ថ្ងៃព្រហស្បត ទី០៨ ខែធ្នូ ឆ្នាំ២០២២

ក្នុងគម្ពីរដំណឹងល្អ លោកលូកា និងគ្រីស្តបរិស័ទដើមដំបូង គោរពព្រះនាងម៉ារីទុកជាតំណាងនៃព្រះសហគមន៍ទាំងមូល។ អស់លោកយល់ថា កាលពីដើមដំបូង នាងអេវ៉ាជាតំណាងមនុស្សជាតិ មិនព្រមធ្វើតាមព្រះបញ្ជារបស់ព្រះជាម្ចាស់ រីឯព្រះនាងម៉ារីវិញ នាងជាតំណាងរបស់អ្នកជឿ ព្រះនាងទទួលព្រះបន្ទូលព្រះជាម្ចាស់ ហើយប្រព្រឹត្តតាម។ ព្រះនាងម៉ារីជាគំរូរបស់អ្នកជឿ។ តាំងពីសតវត្សទី ៨ រៀងមក គ្រីស្តបរិស័ទនៅមជ្ឃិមបូព៌ា តែងតែនាំគ្នាជឿ និងប្រកាសថា ព្រះជាម្ចាស់បានថែរក្សាការពារព្រះនាងម៉ារី តាំងពីព្រះនាងចាប់ផ្ទៃមកមិនឱ្យជាប់ជំពាក់បាបអ្វីឡើយ។ ព្រះអង្គថែរក្សាព្រះនាងម៉ារី ដូច្នេះ ពុំមែនដោយទ្រង់ឈ្វេងយល់ដល់គុណបុណ្យព្រះនាងទេ គឺមកពីព្រះអង្គសព្វព្រះហឫទ័យឱ្យព្រះនាងម៉ារី ទៅជាព្រះមាតាដ៏ឥតសៅហ្មងរប​ស់ព្រះបុត្រាព្រះអង្គ។ នៅឆ្នាំ ១៨៥៤ អភិបាលព្រះសហគមន៍ក្រុងរ៉ូម​ ពីយ៉ូទី៩ ប្រកាសយ៉ាងឱឡារិកថា គ្រីស្តបរិស័ទទូទៅត្រូវតែជឿសេចក្តីនេះ។ ព្រះនាងម៉ារីជាមនុស្សធម្មតាដូចយើងទាំងអស់គ្នា ប៉ុន្តែ ព្រះនាងជាព្រះមាតារបស់ព្រះគ្រីស្ត។ យើងគួរសូមឱ្យព្រះនាងម៉ារីអង្វរព្រះគ្រីស្តជាបុត្រឱ្យយើងផង។ ក្នុងរដូវអបអរសាទរ គ្រីស្តបរិស័ទរួមចិត្តគំនិតជាមួយនាងម៉ារី សូមអង្វរព្រះជាម្ចាស់ឱ្យព្រះរាជ្យព្រះអង្គឆាប់យាងមកដល់។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកំណើត កណ ៣,៩-១៥.២០

ក្រោយពីលោកអាដាំធ្វើខុសព្រះបញ្ជារបស់ព្រះជាម្ចាស់ ព្រះអង្គមានព្រះបន្ទូលហៅមនុស្សប្រុសថា៖«អ្នកនៅឯណា?»។ គាត់ឆ្លើយថា៖« ខ្ញុំបានឮសូរសៀងរបស់ព្រះអង្គ ក្នុងសួនឧស្យាន ខ្ញុំភ័យណាស់ ព្រោះខ្ញុំនៅខ្លួនទទេ ហេតុនេះហើយបានជាខ្ញុំរត់ពួន»។ ព្រះអង្គក៏មានព្រះបន្ទូលសួរថា៖«នរណាប្រាប់អ្នកឱ្យដឹងថា អ្នកនៅខ្លួនទទេដូច្នេះ? តើអ្នកបរិភោគផ្លែឈើដែលយើងបានហាមមិនឱ្យបរិភោគនោះឬ?»។ បុរសឆ្លើយថា៖«ស្ត្រីដែលព្រះអង្គប្រទានឱ្យមកនៅជាមួយខ្ញុំនោះ គឺនាងហើយដែលបានឱ្យ ផ្លែឈើមកខ្ញុំ ហើយខ្ញុំក៏ទទួលទានទៅ»។ ព្រះជាអម្ចាស់មានព្រះបន្ទូលមកស្រ្តីថា៖«ម្តេចក៏នាងធ្វើដូច្នេះ!»។ ស្ត្រីឆ្លើយថា៖«ពស់បានមកបញ្ឆោតនាងខ្ញុំ ហើយនាងខ្ញុំក៏ទទួលទានផ្លែឈើនោះទៅ»។ ព្រះជាអម្ចាស់មានព្រះបន្ទូលមកពស់ថា៖«ដោយឯងបានធ្វើការនេះក្នុងចំណោមសត្វស្រុកសត្វព្រៃទាំងប៉ុន្មាន ឯងនឹងត្រូវបណ្តាសា ហើយឯងត្រូវតែលូននឹងពោះ ហើយស៊ីធូលីជារៀងរាល់ថ្ងៃអស់មួយជីវិត។ យើងនឹងធ្វើឱ្យឯង និងស្ត្រី ព្រមទាំងពូជឯងនឹងពូជស្រ្តី ក្លាយទៅជាសត្រូវនឹងគ្នា។ ពូជនាងនឹងជាន់ក្បាលឯង ហើយឯងនឹងចឹកកែងជើងគេ ។ បុរសដាក់ឈ្មោះឱ្យភរិយាថា “អេវ៉ា” (ឈ្មោះនេះមានន័យ ថា“ស្ត្រីមានជីវិត”) ដ្បិតនាងជាមាតារបស់មនុស្សទាំងអស់ដែលមានជីវិត។

