សូមថ្លែងព្រះគម្ពីរវីវរណៈរបស់សន្ដយ៉ូហាន វវ ២២,១-៧
ទេវទូតបង្ហាញឱ្យខ្ញុំ យ៉ូហានឃើញទន្លេដែលមានទឹកផ្ដល់ជីវិតថ្លាដូចកែវចរណៃហូរចេញមកពីបល្ល័ង្ករបស់ព្រះជាម្ចាស់ និងបល្ល័ង្ករបស់កូនចៀម។ នៅចំកណ្ដាលលានក្រុង និងនៅមាត់ច្រាំងទាំងសងខាងរបស់ទន្លេនោះ មានដើមឈើដែលផ្ដល់ជីវិត ផ្លែដប់ពីរដងក្នុងមួយឆ្នាំ គឺមានផ្លែរៀងរាល់ខែ។ រីឯស្លឹកឈើនោះជាថ្នាំសម្រាប់ព្យាបាលប្រជាជាតិនានាឱ្យបានជា។ ក្នុងក្រុងនោះ អ្វីៗទាំងអស់នឹងលែងត្រូវបណ្ដាសាទៀតហើយ។ បល្ល័ង្ករបស់ព្រះជាម្ចាស់ និងបល្ល័ង្ករបស់កូនចៀមស្ថិតនៅក្នុងក្រុងនោះ ហើយពួកអ្នកបម្រើរបស់ព្រះអង្គនាំគ្នាគោរពថ្វាយបង្គំព្រះអង្គ គេនឹងឃើញព្រះភក្ត្រព្រះអង្គ ហើយនៅលើថ្ងាសគេក៏មានដៅព្រះនាមព្រះអង្គដែរ។ នៅក្រុងនោះ គ្មានយប់ទៀតទេ គេក៏លែងត្រូវការពន្លឺចង្កៀង ឬពន្លឺព្រះអាទិត្យទៀតដែរ ដ្បិតព្រះជាអម្ចាស់ព្រះអង្គជាពន្លឺបំភ្លឺគេ ហើយគេនឹងគ្រងរាជ្យអស់កល្បជាអង្វែងតរៀងទៅ។ ទេវទូតពោលមកខ្ញុំថា៖«ពាក្យទាំងនេះសុទ្ធតែជាពាក្យពិតគួរឱ្យជឿ។ ព្រះជាអម្ចាស់ដែលប្រទានព្រះវិញ្ញាណដល់ពួកព្យាការី ព្រះអង្គបានចាត់ទេវទូតរបស់ព្រះអង្គឱ្យមកប្រាប់ពួកអ្នកបម្រើព្រះអង្គដឹងអំពីហេតុការណ៍ដែលត្រូវកើតមានក្នុងពេលឆាប់ៗខាងមុខ។ ព្រះយេស៊ូមានព្រះបន្ទូលថាៈ “ចូរស្ដាប់ យើងនឹងមកដល់ក្នុងពេលឆាប់ៗ អ្នកណាប្រតិបត្តិតាមសេចក្ដីដែលមានថ្លែងទុកក្នុងសៀវភៅនេះ អ្នកនោះមានសុភមង្គលហើយ!”»។
ទំនុកតម្កើងលេខ ៩៥(៩៤) ,១-៧ បទកាកគតិ
១ | យើងស្រែកច្រៀងឡើង | សរសើរតម្កើង | ថ្វាយព្រះអម្ចាស់ |
ដោយចិត្តអបអរ | សាទរថ្វាយព្រះ | ជាថ្មមាំណាស់ | |
ជួយសង្គ្រោះយើង | ។ | ||
២ | យើងនាំគ្នីគ្នា | រូតរះម្នីម្នា | ជួបភ័ក្រ្តព្រះអង្គ |
ទាំងអរព្រះគុណ | ស្មូត្របទតម្កើង | កោតសរសើរទ្រង់ | |
អស់កល្បអង្វែង | ។ | ||
៣ | ដ្បិតព្រះអម្ចាស់ | ប្រសើរពេកណាស់ | វិសេសក្រៃលែង |
ទ្រង់គឺជាក្សត្រ | សោយរាជ្យអង្វែង | ខ្ពង់ខ្ពស់ស្ញប់ស្ញែង | |
លើសព្រះទាំងឡាយ | ។ | ||
៤ | ព្រះអង្គគ្រប់គ្រង | លើអ្វីទាំងពួង | ឥតមានខ្វល់ខ្វាយ |
តាំងពីបាតដី | សន្លឹមអន្លាយ | ដល់ទីសែនឆ្ងាយ | |
កំពូលភ្នំផង | ។ | ||
៥ | ព្រះអង្គជាម្ចាស់ | សមុទ្រទាំងអស់ | មើលថែគ្រប់គ្រង |
ព្រោះទ្រង់បង្កើត | សមុទ្រមកផង | ដីល្អកន្លង | |
ជាស្នាដៃទ្រង់ | ។ | ||
៦ | ចូរនាំគ្នីគ្នា | គោរពវន្ទា | ក្រាបថ្វាយព្រះអង្គ |
យើងក្រាបចំពោះ | ព្រះភក្រ្តផូរផង់ | បារមីត្រចង់ | |
ទ្រង់បង្កើតយើង | ។ | ||
៧ | ព្រះអង្គជាព្រះ | នៃយើងទាំងអស់ | ចារមីថ្កុំថ្កើង |
ទ្រង់ជាគង្វាល | ដឹកនាំពួកយើង | ថ្ងៃនេះព្រះអង្គ | |
បន្លឹឡើងថា | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ២១,៣៦
អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកដែលប្រុងស្មារតីអធិដ្ឋានគ្រប់ពេលវេលា ពិតជាមានសុភមង្គល ដ្បិតអាចឈរនៅមុខបុត្រមនុស្ស។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ២១,៣៤-៣៦
ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុងសាវ័កអំពីដំណើរនិវិត្តរបស់ព្រះអង្គថា៖«ចូរអ្នករាល់គ្នាប្រុងប្រយ័ត្នឱ្យមែនទែន! កុំបណ្ដោយឱ្យចិត្តរបស់អ្នករាល់គ្នាវក់វីនឹងគ្រឿងសប្បាយ គ្រឿងស្រវឹង ឬក៏ខ្វល់ខ្វាយអំពីរឿងជីវិតនេះឡើយ ក្រែងលោថ្ងៃនោះមកដល់ តែអ្នករាល់គ្នាពុំបានប្រុងប្រៀបខ្លួន ដ្បិតថ្ងៃនោះមកដល់ប្រៀបបាននឹងសំណាញ់ដែលគ្របពីលើមនុស្សទាំងអស់នៅលើផែនដីទាំងមូល។ ចូរប្រុងស្មារតី និងទូលអង្វរគ្រប់ពេលវេលា ដើម្បីឱ្យអ្នករាល់គ្នាមានកម្លាំង ឆ្លងផុតពីហេតុការណ៍ទាំងអស់ដែលត្រូវកើតមាន ហើយដើម្បីឱ្យអ្នករាល់គ្នាអាចឈរនៅមុខបុត្រមនុស្ស»។