អភិបូជាបុណ្យភ្ជុំ
ធ្វើនៅព្រះសហគមន៍សន្តយ៉ូសែប ផ្សារតូច
ភ្នំពេញខាងជើង ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២
អត្ថបទទី១៖ អេសាយ ២៥,៦-៩ ព្រះអង្គនឹងដកស្បៃកាន់ទុក្ខ ចេញពីជាតិសាសន៍ទាំងប៉ុន្មាន។ អស ២៥,៧ អត្ថបទទី២៖ រ៉ូម ១៤,៧-១២ យើងត្រូវរៀបរាប់ទូលព្រះជាម្ចាស់នូវអំពើដែលខ្លួនយើងម្នាក់ៗបានប្រព្រឹត្ត។ រម ១៤,១២ ដំណឹងល្អ៖ លូកា ១២,៣៥-៤៥ ចូរប្រុងប្រៀបខ្លួន ហើយទុកឲ្យចង្កៀងរបស់អ្នករាល់គ្នានៅឆេះ។ លក ១២,៣៥ |
“ត្រៀមខ្លួនដើម្បីស្លាប់”
បងប្អូនជាទីស្រឡាញ់
ថ្ងៃនេះ ដែលយើងប្រារព្ធបុណ្យភ្ជុំ នឹករលឹកដល់វិញ្ញាណក្ខន្ធទាំងឡាយ សម្រាប់យើងជាគ្រីស្តបរិស័ទយើងត្រូវការនឹករលឹកដល់ពិធីតាមប្រពៃណីខ្មែរ។ ខ្មែរយើងជឿថា១៥ថ្ងៃមុន ទ្វារនៃឋានក្រោមបានបើកចំហ ព្រលឹងដែលវង្វេង (ប្រែត) បានចេញនិងចាប់ផ្ដើមធ្វើដំណើរនៅក្នុងចំណោមមនុស្សលោក។ ហេតុនេះហើយ ខាងពុទ្ធបរិស័ទគាត់ទៅតាមវត្តដើម្បីដាក់បិណ្ឌ ម្នាក់ៗទៅយ៉ាងតិច៧វត្ត ដើម្បីចិញ្ចឹមប្រែតឲ្យវាញ៉ាំឆ្អែត។ យប់មិញ នៅតាមវត្តនីមួយៗគេបានសូត្រធម៌មួយយ៉ាងពិសេស ដោយដាក់រូបដែលគេកាត់ជានិមិត្តរូបប្រែត ដាំនៅក្នុងដីខ្សាច់សូត្រធម៌ ដើម្បីឲ្យប្រែតចាប់ផ្ដើមធ្វើដំណើរទៅឋានក្រោមវិញ។ នេះជាប្រពៃណីដែលមាននៅក្នុងពុទ្ធសាសនានៃប្រទេសកម្ពុជា។
សម្រាប់យើងជាគ្រីស្តបរិស័ទ យើងមិនអាចចូលនៅក្នុងប្រពៃណីហ្នឹងបានទេ ប៉ុន្តែយើងយកពេលវេលាដើម្បីអធិដ្ឋានយ៉ាងពិសេស សម្រាប់វិញ្ញាណក្ខន្ធជីដូនជីតា បងប្អូនរបស់យើងទាំងអស់ ដែលបានទទួលមរណភាព។ ខ្ញុំផ្ទាល់ ខ្ញុំសោកស្ដាយដោយសារនៅក្នុងព្រះសហគមន៍ភូមិភាគភ្នំពេញ យើងមិនសូវយកចិត្តទុកដាក់យកប្រពៃណី១៥ថ្ងៃ ដើម្បីអធិដ្ឋានជារៀងរាល់ថ្ងៃនៅក្នុងវិហារ។ ដោយដាក់គ្រួសារមួយដែលទទួលខុសត្រូវ ទោះបីយើងអត់មានគ្រីស្តបរិស័ទ ឬលោកបូជាចារ្យគ្រប់គ្រាន់ក៏ដោយ។ ខ្ញុំសូមផ្ដាំសម្រាប់ឆ្នាំក្រោយ នៅតាមព្រះសហគមន៍នីមួយៗយើងត្រូវយក១៥ថ្ងៃ ពីថ្ងៃទីមួយរហូតដល់ថ្ងៃទីដប់ប្រាំនៃរដូវបុណ្យភ្ជុំ ដើម្បីអធិដ្ឋានជារៀងរាល់ថ្ងៃ។ ឲ្យគ្រីស្តបរិស័ទជួបជុំគ្នា ឲ្យមានគ្រួសារមួយទទួលខុសត្រូវ ដើម្បីណែនាំអធិដ្ឋានរួមគ្នាសម្រាប់វិញ្ញាណក្ខន្ធបងប្អូនដែលបានស្លាប់។ ដូចយើងបានឃើញគេធ្វើនៅព្រះសហគមន៍ចំណោម នៅព្រះសហគមន៍បាត់ដំបង ក្នុងភូមិភាគបាត់ដំបង។ ដូច្នេះ ប្រហែលជាពេលវេលាមួយដើម្បីឲ្យយើងភ្ញាក់ស្មារតីបន្តិច កុំឲ្យយើងចេះតែថាយើងចង់ធ្វើតាមប្រពៃណីខ្មែរ ប៉ុន្តែតាមពិតយើងអត់ចូលជ្រៅសោះ។ ដូច្នេះ ជាពេលវេលាមួយដើម្បីចូលនៅក្នុងរបៀបដែលយើងត្រូវតែអធិដ្ឋាន សម្រាប់បងប្អូនដែលបានទទួលមរណភាព។
បងប្អូនជាទីស្រឡាញ់ បន្តិចទៀតយើងនឹងទៅនឹករលឹកវិញ្ញាណក្ខន្ធរបស់អ្នកដែលបានទទួលមរណភាពនៅក្នុងចេតិយ ជាពិសេសលោកអភិបាល អេមីល។ ប៉ុន្តែក្រោយមកយើងជប់លៀង ពេលយើងជប់លៀងយើងចូលនៅក្នុងអត្ថបទទី១ ដែលយើងបានស្ដាប់អំបាញ់មិញ “ក្នុងចំណោមបងប្អូន ព្រះអង្គម្ចាស់នៃពិភពលោកនឹងជប់លៀងប្រជាជនទាំងអស់នៅលើភ្នំស៊ីយ៉ូន គឺមានម្ហូបដ៏ឆ្ងាញ់ពិសារនិងស្រាទំពាំងបាយជូរ ជាឱកាសមួយដើម្បីឲ្យយើងជួបជុំគ្នានៅក្នុងអំណរសប្បាយ” នេះជាសេចក្ដីសង្ឃឹមរបស់យើង។ តាមពិត សម្រាប់យើងជាគ្រីស្តបរិស័ទនៅពេលយើងនិយាយអំពីសេចក្ដីស្លាប់ ទោះបីយើងសោកស្ដាយដោយសារមានបងប្អូនយើង ឪពុកម្ដាយយើង កូនយើងដែលទទួលមរណភាព ណែនាំឲ្យយើងពិបាកចិត្តមែន។ ប៉ុន្តែ តាមពិតសេចក្ដីស្លាប់មិនមែនពេលវេលាកំសត់ទុរគតនៅក្នុងជំនឿរបស់យើង ដោយសារយើងដឹងថាពីដើមរៀងមកព្រះជាម្ចាស់បានរៀបចំជប់លៀងដ៏ពិសេស ដើម្បីឲ្យយើងជួបជុំគ្នានៅស្ថានបរមសុខ រួមជាមួយព្រះអង្គ រួមជាមួយបងប្អូនដែលទទួលមរណភាពហើយ ដើម្បីមានអំណរសប្បាយ។ ដោយសារ យើងមើលឃើញព្រះជាម្ចាស់ផ្ទាល់អស់កល្បជានិច្ច នេះជាសេចក្ដីសង្ឃឹមរបស់យើងដែលជាគ្រីស្តបរិស័ទ។ នេះជាសេចក្ដីសង្ឃឹមដែលជម្រុញយើង ដើម្បីធ្វើដំណើរលើផែនដីនេះពីមួយថ្ងៃទៅមួយថ្ងៃ ដោយដឹងថាសេចក្ដីស្លាប់មិនមែនជាទីបញ្ចប់នៃជីវិត។ សេចក្ដីស្លាប់ជាពេលវេលាមួយ នៅក្នុងជីវិតរបស់យើង ដើម្បីចូលនៅក្នុងជីវិតអស់កល្បជានិច្ចរួមជាមួយព្រះជាម្ចាស់។
