អភិបូជាអរព្រះគុណព្រះជាម្ចាស់សម្រាប់ខួប១២ជាអភិបាល
ធ្វើនៅព្រះវិហារបងស្រីសម្ងាត់ការម៉ែល
ភ្នំពេញថ្មី ថ្ងៃទី២ ខែតុលា ឆ្នាំ២០២២
អត្ថបទទី១៖ ហាបាគូក ១,២-៣, ២,២-៤ ប្រសិនបើក្រមកដល់ ចូរទន្ទឹងរង់ចាំ។ ហគ ២,៣ អត្ថបទទី១៖ ធីម៉ូថេទី២ ១,៦-៨.១៣-១៤ យើងទទួលវិញ្ញាណដែលផ្ដល់កម្លាំង សេចក្ដីស្រឡាញ់ និងចិត្តធ្ងន់។ ២ធម ១,៧ ដំណឹងល្អ៖ លូកា ១៧,៥-១០ យើងខ្ញុំគ្រាន់តែជាអ្នកបម្រើធម្មតាប៉ុណ្ណោះ គឺយើងខ្ញុំបានបំពេញកិច្ចការដែលយើងខ្ញុំត្រូវធ្វើ។ លក ១៧,១០ |
បងប្អូនជាទីស្រឡាញ់
ថ្ងៃនេះ ខ្ញុំបានមកដល់អារាមការមែល ដើម្បីថ្វាយអភិបូជាអរព្រះគុណព្រះជាម្ចាស់សម្រាប់លោកអភិបាល សិលា សួន ហង្សលី ជាអភិបាលព្រះសហគមន៍ភូមិភាគកំពង់ចាម។ អរព្រះគុណព្រះជាម្ចាស់ សម្រាប់ខួប១២ឆ្នាំដែលខ្ញុំបានបន្តពីលោកអភិបាល អេមីល ធ្វើជាអភិបាលភូមិភាគភ្នំពេញ។ អរព្រះគុណព្រះជាម្ចាស់ សម្រាប់សន្តីតេរេសានៃព្រះកុមារយេស៊ូ ដែលយើងគោរពនៅថ្ងៃទី១ ខែតុលា ណែនាំឲ្យយើងចូលនៅក្នុងខែនៃការប្រកាសដំណឹងល្អសម្រាប់ព្រះសហគមន៍របស់យើងនៅក្នុងពិភពលោក។ ជាពិសេសឆ្នាំនេះ សម្ដេចប៉ាបបានអញ្ជើញយើងឲ្យយើងទៅជាសាក្សីនៃការប្រកាសដំណឹងល្អ សម្រាប់មនុស្សទាំងអស់។ អរព្រះគុណព្រះជាម្ចាស់ សម្រាប់ខែតុលាដែលយើងចាប់ផ្ដើមរួមជាមួយព្រះនាងម៉ារី ជាពេលវេលាមួយសម្រាប់យើងជាគ្រីស្តបរិស័ទ ដើម្បីអធិដ្ឋានតាមព្រះមាលាថែមទៀត។ យើងដឹងថា ពេលយើងអធិដ្ឋានតាមព្រះមាលាយើងចូលជ្រៅនៅក្នុងអាថ៍កំបាំងនៃជីវិត នៃព្រះជន្មព្រះយេស៊ូគ្រីស្ត ដែលជាព្រះបុត្រា ដែលជាព្រះសង្គ្រោះរបស់យើង។
ដូច្នេះ ថ្ងៃនេះពេលមកដល់ការមែលយើងមានសន្តសន្តីយ៉ាងច្រើន ដែលណែនាំឲ្យជីវិតរបស់យើងចូលយ៉ាងជ្រៅនៅក្នុងព្រះហឫទ័យព្រះជាម្ចាស់ ដើម្បីធ្វើជាសាក្សីរបស់ព្រះជាម្ចាស់។ ខ្ញុំជឿថា ជាពេលវេលាមួយសម្រាប់ភូមិភាគភ្នំពេញរបស់យើងទាំងមូល ដើម្បីទទួលព្រះអំណោយទានពីព្រះវិញ្ញាណដ៏វិសុទ្ធ។ ព្រះអំណោយទានយ៉ាងពិសេស