ព្រះសហគមន៍កំពង់គោ​មាន​ព្រះវិហារ​ថ្មី

ពិធីក្បួនដង្ហែយ៉ាងឱឡារិកលាយឡំជាមួយរបាំក្ងោកនាំ​មុខ​ឈើ​ឆ្កាង លោក​បូជាចារ្យ​និង​គ្រីស្ត​បរិស័ទ​យ៉ាង​ច្រើន​កុះ​ករ​ដើរប្រទក្សិណជុំវិញព្រះវិហារថ្មីចំនួន៣ជុំ ក្រោម​អធិបតីភាព​លោកអភិបាល ទេព ច័ន្ទពិសិដ្ឋ អភិបាល​នៃ​ព្រះសហគមន៍​ភូមិភាគ​បាត់ដំបង និងអាជ្ញាធរមូលដ្ឋាន នាព្រឹក​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។

ព្រះវិហារថ្មីនេះ​មាន​ឈ្មោះ​ថា សន្តីតេរេសានៅក្រុងអាវីឡា ស្ថិតនៅក្នុងភូមិ​កំពង់គោ​ក្រោម ឃុំកំពង់គោ​ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែល​មាន​ចម្ងាយជិត​១៩០​គីឡូម៉ែត្រ​​ពី​ទីក្រុង​ភ្នំពេញ។

តាម​ប្រសាសន៍​របស់លោក​អភិបាល​ទេព ច័ន្ទ​ពិសិដ្ឋ ឲ្យដឹងថា ព្រះសហគមន៍កាតូលិកកំពង់គោ​ក្រោម​ មាន​ដើម​កំណើត​ជាង​១០០ឆ្នាំ​មក​ហើយ គឺ​តាំង​ពី​សម័យ​អាណានិគម​បារាំង​​ ​​​​​​មាន​គ្រីស្តបរិស័ទមក​រស់នៅ​តំបន់នេះ ហើយបន្ទាប់​មក​ក៏មានលោកបូជាចារ្យ​ វឺណេ ​ណែនាំ​ព្រះសហគមន៍​នៅទីនេះ។

លោកអភិបាល​បន្ថែមថា ព្រះសហគមន៍នេះ ធ្លាប់​មានព្រះវិហារ​ស្អាត ​ប៉ុន្តែ​ត្រូវ​បាន​បំផ្លាញ​ដោយសារ​សង្គ្រាម​ស៊ីវិល។

ក្រោយសង្គ្រាម​ ព្រះសហគមន៍​បាន​ចាប់​ផ្តើម​កកើត​ឡើង​វិញ ដោយមាន​លោក​បូជាចារ្យ​ទទួល​ខុស​ត្រូវ​​​មក​ណែនាំ​តំបន់នេះ។ បច្ចុប្បន្ន​ព្រះសហគមន៍កំពង់គោ មាន​គ្រីស្ត​បរិស័ទ​ជាង​២០០នាក់ ហើយ​ព្រះសហគមន៍នេះ​ស្ថិត​នៅ​ក្នុង​តំបន់សកម្មភាព​របស់​ព្រះវិហារ​គង្វាលដ៏សប្បុរសកំពង់រទេះ ក្នុង​ខេត្ត​កំពង់ធំនៃ​ភូមិភាគ​បាត់ដំបង។

លោកអភិបាលទេព​ ច័ន្ទ​ពិសិដ្ឋ​មានប្រសាសន៍ទៀត​ថា ពិធី​ឆ្លង​ព្រះវិហារសន្តីតេរេសាគឺជា​សញ្ញា​ដែល​យើង​មាន​ ព្រះដំណាក់​របស់​ព្រះជាម្ចាស់​និងដើម្បីអោយយើង​អធិដ្ឋាន​កសាង​ព្រះសហគមន៍។

«នៅក្នុងសង្គមរបស់​យើង​មានបញ្ហាច្រើនដែលនាំអោយយើងខ្លាច ​ប៉ុន្តែ​យើង​អត់ត្រូវការខ្លាច យើងត្រូវបង្ហាញជំនឿ​ យើងត្រូវបង្ហាញសមត្ថភាព។» លោកអភិបាល​បញ្ជាក់។

លោកអភិបាល​បន្ថែមថា ដោយ​រួម​ជាមួយ​ព្រះជាម្ចាស់ ជាមួយជំនឿ នាំអោយយើង​បង្កើតពិភពលោកថ្មី​បង្កើតសន្តិភាពនិងមិត្តភាពជាមួយបងប្អូននិងព្រះជាម្ចាស់។

