លោកអភិបាល​សុំឲ្យ​គ្រីស្ត​បរិស័ទ​មាន​ចិត្ត​ថ្លើម​តែមួយ

ក្នុងអាទិត្យទី២​នៃ​រដូវរង់ចាំ លោកអភិបាល​អូលីវីយ៉េ ជ្មីតហស្លេ រំលឹក​ដល់​គ្រីស្ត​បរិស័ទ​ឲ្យ​យក​ចិត្ត​ទុកដាក់​បន្ថែម​លើការរួប​រួម​គ្នាជា​ធ្លុង​តែ​មួយ​ក្នុងព្រះសហគមន៍។

លោក​មានប្រសាសន៍ថា ព្រះរាជ្យ​របស់​ព្រះជាម្ចាស់​គឺ​បងប្អូន​ចេះ​ទទួល​ស្វាគមន៍​គ្នា​ដោយ​រាក់ទាក់ ដូច​ព្រះគ្រីស្ត​ទទួល​បងប្អូនដែរ។ ទោះបីនៅ​សង្គម​ខាង​ក្រៅ ការ​សហការគ្នា​បាន​បាត់បង់​ខ្លះ​ក៏ដោយ តែ​ព្រះសហគមន៍​ត្រូវ​តែ​បន្ត​ ជា​គ្រួសារ​មួយ​ដែល​ចេះ​ជួយ​គ្នាទៅវិញ​ទៅមក​ ដែលចេះ​រាក់ទាក់​គ្នាទៅវិញទៅមក​ ដើម្បី​បង្កើត​គ្រួសារតែ​មួយ​ដែលជា​ធ្លុងតែ​មួយ ចិត្ត​គំនិត​តែ​មួយ ចិត្ត​ថ្លើម​តែ​មួយ​ សំឡេង​តែមួយ។

មាន​ប្រសាសន៍​កាលពី​ថ្ងៃ​អាទិត្យទី​៤ខែ​ធ្នូ​កន្លងទៅ លោក​អភិបាល​បានរំលឹក​ថា នៅក្នុងភូមិភាគ​ភ្នំពេញ​មាន​សាសនទូត​ពី​ប្រទេស​ផ្សេងៗ​ជា​ច្រើនមក​បម្រើ ប៉ុន្តែ​នៅក្នុង​ព្រះសហគមន៍​​ដោយសារ​យើង​មាន​ព្រះគ្រីស្ត​ជា​សិរិសា «យើង​ធ្វើ​ដំណើរ​ជាមួយគ្នា​ ដោយ​ចិត្ត​គំនិត​តែ​មួយ ដោយ​សំឡេង​តែ​មួយ​ ដើម្បីបម្រើ​ព្រះសហគមន៍​របស់​យើង។»

ការ​ចូលរួម​ជាមួយ​គ្នា​ក្នុង​កិច្ច​ការ​មួយ​រួម​ គឺ​ជា​របៀប​នៃ​គ្រួសារ​ដែល​ចេះ​សហការគ្នា ប៉ុន្តែ​យើង​ត្រូវការ​មាន​កំលាំង​ដើម្បីទៅមុខ​នោះ​គឺ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ។ មាន​ប្រសាសន៍​ទៅកាន់​គ្រីស្ត​បរិស័ទ​ដែល​នឹង​ទទួល​អគ្គសញ្ញាលាប​ថ្ងាសនៅព្រះវិហារ​សន្ត​យ៉ូសែប ជុំគិរី​ក្នុង​ខេត្ត​កំពត​ លោក​អភិបាល​អូលីវីយ៉េ បាន​រំលឹកថា​ កំលាំង​របស់យើង​ គឺមក​ពី​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ ដែល​បំភ្លឺនិងឲ្យ​យើង​គោរព​កោតខ្លាចព្រះជាម្ចាស់​។

លោក​បញ្ជាក់ថា ការ​កោតខ្លាច​ព្រះជាម្ចាស់​គឺ​ត្រូវ​ចូលរួម​អភិបូជា​ជារៀង​រាល់​ថ្ងៃ​អាទិត្យ  មិន​មែន​ធ្វើ​តាម​អំពើចិត្ត​របស់យើង​ឡើយ។

«ថ្ងៃអាទិត្យជាថ្ងៃទី​៧ ដែលព្រះជាម្ចាស់​សម្រាក​ មិន​មែន​ជាពេលដេក តែ​ជាពេល​ទុក​ឲ្យ​គ្រីស្ត​បរិស័ទ​មាន​ពេលវេលា​កោត​សរសើរ​ព្រះជាម្ចាស់​ លើក​តម្កើង​ព្រះនាម​ព្រះអង្គ​ក្នុង​វិហារ​ ដើម្បីទទួល​កំលាំង​ថ្មី​ ជា​ពិសេស​កំលាំង​ថ្មីពីព្រះបន្ទូលរបស់​ព្រះជាម្ចាស។» លោក​អភិបាល​បញ្ជាក់។

