ថ្ងៃទី ៨ ធ្នូ បុណ្យគោរពព្រះនាងព្រហ្មចារីនីម៉ារីមិនជំពាក់បាប ជាបុណ្យឱឡារិក

ក្នុងគម្ពីរដំណឹងល្អ លោកលូកា និងគ្រីស្តបរិស័ទដើមដំបូង គោរពព្រះនាងម៉ារីទុកជាតំណាងនៃព្រះសហគមន៍ទាំងមូល ។ អស់លោកយល់ថា កាលពីដើមដំបូង នាងអេវ៉ាជាតំណាងមនុស្សជាតិ មិនព្រមធ្វើតាមព្រះបញ្ជារបស់ព្រះជាម្ចាស់ រីឯព្រះនាងម៉ារីវិញ នាងជាតំណាងរបស់អស់អ្នកជឿ ដោយនាងទទួលព្រះបន្ទូលព្រះជាម្ចាស់ ហើយយល់ព្រមប្រព្រឹត្តតាម ។

តាំងពីដើមរៀងមក គ្រីស្តបរិស័ទនៅមជ្ឈិមបូព៌ាតែងតែនាំគ្នាជឿ និងប្រកាសថា ព្រះជាម្ចាស់បានថែរក្សាការពារព្រះនាងម៉ារី តាំងពីព្រះនាងចាប់ផ្ទៃមក មិនឲ្យជាប់ជំពាក់បាបអ្វីឡើយ ។ ព្រះអង្គថែរក្សាការពារព្រះនាងម៉ារីដូច្នេះ ពុំមែនដោយទ្រង់ឈ្វេងយល់ដល់គុណបុណ្យព្រះនាងទេ គឺមកពីព្រះអង្គសព្វព្រះហប្ញទ័យឲ្យព្រះនាងម៉ារី ទៅជាព្រះមាតាដ៏ឥតសៅហ្មងរបស់ព្រះបុត្រាព្រះអង្គ បានជាព្រះជាម្ចាស់បានសង្គ្រោះ និងថែរក្សានាងទុកជាមុនកំណើតមកម្ល៉េះ ។ នៅឆ្នាំ ១៨៥៤ សម្តេចប៉ាប ពីយ៉ូទី៩ ប្រកាសយ៉ាងឱឡារិកថា គ្រីស្តបរិស័ទទូទាំងសកលលោកគួរតែជឿថា ព្រះនាងម៉ារីពិតជាមនុស្សធម្មតាដូចយើងទាំងអស់គ្នាមែន ប៉ុន្តែ ព្រះនាងជាព្រះមាតារបស់ព្រះគ្រីស្តដែរ បានជាព្រះអង្គបានថែរក្សានាង ពីស្នាមរបួសនៃអំពើបាបដើម ។ បួនឆ្នាំក្រោយមក (១៨៥៨) ព្រះនាងម៉ារីបានបង្ហាញខ្លួនឲ្យនាង ប៊ែរណាដែត ស៊ូប៊ីរូស ឃើញដល់១៨ដង នៅក្រុងលួរដ៍ (ប្រទេសបារាំង) ។ ពេលនោះ ព្រះនាងម៉ារីបាន ដាក់ឈ្មោះឲ្យខ្លួនថា «ជាអ្នកដែលមិនជំពាក់បាប» បញ្ជាក់យ៉ាងច្បាស់ថែមទៀតអំពីព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ។ ព្រះនាងម៉ារី ពិតជានាងអេវ៉ាថ្មី ។ ក្នុងរដូវរង់ចាំ គ្រីស្តបរិស័ទរួមចិត្តគំនិតជាមួយនាងម៉ារី សូមអង្វរព្រះជាម្ចាស់ឲ្យព្រះរាជ្យព្រះអង្គឆាប់យាងមកដល់ ។ បពិត្រព្រះជាម្ចាស់ជាព្រះបិតា យើងខ្ញុំជាមនុស្សបាប ប៉ុន្តែព្រះអង្គទ្រង់ជ្រើសរើសយើង ត្រាស់ហៅយើងចូល ក្នុងព្រះសហគមន៍ដ៏វិសុទ្ធរបស់ព្រះអង្គ យើងត្រូវធ្វើយ៉ាងណា ឲ្យសមនឹងការត្រាស់ហៅរបស់ព្រះជាម្ចាស់នេះ។ ព្រះនាងម៉ារីឆ្លើយតបគម្រោងការរបស់ព្រះជាម្ចាស់ ដោយគ្មានលក្ខខ័ណ្ឌ សូមព្រះជាម្ចាស់ឆ្លើយតបការ ត្រាស់ហៅរបស់ព្រះជាម្ចាស់ក្នុងជីវិតយើង ដោយគ្មានលក្ខខ័ណ្ឌអ្វីដែរ។

Facebook
Twitter
LinkedIn