សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តៈលូកា លក ៥,១៧-២៦
ថ្ងៃមួយ ព្រះយេស៊ូកំពុងតែបង្រៀនបណ្តាជន។ មានពួកខាងគណៈផារីស៊ី និងពួកធម្មាចារ្យអង្គុយស្តាប់ព្រះអង្គដែរ។ អ្នកទាំងនោះធ្វើដំណើរមកពីភូមិនានា ក្នុងស្រុក កាលីឡេ ស្រុកយូដា និងពីក្រុងយេរូសាឡឹម។ ព្រះយេស៊ូប្រកបដោយឫទ្ធានុភាពរបស់ព្រះអម្ចាស់ ទ្រង់ប្រោសអ្នកជំងឺឱ្យបានជា។ ពេលនោះស្រាប់តែមានគេសែងមនុស្ស ខ្វិនដៃខ្វិនជើងម្នាក់មកដល់ គេមានបំណងនាំអ្នកខ្វិននោះចូលទៅជិតព្រះយេស៊ូ។ ប៉ុន្តែ ដោយមានមនុស្សច្រើនពេក គេពុំអាចចូលទៅជិតព្រះអង្គបានឡើយ។ ដូច្នេះ គេក៏សែងអ្នកជំងឺឡើងទៅលើដំបូលផ្ទះ បកក្បឿង រួចសម្រូតគាត់ចុះមកកណ្តាលចំណោមមនុស្ស នៅចំពីមុខព្រះយេស៊ូ។ ព្រះយេស៊ូឈ្វេងយល់ជំនឿរបស់អ្នកទាំងនោះ ទ្រង់មានព្រះបន្ទូលទៅកាន់អ្នកពិការថា៖«អ្នកអើយ! ព្រះជាម្ចាស់អត់ទោសអ្នកឱ្យរួចពីបាបហើយ!»។ ពួកធម្មាចារ្យ និងពួកខាងគណៈផារីស៊ីឮដូច្នោះ រិះគិតក្នុងចិត្តថា៖«អ្នកនេះមានឋានៈអ្វី? បានជាហ៊ានពោលពាក្យប្រមាថព្រះជាម្ចាស់ដូច្នេះ? ក្រៅពីព្រះជាម្ចាស់មួយព្រះអង្គ តើអ្នកណាអាចអត់ទោសមនុស្សឱ្យរួចពីបាបបាន?»។ ព្រះយេស៊ូឈ្វេងយល់ចិត្តគំនិតអ្នកទាំងនោះ ទើបទ្រង់មានព្រះបន្ទូលទៅគេថា៖«ហេតុអ្វីបានជាអ្នករាល់គ្នារិះគិតបែបនេះ? បើខ្ញុំប្រាប់អ្នកពិការនេះថា ព្រះជាម្ចាស់អត់ទោសអ្នករួចពីបាបហើយ ឬថា ចូរក្រោកឡើង ដើរទៅចុះ តើឃ្លាមួយណាស្រួលនិយាយជាង?។ ប៉ុន្តែ ខ្ញុំចង់ឱ្យអ្នករាល់គ្នាដឹងថា បុត្រមនុស្សមានអំណាចនឹងអត់ទោសមនុស្សនៅក្នុងលោកនេះឱ្យរួចពីបាបបាន»។
ព្រះអង្គក៏ងាកទៅរកអ្នកខ្វិន ហើយមានព្រះបន្ទូលថា៖«ចូរក្រោកឡើង យកគ្រែស្នែងរបស់អ្នក ដើរទៅផ្ទះវិញទៅ»។ រំពេចនោះ អ្នកខ្វិនក្រោកឡើងនៅមុខមនុស្សទាំងអស់ យកគ្រែស្នែងដែលគេសែងខ្លួនមក រួចដើរត្រឡប់ទៅផ្ទះវិញ ទាំងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ផង។ គេស្លុតស្មារតីគ្រប់គ្នា ហើយលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់។ គេភ័យខ្លាចជាខ្លាំង ហើយនិយាយគ្នាថា៖«ថ្ងៃនេះ យើងបានឃើញហេតុការណ៍ចម្លែកអស្ចារ្យមែន!»។