ថ្ងៃទី២៤-២៥ ខែធ្នូបុណ្យលើកតម្កើងព្រះយេស៊ូប្រសូត ជាបុណ្យឱឡារិក(ថ្ងៃទី២៤-២៥ ខែធ្នូ)

ព្រះសហគមន៍ចាត់ចែងឲ្យគ្រីស្តបរិស័ទធ្វើពិធីបុណ្យកំណើតព្រះយេស៊ូ គឺ “បុណ្យព្រះយេស៊ូប្រសូត” ​ដើម្បីឲ្យគ្រីស្តបរិស័ទលើកតម្កើងព្រះជមា្ចស់ យាងមករួមសាមគ្គីជាមួយមនុស្សលោក។ ពាក្យ “ណូអែល” ជាពាក្យបារាំង មានន័យថា “កំណើត”។ តាមពិត គ្មាននរណាដឹងច្បាស់ថា ព្រះយេស៊ូប្រសូតនៅថ្ងៃណាទេ តែព្រះសហគមន៍បានសន្មតយកថ្ងៃ២៥ ខែធ្នូ ជារៀងរាល់ឆ្នាំ ដើម្បីធ្វើបុណ្យរំឭកថ្ងៃព្រះអង្គប្រសូត្រ ព្រោះចាប់ពីថ្ងៃ២៥ ធ្នូតទៅ ពេលថ្ងៃកាន់តែវែងឡើងបន្តិចម្តងៗ ឯពេលយប់ក៏កាន់តែខ្លាំងខ្លី បន្តិចម្តងៗទៅដែរ។ គ្រីស្តបរិស័ទសន្មតយកថ្ងៃ២៥ ធ្នូ ដូច្នេះ ដោយមានបំណងចង់គោរពព្រះយេស៊ូ ទុកជាពន្លឺដ៏ពិតប្រាកដ ដែលបំភ្លឺមនុស្សលោក។ ក្នុងឱកាសបុណ្យព្រះយេស៊ូប្រសូត្រ គ្រីស្តបរិស័ទមិនគ្រាន់តែនាំគ្នាធ្វើបុណ្យរំឭកព្រឹត្តិការណ៍ដែលកើតមានឡើងកាលពីអតីតកាលនោះទេ គឺគេនាំគ្នារិះគិតអំពីអត្ថន័យ កំណើតរបស់ព្រះយេស៊ូនោះវិញ។ ព្រះយេស៊ូពិតជាមនុស្សធម្មតា ដែលស្គាល់សុខ ស្គាល់ទុក្ខ និងទទួលមរណភាពដូចមនុស្សយើងដែរ។ ប៉ុន្តែ ព្រះយេស៊ូក៏ពិតជាព្រះគ្រីស្ត និងពិតជាព្រះបុត្រានៃព្រះជាម្ចាស់ដែរ។ ដោយព្រះគ្រីស្តមានជីវភាពដូចមនុស្សយើងបេះបិទ ជីវភាពរបស់មនុស្សយើងក៏ទទួលអត្ថន័យថ្មីនិងទទួលតម្លៃដ៏ថ្លៃថ្នូរបំផុត ។ ព្រះអង្គរួមសាមគ្គីជាមួយមនុស្សយើង ទ្រង់បង្ហាញសេចក្តីស្រឡាញ់របស់ព្រះបិតាចំពោះមនុស្សលោក ហើយក៏ស្រឡាញ់ព្រះបិតាក្នុងនាមមនុស្សយើងដែរ។ ព្រះយេស៊ូយាងមកនាំផ្លូវមនុស្សលោក ឆ្ពោះទៅកាន់ព្រះបិតា។ ព្រះយេស៊ូយាងមកសំរុះសំរួលមនុស្សលោក ដែលទាស់ទែងគ្នា។ ព្រះយេស៊ូយាងមកបង្ហាញឲ្យដឹងថា មនុស្សគ្រប់ៗរូបមានកិត្តិយសខ្ពង់ខ្ពស់ ទោះខ្លួនជាអ្នកមានក្តី ជាអ្នកក្រក្តី ឬជាជាតិសាសន៍ណាក្តី ក៏ជីវិតមនុស្សយើងមានតម្លៃដ៏ថ្លៃថ្នូរបំផុតដែរ។ សព្វថ្ងៃនេះ ព្រះអង្គគង់នៅក្នុងពិភពលោកយើងនេះ។ ព្រះអម្ចាស់ប្រសូតជាមនុស្សដូចយើង! “ព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកខ្លាំងណាស់ហេតុនេះហើយ បានជាព្រះអង្គប្រទានព្រះបុត្រាតែមួយឲ្យមក “ (យហ ៣,១៦)។ នេះជា”ដំណឹងល្អ” ដ៏អស្ចារ្យសម្រាប់មនុស្សគ្រប់ៗរូប!។ នៅយប់នេះ យើងជាគ្រីស្តបរិស័ទនាំគ្នាគោរពព្រះគ្រីស្តទុកជាពន្លឺ បំភ្លឺមនុស្សទាំងអស់ក្នុងពិភពលោកទាំងមូល។ ព្រះអង្គប្រទានឲ្យជីវិតយើងទទួលអត្ថន័យថ្មី និងតម្លៃថ្លៃថ្នូរជាទីបំផុត។ “ព្រះជាម្ចាស់ប្រសូតមកជាមនុស្ស ដើម្បីឲ្យមនុស្សទៅជាបុត្រធីតារបស់ព្រះជាម្ចាស់” (សន្តអ៊ីរេណេ)។ ប្រជាជនដែលដើរក្នុងភាពងងឹត បានឃើញពន្លឺមួយដ៏ចិញ្ចែងចិញ្ចាច ហើយមានពន្លឺមួយលេចឡើង បំភ្លឺអស់អ្នកដែលរស់នៅក្រោមអំណាចនៃសេចក្តីស្លាប់។ គេនឹងសប្បាយរីករាយនៅចំពោះព្រះភ័ក្រ្តព្រះអង្គ ដូចជាសប្បាយនៅរដូវចម្រូត។ ដ្បិតមានព្រះរាជ្យបុត្រមួយអង្គប្រសូតមកសម្រាប់យើង ព្រះជាម្ចាស់បានប្រទានព្រះ បុត្រាមួយព្រះអង្គមកយើងហើយ។ គេនឹងថ្វាយព្រះនាមព្រះអង្គថា “ ព្រះដ៏គួរស្ងើចសរសើរ” “ព្រះដ៏ប្រកបដោយព្រះប្រាជ្ញាញាណ” “ ព្រះដ៏មានតេជានុភាពអង់អាច” “ ព្រះបិតាដ៏មានព្រះជន្មគង់នៅអស់កល្បជានិច្ច” “ ព្រះអម្ចាស់នៃសន្តិភាព”។

Facebook
Twitter
LinkedIn