ដូចលោកប៉ូលបានរំលឹកនៅក្នុងអត្ថបទទីមួយថ្ងៃនេះ “យើងបានទទួលព្រះអំណោយទាន គឺផ្ដល់កម្លាំង សេចក្ដីស្រឡាញ់ នឹងចិត្តធ្ងន់ ដើម្បីណែនាំឲ្យយើងប្រកាសដំណឹងល្អ ឲ្យយើងប្រកាសសក្ខីភាព យើងមិនត្រូវខ្មាស់ យើងមិនត្រូវខ្លាច ប៉ុន្តែតួនាទីរបស់យើង គឺធ្វើជាសាក្សីនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងពិភពលោកនេះ”។ ប៉ុន្តែ ថ្ងៃនេះយើងស្ដាប់នៅក្នុងអត្ថបទគម្ពីរដំណឹងល្អ សម្រាប់យើងដែលជាអភិបាល សម្រាប់យើងដែលជាអ្នកបម្រើរបស់ព្រះជាម្ចាស់ គឺជាកម្លាំងមួយដែរ។ នៅពេលព្រះយេស៊ូមានព្រះបន្ទូលថា “នៅពេលយើងបម្រើ យើងបម្រើដោយសារជាតួនាទីរបស់យើង”។
តាមពិតថ្ងៃនេះ ខ្ញុំប្រើពែងកាលីសរបស់ខ្ញុំ ដែលខ្ញុំបានទទួលនៅពេលខ្ញុំទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យ។ នៅក្រោមពែងកាលីសនេះ ខ្ញុំបានឆ្លាក់ឈ្មោះតាយាយឪពុកម្ដាយខ្ញុំទាំងអស់ ប៉ុន្តែជាពិសេសនៅពេលខ្ញុំតែងតាំងជាបូជាចារ្យ ខ្ញុំបានឆ្លាក់ដោយសេចក្ដីស្រឡាញ់។ នៅពេលខ្ញុំតែងតាំងជាលោកអភិបាល ខ្ញុំបានថែមថាដោយមានចិត្តបម្រើ។ តាមពិតថ្ងៃនេះ យើងបានស្ដាប់អំពីអត្ថន័យបម្រើ គឺយើងបំពេញតួនាទីយើងតែប៉ុណ្ណឹង។ ហេតុនេះហើយ នៅពេលយើងបានយកចិត្តទុកដាក់ សម្រាប់ខ្ញុំ១២ឆ្នាំហើយ សម្រាប់លោកលី ទើបតែចាប់ផ្ដើម សម្រាប់បងស្រី បូជាចារ្យទាំងអស់ អស់ប៉ុន្មានឆ្នាំហើយ សម្រាប់គណៈកម្មការ ការិយាល័យនៅក្នុងភូមិភាគភ្នំពេញ អស់ប៉ុន្មានឆ្នាំហើយ។ ប៉ុន្តែ យើងត្រូវការពោលថា “យើងខ្ញុំគ្រាន់តែជាអ្នកបម្រើធម្មតាប៉ុណ្ណោះ គឺយើងខ្ញុំគ្រាន់តែបានបំពេញកិច្ចការដែលយើងខ្ញុំត្រូវធ្វើប៉ុណ្ណោះ”។
នេះណែនាំឲ្យយើង ដូចជាមានសមត្ថភាពដើម្បីដាក់ខ្លួនដែរ ជួនកាលយើងចង់ស្ដាប់ពាក្យ អរគុណ យើងចង់ស្ដាប់ពាក្យសរសើរ យើងចង់ទទួលរង្វាន់…។ ប៉ុន្តែថ្ងៃនេះ យើងដឹងថាតាមពិតនៅពេលយើងដើរតាមព្រះយេស៊ូ ចំណុចទី១ដែលសំខាន់បំផុតគឺដាក់ខ្លួន ជាអ្នកក្រខ្សត់ ជាអ្នកបម្រើ ដែលខិតខំបំពេញតួនាទីរបស់គាត់តែប៉ុណ្ណឹង។ ដូច្នេះ ថ្ងៃនេះដែលសម្ដេចប៉ាបអញ្ជើញយើងឲ្យយើងចូលនៅក្នុងខែប្រកាសដំណឹងល្អ ដើម្បីឲ្យយើងធ្វើជាសាក្សីនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់យ៉ាងពិសេស។ យើងត្រូវការគិតពិចារណា ទៅជាសាក្សីរបស់ព្រះជាម្ចាស់មានន័យដូចម្ដេច? យើងធ្វើដូចម្ដេច នៅក្នុងការប្រកាសដំណឹងល្អនៃជីវិតរបស់យើងប្រចាំថ្ងៃ? យើងធ្វើសាក្សីនៃដំណឹងល្អ លុះត្រាតែយើងយកជីវិតរបស់យើងភ្ជាប់នឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ យើងធ្លាប់និយាយច្រើនដងដែរ ឲ្យយើងគាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ អត់ត្រូវការធ្វើអ្វីអស្ចារ្យប៉ុន្មានទេ។ ប៉ុន្តែ ជីវិតរបស់យើងត្រូវការភ្ជាប់ជាមួយព្រះជាម្ចាស់នៅក្នុងព្រះបន្ទូល ដែលយើងស្ដាប់ពីមួយថ្ងៃទៅមួយថ្ងៃ។ យើងធ្វើដូចម្ដេចដើម្បីអនុវត្ត?
ថ្ងៃនេះដែលយើងនឹកឃើញដល់សន្តីតេរេសា យើងដឹងថាសន្តីតេរេសាដែលជាឧបកានីសម្រាប់ការប្រកាសដំណឹងល្អ បានរស់នៅក្នុងអារាមការម៉ែលជាកន្លែងតូចតាចរបស់គាត់។ គាត់បានរស់នៅក្នុងជីវិតខ្លីទៀត ប៉ុន្តែនៅក្នុងពេលវេលាដ៏ខ្លីនោះ គាត់បានធ្វើដូចម្ដេចដើម្បីភា្ជប់នឹងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់។ នៅក្នុងការងារតូចតាចប៉ុន្តែគោលដៅរបស់គាត់ គំនិតរបស់គាត់ ទស្សនៈរបស់គាត់ គឺធ្វើដូចម្ដេចដើម្បីភ្ជាប់នឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលណែនាំឲ្យក្នុងជីវិតរបស់ខ្ញុំផ្ទាល់ខ្លួនចេះស្រឡាញ់។ នៅជុំវិញគាត់សុទ្ធតែបងស្រី ដែលមានបងស្រីមួយចំនួនធ្វើឲ្យគាត់ឈឺក្បាល បងស្រីមួយចំនួនធ្វើឲ្យគាត់អស់កម្លាំង។ ប៉ុន្តែ គាត់ខិតខំស្រឡាញ់បងស្រី ជាពិសេសបងស្រីដែលពិបាកជាងគេសម្រាប់គាត់។ គាត់ធ្លាប់សរសេរថា បងស្រីដែលគាត់ចេះតែញញឹមដាក់ ចេះតែបម្រើ តាមពិតជាបងស្រីដែលធ្វើឲ្យគាត់អស់កម្លាំងមែនទែន។ ប៉ុន្តែ ប្រសិនបើបងស្រីដឹង របៀបដែលមាននៅក្នុងចិត្តគាត់ប្រហែលបងស្រីនោះភ្ញាក់ ប៉ុន្តែគាត់ខិតខំតស៊ូដើម្បីលះបង់ចោល ដើម្បីបូជាម្យ៉ាងនៅក្នុងជីវិតសាមញ្ញធម្មតារបស់គាត់ជាបងស្រី។
