សន្តដាម៉ាសទី១ រាជវង្សក្នុងប្រទេសអេស្ប៉ាញ ឆ្នាំ៣៥៥ លោកបំពេញមុខងារជាលោកឧបដ្ឋាក នៅពេលសម្តេចប៉ាបលីបេរីអុសត្រូវបាននិរទេសទៅក្រុងបើដា លោកដាម៉ាសបានដើរតាមសម្តេចប៉ាប រហូតមកដល់ទីក្រុងរ៉ូមវិញ។ ក្រោយមកនៅឆ្នាំ៣៦៦ សម្តេចប៉ាបបេរីអុសសោយទិវង្គត់ លោកដាម៉ាសបានបន្តមុខងារជាសម្តេចប៉ាប ខណៈដែលលោកមានវ័យ៦២ឆ្នាំ។ លោកអុស៊ីណូស មានចិត្តច្រណែននិងលោកជាខ្លាំង ហើយបានបង្កើតចលនាប្រឆាំងនឹងសម្តេចប៉ាប ដាម៉ាស ដែលជាហេតុនាំឱ្យព្រះសហគមន៍មានការបាក់បែកគ្នាខ្លាំង ក្នុងចលនាប្រឆាំងនេះបាននាំឱ្យមានមនុស្សប្រមាណជា១៣៧នាក់បានបាត់បង់ជីវិត។ សម្តេចប៉ាបដាម៉ាស បានខិតខំរក្សាជំនឿព្រះសហគមន៍យ៉ាងខ្លាំង។ លោកបានបំពេញមុខងារដោយព្យាយាមបង្រួបបង្រួម រវាងព្រះសហគមន៍ខាងកើតនិងព្រះសហគមន៍ខាងលិច។លោកបានតែងទាំងលោកអភិបាលចំនួន ៥៤ នាក់ ដើម្បីជួយក្នុងកិច្ចការប្រកាសដំណឹងល្អ ព្រមទាំងការពារជំនឿកាតូលិក។ លោកបានព្យាយាមឲ្យព្រះសហគមន៍មានឯកភាពជាមួយគ្នា។ លោកបានបញ្ជូនសន្ត សេណូបីអូស និងលោកអភិបាល ហ្វូរេន ទៅក្រុងកង់ស្តុង់ទីណូប ក្នុងឆ្នាំ៣៨១ ដើម្បីលើកទឹកចិត្តអស់អ្នកដែលដើរតាមជំនឿវង្វេង ហើយត្រូវចាប់ខ្លួនដោយព្រះចៅអធិរាជរាឡិនថាញ។ លោកបានសុំឱ្យសន្តយេរ៉ូម រៀបចំ និងត្រួតពិនិត្យ កែតម្រូវព្រះគម្ពីរឡើងវិញឱ្យបានត្រឹមត្រូវ និងរៀបចំចម្រៀង លើកតម្កើងផងដែរ។ លោកបានកសាង និងតុបតែងព្រះវិហារសន្តឡារេនឡើងវិញ ដែលបច្ចុប្បន្នហៅថា ព្រះវិហារសន្តឡារេន នៅដាមាសូ។ លោកបានរៀបចំបញ្ជៀសទឹកដែលបានលិចផ្នូររបស់មរណបុគ្គលទាំងអស់ក្នុងបុរីវ៉ាទីកង់ និងបានរៀបចំកែលម្អផ្នូររបស់សន្តបុគ្គល មរណសាក្សីឱ្យបានសមរម្យផងដែរ។ សម្តេចប៉ាបដាម៉ាសទី១ បានទទួលមុខងារជាសម្តេចប៉ាបរយៈពេល១៨ឆ្នាំ ២ ខែ ហើយលោកបានទទួលមរណភាព នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ៣៨៤ នៅពេលលោកជិតចូលអាយុ៨០ឆ្នាំ។ នៅក្នុងស.វទី៨ ធាតុរបស់សន្តដាម៉ាសត្រូវបានដាក់តម្កល់នៅព្រះវិហារឡារេន ក្នុងទីក្រុងដាមាសូ តែក្បាលរបស់លោក ត្រូវបានដាក់តម្កល់នៅក្នុងបាស៊ីលីកា សន្តសិលា។ ពេញមួយជីវិតជាសម្តេចប៉ាប សន្តដាម៉ាស បាននិយាយប្រឆាំងនឹងសាសនាខុសឆ្គង ហើយលើកទឹកចិត្តនិងគាំទ្រការរៀបចំព្រះគម្ពីរឡើងវិញ។ លោកបានបង្រួបប្រង្រួមក្រុងរ៉ូម ជាមួយក្រុងអន់ទីយ៉ូក ហើយបានលើកទឹកចិត្តឱ្យមានការគោរពសន្តបុគ្គល និង មរណបុគ្គលឡើងវិញផងដែរ។





