អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ៧,១០-១៦
ព្រះអម្ចាស់ចាត់លោកអេសាយឱ្យទៅទូលព្រះបាទអខាសថា៖«ព្រះករុណាត្រូវទូលសុំព្រះអម្ចាស់ជាព្រះរបស់ព្រះករុណា សម្តែងនូវទីសម្គាល់មួយ ទោះបីនៅលើភ្នំក្តី ឬនៅក្នុងទីដ៏ជ្រៅក្តី ដើម្បីបញ្ជាក់ថា ព្រះអង្គពិតជាគង់នៅជាមួយព្រះករុណា»។ ព្រះបាទអខាសមានរាជឱង្ការតបមកវិញថា៖«ទេ! យើងមិនទូលសូមអ្វីជាដាច់ខាត យើងមិនព្រមល្បងលឫទ្ធានុភាពរបស់ព្រះអម្ចាស់ទេ!»។ ព្យាការីអេសាយទូលព្រះរាជាថា៖«បពិត្រព្រះរាជ្យវង្សរបស់ព្រះបាទដាវីឌ សូមទ្រង់ព្រះសណ្តាប់ទូលបង្គំ! ព្រះអង្គមិនត្រឹមតែធ្វើឱ្យមនុស្ស ណាយចិត្តប៉ុណ្ណោះទេ គឺថែមទាំងធ្វើឱ្យព្រះរបស់ទូលបង្គំណាយព្រះហឫទ័យទៀតផង។ ហេតុនេះ ព្រះអម្ចាស់ផ្ទាល់នឹងប្រទានទីសម្គាល់មួយដល់អ្នករាល់គ្នា។ មើល! យុវនារីមានផ្ទៃពោះ នាងនឹងប្រសូត្របានបុត្រមួយ ហើយថ្វាយព្រះនាមបុត្រនោះថា “អេម៉ានូអែល” (ឈ្មោះនេះមានន័យថា “ព្រះជាម្ចាស់គង់ជាមួយយើង)”។ បុត្រនោះនឹងសោយតែទឹកដោះ និងទឹកឃ្មុំ រហូតដល់ពេលចេះបដិសេធអ្វីៗដែលអាក្រក់ ហើយចេះជ្រើសយកអ្វីៗដែលល្អវិញ។ ក៏ប៉ុន្តែ មុនពេលបុត្រនោះចេះបដិសេធអ្វីៗដែលអាក្រក់ ហើយចេះជ្រើសរើសយកអ្វីៗដែលល្អ ស្រុករបស់ស្តេចទាំងពីរដែលមកបំភ័យព្រះករុណានោះនឹងត្រូវគេបោះបង់ចោលឱ្យនៅស្ងាត់ជ្រងំ»។
ទំនុកតម្កើងលេខ ២៤,១-៦ បទពាក្យ ៧
១. | អ្វីៗដែលនៅលើផែនដី | កើតមកច្រើនក្រៃមីដេរដាស |
សុទ្ធជាកម្មសិទ្ធិព្រះអម្ចាស់ | ជាស្នាព្រះហស្តនៃព្រះអង្គ ។ | |
២. | គឺព្រះអង្គហើយដែលចាត់គ្រឹះ | គ្រប់ទីគ្រប់ទិសគ្រប់ជ្រោយជ្រុង |
ធ្វើឱ្យផែនដីនៅរឹងប៉ឹង | ធំធេងល្វើយល្វឹងលើសមុទ្រ ។ | |
៣. | តើនរណាអាចឡើងលើភ្នំ | វិហារឧត្តមដ៏វិសុទ្ធ |
ដែលជាទីស្ថានតែមួយគត់ | ល្អល្អះបំផុតសែនសុខសាន្ត ។ | |
៤. | គឺមានតែអ្នកត្រឹមត្រូវល្អ | ទឹកចិត្តស្មោះសរបរិសុទ្ធថ្កាន |
មិនបណ្តោយខ្លួនស្បថបំពាន | នោះទើបអាចបានឡើងទីខ្ពស់ ។ | |
៥. | ព្រះជាអម្ចាស់ប្រទានពរ | ជោគជ័យបវរសព្វទាំងអស់ |
ហើយព្រះអង្គបានជួយសង្គ្រោះ | ទាំងប្រោសឱ្យរស់មានជីវិត ។ | |
៦. | អ្នកទាំងនេះហើយគឺប្រជា | ស្វះស្វែងម្នីម្នាចូលមកជិត |
ជាអ្នកស្វែងរកព្រះម្ចាស់ពិត | ព្រះភក្ត្រល្អល្អិតព្រះយ៉ាកុប ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អលេលូយ៉ា! អាលេលូយ៉ា!