ប៉ុន្តែ ដើម្បីថែរក្សាការពារសេចក្ដីសង្ឃឹមនេះ ដើម្បីចិញ្ចឹមសេចក្ដីសង្ឃឹមនេះ ពីមួយឆ្នាំទៅមួយឆ្នាំ ពីមួយថ្ងៃទៅមួយថ្ងៃ យើងត្រូវការមានកម្លាំង។ កម្លាំងនេះមកពីអ្វី ដែលយើងបានស្ដាប់នៅក្នុងអត្ថបទទី១ “នៅថ្ងៃនេះគេនឹងពោលថា ព្រះជាម្ចាស់ជាព្រះនៃយើង យើងបានផ្ញើជីវិតលើព្រះអង្គហើយ ព្រះអង្គសង្គ្រោះយើង យើងបានផ្ញើជីវិតទៅលើព្រះអង្គម្ចាស់មែន ចូរយើងសប្បាយរីករាយនឹងមានអំណរឡើង ត្បិតព្រះអង្គជាព្រះសង្គ្រោះរបស់យើងមែន”។ នេះជាសេចក្ដីសង្ឃឹមរបស់យើង ដែលទៅជាកម្លាំងដ៏ពេញលក្ខណៈ ដោយដឹងថាសេចក្ដីសង្ឃឹមរបស់យើងទទួលកម្លាំងពីព្រះជាម្ចាស់ផ្ទាល់ដែលជាព្រះរបស់យើង។ យើងបានផ្ញើជីវិតទៅលើព្រះជាម្ចាស់ ពីថ្ងៃដែលយើងទទួលអគ្គសញ្ញាជ្រមុជទឹក ថ្ងៃដែលយើងទទួលអគ្គសញ្ញាលាបថ្ងាស។ ជាពេលវេលាដែលយើងប្រកាសយ៉ាងឱឡារិក យើងភ្ជាប់ជាមួយព្រះជាម្ចាស់អស់មួយជីវិត ជាពេលវេលាតាមរយៈអគ្គសញ្ញាដែលព្រះជាម្ចាស់ភ្ជាប់ជាមួយយើងអស់មួយជីវិត។ ជាពេលវេលាដោយដឹងថា ពិតមែនព្រះជាម្ចាស់ជាព្រះសង្គ្រោះ នេះជាកម្លាំងរបស់យើង នេះជាជំនឿរបស់យើង ដើម្បីឲ្យយើងធ្វើដំណើរនៅលើផែនដីនេះពីមួយថ្ងៃទៅមួយថ្ងៃ។ កុំឲ្យយើងដួល កុំឲ្យយើងធ្លាក់ទឹកចិត្ត ទោះបីកាលៈទេសៈនៃជីវិតពិបាក ទោះបីកាលៈទេសៈនៃជីវិតណែនាំឲ្យយើងមើលមិនឃើញផ្លូវដើម្បីទៅមុខ។ យើងដឹងថាព្រះរបស់យើងជាព្រះសង្គ្រោះ នឹងយើងបានផ្ញើជីវិតទៅលើព្រះអង្គហើយ នេះជាកម្លាំងរបស់យើងដ៏ពិតប្រាកដ។
ថ្ងៃនេះ យើងបានស្ដាប់នៅក្នុងអត្ថបទទី២ នេះជាអ្វីដែលសំខាន់បំផុត ដូចជាអាថ៌កំបាំងដែលសន្តប៉ូលបង្ហាញឲ្យយើងឮ ឲ្យយើងចាប់ផ្ដើមចូលក្នុងអាថ៌កំបាំងនេះ។ ដើម្បីឲ្យសេចក្ដីសង្ឃឹមរបស់យើងទៅមុខ ដើម្បីឲ្យជំនឿរបស់យើងដែលជាកម្លាំងរបស់យើងអាចទៅមុខ។ យើងមានសោមួយ ដូចជាសោដែលលោកសិលាបើកទ្វារនៅស្ថានបរមសុខ “ក្នុងចំណោមបងប្អូនគ្មាននរណាម្នាក់រស់ឬស្លាប់សម្រាប់ខ្លួនឯងឡើយ”។ នេះជាអ្វីដែលយើងបានឃើញជាក់ស្ដែង នៅក្នុងជីវិតរបស់ព្រះយេស៊ូនៅផែនដីនេះ នៅពេលព្រះយេស៊ូបានចាប់កំណើតជាមនុស្ស ព្រះយេស៊ូមានជីវិតសម្រាប់បងប្អូនឯទៀតៗ។ ព្រះយេស៊ូអត់ដែលមានព្រះហឫទ័យចង្អៀតចង្អល់ ព្រះយេស៊ូអត់ដែលមានព្រះហឫទ័យលោភលន់ ព្រះយេស៊ូអត់ដែលមានព្រះហឫទ័យអាត្មានិយម។ ផ្ទុយទៅវិញ ព្រះយេស៊ូមានព្រះហឫទ័យស្រឡាញ់ និងឲ្យអ្វីៗទាំងអស់ដែលព្រះអង្គមាន ដើម្បីណែនាំឲ្យបងប្អូនឯទៀតៗមានជីវិត។ ដោយលើកលែងទោស ដោយលើកទឹកចិត្ត ដោយធ្វើដំណើរជាមួយ ដោយព្យាបាលឱ្យជាសះស្បើយ ដោយមានព្រះបន្ទូល ដើម្បីឲ្យប្រជាជនឈរឡើងសាជាថ្មី ដើម្បីឲ្យមនុស្សខ្វាក់មើលឃើញ មនុស្សថ្លង់ស្ដាប់ឮ មនុស្សជាប់ឃុំឃាំងមានសិទ្ធិសេរីភាពនៅក្នុងដួងចិត្តរបស់គេ។ នេះជាជីវិតរបស់ព្រះយេស៊ូ ព្រះយេស៊ូរស់នៅសម្រាប់បងប្អូនឯទៀតៗ ព្រះយេស៊ូស្លាប់សម្រាប់យើងដែរ។ នៅពេលព្រះយេស៊ូសុខចិត្តសោយទិវង្គតនៅលើព្រះឈើឆ្កាង មិនមែនដោយសារព្រះយេស៊ូបរាជ័យ ប៉ុន្តែដោយសារព្រះយេស៊ូធ្វើតាមព្រះហឫទ័យរបស់ព្រះបិតា ដើម្បីណែនាំឲ្យយើងទាំងអស់ទទួលការសង្គ្រោះ និងជីវិតអស់កល្បជានិច្ច។ នេះជាការអស្ចារ្យនៃព្រះអង្គ នេះជាសោសម្រាប់ជីវិតរបស់យើងសព្វថ្ងៃ។ ប្រសិនបើ យើងចង់ត្រៀមខ្លួនយើងទទួលជីវិតអស់កល្បជានិច្ច ប្រសិនបើយើងចង់មានកម្លាំងទៅមុខជានិច្ច ឲ្យយើងយកចិត្តទុកដាក់រស់នៅសម្រាប់បងប្អូនឯទៀតៗ។ គ្រួសារយើង កូនយើង អ្នកជិតខាង អ្នកជម្ងឺ អ្នកកំសត់ទុរគត អ្នកដែលគ្មានទីពឹង ឲ្យយើងសុខចិត្តបម្រើគេ។ ឩបដ្ឋាករបស់យើងជាកម្លាំងសម្រាប់យើង ជាកម្លាំងសម្រាប់យើងដោយសារឩបដ្ឋាកជាអ្នកបម្រើ ដែលយើងមើលឃើញយ៉ាងជាក់ស្ដែង។ ដូច្នេះសុំមើល បម្រើសម្រាប់ព្រះជាម្ចាស់និងសម្រាប់បងប្អូនឯទៀតៗ ជីវិតមិនមែនរស់នៅ ឬស្លាប់សម្រាប់ខ្លូនឯងឡើយ យើងរស់នៅសម្រាប់ព្រះជាម្ចាស់និងបងប្អូន យើងស្លាប់សម្រាប់ព្រះជាម្ចាស់និងបងប្អូនដែរ។ នេះជាសោ ដើម្បីឲ្យជីវិតរបស់យើងមានកម្លាំងពីមួយថ្ងៃទៅមួយថ្ងៃ អាចទៅមុខ។
