គ្រីស្តបរិស័ទនាំគ្នាប្រារព្ធ”រដួវអបអរសាទ” “បុណ្យព្រះយេស៊ូប្រសូត្រ” និង “បុណ្យព្រះយេស៊ូសម្តែងព្រះអង្គ”ដោយមានគោលបំណងតែមួយ គឺប្រកាសជំនឿរបស់ខ្លួនចំពោះព្រះជាម្ចាស់យាងមក រួមសាមគ្គីជាមួយមនុស្សលោក គឺព្រះអង្គប្រទានឲ្យជីវិតមនុស្សមានតម្លៃ។
កាលពីដើម ជនជាតិអ៊ីស្រាអែលតែងតែរង់ចាំ “ព្រះមេស៊្សី” ឬ “ព្រះគ្រីស្ត” ជាស្តេចមួយអង្គដែលនឹងយាងមករំដោះស្រុកគេឲ្យរួចពីនឹមនៃខ្មាំងសត្រូវ និងផ្តល់សុភមង្គលគ្រប់យ៉ាងឲ្យពួកគេ តាមព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់ ។ អស់លោកព្យាការីដែលជាអ្នកថ្លែងព្រះបន្ទូលក្នុងនាមព្រះជាម្ចាស់ បានលើកទឹកចិត្តជនជាតិអ៊ីស្រាអែលក្នុងការរង់ចាំនោះ ឲ្យមានចិត្តសង្ឃឹមជានិច្ច។
ក្នុង “រដូវអបអរសាទរ” គឺក្នុងរយៈពេល ៤ អាទិត្យមុនបុណ្យព្រះយេស៊ូប្រសូតគ្រីស្តបរិស័ទសម័យឥឡូវនេះ បង្ហាញជំនឿរបស់ខ្លួនចំពោះព្រះគ្រីស្ត ដែលបានសង្រ្គោះមនុស្សលោក រួចហើយលាតសន្ធឹងការសង្គ្រោះរបស់ព្រះអង្គ រហូតដល់ពេលព្រះអង្គយាងមកនៅពេលចុងក្រោយបំផុត។
ព្រះគ្រីស្តបានសង្គ្រោះមនុស្សលោកជាស្ថាពរ គឺនាំឲ្យគេមានទំនាក់ទំនងជាមួយព្រះបិតា។ សម័យឥឡូវនេះ ជាសម័យព្រះសហគមន៍ គឺសម័យរបស់យើងជាគ្រីស្តបរិស័ទ។ យើងមានភារៈកិច្ចសំខាន់ គឺនាំការសង្គ្រោះរបស់ព្រះគ្រីស្តដល់មនុស្សគ្រប់ជាតិសាសន៍ ជាពិសេសយកចិត្តទុកដាក់រួមគ្នាបំបាត់មូលហេតុទាំងឡាយ ដែលបណ្តាលឲ្យមនុស្សកើតទុក្ខមានចិត្តលោភលន់ ការស្អប់ សង្គ្រាម ហិង្សា អយុត្តិធម៌ជាដើម។ ពេលណាមនុស្សយើងប្រព្រឹត្តអំពើល្អណាមួយ ព្រះគ្រីស្តយាងមកគ្រប់គ្រងពិភពលោក។
យើងជាគ្រីស្តបរិស័ទសម្តែងសេចក្តីសង្ឃឹមរបស់ខ្លួន និងទទួលស្គាល់វត្តមានរបស់ព្រះគ្រីស្តដែលយាងមកសព្វថ្ងៃដែរ។
ថ្ងៃអាទិត្យទី ១ ក្នុងរដូវនេះ ហាក់ដូចជាថ្ងៃដើមដំបូងប្រចាំឆ្នាំនៃគ្រីស្តសាសនាយើងព្រោះយើងចាប់ផ្តើមរំឮកប្រវត្តិនៃការសង្គ្រោះរបស់មនុស្សលោកតាំងពីដើមរៀងមក។ ព្រះសហគមន៍ដាស់សតឿនយើងជាគ្រីស្តបរិស័ទ ឲ្យប្រុងស្មារតីទទួលព្រះគ្រីស្តដែលយាងមកជារៀងរាល់ថ្ងៃប្រចាំជីវិតយើងនាបច្ចុប្បន្នកាលនេះ។ យើងសង្ឃឹមថា ព្រះគ្រីស្តនឹងយាងមកសង្គ្រោះមនុស្សលោកជាស្ថានពរ ព្រះអង្គនឹងបំបាត់សេចក្តីអាក្រក់គ្រប់យ៉ាង ព្រមទាំងផ្តល់សុភមង្គលដ៏ពេញលេញឲ្យមនុស្សទាំងអស់ផង។ យើងជាគ្រីស្តបរិស័ទ ត្រូវតែយកចិត្តទុកដាក់កសាងពិភពលោកថ្មីប្រកបដោយយុត្តិធម៌និងភាតរភាព។ យើងថែរក្សាពិភពលោក ដែលព្រះជាម្ចាស់បានប្រគល់ឲ្យ និងបម្រើព្រះអង្គដោយបម្រើបងប្អូន។ ឱ! ព្រះយេស៊ូជាអម្ចាស់! សូមយាងមក!