កូនសោព្រះបាទដាវីឌអើយ! ព្រះអង្គបើកទ្វារនៃព្រះរាជ្យ! សូមយាងមករំដោះពួកឈ្លើយឱ្យចេញពីភាពងងឹត! អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១,២៦-៣៨
ព្រះជាម្ចាស់ចាត់ទេវទូតកាព្រីអែលឱ្យទៅភូមិណាសារ៉ែតក្នុងស្រុកកាលីឡេ ដើម្បីជួបនឹងស្ត្រីក្រមុំព្រហ្មចារីម្នាក់ ជាគូរដណ្តឹងរបស់កំលោះម្នាក់ឈ្មោះយ៉ូសែប ដែលត្រូវជាញាតិវង្សព្រះបាទដាវីឌ។ ស្រ្តីក្រមុំនោះឈ្មោះម៉ារី។ ទេវទូតចូលទៅក្នុងផ្ទះនាងម៉ារី ហើយមានប្រសាសន៍ទៅកាន់នាងថា៖«នាងជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់អើយ! ចូរមានអំណរសប្បាយឡើង! ព្រះអង្គគង់ជាមួយនាង»។ ពេលឮពាក្យនេះ នាងម៉ារីរន្ធត់ចិត្តយ៉ាងខ្លាំង ហើយនឹករិះគិតថា តើពាក្យជម្រាបសួរនេះមានន័យដូចម្តេច។ ទេវទូតពោលទៅកាន់នាងថា៖«កុំខ្លាចអីម៉ារីអើយ! ដ្បិតព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងនាងហើយ។ នាងនឹងមានគ៌ភ ហើយសម្រាលបានបុត្រមួយដែលនាងត្រូវថ្វាយព្រះនាមថា “យេស៊ូ ”។ បុត្រនោះនឹងមានឋានៈដ៏ប្រសើរឧត្តម ហើយគេនឹងថ្វាយព្រះនាមថា “ព្រះបុត្រានៃព្រះដ៏ខ្ពង់ខ្ពស់បំផុត”។ ព្រះជាម្ចាស់នឹងតាំងបុត្រនោះឱ្យគ្រងរាជ្យលើបល្ល័ង្ករបស់ព្រះបាទដាវីឌ ជាព្រះអយ្យកោររបស់ព្រះអង្គ ទ្រង់នឹងគ្រងរាជ្យលើប្រជារាស្ត្រអ៊ីស្រាអែលអស់កល្បជានិច្ច ហើយរាជ្យរបស់ព្រះអង្គនឹងនៅស្ថិតស្ថេរឥតមានទីបញ្ចប់ឡើយ»។ នាងម៉ារីសួរទៅទេវទូតថា៖ «តើធ្វើដូចម្តេចនឹងឱ្យការនេះកើតឡើងបាន បើនាងខ្ញុំមិនរួមរស់ជាមួយបុរសណាផង?»។ ទេវទូតឆ្លើយទៅនាងវិញថា៖«ព្រះវិញ្ញាណដ៏វិសុទ្ធនឹងយាងមកសណ្ឋិតលើនាង គឺឫទ្ធានុភាពរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុតនឹងគ្របបាំងនាង។ ហេតុនេះ គេនឹងថ្វាយព្រះនាមដល់បុត្រដ៏វិសុទ្ធដែលនឹងប្រសូតមកនោះថា “ព្រះបុត្រារបស់ព្រះជាម្ចាស់”។ ម្យ៉ាងទៀត នាងអេលីសាបិតជាញាតិរបស់នាងមានផ្ទៃពោះប្រាំមួយខែហើយ ថ្វីដ្បិតតែគាត់មានវ័យចាស់ថែមទាំងជាស្ត្រីអារទៀតផងក៏ដោយ ព្រោះគ្មានការអ្វីដែលព្រះជាម្ចាស់ធ្វើមិនកើតនោះឡើយ»។ នាងម៉ារីពោលទៅទេវទូតថា៖«នាងខ្ញុំជាអ្នកបម្រើរបស់ព្រះអម្ចាស់ សូមឱ្យបានសម្រេចតាមពាក្យរបស់ព្រះអង្គចុះ!»។ បន្ទាប់មក ទេវទូតចាកចេញពីនាងទៅ។