ហេតុនេះហើយ ដូចយើងបានស្ដាប់នៅក្នុងគម្ពីរដំណឹងល្អថ្ងៃនេះ ឲ្យយើងត្រៀមខ្លួនជានិច្ច “ចូរប្រុងប្រៀបខ្លួនហើយទុកឲ្យចង្កៀងរបស់អ្នករាល់គ្នានៅឆេះ”។ កុំឲ្យយើងទៅជាមនុស្សដែលរស់នៅក្នុងភាពងងឹត កុំឲ្យបេះដូងរបស់យើងបន្តិចម្ដងៗស្វិតទៅៗរហូតដល់គាំង។ ផ្ទុយទៅវិញ ឲ្យជីវិតរបស់យើងពោរពេញដោយសេចក្ដីស្រឡាញ់ ដែលមកពីព្រះជាម្ចាស់ ដើម្បីឲ្យតាមសមត្ថភាពយើង យើងជាកូនក្មេង យើងជាយុវជន យើងជាពូ យើងជាម៉ីង យើងជាមនុស្សចាស់ យើងជាអ្នកបួស យើងជាលោកអភិបាល យើងធ្វើដូចម្ដេចដើម្បីឲ្យយើងប្រុងប្រៀបខ្លួនជានិច្ច ដើម្បីឲ្យជីវិតរបស់យើងពីមួយថ្ងៃទៅមួយថ្ងៃត្រៀម។ ត្រៀមដើម្បីស្លាប់ ដោយសារយើងមិនដឹងម៉ោង យើងមិនដឹងពេលវេលាដែលយើងត្រូវស្លាប់។ ម្សិលមិញខ្ញុំភ្ញាក់ ម៉ោង៤រសៀល ខ្ញុំទទួលដំណឹងថាលោកឪពុកស្ទេផានគីម ដែលជាសាសនៈទូតកូរ៉េ ដែលបានបម្រើកំពង់ចាមយូរឆ្នាំ គាត់ទទួលមរណៈភាព។ ដូច្នេះជីវិតរបស់យើងមិនទៀងទាន់ទេ ហេតុនេះហើយទោះបីយើងមិនគិតអំពីសេចក្ដីស្លាប់ ប៉ុន្តែយើងត្រូវការគិតអំពីជីវិតអស់កល្បជានិច្ច។ យើងត្រូវការគិតអំពីសំណួរដែលព្រះយេស៊ូបានសួរយើងចុងក្រោយបំផុត នៅពេលព្រះយេស៊ូចែកជាកូនចៀម និងចែកជាកូនពពែ។
យើងដឹងថា នៅថ្ងៃចុងក្រោយនៅពេលព្រះជាម្ចាស់កំពុងវិនិឆ្ឆ័យយើង នៅពេលព្រះជាម្ចាស់ពិនិត្យមើល តើយើងបានជួយអ្នកក្រីក្រឬទេ? តើយើងបានសួរសុខទុក្ខអ្នកជម្អឺឬទេ? តើយើងបានសួរសុខទុក្ខអ្នកជាប់ឃុំឃាំងឬទេ? តើយើងបានឲ្យម្ហូបអាហារនិងទឹកដល់មនុស្សដែលខ្វះខាតឬទេ? តើយើងបានធ្វើបុណ្យសពយ៉ាងត្រឹមត្រូវឬទេ? សំណួរមានតែមួយគត់ កូនអើយ! តើកូនបានស្រឡាញ់បងប្អូនឯទៀតៗឬទេ? តើកូនបានស្រឡាញ់ខ្ញុំអស់មួយជីវិតដែរឬទេ? ហេតុនេះហើយ ពីមួយថ្ងៃទៅមួយថ្ងៃយើងត្រៀមខ្លួន ដើម្បីស្រឡាញ់។
ប៉ុន្មានថ្ងៃមុន ខ្ញុំបានចូលនៅក្នុងប្រជុំគ្រូអប់រំជំនឿ មានគ្រូម្នាក់ដែលផ្ដល់សក្ខីភាព មូលហេតុដែលគាត់ចូលនៅក្នុងគ្រីស្តសាសនាយើង។ គាត់ថា ដោយសារ នៅក្នុងពុទ្ធសាសនាមានវិន័យច្រើនណាស់ ហើយគាត់ឃើញនៅក្នុងគ្រីស្តសាសនាមានតែមួយ គឺស្រឡាញ់គ្នាទៅវិញទៅមក។ មានតែមួយមែន ប៉ុន្តែពិបាកដោយសារស្រឡាញ់គ្នាទៅវិញទៅមក ដូចព្រះយេស៊ូបានស្រឡាញ់យើង។ ប៉ុន្តែ យើងដឹងថាពីមួយថ្ងៃទៅមួយថ្ងៃយើងមានកម្លាំងដែលមកពីព្រះជាម្ចាស់ ដើម្បីទៅមុខ។ ហេតុនេះហើយ បងប្អូនជាទីស្រឡាញ់យើងធ្វើដូចម្ដេចដើម្បីឲ្យជីវិតរបស់យើង ទៅជាជីវិតដែលជាប់ជាមួយព្រះជាម្ចាស់។ នៅថ្ងៃដែលយើងស្លាប់ ដូចគេយើងចូលនៅក្នុងផ្នូរ ដូចគេយើងទៅជាធូលីដី។
