លោកយ៉ូហាន កេទី រឺ កានទីអូស កើតនៅទីក្រុងដ៏តូចមួយ គឺទីក្រុង កេទី នៅប្រទេសប៉ូឡូញនាថ្ងៃទី២៣ មិថុនា ឆ្នាំ១៣៩០។ នៅពេលលោកមានអាយុ២៣ឆ្នាំ លោកបានចុះឈ្មោះចូលរៀននៅសកលវិទ្យាល័យ យ៉ាហ្គៀលឡូននៀល ដែលមិនសូវឆ្ងាយពីក្រុង ក្រាលហ្គូវប៉ុន្មាននោះទេ។ លោកបានបញ្ចបចប់ថ្នាក់បណ្ឌិតទស្សនវិទ្យា ក្នុងឆ្នាំ១៤១៨ ក្រោយពីបានបញ្ចប់ការសិក្សា លោកបានចំណាយពេល៣ឆ្នាំ បង្រៀនទស្សនវិទ្យានៅសាកលវិទ្យាល័យក្រាលហ្គ្រូវ ខណៈនោះលោកក៏បានរៀបចំខ្លួនដើម្បីក្លាយជាបូជាចារ្យផងដែរ។ ក្រោយពីលោកបានទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យមក លោកបានជួយដឹកនាំនៅសកលវិទ្យាល័យ ខា នន់ នៅមីឆោវ លោកបានបញ្ចប់ថ្នាក់បណ្ឌិតទេវវិទ្យា និងបានក្លាយជាប្រធានដេប៉ាតឺម៉ងទេវិទ្យា លោកបានបំពេញមុខងារនេះរហូតដល់លោកទទួលមរណភាព។ លោកយ៉ូហាន បានខិតខំចំណាយពេល ចម្លងអត្ថបទគម្ពីរខ្លីៗ ទេវវិទ្យា និងសេចក្តីអធិប្បាយរបស់បុព្វបុរសនៃព្រះសហគមន៍ ធ្វើជាខិត្តប័ណ្ណ។ តាំងពីពេលដែលលោកយ៉ូហាននៅ ក្រាហ្គូវមកម្លេះ លោកត្រូវបានគេស្គាល់ថា លោកជាមនុស្សម្នាក់ដែលមានចិត្តសប្បុរស លោកបានយកចិត្តទុកដាក់បម្រើជនក្រីក្រកំសត់ទុគ៌តអស់ពីសមត្ថភាព ពិសេសសិស្សនិស្សិតដែលរៀននៅសកលវិទ្យាល័យ។ លោកបានធ្វើបូជានីយចរទៅក្រុងយេរ៉ូសាឡឹម និងទៅក្រុងរ៉ូមចំនួន៤ដង។ លោកទទួលមរណភាពមុនថ្ងៃបុណ្យណូអែល ឆ្នាំ១៤៧៣ ក្នុងវ័យ៨៣ឆ្នាំ។ លោកត្រូវតែងតាំងជាសន្តបុគ្គលនៅឆ្នាំ១៧៦៧ ដោយសម្តេចប៉ាបក្លេម៉ង់ទី១៣។