ដូច្នេះ ខ្ញុំគិតថាសម្រាប់យើងដែលជាគ្រីស្តបរិស័ទនៅក្នុងខែតុលានេះ ជាពេលវេលាដើម្បីគិតពិចារណាថែមទៀត តើនៅក្នុងជីវិតយើងរស់នៅប្រចាំថ្ងៃ យើងធ្វើដូចម្ដេចដើម្បីផ្ដល់សក្ខីភាពនៃសេចក្ដីស្រឡាញ់ធម្មតា? ដោយជួយគេ ដោយលើកទឹកចិត្តគេ ដោយញញឹម ដោយធ្វើដំណើររួមជាមួយគ្នា។ ជាពិសេស នៅក្នុងខែតុលានេះខ្ញុំអញ្ជើញគ្រីស្តបរិស័ទនៅក្នុងភូមិភាគភ្មំពេញ៖
ចំណុចទី១ អធិដ្ឋានថែមទៀតសម្រាប់ការត្រាស់ហៅ ដោយសារ ម្សិលមិញយើងរំភើបដែលយើងមានកូនខ្មែរមួយរូបក្លាយជាអភិបាលនៅក្នុងភូមិភាគកំពង់ចាម។ ប៉ុន្តែ កូនខ្មែរនេះបានកើតនៅក្នុងភូមិភាគភ្នំពេញ យើងបាត់លោកបូជាចារ្យម្នាក់នៅក្នុងភូមិភាគភ្នំពេញ ដែលបានជួយផ្ដល់សក្ខីភាព បម្រើអស់ពីកម្លាំងកាយកម្លាំងចិត្ត។ និសិត្សទេវវិទ្យាល័យរបស់យើង អត់មានច្រើនប៉ុន្មានទេ យើងដឹងហើយយើងមានឧបដ្ឋាកបី យើងមានបីអ្នកដែលកំពុងរៀននៅបាំងកក។ ដូច្នេះ បងប្អូនជាទីស្រឡាញ់សូមអធិដ្ឋានថែមទៀត បងស្រីក៏នៅខ្វះការត្រាស់ហៅដែរ បងស្រីនានានៅក្នុងភូមិភាគភ្នំពេញក៏ដូចគ្នាដែរ លោកបូជាចារ្យភូមិភាគក៏ខ្វះដែរ។ ដូច្នេះ យើងត្រូវការអធិដ្ឋានដើម្បីឲ្យការត្រាស់ហៅ អាចចូលនៅក្នុងដួងចិត្តយុវជនយុវនារី។ ប៉ុន្តែ អាចបានលុះត្រាតែយើងផ្ដល់សក្ខីភាពនៃសេចក្ដីស្រឡាញ់នៅក្នុងជីវិតយើងប្រចាំ។
ចំណុចទី២ ខ្ញុំអញ្ជើញភូមិភាគភ្នំពេញនៅក្នុងខែតុលា ដើម្បីអធិដ្ឋានយ៉ាងពិសេសបំផុតសម្រាប់ក្រុមគ្រួសារគ្រីស្តបរិស័ទ។ ជួនកាល មានតែឪពុក មានតែម្ដាយ មានតែប្តី មានតែប្រពន្ធដែលជាគ្រីស្តបរិស័ទមែន ប៉ុន្តែយើងថាជាក្រុមគ្រួសារគ្រីស្តបរិស័ទ។ នៅថ្ងៃទី២៣ ខែតុលា នេះនៅពេលយើងគោរពថ្ងៃអាទិត្យនៃការប្រកាសដំណឹងល្អ រួមជាមួយព្រះសហគមន៍ពិភពលោក