អត្ថបទគម្ពីរ ថ្ងៃអាទិត្យ ទី​២៧ ខែវិច្ឆិកា ឆ្នាំ២០២២

ថ្ងៃអាទិត្យទី១ក្នុងរដូវអបអរសាទរ

ថ្ងៃអាទិត្យទី១ ក្នុងរដូវនេះហាក់ដូចជាថ្ងៃដើមដំបូងប្រចាំឆ្នាំនៃគ្រីស្តសាសនាយើង ព្រោះយើងចាប់ផ្តើមរំឮកប្រវត្តិនៃការសង្គ្រោះរបស់មនុស្សលោកតាំងពីដើមរៀងមក។ ព្រះសហគមន៍ដាស់តឿនយើងជាគ្រីស្តបរិស័ទ ឱ្យប្រុងស្មារតីទទួលព្រះគ្រីស្តដែលយាងមកជា រៀងរាល់ថ្ងៃប្រចាំជីវិតយើងនាបច្ចុប្បន្ន​កាលនេះ។ យើងសង្ឃឹមថា ព្រះគ្រីស្តនឹងយាងមកសង្គ្រោះមនុស្សលោកជាស្ថានពរ ព្រះអង្គនឹងបំបាត់ សេចក្តីអាក្រក់គ្រប់យ៉ាង ព្រមទាំងផ្តល់សុភមង្គលដ៏ពេញលេញឱ្យមនុស្សទាំងអស់ផង។ យើងជាគ្រីស្តបរិស័ទ ត្រូវតែយកចិត្តទុកដាក់កសាងពិភពលោកថ្មីប្រកបដោយយុត្តិធម៌ និងភាតរភាព។ យើងថែរក្សាពិភពលោកដែលព្រះជាម្ចាស់បានប្រគល់ឱ្យ និងបម្រើព្រះអង្គ ដោយបម្រើបងប្អូន។ ឱ! ព្រះយេស៊ូជាអម្ចាស់! សូមយាងមក!

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ២,១-៥

ព្យាការីអេសាយទទួលព្រះបន្ទូលពីព្រះអម្ចាស់ស្តីអំពីស្រុកយូដា និងក្រុងយេរូសាឡឹមដូចតទៅ៖«នៅពេលអនាគត ព្រះអម្ចាស់នឹងលើកភ្នំដែលមានព្រះវិហាររបស់ព្រះអង្គមកដាក់នៅលើភ្នំទាំងឡាយ ដើម្បីឱ្យភ្នំនេះបានខ្ពស់ជាងគេ។ ប្រជាជាតិទាំងប៉ុន្មាននឹងនាំគ្នាឡើងទៅ លើភ្នំនោះជាហូរហែ។ ប្រជាជនជាច្រើននឹងចេញដំណើរឡើងទៅលើភ្នំនោះទាំងពោលថា៖”ចូរនាំគ្នាមក! យើងឡើងលើភ្នំរបស់ព្រះអម្ចាស់! យើងឡើងទៅព្រះដំណាក់នៃព្រះរបស់លោកយ៉ាកុប។ ព្រះអង្គនឹងបង្ហាញមាគ៌ារបស់ព្រះអង្គ ហើយយើងនឹងនាំគ្នាដើរតាមមាគ៌ានោះ។ មែន! ធម្មវិន័យចេញមកពីភ្នំស៊ីយ៉ូន ហើយព្រះបន្ទូលរបស់ព្រះអម្ចាស់ក៏ចេញពីក្រុងយេរ៉ូសាឡឹមដែរ”។ ព្រះអង្គនឹងវិនិច្ឆ័យរឿងជម្លោះរវាងប្រជាជាតិនានា ព្រះអង្គនឹងសម្រុះសម្រួលប្រជាជនជាច្រើនឱ្យឈប់ទាស់ទែងគ្នា។ ពេលនោះ ពួកគេនឹងយកដាវរបស់ខ្លួនមកដំធ្វើជាផាលនង្គ័ល ហើយយកលំពែងរំលាយធ្វើជាកណ្តៀវវិញ។ ប្រជាជាតិមួយឈប់ច្បាំងនឹងប្រជាជាតិមួយទៀតហើយ គេក៏លែងហ្វឹកហាត់ធ្វើសឹកសង្គ្រាមទៀតដែរ។ កូនចៅលោកយ៉ាកុបអើយ! ចូរនាំគ្នាមក! យើងដើរក្រោមពន្លឺរបស់ព្រះជាម្ចាស់»។

