សន្តីលូស៊ី ជាសន្តឧបការីនីមួយរូបដែលមានការគោរពយ៉ាងខ្លាំងនៅលើកោះស៊ិស៊ីលី ប្រទេសអ៊ីតាលី ជាពិសេសនៅស្រុកស៊ីរ៉ាគូសា (Syracuse)។ ក្នុងស្រុកនេះ អ្នកបូរាណវិទូ បានសារជ្រាវឃើញថា អ្នកស្រុកបានចាប់ផ្តើមគោរពសន្តីលូស៊ី តាំងពី សតវត្សទី ៥ មកម្លះ។
សន្តីលូស៊ី បានកើតក្នុងត្រកូលគ្រួសារអភិជន និងមានស្តុកស្តម្ភ ក្នុងឆ្នាំ២៨៣។ លោកឪពុករបស់នាង មានដើមកំណើតជាជនជាតិរ៉ូមាំង។ ម្តាយរបស់នាងមានឈ្មោះថា យូធីឆៀល ដែលជាជនជាតិក្រិក។ នាងលូស៊ីក៏ដូចជាមរណបុគ្គលផ្សេងៗដែរ នាងបានសុខចិត្តរស់នៅក្នុងភាពព្រហ្មចារីសម្រាប់ព្រះជាម្ចាស់ ព្រមទាំងចែករំលែកជាមួយអ្នកក្រីក្រ។
ម្តាយរបស់នាង បានរៀបចំអាពាហ៍ពិពាហ៍សម្រាប់នាង តែនាងបានពន្យាអស់ពេលបីឆ្នាំ។ លូស៊ីបានធ្វើដំណើរទៅអធិដ្ឋាននៅផ្នូរសន្តីអាកាថា នាងបានអធិដ្ឋានសម្រាបម្តាយរបស់នាង ឱ្យប្រែចិត្តគំនិត និងជួយព្យាបាលជំងឺម្តាយរបស់នាង។ ពេលនោះសន្តីអាកាថា បង្ហាញប្រាប់នាងថា “ឱ!នាង ព្រហ្មចារីលូស៊ីអើយ! ហេតុអ្វី នាងមកសុំខ្ញុំដើម្បីព្យាបាលម្តាយរបស់នាងយ៉ាងដូច្នេះ? នាងអើយ! ជំនឿរបស់នាង បានជួយសង្គ្រោះម្តាយនាងហើយ ដូច្នេះម្តាយនាងនឹងជាសះស្បាយ។ ដោយសារតែភាពព្រហ្មចារីរបស់នាង គឺនាងបានរៀបចំកន្លែងសម្រាប់ព្រះជាម្ចាស់ហើយ។” ក្រោយមកការអស្ចារ្យ បានកើតឡើងគឺម្តាយរបស់នាងក៏បានជាសះស្បាយ ហើយបានយល់ស្របតាមនាង គឺឱ្យនាងរស់នៅសម្រាប់ព្រះជាម្ចាស់។ ភ្លាមនោះ នាងសុខចិត្តរស់នៅក្នុងភាពជាព្រហ្មចារី និងចែកទានឲ្យអ្នកក្រីក្រ។ ពេលមកដល់ស្រុកកំណើតវិញ ក៏នាងបានលក់ ទ្រព្យសម្បត្តិចែកអ្នកក្រ។
លោកផាសាស៊ីអូ គឺជាគូដណ្តឹងរបស់នាង ដែលនាងបានបដិសេធមិនរៀបការជាមួយ។ លោកខឹងនាងជាខ្លាំង ហើយបានទៅប្តឹងលោកទេសាភិបាលថា នាងគឺជាគ្រិស្តបរិស័ទ។ លោកទេសាភិបាល បានបញ្ជាគេឱ្យចាប់បង្ខំនាងធ្វើជាស្រ្តីពេស្យា ក៏ប៉ុន្តែគ្មាននរណាអាចបង្ខំនាអបានឡើយ ហើយក៏សម្រេចសម្លាញនាងជំនួសវិញ គេបានធ្វើទារុណកម្មលើនាង ដោយឆ្កៀលយកគ្រាប់ភ្នែករបស់នាងចេញមកក្រៅ គេចង់សម្លាប់នាងដោយដុតនាងទាំងរស់ តែភ្លើងមិនព្រមឆេះសោះ ជាចុងក្រោយគេក៏បានចាក់សម្លាប់នាងនឹងផ្លែដាវ។ សន្តអំប្រូស មានប្រសាសន៍អំពីភាពព្រហ្មចារីថា «ប្រសិនបើអ្នកចង់បានព្រះជាម្ចាស់ជាកម្មសិទ្ធិ ចូរស្វែងរក ព្រះអង្គមិនចេះនឿយហត់ ហើយកុំខ្លាច ទុក្ខវេទនាឡើយ ច្រើនដង អ្នកអាចរកឃើញព្រះជាម្ចាស់ ក្នុងទុក្ខវេទនានោះ និងក្នុងដៃរបស់អ្នកដែលបៀតបៀនអ្នក»។ សន្តីលូស៊ី រក្សាភាពព្រហ្មចារី មិនមែនដើម្បីខ្លួនឯង ប៉ុន្តែដើម្បីថ្វាយទៅព្រះជាម្ចាស់ ដូច្នេះ នាងបានជោគជ័យ ទោះបីគេបៀតបៀននាងដល់សេចក្តីស្លាប់ក៏ដោយ។ ព្រហ្មចារីភាព មិនសំដៅតែខាងផ្លូវកាយប៉ុណ្ណោះទេ ប៉ុន្តែគឺដួងចិត្តបរិសុទ្ធដែលថ្វាយទៅព្រះជាម្ចាស់។ បពិត្រព្រះអម្ចាស់យេស៊ូគ្រិស្តអើយ។ សូមព្រះអង្គបំភ្លឺយុវជនយុវនារី ព្យាយាមរក្សាភាពបរិសុទ្ធទាំងកាយ ទំាងចិត្តគ្រប់ពេលវេលា ដើម្បីថ្វាយខ្លួនទៅព្រះអង្គជានិច្ច។ សូមព្រះអង្គឲ្យខ្ញុំមានជំនឿនិងសេចក្តីក្លាហាន ទោះបីគេបង្អាប់ឬបង្ខំឲ្យខ្ញុំបោះចោលជំនឿយ៉ាងណាក៏ដោយ សូមព្រះវិញ្ញាណនាំជីវិតខាងផ្លូវវិញ្ញាណរបស់ខ្ញុំផង។