នៅថ្ងៃដែលគេកំពុងធ្វើពិធីបុណ្យសព្វព្រះមហាក្សត្រីអង់គ្លេស នៅពេលនោះខ្ញុំបានធ្វើបុណ្យសពសម្រាប់លោកតាម្នាក់ ដែលជាមនុស្សអនាថា ដែលនៅភូមិសុខសាន្តជាមួយយើង៥ឆ្នាំ។ គាត់ដើរពីខេត្តមួយទៅខេត្តមួយ បងប្អូនគាត់ចោលគាត់អស់ហើយ។ នៅភូមិសុខសាន្ត គាត់បានរកឃើញសេចក្ដីសុខរបស់គាត់ បានរកឃើញគ្រួសារមួយនៅក្នុងព្រះសហគមន៍យើង បានទទួលពិធីជ្រមុជទឹក២ឆ្នាំមុន គាត់បានចូលវិហាររាល់ថ្ងៃ។ តាមពិតគាត់មនុស្សសាមញ្ញធម្មតាមែនទែន គាត់ចាស់ហើយឈឺជើងផង ឈឺភ្នែកផង ប៉ុន្តែខ្ញុំនឹកឃើញនៅពេលគាត់ឡើងដល់អាសនៈដើម្បីទទួលព្រះកាយ ហាក់បីដូចជាមនុស្សដែលពោរពេញដោយសុភមង្គល។ នៅពេលគាត់ស្លាប់ដោយស្ងៀមស្ងាត់ ដោយមានពិធីបុណ្យសពសាមញ្ញបំផុត។ ប៉ុន្តែ ទោះបីសាមញ្ញបំផុតក៏ដោយ ជាពេលវេលាដែលយើងផ្ញើវិញ្ញាណក្ខន្ធទៅលើព្រះជាម្ចាស់ ជាពេលវេលាដែលយើងជួបជាមួយព្រះជាម្ចាស់។ ព្រះមហាក្សត្រីក្ដី ជាមនុស្សសាមញ្ញធម្មតាក្ដី សំខាន់ជាងគេគឺរបៀបដែលយើងបានស្រឡាញ់ព្រះជាម្ចាស់ សំខាន់ជាងគេជារបៀបដែលយើងផ្ញើជីវិតទៅលើព្រះជាម្ចាស់។ យើងជាអ្នកធំក៏ដោយ យើងជាអ្នកតូចតាចក៏ដោយ សំខាន់បំផុតគឺជំនឿរបស់យើង គឺសេចក្ដីស្រឡាញ់ដែលយើងមានអស់មួយជីវិតរបស់យើង។
បងប្អូនជាទីស្រឡាញ់ ជាពេលវេលាដើម្បីឲ្យយើងរួមគ្នា នៅក្នុងថ្ងៃដែលយើងគោរពមរណបុគ្គលទាំងឡាយ ឲ្យយើងអធិដ្ឋានពិតមែនសម្រាប់វិញ្ញាណក្ខន្ធបងប្អូនរបស់យើង ឲ្យគេរកឃើញសេចក្ដីសុខនៅក្នុងព្រះជាម្ចាស់។ ប៉ុន្តែ ជាពេលវេលាសម្រាប់យើងផ្ទាល់ ដើម្បីបន្តរៀបចំខ្លួន ដោយជាប់ជាមួយព្រះជាម្ចាស់។ ដោយសារ ព្រះជាម្ចាស់ជាព្រះដ៏មានជីវិត ព្រះជាម្ចាស់ជាព្រះរបស់យើង ដែលសង្គ្រោះយើងពិតមែន ដើម្បីឲ្យថ្ងៃណាមួយយើងភ្ជាប់នឹងជីវិតអស់កល្បជានិច្ច។ អាម៉ែន៕
+ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ
អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា
ភូមិភាគភ្នំពេញ