ធំៗជាច្រើន (កក.៦,៨)។ លោកពោរពេញទៅដោយព្រះប្រាជ្ញាញាណ គ្មានអ្នកណានិយាយឈ្នះគាត់អំពីជំនឿនោះឡើយ(កក.៦,៩)។ លោកផ្តល់សក្ខីភាពអំពីអំពីព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់ ដោយមានប្រសាសន៍ចុងក្រោយថា «មើលហ្ន៎! ខ្ញុំឃើញផ្ទៃមេឃបើកចំហ ហើយឃើញបុត្រមនុស្សឈរនៅខាងស្តាំព្រះជាម្ចាស់»។ អ្នកនៅក្នុង ធម្មសាលាខឹងយ៉ាងខ្លាំង អូសលោកទៅក្រៅក្រុង ហើយយកដុំថ្មគប់សម្លាប់លោកតែម្តង។ សូមសន្តស្ទេផាន ជួយជួយអង្វរព្រះជាម្ចាស់យេស៊ូគ្រិស្ត ដើម្បីឲ្យយើងខ្ញុំចេះបម្រើព្រះអង្គយ៉ាងល្អ តាមការត្រាស់ហៅ ជួយសម្រួលកិច្ចការឲ្យអ្នកដទៃដោយទឹកចិត្តល្អដូចលោកផង។ សូមព្រះជាម្ចាស់ ឲ្យខ្ញុំមានជំនឿរឹងមាំនិងក្លាហាន ដើម្បីហ៊ានធ្វើអំពើល្អ ប្រឆាំងអំពើបាបផង។