ខ្ញុំបានរៀបចំទិវាគ្រួសារកាតូលិកសម្រាប់ភូមិភាគភ្នំពេញ។ ដូច្នេះ យើងចាប់ផ្ដើមពីពេលនេះតទៅ ដើម្បីអធិដ្ឋានឲ្យក្រុមគ្រួសារធ្វើដំណើរនៅក្នុងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ជួនកាលមានទុក្ខលំបាក ជួនកាលមានគ្រោះថ្នាក់ ជួនកាលមានបញ្ហាពិតមែន។ ប៉ុន្តែ យើងដឹងថានៅក្នុងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ យើងអាចទៅមុខដើម្បីឲ្យមានក្រុមគ្រួសារកាតូលិករឹងមាំ។ នេះជាសរសរមូលដ្ឋានគ្រឹះនៃព្រះសហគមន៍ នៃសង្គមមែន។ សរសរគ្រឹះនៃព្រះសហគមន៍យើង ដើម្បីឲ្យព្រះសហគមន៍យើងមានជីវិតថែមទៀត នៅក្នុងអំណរសប្បាយនៃរៀបចំខ្លួនសម្រាប់ព្រះរាជរបស់ព្រះជាម្ចាស់។
ចំណុចទី៣ ដើម្បីបំពេញតួនាទីរបស់យើងជាអ្នកប្រកាសដំណឹងល្អ ដែលផ្ដល់សក្ខីភាពអំពីជីវិតរបស់ព្រះយេស៊ូគ្រីស្ត អ្វីដែលសំខាន់បំផុតគឺភ្ជាប់ជាមួយព្រះយេស៊ូផ្ទាល់។ ដើម្បីឲ្យបន្តិចម្ដងៗ ព្រះយេស៊ូបានកែខ្លួនរបស់យើង ដើម្បីណែនាំឲ្យយើងទៅជាមនុស្សថ្មី។ ឲ្យយើងកើតថ្មីនៅក្នុងពិភពលោកនេះ នៅក្នុងសង្គមបច្ចុប្បន្ននេះ។ ដោយដឹងថា សង្គមរបស់យើងអត់សូវរវីរវល់ជាមួយព្រះជាម្ចាស់ទេ សង្គមរបស់យើងរវីរវល់ជាមួយតែសម្ភារៈនិយម រវីរវល់ជាមួយជីវិតប្រចាំថ្ងៃ…។ ពេលយើងធ្វើដំណើរសព្វថ្ងៃ យើងឃើញនៅតាមផ្លូវ មានផ្លូវថ្មី មានអាគារច្រើនទៅៗ… ពិតមែនដើម្បីមានគ្រួសារ ដើម្បីមានជីវិត។ ប៉ុន្តែ សំខាន់គឺយើងភ្ជាប់ជាមួយព្រះយេស៊ូ ដើម្បីឱ្យព្រះយេស៊ូណែនាំជីវិតរបស់យើងខាងក្នុងទៅជាជីវិតថ្មី។ កុំឲ្យយើងទីពឹងតែលើទ្រព្យសម្បត្តិនៃលោកិយ៍ ផ្ទុយទៅវិញឲ្យយើងទីពឹងទៅលើព្រះយេស៊ូតែម្ដង។
បងប្អូនជាទីស្រឡាញ់ សូមមើលឈើឆ្កាងដែលមាននៅក្នុងអារាមការមែល ឈើឆ្កាងធំណាស់ ពេលយើងមើលឈើឆ្កាងនេះយើងឃើញអត់មានព្រះយេស៊ូ ដោយសារតាមប្រពៃណីអារាមការមែលគឺបងស្រីដែលបូជាជីវិតនៅលើឈើឆ្កាងនេះ រួមជាមួយព្រះយេស៊ូ។ សម្រាប់យើងដែលជាគ្រីស្តបរិស័ទ យើងត្រូវតែសម្លឹងមើលឈើឆ្កាងរហូត