លោកបូជាចារ្យខ្មែរចំនួន៩អង្គ និងលោកឧបដ្ឋាកបានប្រជុំគ្នាកាលពីថ្ងៃទី៥-៦ ខែធ្នូកន្លងទៅ ដើម្បីរិះគិតរួមគ្នាអំពីកិច្ចការងារប្រកាសដំណឹងល្អក្នុងបេសកកម្មជាគង្វាលនៅក្នុងប្រទេស។
កិច្ចប្រជុំនេះ បានធ្វើនៅទេវវិទ្យាល័យសន្តយ៉ូហាន ម៉ារីវីយ៉ាណែរនារាជធានីភ្នំពេញ។
លោកបូជាចារ្យផាន បូរី ជាប្រធានក្រុមលោកបូជាចារ្យខ្មែរមានប្រសាសន៍ថា កិច្ចប្រជុំគឺរិះគិតអំពីទិសដៅនៃការរួបរួមគ្នាជាសហគមន៍បូជាចារ្យខ្មែរសម្រាប់ឆ្នាំ២០២៣ខាងមុខ គឺយើងរកវិធីដើម្បីឲ្យក្រុមរបស់យើងបានរឹងមាំ និងឲ្យយុវជនរិះគិតអំពីការត្រាស់ហៅឲ្យមានបូជាចារ្យខ្មែរកាន់តែច្រើន។
លោកបូជាចារ្យបានរំលឹកថា ការត្រាស់ហៅរបស់យុវជន-នារី គឺពួកគេមើលគំរូរបស់អ្នកបួស «ជាពិសេសសក្ខីភាពដែលយើងកំពុងតែធ្វើ។»
ក្នុងមួយឆ្នាំក្រុមលោកបូជាចារ្យបានជួបជុំគ្នា៤ដង ដោយកិច្ចប្រជុំទាំងនោះធ្វើតាមតំបន់នីមួយៗក្នុងភូមិភាគទាំងបី។
លោកបូជាចារ្យបូរីបន្ថែមថា ការជួបជុំគ្នានេះជាឱកាសដើម្បីចែករំលែកបទពិសោធ ទាំងអំណរសប្បាយ និងទុក្ខលំបាក និងជាពេលវេលាលើកទឹកចិត្តគ្នាទៅវិញមកក្នុងមុខងាររបស់លោកបូជាចារ្យម្នាក់ៗ។
ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត លោកអភិបាល បូជាចារ្យនិងអ្នកបួសជាតិខ្មែរជាច្រើនអ្នកបានស្លាប់ និងត្រូវគេសម្លាប់រួមជាមួយបងប្អូនខ្មែរជិត២លាន។ ក្រោយសង្គ្រាមស៊ីវិល ព្រះសហគមន៍កាតូលិកបានចាប់ផ្តើមសកម្មភាពឡើងវិញក្នុងទស្សវត្ស៩០ ដោយមានសាសនទូតបរទេស និងក្រុមបព្វជិតមកជួយណែនាំ រហូតមកដល់បច្ចុប្បន្ននេះ។ ពួកលោកធ្វើការងារនៅក្នុងភូមិភាគទាំងបីក្នុងប្រទេសកម្ពុជា ដោយរួមជាមួយបូជាចារ្យខ្មែរចំនួន១០អង្គ និងមានឧបដ្ឋាកចំនួន៣រូប។ ក្នុងនោះមាន លោកង៉ែតវិន័យ លោកទម្លាប់សុផល និងលោកមួងរស់ បម្រើនៅភូមិភាគបាត់ដំបង លោកសែសាត លោកផានបូរី លោកឡាយប៉ូល លោកប្រាក់ប៊ុនហុង និងលោកអភិបាលសិលាសួនហង្សលី បម្រើនៅភូមិភាគកំពង់ចាម លោកអ៊ុនសុន និងលោកសុខណា រួមនិងឧបដ្ឋាកបីរូប គឺលោកប៊ុនលី លោកវីសំណាង និងលោកវិនកាន់ បម្រើនៅភូមិភាគភ្នំពេញ៕
ដោយកែវ កញ្ញា