លោក​អភិបាល​ពន្យល់ថា ​ព្រះកាយ​របស់​ព្រះគ្រីស្ត​គឺ​ជា​កំលាំង​មួយ​ ដើម្បី​ឲ្យ​យើង​ទៅជាគ្រួសារ​តែមួយ។ ពេល​​បងប្អូន​ទទួល​ព្រះកាយ​តូច​មួយ គឺទទួល​​ព្រះយេស៊ូ​ពេញ​លក្ខណៈ ដែល​ឲ្យ​យើង​ទៅ​ជា​រូបកាយព្រះយេស៊ូ។ «យើង​ជា​គ្រួសារ​តែ​មួយ​មែន​ទែន ដោយសារ​យើង​រៀងៗខ្លួន​បានទទួលព្រះយេស៊ូ​ផ្ទាល់។»

ក្នុងរដូវ​រង់ចាំនេះ លោកអភិបាល​សូម​បងប្អូន​ត្រៀម​ខ្លួន​រៀបចំ​ចិត្ត​គំនិត​ ​ លើកិច្ច​ការ​ដែល​​ត្រូវ​ធ្វើ​ក្នុង​អាទិត្យ​ខាង​មុខៗទៀត។ លោក​អភិបាល​បាន​ស្នើ​សុំ​ឲ្យ​គ្រីស្ត​បរិស័ទ​ម្នាក់ៗ​រៀបចំ​កន្លែង​ទទួល​ព្រះកុមារ​យេស៊ូ​នៅ​តាម​ផ្ទះ​របស់​ខ្លួន មាន​ដូចជា​ ទៀន និង​រោង​ព្រះយេស៊ូ​ផងដែរ។

លោក​ក៏​ស្នើ​ឲ្យ​ព្រះវិហារ​នីមួយៗ​រៀបចំ​​កម្មវិធី​បុណ្យព្រះយេស៊ូប្រសូត​ឲ្យ​បាន​ល្អ​ប្រសើរ ជា​ពិសេស​ការ​សម្តែង​រឿង​ ដើម្បី​ប្រកាសដំណឹងល្អ​តាម​រយៈ​សិល្បៈ ទោះបីមាន​គ្នា​ច្រើនឬតិច​ក្តី គឺដើម្បី​ឲ្យ​​ប្រជាជន​ក្នុងភូមិ​​មាន​អំណរសប្បាយ​រួម​ជាមួយគ្រីស្ត​បរិស័ទ។

«អ្វីដែលយើង​សាបព្រោះ​ អាចមាន​ផ្លែ​យ៉ាង​ច្រើន​ដែល​ណែនាំ​ឲ្យ​ព្រះរាជ្យ​របស់ព្រះជាម្ចាស់​ពិតមែនជិត​មកដល់​ហើយ។» លោក​អភិបាល​បន្ថែម។

ក្នុង​ឱកាស​នោះ មាន​គ្រីស្ត​បរិស័ទចំនួន​១៨នាក់​ទទួល​អគ្គសញ្ញា​លាប​ថ្ងាស និង​មាន​២នាក់ទទួល​ព្រះកាយព្រះគ្រីស្ត​លើក​ដំបូង។

លោក​ហុក ចិត្រា អាយុ​១៩​ឆ្នាំ សព្វ​ថ្ងៃកំពុង​រៀន​នៅ​មហាវិទ្យាល័យ​នាទីក្រុង​ភ្នំពេញ​ បាន​​​ទទួល​ពិធីជ្រមុជទឹក​ក្នុង​ឆ្នាំ​២០១៣ តាម​​ឪពុក​ម្តាយ​របស់​គាត់​ ដែល​បានផ្លាស់​ប្តូរជំនឿ​​ជាគ្រីស្ត​បរិស័ទ។

ចិត្រា ទើប​ទទួល​អគ្គសញ្ញាលាប​ថ្ងាស​ក្នុង​ថ្ងៃនេះ បាន​ឲ្យដឹងថា​ការ​រស់នៅ​ជាគ្រីស្ត​បរិស័ទ នៅពេលមាន​ទុក្ខលំបាក​ណាមួយ​គាត់តែ​ង​នឹក​ដល់​ព្រះយេស៊ូ​ជានិច្ច ដើម្បីទទួល​បាន​សេចក្តីសង្ឃឹម​និង​ទំនុកចិត្ត​។

ក្នុងនាម​ជាគ្រីស្តបរិស័ទ​ ចិត្រា​បាន​ជួយ​សកម្មភាព​មួយ​ចំនួន​ក្នុងព្រះសហគមន៍​របស់គាត់​។  «ខ្ញុំ​ចូល​ក្នុងព្រះសហគមន៍​តាំង​ពីតូច​ដូច​ជា​ ចូលក្នុង​ក្រុម​កាយឫទ្ធិ​ជា​យុវជន ជាជំទង់ និង​ជា​គ្រូកាយឫទ្ធិ និង​ជា​អ្នក​បម្រើ​អាសនៈ៕»

ដោយ​ កែវ កញ្

ញា

Facebook
Twitter
LinkedIn