ដែលជាសញ្ញាសម្គាល់នៃជីវិតថ្មី ប៉ុន្តែជីវិតថ្មីអាចទទួលលុះត្រាតែយើងលះបង់ចោល លុះត្រាតែយើងតស៊ូ លុះត្រាតែយើងទៅមុខនៅក្នុងគ្រប់បញ្ហា។ ដូចសន្តប៉ូល នៅពេលគាត់សរសេរលិខិតគាត់ជាប់ឃុំឃាំង ប៉ុន្តែគាត់ថាទោះបីគាត់ជាប់ឃុំឃាំងក៏ដោយ យើងត្រូវការបន្តធ្វើដំណើរដើម្បីឲ្យអំពើល្អឈ្នះ។ ឈើឆ្កាងដែលជាសញ្ញាសម្គាល់នៃអំពើឃោរឃៅ សញ្ញាសម្គាល់នៃទុក្ខលំបាកដ៏កំពូលបំផុត អាចទៅជាជីវិតដ៏ពិតប្រាកដមែន។ ដោយសារនៅពេលហ្នឹង ព្រះយេស៊ូបានឈ្នះសេចក្ដីស្លាប់ បានឈ្នះអំពើឃោរឃៅទាំងអស់ ដើម្បីឲ្យជីវិតរស់ ប៉ុន្តែនេះយើងអាចធ្វើបានលុះត្រាតែយើងកែប្រែចិត្តគំនិតផ្ទាល់ខ្លួន។
ហេតុនេះហើយ ខ្ញុំចង់រំលឹកដល់បងប្អូនទាំងអស់ នៅក្នុងចម្លើយដែលភូមិភាគភ្នំពេញបានរៀបចំសម្រាប់សន្និបាត២០២៣ នៃព្រះសហគមន៍ពិភពលោក។ ចំណុចទី១ ដែលយើងបានសរសេរ គឺ ”ខ្ញុំផ្ទាល់ខ្លួនកែប្រែចិត្តគំនិត” មុនយើងគិតទាំងអស់ យើងមាន១៣ចំណុចអំពីគ្រួសារ អំពីការប្រកាសដំណឹងល្អ អំពីយុវជន អំពីការត្រាស់ហៅ អំពីអន្តរសាសនា អំពីការសិក្សាកាតូលិក អំពីអប់រំជំនឿយើងមានច្រើនណាស់។ ប៉ុន្តែ អាចទៅមុខលុះត្រាតែយើងផ្ទាល់ខ្លួនចាប់ផ្ដើមអង្គុយដើម្បីគិត “ខ្ញុំជាគ្រីស្តបរិស័ទម្នាក់ ខ្ញុំធ្វើដូចម្តេចដើម្បីភ្ជាប់ជាមួយព្រះយេស៊ូដែលនៅលើឈើឆ្កាងនេះ”។ យើងត្រូវការនឹកឃើញសន្តីតេរេសា ដូចខ្ញុំបានរំលឹកដល់លោកអភិបាល លី ពីម្សិលមិញ សន្តីតេរេសាដែលគិតអំពីការត្រាស់ហៅគាត់យ៉ាងច្រើន ទោះបីគាត់នៅក្នុងអារាមហើយ គាត់នឹកឃើញខ្ញុំចង់ធ្វើជាបូជាចារ្យ ខ្ញុំចង់ធ្វើជាសាសនទូត ខ្ញុំចង់ធ្វើជាគ្រីស្តទូត ខ្ញុំចង់ៗច្រើនណាស់។ ប៉ុន្តែ មានថ្ងៃមួយគាត់ភ្ញាក់ស្មារតីរបស់គាត់ ដោយសារនៅពេលហ្នឹងគាត់ឃើញ ខ្ញុំរកឃើញហើយការត្រាស់ហៅរបស់ខ្ញុំនៅព្រះសហគមន៍ ដែលជាមាតារបស់ខ្ញុំ គឺធ្វើជាសេចក្ដីស្រឡាញ់។