ទំនុកតម្កើងលេខ ៩៨,១-៤ បទកាកគតិ
១.ចូរច្រៀងបទថ្មីថ្វាយព្រះម្ចាស់ថ្លៃកុំភ្លេចឡើយណា
ដ្បិតទ្រង់ប្រព្រឹត្តសព្វកិច្ចអស្ចារ្យដោយឫទ្ធិចេស្តា
យកជ័យជម្នះ ។
២.ព្រះម្ចាស់បង្ហាញប្រជាឱ្យឃើញពីការសង្គ្រោះ
ព្រះអង្គសម្តែងឱ្យគេទាំងអស់ឃើញសុចរិតស្មោះ
របស់ព្រះអង្គ ។
៣.ព្រះអង្គនៅតែសម្តែងឥតប្រែករុណាត្រចង់
ព្រះទ័យស្មោះស្ម័គ្រអ៊ីស្រាអែលផងសុចរិតឥតហ្មង
ចងចាំទាំងអស់ ។
មនុស្សម្នាមូលមីររស់នៅគ្រប់ទីឆ្ងាយទាំងប្រុសស្រី
នៃភពផែនដីឃើញការសង្គ្រោះព្រះម្ចាស់របស់
យើងគ្រប់គ្នាៗ ។
៤.ជនទាំងប្រុសស្រីនៅលើផែនដីរៀបចំអង្គា
អបអរសាទរថ្វាយព្រះនាមាស្រែកហ៊ោខ្ញៀវខ្ញារ
ដោយតូរ្យតន្ត្រី ។

អត្ថបទទី២៖ សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងអេភេសូ អភ ១,៣-៦.១១-១២

សូមលើកតម្កើងព្រះជាមា្ចស់ និងព្រះបិតារបស់ព្រះយេស៊ូគ្រីស្ត ដែលជាព្រះអម្ចាស់នៃយើង! ព្រះអង្គបានប្រោសប្រទានព្រះពរគ្រប់យ៉ាងផ្នែកខាងវិញ្ញាណពីស្ថានបរមសុខមកយើងក្នុងព្រះគ្រីស្ត។ ព្រះអង្គបានជ្រើសរើសយើងក្នុងអង្គព្រះគ្រីស្ត តាំងពីមុនកំណើតពិភពលោកមកម្ល៉េះ ដើម្បីឱ្យយើងបានវិសុទ្ធ និងឥតសៅហ្មងនៅចំពោះព្រះភក្ត្រព្រះអង្គ ព្រោះព្រះអង្គមានព្រះហឫទ័យស្រឡាញ់យើង។ ព្រះអង្គបានតម្រូវយើងទុកជាមុន ឱ្យធ្វើជាបុត្រធីតារបស់ព្រះអង្គ ដោយសារព្រះយេស៊ូគ្រីស្ត ស្របនឹងព្រះបំណងដ៏សប្បុរសរបស់ព្រះអង្គ ដើម្បីឱ្យយើងកោតសរសើរសិរីរុងរឿងនៃព្រះហឫទ័យប្រណីសន្តោសដែលទ្រង់បានប្រោសប្រទានមកយើង ក្នុងអង្គព្រះបុត្រាដ៏ជាទី ស្រឡាញ់របស់ព្រះអង្គ។ ព្រះជាម្ចាស់បានជ្រើសរើសយើងទុកដោយឡែកក្នុងអង្គព្រះគ្រីស្ត ព្រះអង្គបានតម្រូវយើងទុកជាមុនដូច្នេះ ស្របតាមផែនការរបស់ព្រះអង្គដែលសម្រេចគ្រប់កិច្ចការទាំងអស់តាមព្រះហឫទ័យរបស់ព្រះអង្គ ដើម្បីឱ្យយើងកោតសរសើរសិរីរុងរឿងរបស់ព្រះអង្គ គឺយើងដែលបានសង្ឃឹមលើព្រះគ្រីស្តមុនគេបង្អស់។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ១,២៨

អលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះនាងព្រហ្មចារិនីម៉ារី! សូមនាងមានអំណរសប្បាយ!ព្រះអម្ចាស់គង់នៅជាមួយនាង! ព្រះអង្គប្រទានពរមកនាងលើសស្ត្រីទាំងឡាយ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១,២៦-៣៨

ព្រះជាម្ចាស់ចាត់ទេវទូតកាព្រីអែលឱ្យទៅភូមិណាសារ៉ែតក្នុងស្រុកកាលីឡេ ដើម្បីជួបនឹងស្ត្រីក្រមុំព្រហ្មចារីម្នាក់ ជាគូរដណ្តឹងរបស់កំលោះម្នាក់ ឈ្មោះយ៉ូសែប ដែលត្រូវជា ញាតិវង្សព្រះបាទដាវីឌ។ ស្រ្តីក្រមុំនោះឈ្មោះម៉ារី។ ទេវទូតចូលទៅក្នុងផ្ទះនាងម៉ារី ហើយមានប្រសាសន៍ទៅកាន់នាងថា៖«នាងជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់អើយ! ចូរមានអំណរសប្បាយឡើង! ព្រះអង្គគង់ជាមួយនាង»។ ពេលឮពាក្យនេះ នាងម៉ារីរន្ធត់ចិត្តយ៉ាងខ្លាំង ហើយនឹករិះគិតថា តើពាក្យជម្រាបសួរនេះមានន័យដូចម្តេច។ ទេវទូតពោលទៅកាន់នាងថា៖«កុំខ្លាចអីម៉ារីអើយ! ដ្បិតព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងនាងហើយ។ នាងនឹងមានគ៌ភ ហើយសម្រាលបានបុត្រមួយ ដែលនាងត្រូវថ្វាយព្រះនាមថា “ យេស៊ូ ”។ បុត្រនោះនឹងមានឋានៈដ៏ប្រសើរឧត្តម ហើយគេនឹងថ្វាយព្រះនាមថា “​ព្រះបុត្រានៃព្រះដ៏ខ្ពង់ខ្ពស់បំផុត”។ ព្រះជាម្ចាស់នឹងតាំងបុត្រនោះឱ្យគ្រងរាជ្យលើបល្ល័ង្ករបស់ព្រះបាទដាវីឌ ជាព្រះអយ្យកោររបស់ព្រះអង្គ ទ្រង់នឹងគ្រងរាជ្យលើប្រជារាស្ត្រអ៊ីស្រាអែលអស់កល្បជានិច្ច ហើយរាជ្យរបស់ព្រះអង្គនឹងនៅស្ថិតស្ថេរឥតមានទីបញ្ចប់ឡើយ»។ នាងម៉ារីសួរទៅទេវទូតថា៖«តើធ្វើដូចម្តេចនឹងឱ្យការនេះកើតឡើងបាន បើនាងខ្ញុំមិនរួមរស់ជាមួយបុរសណាផង?»។ ទេវទូតឆ្លើយទៅនាងវិញថា៖«ព្រះវិញ្ញាណដ៏វិសុទ្ធនឹងយាងមកសណ្ឋិតលើនាង គឺឫទ្ធានុភាពរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុតនឹងគ្របបាំងនាង។ ហេតុនេះ គេនឹងថ្វាយព្រះនាមដល់បុត្រដ៏វិសុទ្ធ ដែលនឹងប្រសូតមកនោះថា “ព្រះបុត្រារបស់ព្រះជាម្ចាស់”។ ម្យ៉ាងទៀតនាងអេលីសាបិតជាញាតិរបស់នាងមានផ្ទៃពោះប្រាំមួយខែហើយ ថ្វីដ្បិតតែគាត់មានវ័យចាស់ថែមទាំងជាស្ត្រីអារទៀតផងក៏ដោយ ព្រោះគ្មានការអ្វីដែលព្រះជាម្ចាស់ធ្វើមិនកើតនោះឡើយ»។ នាងម៉ារីពោលទៅទេវទូតថា៖ «នាងខ្ញុំជាអ្នកបម្រើរបស់ព្រះអម្ចាស់ សូមឱ្យបានសម្រេចតាមពាក្យរបស់ព្រះអង្គចុះ!»។ បន្ទាប់មក ទេវទូតចាកចេញពីនាងទៅ។

Facebook
Twitter
LinkedIn