ទំនុកតម្កើងលេខ ១២២ (១២១), ១-៤.៦-៩ បទកាកគតិ

គេប្រាប់ខ្ញុំថាយើងនាំគ្នីគ្នាទៅព្រះដំណាក់
ទីដែលព្រះជាអម្ចាស់គង់ស្នាក់ល្អឥតមានអាក់
ខ្ញុំសប្បាយក្រៃ
យេរូសាឡឹមភក្រ្ដអ្នកប៉ប្រិមឥតមានទើសទាស់
យើងនាំគ្នាឈានជើងចូលដល់ដីដល់ទ្វារបុរី
នៃអ្នកហើយណា
យេរូសាឡឹមជាក្រុងមួយធំសែនស្រស់សងា្ហ
ដែលសង់ឡើងបានរឹងមាំអស្ចារ្យកំពែងពាំងការ
ល្អព័ទ្ធជុំជិត
គ្រប់កុលសម្ព័ន្ធនានារួសរាន់នាំគ្នាមកស្ថិត
ច្រៀងលើកតម្កើងព្រះម្ចាស់មានឫទ្ធិតាមច្បាប់នៃជាតិ
ជនអ៊ីស្រាអែល
សូមព្រះអម្ចាស់ប្រណីសន្ដោសសន្ដិភាពបវរ
ដល់ក្រុងសាឡឹមឱ្យអ្នកស្មោះសរស្រឡាញ់ក្រុងល្អ
រស់នៅសុខសាន្ដ
ឱ្យអ្នករស់ក្នុងកំពែងទីក្រុងបានសុខក្សេមក្សាន្ដ
សូមឱ្យវិមានក្នុងក្រុងប៉ុន្មានជួបតែសុខសាន្ដ
ឥតមានទុក្ខភ័យ
យល់ដល់សន្តានញាតិមិត្តជុំផានបងប្អូនប្រុសស្រី
ខ្ញុំពោលឡើងថាសូមឱ្យសេរីបវរសួស្តី
ដល់ក្រុងថ្កុំថ្កើង
យល់ដល់ដំណាក់ល្អស្រស់វរលក្ខណ៍ជាព្រះនៃយើង​
សូមឱ្យអ្នកបានសិរីរុងរឿងខ្ពង់ខ្ពស់ថ្កុំថ្កើង
សុភមង្គល

អត្ថបទទី២៖ សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងរ៉ូម រម ១៣,១១-១៤ក

បងប្អូនជាទីស្រឡាញ់!
បងប្អូនជ្រាបហើយថា យើងកំពុងតែរស់នៅក្នុងគ្រាណា គឺដល់ពេលយើងត្រូវក្រោកពីដេក ដ្បិតឥឡូវនេះ ការសង្គ្រោះខិតមកជិតយើង ជាងកាលយើងទើបនឹងជឿ។ យប់ជិតផុតហើយ ហើយថ្ងៃក៏ជិតដល់ដែរ។ ដូច្នេះ យើងត្រូវលះបង់អំពើនៃសេចក្តីងងឹតចោលទៅ ហើយប្រដាប់ខ្លួនដោយគ្រឿងសាស្ត្រាវុធនៃពន្លឺវិញ។ ត្រូវរស់នៅឱ្យបានត្រឹមត្រូវដូចរស់នៅក្នុងពេលថ្ងៃ គឺមិនស៊ីផឹកស្រវឹង មិនប្រព្រឹត្តកាមតណ្ហាក្រៅតម្រា មិនប្រាសចាកសីលធម៌ មិនឈ្លោះប្រកែក និងច្រណែនឈ្នានីសគ្នា។ ផ្ទុយទៅវិញ ត្រូវប្រដាប់ខ្លួនដោយព្រះអម្ចាស់យេស៊ូគ្រីស្ត។ គាត់មុខជាប្រុងស្មារតីពុំខាន មិនបណ្តោយឱ្យចោរចូលមកប្លន់ផ្ទះគាត់បានឡើយ។ ដូច្នេះ អ្នករាល់គ្នាត្រូវត្រៀមខ្លួនជានិច្ច ដ្បិតបុត្រមនុស្សនឹងមកដល់នៅវេលាដែលអ្នករាល់គ្នាពុំ បានគិត»។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មក ទន ៨៥,៨

អាលេលូយ៉ា! អាលេលូយ៉ា!
ឱ!ព្រះអម្ចាស់អើយ! សូមសម្តែងព្រះហឫទ័យមេត្តាករុណាចំពោះយើងខ្ញុំ! សូមយាងមកសង្គ្រោះយើងខ្ញុំផង!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ ២៤,៣៧-៤៤

ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កអំពីដំណើរនិវត្តន៍របស់ព្រះអង្គដូចទៅ៖«នៅគ្រាបុត្រមនុស្សមកដល់ ក៏ដូចកាលនៅសម័យលោកណូអេដែរ គឺមុនពេលទឹកជំនន់ធំ មនុស្សម្នាតែងតែនាំគ្នាស៊ីផឹករៀបការប្តីប្រពន្ធ រហូតដល់ថ្ងៃដែលលោកណូអេចូលក្នុងសំពៅធំ។ គេមិនបានចាប់អារម្មណ៍អ្វីសោះ ទាល់តែជំនន់បំផ្លាញគេអស់។ នៅគ្រាដែលបុត្រមនុស្សមកដល់ក៏កើតមានដូច្នោះដែរ។ បើមានមនុស្សពីរនាក់ធ្វើការក្នុងចម្ការជាមួយគ្នា ព្រះជាម្ចាស់នឹងយកម្នាក់ទៅ ទុកម្នាក់ទៀតឱ្យនៅ។ បើមានស្រ្តីពីរនាក់កិនស្រូវជាមួយគ្នា ព្រះអម្ចាស់នឹងយកម្នាក់ទៅ ទុកម្នាក់ទៀតឱ្យនៅ។ ដូច្នេះ ចូរប្រុងស្មារតីឱ្យមែនទែន ដ្បិតអ្នករាល់គ្នាពុំដឹងថា ព្រះអម្ចាស់របស់អ្នករាល់គ្នានឹងមក ដល់នៅពេលណាឡើយ។ អ្នករាល់គ្នាដឹងហើយថា បើម្ចាស់ផ្ទះដឹងចោរចូលមកប្លន់ថ្មើរណា គាត់មុខជាប្រុងស្មារតីពុំខាន មិនបណ្តោយ​ឱ្យចោរចូលមកប្លន់ផ្ទះគាត់បានឡើយ។ ដូច្នេះ អ្នករាល់គ្នាត្រូវត្រៀមខ្លួនជានិច្ច ដ្បិតបុត្រមនុស្សនឹងមកដល់នៅវេលាដែលអ្នករាល់គ្នាពុំបានគិត»។

Facebook
Twitter
LinkedIn