ដូច្នេះ ឲ្យយើងគិត តើយើងជាគ្រីស្តបរិស័ទយើងធ្វើដូចម្តេច ដើម្បីចូលនៅក្នុងគំនិតនេះ យើងជាក្មេង យើងជាយុវជន ជាឪពុកម្ដាយ ជាតាយាយ ការត្រាស់ហៅរបស់យើងនៅក្នុងព្រះសហគមន៍ ដែលជាមាតារបស់យើងសំខាន់ណាស់ គឺធ្វើដូចម្ដេចដើម្បីឲ្យយើងទៅជាសញ្ញាសម្គាល់ សាក្សីបន្ទាល់នៃសេចក្ដីស្រឡាញ់ ឱ្យយើងគិតរៀងៗខ្លួន។ ថ្ងៃនេះ ជាពេលវេលាមួយដើម្បីអរព្រះគុណព្រះជាម្ចាស់ ក្នុងខែតុលានេះយើងពោរពេញដោយកម្លាំង ដោយសារយើងមានគម្រូ។ យើងមានសន្តសន្តីច្រើន ដែលជាគម្រូពិសេសដើម្បីឲ្យយើងទៅមុខ នៅក្នុងខែតុលាយើងគោរពសន្តីតេរេសា គោរពទេវទូតដែលការពារថែរក្សាយើង យើងគោរពសន្តហ្វ្រង់ស្វ័រនៃទីក្រុងអាស៊ីស៊ី យើងគោរពសន្តប្រុយណូ ដែលបានបង្កើតជីវិតសម្ងាត់ដែរ។
ក្រោយមក យើងគោរពសន្តយ៉ូហានទី២៣ ជាសម្ដេចប៉ាបដែលបានណែនាំឲ្យព្រះសហគមន៍ ភ្ជាប់ជាមួយព្រះវិញ្ញាណដ៏វិសុទ្ធនៅក្នុងមហាសន្និបាតវាទីកង់ទី២។ ថ្ងៃទី១៥ យើងគោរពសន្តីតេរេសាធំនៃទៅក្រុងអាវេឡា ដែលបានកែការមែលដើម្បីចាប់ផ្ដើមចូលសាជាថ្មី នៅក្នុងជីវិតដែលព្រះជាម្ចាស់បានរៀបចំ តាមព្រះហឫទ័យរបស់ព្រះអង្គ។ ក្រោយមក យើងគោរពសន្តលូកា ដែលណែនាំឲ្យយើងមើលឃើញនៅក្នុងគម្ពីរដំណឹងល្អ ព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ និងណែនាំឲ្យយើងស្គាល់ជីវិតនៃដើមព្រះសហគមន៍គឺកិច្ចការគ្រីស្តទូត។ ថ្ងៃទី២២ ខែតុលា យើងគោរពសន្តយ៉ូហាន ប៉ូលទី២ ជាសម្ដេចប៉ាបដែលណែនាំឲ្យពិភពលោកចាប់ផ្ដើមមើលឃើញ ពិតមែនអទិភាពនៅក្នុងពិភពលោកគឺព្រះយេស៊ូផ្ទាល់។ ជាពិសេសតាមរយៈទិវាយុវជនពិភពលោក ណែនាំឱ្យយុវជនភ្ញាក់ឡើង ដើម្បីយល់ថាយើងជាទាហានរបស់ព្រះជាម្ចាស់ យើងជាគ្រីស្តទូតរបស់ព្រះជាម្ចាស់ ដើម្បីប្រកាសដំណឹងល្អនៅក្នុងជីវិតរបស់យើងគ្រប់ពេលវេលា ខ្ញុំជាយុវជនរបស់យ៉ូហានប៉ូលទី២។