លោក​បាន​ជំរុញ​ឲ្យ​គ្រីស្ត​បរិស័ទ​មក​អធិដ្ឋាន​ក្នុងវិហារ​ថ្មី​ឲ្យ​បាន​ច្រើន​ ចូលរួម​ថែរក្សា​ ព្រះវិហារនេះ រួមគ្នាសម្អាតព្រះវិហារអោយមានសួនច្បារស្អាតៗ «នោះយើងទាំងអស់​គ្នានឹងរស់នៅប្រកបដោយសេចក្ដីសុខសាន្តដែលទទួលបានពីព្រះជាម្ចាស់។»​

ជាមួយគ្នានេះលោកបូជាចារ្យ គ្រីស្តូហ្វៀ កូមឡាវី ថុដច្រូ ​បូជាចារ្យទទួលខុសត្រូវ​ព្រះវិហារសន្តីតេរេសាមានប្រសាសន៍ថា ពេល​យើង​មើល​​ព្រះសហគមន៍ពី​ខាង​ក្រៅ ​ឃើញថាខ្សោយ ​ប៉ុន្តែ​ព្រះសហគមន៍នេះ​ពោរពេញ​ដោយ​កម្លាំង​ ជាពិសេស​គឺលោកតា​លោកយាយ​ចាស់ៗ​ ដែល​ទទួល​ការ​អប់រំ​ពី​សាសនទូត​ពីដើម។

លោកបានបន្ថែមថា មនុស្ស​ចាស់​គឺ​ជា​គ្រឹះ​ដ៏ល្អ  ដែល​ត្រូវការ​ជា​ចាំ​បាច់​សម្រាប់​ពង្រឹង​ជំនឿ​ព្រះសហគមន៍។ «នៅពេលដែលចាស់ៗរឹងមាំ គឺ​ជួយដល់យុវជនដែរ ដោយសារពួកគេបានឃើញគម្រូល្អៗពីចាស់ៗ។»

ទន្ទឹមនឹងនោះលោកបូជាចារ្យ ទម្លាប់ សុផល ដែល​ជា​អតីត​បូជាចារ្យទទួល​ខុស​ត្រូវ​ព្រះសហគមន៍តំបន់​កំពង់ធំ មាន​ប្រសាសន៍ទៅកាន់​គ្រីស្តបរិស័ទ​ ឲ្យ​ពួកគាត់​ចង​ចាំ​ទង្វើ​និង​ការលះបង់​ដ៏​សំខាន់​របស់​សាសនទូត​បារាំង​ម្នាក់​ឈ្មោះ រ៉ូប៊ឺត វឺណេ ដែល​ធ្លាប់​រស់នៅ​និង​កសាង​ព្រះសហគមន៍នៅទីនេះ​ឲ្យ​រីកចម្រើន។

លោក​បញ្ជាក់ថា «លោកបូជាចារ្យ រ៉ូប៊ឺត វឺណេ​ជាឫសគល់នៃដីរបស់ព្រះវិហារនេះ ហើយលោកបានជួយជនជាតិកម្ពុជាច្រើនទាំងនៅក្នុងជំរំនិងប្រទេសក្រៅ។»

កំពង់គោ​ជា​ទីដែល​បូជាចារ្យ​ វឺណេ​រស់នៅជាង៣២ឆ្នាំ​ដោយ​បម្រើនិង​ណែនាំ​គ្រីស្ត​បរិស័ទ​ដោយ​ចិត្ត​ស្រឡាញ់​បំផុត។ លោក​បូជាចារ្យ​បញ្ជាក់។

អ្នកស្រី​ ញិល ពៅ​ គ្រីស្តបរិស័ទដើមនឹងជាគណៈកម្មាប្រឹក្សាយោបល់របស់​ព្រះសហគមន៍​ បាននិយាយថា «​ទោះបីជា​កន្លែងជាទីសក្ការៈ​របស់យើងមិនទាន់​ស្រស់ស្អាត​ក៏ព្រះជាម្ចាស់គង់នៅជាមួយយើងដែរ។»

អ្នកស្រី​ ញិល ពៅ បន្ថែមថា ​អ្វីដែលយើងទទួលបាន​ជាព្រះអំណោយទានរបស់​ព្រះជាម្ចាស់​ ដែលណែនាំអោយ​ចិត្តម្នាក់ៗស្រស់ថ្លា។ ​អ្នកស្រី​សុំ​ឲ្យ​ គ្រីស្តបរិស័ទទាំងអស់មក​ចូលរួម​ អធិដ្ឋាន​សុំព្រះវិញ្ញាណ​គង់ជាមួយ​និង​ផ្តល់​កម្លាំងដល់​គ្រីស្ត​បរិស័ទ​គ្រប់គ្នា៕

ដោយ ចាន់ ម៉ានុត

Facebook
Twitter
LinkedIn