ថ្ងៃអាទិត្យទី២ នៃរដូវរងចាំ យើងជាគ្រីស្តបរិស័ទយកចិត្តទុកដាក់ស្តាប់ពាក្យប្រៀនប្រដៅរបស់លោកយ៉ូហានបាទីស្ត ជាអ្នកដែលព្រះជាម្ចាស់ចាត់ឲ្យមករៀបចំផ្លូវថ្វាយព្រះយេស៊ូ។ នាបច្ចុប្បន្ននេះ គ្រីស្តបរិស័ទក៏យកចិត្តទុកដាក់សម្រុះសម្រួលអ្នកដែលបាក់បែកគ្នា ឬទាស់ទែងគ្នា ជាពិសេស ត្រូវអត់ទោសឲ្យគ្នាទៅវិញទៅមកជាមុនសិន។ នេះជារបៀបដ៏ប្រសើរ សម្រាប់រៀបចំផ្លូវថ្វាយព្រះគ្រីស្តយាងមកវិញ។
ថ្ងៃអាទិត្យទី ៣ ក្នុងរដូវអបអរសាទរ យើងរំដល់ កាលពីដើម ជនជាតិយូដាតែងតែទន្ទឹមរង់ចាំ “ព្រះមែស្ស៊ី” គឺ”ព្រះគ្រីស្ត” ជាស្តេចមួយអង្គដែលនឹងយាងមកសង្គ្រោះពួកគេ តាមព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់ ។ ពួកគេសង្ឃឹមថា ព្រះគ្រីស្តយាងមកតែងតាំង” ព្រះរាជ្យរបស់ព្រះជាម្ចាស់” ឬធ្វើឲ្យ” ព្រះជាម្ចាស់គ្រងរាជ្យលើមនុស្សលោក” នាំសុភមង្គលដ៏ពេញលេញមកមនុស្សលោក។ គ្រីស្តបរិស័ទជាអ្នកប្រកាសថា លោកគ្រូយេស៊ូដែលត្រូវគេឆ្កាងសម្លាប់ចោល ហើយដែលទទួលព្រះជន្មថ្មី ពិតជាព្រះគ្រីស្តនោះមែន គឺពិតជាអ្នកផ្តល់សុភមង្គលដល់ខ្លួនគេ និងដល់មនុស្សលោកផង។ ចុះហេតុអ្វីបានជាក្នុងពិភពលោកយើងនេះ នៅតែមានទុក្ខ នៅតែមានមនុស្សជរា ពិការនៅតែមានសង្គ្រាមដូច្នេះ? ព្រះយេស៊ូដែលមានព្រះជន្មគង់នៅជាមួយយើង នៅតែមានទុក្ខ នៅតែមានមនុស្សជរា ពិការនៅតែមានសង្គ្រាមដូច្នេះ? ព្រះយេស៊ូដែលមានព្រះជន្មគង់នៅជាមួយយើង ទ្រង់ប្រទានឲ្យទុក្ខវេទនាគ្រប់យ៉ាងរបស់មនុស្សលោកទទួលអត្ថន័យថ្មី។ នេះជាសេចក្តីសង្ឃឹម និងអំណរសប្បាយរបស់យើង។
អាទិត្យចុងក្រោយ គឺអាទិត្យទី៤ ដោយបង្ហាញថា ព្រះយេស៊ូមានរូបរាង មានសាច់ឈាមជាមនុស្សដូចយើងរាល់គ្នាបេះបិទ។ ព្រះអង្គជាប់ព្រះរាជវង្សានុវង្សរបស់ព្រះបាទដាវីឌ។ កាលពីដើម ព្រះជាម្ចាស់មានព្រះបន្ទូលសន្យាថា នឹងចាត់ “ព្រះគ្រីស្ត” ជាស្តេចមួយអង្គ ដែលយាងមករំដោះប្រជាជនអ៊ីស្រាអែលឲ្យរួចពីខ្មាំងសត្រូវ ។ យើងជឿថា ព្រះយេស៊ូពិតជាព្រះគ្រីស្តនោះមែន ទ្រង់រំដោះមនុស្សលោកឲ្យបានរួចពីសេចក្តីអាក្រក់គ្រប់យ៉ាង។ ជនជាតិយូដាស្មានថា ព្រះគ្រីស្តមុខជានឹងយាងមកប្រកបដោយសិរីរុងរឿង និងប្រព្រឹត្តការអស្ចារ្យ ទាំងរំដោះប្រជាជនគេដោយប្ញទ្ធិបារមីគួរឲ្យស្ញែងខ្លាច។ ផ្ទុយទៅវិញ ព្រះយេស៊ូយាងមករួមរស់ជាមួយមនុស្សយើង ដូចមនុស្សធម្មតា ព្រះអង្គធ្វើឲ្យជីវិតមនុស្សយើងទទួលតម្លៃដ៏ថ្លៃប្រសើរផង។ នាងម៉ារី និងលោកយ៉ូសែបជាតំណាងប្រជាជនអ៊ីស្រាអែលទាំងមូល ដែលរង់ចាំព្រះគ្រីស្ត ។ អ្នកទាំងពីរបានទទួលព្រះអង្គដោយចិត្តស្មោះ។