ក្រោយមក យើងគោរពគ្រីស្តទូតស៊ីមននិងយូត ដែលណែនាំឲ្យយើងមើលឃើញជីវិតរបស់យើងសព្វថ្ងៃ បានចេញពីក្រុមគ្រីស្តទូត ដែលបានសុខចិត្តទៅប្រកាសដំណឹងល្អ តាមព្រះបង្គាប់របស់ព្រះយេស៊ូ “សូមទៅប្រកាសដំណឹងល្អនេះ ដើម្បីឲ្យពិភពលោកស្គាល់ជីវិតដែលខ្ញុំបានណែនាំ គឺការសង្គ្រោះ ជីវិតអស់កល្បជានិច្ច”។ យើងដឹងថាយើងអាចធ្វើបាន ដោយសារក្នុងខែតុលានេះយើងមានព្រះនាងម៉ារី ដែលណែនាំឲ្យយើងចូលនៅក្នុងដំណើរជីវិតរបស់ព្រះយេស៊ូដើម្បីឲ្យយើងធ្វើដំណើរបន្តិចម្ដងៗនៅក្នុងសេចក្ដីសុខ ដែលព្រះជាម្ចាស់បានរៀបចំឲ្យ។ ហេតុនេះហើយ យើងមានឧបករណ៍ទាំងអស់ យើងមានមធ្យោបាយទាំងអស់ ដើម្បីចូលនៅក្នុងការប្រែផ្លូវវិញ្ញាណរបស់យើង។ មិនមែនកែប្រែចិត្តគំនិត ប៉ុន្តែឲ្យជីវិតវិញ្ញាណរបស់យើងកែប្រែ ដើម្បីឲ្យគ្រប់ថាមពលដែលយើងមាននៅក្នុងខ្លួន គ្រប់កម្លាំងដែលយើងមាននៅក្នុងខ្លួន គ្រប់សេចក្ដីក្លាហានដែលយើងមាននៅក្នុងខ្លួន កុំឲ្យចេញតាមផ្លូវដែលអត់មានប្រយោជន៍។ ប៉ុន្តែ ឲ្យប្រើដើម្បីមើលឃើញព្រះជាម្ចាស់ នឹងដើម្បីបម្រើបងប្អូនឯទៀតៗ។ ទោះបីយើងជាអ្នកបម្រើដែលគ្មានប្រយោជន៍ យើងជាអ្នកបម្រើតែប៉ុណ្ណឹង ប៉ុន្តែយើងជាអ្នកបម្រើដោយដឹងថាគ្រប់កម្លាំង ថាមពលដែលយើងមាននៅក្នុងខ្លួន យើងកែប្រែដើម្បីប្រើសម្រាប់ព្រះជាម្ចាស់ ប្រើសម្រាប់បងប្អូនឯទៀតៗ។
បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់សម្រាប់លោកអភិបាល លី ដែលជាអភិបាលថ្មីនៃភូមិភាគកំពង់ចាម។ ខ្ញុំចង់បង្ហាញការដឹងគុណដល់លោកអភិបាល ឆ្មារ សាឡាស់ ដែលយើងនឹកឃើញតាមរយៈឈើឆ្កាងនេះ។ ដល់លោកអភិបាល អ៊ីវ និងលោកអភិបាល អេម៉ីល ដែលបានបូជា លះបង់ចោលជីវិតសម្រាប់ព្រះសហគមន៍របស់យើងនៅប្រទេសកម្ពុជា។ ខ្ញុំសុំឱ្យបងប្អូនទាំងអស់អធិដ្ឋានសម្រាប់ខ្ញុំផ្ទាល់ សម្រាប់ភូមិភាគរបស់យើងផ្ទាល់ ឲ្យយើងបន្តធ្វើដំណើរ។ ឲ្យយើងទាំងអស់គ្នា យើងចម្រើនពរដើម្បីឲ្យយើងមានសេចក្ដីសុខនៅក្នុងជីវិតផ្ទាល់ នៅក្នុងសង្គមបច្ចុប្បន្ននេះ យើងទូលអង្វរព្រះអង្គឲ្យព្រះអង្គគង់នៅជាមួយយើងជានិច្ច។ អាម៉ែន៕
+ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ
អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា
ភូមិភាគភ្នំពេញ