នាងអឺឡាលីយ៉ាជាព្រហ្មចារីដ៏ល្បីល្បាញជាងគេនៅប្រទេសអេស្ប៉ាញ។ នាងកើតនៅសតវត្សរ៍ទី៣។ នាងបានកើតក្នុងត្រកូលគ្រួសារអភិជន ក្នុងឆ្នាំ២៩០។ នាងបានទទួលការអប់រំអំពីគ្រីស្តសាសនា។ នាងពីតូចមកម្លេះនាងជាក្មេងសុភាពរាបសារ ស្លូតបូត។ នាងស្រលាញ់ព្រះនាងម៉ារីជាខ្លាំង។នៅសម័យនោះ ព្រះចៅអធិរាជរ៉ូម៉ាំងបៀតបៀនគ្រីស្តបរិស័ទយ៉ាងខ្លាំងជាទីបំផុត។ ពេលគេចាប់គ្រីស្តបរិស័ទម្នាក់ គេបញ្ជាឲ្យគ្រីស្តបរិស័ទនោះថ្វាយយញ្ញបូជាចំពោះព្រះក្លែងក្លាយនៃជនជាតិរ៉ូម៉ាំង។ ប៉ុន្តែ គ្រីស្តបរិស័ទភាគច្រើនមិនព្រមក្បត់នឹងជំនឿរបស់ខ្លួនទេ ហើយត្រូវគេសម្លាប់។ ថ្ងៃមួយ ពេលគេចាប់នាងអឺឡាលីយ៉ា គេបង្ខំឲ្យនាងថ្វាយយញ្ញបូជាចំពោះព្រះក្លែងក្លាយ។ ទោះបីម្តាយនាងអង្វរនាងឲ្យគោរពតាមបញ្ជារបស់ព្រះចៅអធិរាជក៏ដោយ ក៏នាងមិនព្រមស្តាប់ម្តាយដែរ នាងនិយាយថា៖ “គួរតែស្តាប់បង្គាប់ព្រះជាម្ចាស់ជាងស្តាប់បង្គាប់មនុស្សលោក។ ខ្ញុំបាត់បង់ជីវិតនៅក្នុងលោកីយ៍នេះមែន តែខ្ញុំនឹងទទួលជីវិតអស់កល្បជានិច្ចពោរពេញដោយសុភមង្គលនៅស្ថានបរមសុខ រួមជាមួយព្រះបិតាវិញ។ ដោយសារខឹងនឹងនាងពេក គេក៏ចងដៃចងជើងនាងជាប់នឹងដើមឈើ ធ្វើទារុណកម្មគ្រប់យ៉ាងដល់នាង និងដុតនាងទាំងរស់។ តែនៅពេលនោះ នាងមានទឹកមុខពោរពេញដោយអំណរសប្បាយ ដោយបានបូជាជីវិតសម្រាប់ស្ដេចនៃស្ថានបរមសុខ។ នាងត្រូវបានគេសម្លាប់ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ៣០៤ នៅពេលនោះ នាងអាយុ១២ឆ្នាំប៉ុណ្ណោះ។





