អត្ថបទទី១៖ ព្រះប្រាជ្ញាញាណ ១១,២៣-១២,២ ព្រះអង្គមិនប្រកាន់មនុស្ស ដែលប្រព្រឹត្តអំពើបាបទេ ដើម្បីឲ្យគេប្រែចិត្តគំនិត។ ប្រាញ ១១,២៣ អត្ថបទទី១៖ ថេស្សាឡូនិក ទី២ ១,១១-២,២ ឲ្យបងប្អូនរស់នៅបានសមនឹងការត្រាស់ហៅរបស់ព្រះអង្គ។ ២ថស ១,១១ ដំណឹងល្អ៖ លូកា ១៩,១-១០ ថ្ងៃនេះ ការសង្គ្រោះបានមកដល់ផ្ទះនេះហើយ។ លក ១៩,៩ |
អភិបូជានៅព្រះសហគមន៍ព្រះកុមារយេស៊ូ បឹងទំពន់
ភ្នំពេញខាងត្បូង ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២
បងប្អូនជាទីស្រឡាញ់
ពីរអាទិត្យមុន ខ្ញុំបាននិយាយអំពីមហាគម្រោងការ អំពីមហាកិច្ចការ អំពីមហាបេសកកម្មដែលយើងមាន ដើម្បីធ្វើ។ ថ្ងៃនេះ នៅក្នុងអត្ថបទទី១ដែលយើងបានស្ដាប់ យើងឃើញម្ដងទៀតអំពីមហាគម្រោងការរបស់ព្រះជាម្ចាស់។ ប៉ុន្តែ ច្បាស់ជាមុនទៀត នៅក្នុងគម្រោងការរបស់ព្រះជាម្ចាស់ដែលយើងស្ដាប់ “ព្រះអង្គបានស្រឡាញ់សត្វលោកទាំងអស់ ព្រះអង្គបានបង្កើតសត្វលោកទាំងអស់ ឲ្យមានសេចក្ដីសុខនៅលើផែនដីនេះ ព្រះអង្គមិនស្អប់ខ្ពើមសត្វលោកណាមួយដែលព្រះអង្គបានបង្កើតសោះឡើយ”។
ដូច្នេះ ថ្ងៃនេះយើងស្ដាប់យ៉ាងជាក់ស្ដែងមហាគម្រោងការរបស់ព្រះជាម្ចាស់ គឺយើងតែម្ដង គឺព្រះជាម្ចាស់បានបង្កើតយើង។ ព្រះជាម្ចាស់បានបង្កើតយើងទាំងអស់ ជាសត្វលោក ព្រះជាម្ចាស់មិនជ្រើសរើសមនុស្សនេះស្រឡាញ់ មនុស្សនោះស្អប់។ ព្រះជាម្ចាស់បញ្ចូលយើងទាំងអស់នៅក្នុងមហាគ្រួសាររបស់ព្រះអង្គ ដោយថែមទៀត “ព្រះអង្គតែងតែអាណិតអាសូរមនុស្សទាំងអស់ ព្រោះព្រះអង្គមានឫទ្ធានុភាពអាចសម្រេចកិច្ចការទាំងអស់បាន”។ នេះជាព្រះជាម្ចាស់ ព្រះជាម្ចាស់អត់ត្រូវការយើងទេដើម្បីទៅជាព្រះជាម្ចាស់ ព្រះជាម្ចាស់ពោរពេញដោយឫទ្ធានុភាព ព្រះជាម្ចាស់ពោរពេញដោយអ្វីៗទាំងអស់ខ្លួនឯង។ ប៉ុន្តែ ដោយសារព្រះជាម្ចាស់បានបង្កើតយើង ព្រះជាម្ចាស់ស្រឡាញ់យើងទាំងអស់។ យើងឃើញរបៀបរបស់ព្រះជាម្ចាស់ ដែលណែនាំឲ្យយើងត្រូវតែចាប់អារម្មណ៍ ទោះបីយើងធ្លាក់ក៏ដោយ ទោះបីយើងជាមនុស្សមិនចូលនៅក្នុងមហាគម្រោងការរបស់ព្រះជាម្ចាស់ប៉ុន្មានដងប៉ុន្មានសារក៏ដោយ។ ប៉ុន្តែ “បពិត្រព្រះអម្ចាស់ ព្រះអង្គតែងតែស្ដីបន្ទោសយ៉ាងទន់ភ្លន់ចំពោះអ្នកដែលប្រព្រឹត្តអំពើអាក្រក់ ព្រះអង្គទូន្មានពួកគេដោយរំលឹកគេពីអំពើបាបរបស់ខ្លួន ដើម្បីឲ្យគេលះបង់អំពើអាក្រក់ ហើយងាកមកជឿលើព្រះអង្គវិញបាន”។
នេះជារបៀបព្រះជាម្ចាស់ ព្រះអង្គមិនចោលយើងនៅពេលយើងដើរតាមផ្លូវខុស ព្រះជាម្ចាស់បានបញ្ជូលយើងនៅក្នុងមហាគម្រោងការរបស់ព្រះអង្គ ដើម្បីឲ្យយើងរួមគ្នាអាចធ្វើដំណើរនៅក្នុងមហាគ្រួសារដែលព្រះអង្គបានបង្កើត។ ព្រះអង្គទុកពេលវេលារហូត ដើម្បីឲ្យយើងកែប្រែចិត្តគំនិត ដោយស្ដីបន្ទោស ដោយអប់រំយើង ដោយរំលឹកយើង ដើម្បីឱ្យយើងទៅជាមនុស្សថ្មី ចូលនៅក្នុងមហាគម្រោងការរបស់ព្រះជាម្ចាស់ នេះជាអត្ថបទទី១។ ពេលយើងទៅដល់អត្ថបទគម្ពីរដំណឹងល្អ នៅពេលនោះយើងចូលនៅក្នុងមហាគម្រោងការរបស់ព្រះជាម្ចាស់។ ប៉ុន្តែ ដោយអនុវត្តមិនមែនតែស្ដាប់ទ្រឹស្ដីតែប៉ុណ្ណឹង គឺព្រះយេស៊ូផ្ទាល់ដែលកំពុងអនុវត្តមហាគម្រោងការរបស់ព្រះជាម្ចាស់ សម្រាប់មនុស្សលោក។
ច្រើនដងយើងរវល់ជាមួយលោក សាខេ ប៉ុន្តែសូមរវល់ជាមួយព្រះយេស៊ូដែរ នៅក្នុងអត្ថបទនេះ។ ប៉ុន្មានឆ្នាំមុន ខ្ញុំទៅដល់ទីក្រុងយេរេកូ មានដើមឈើធំមួយ ដែលគេថានេះជាដើមឈើរបស់លោកសាខេ។ នៅថ្ងៃដែលព្រះយេស៊ូយាងចូលនៅក្នុងទីក្រុងយេរេកូ អ្វីដែលយើងដឹង គឺនៅពេលនោះមានមហាជនដែលដើរតាមព្រះយេស៊ូច្រើនណាស់។ សូមចាប់អារម្មណ៍អំពីព្រះយេស៊ូ ទោះបីមានមហាជននៅជុំវិញព្រះអង្គ មានខ្លះគេប៉ះ មានខ្លះគេសួរ មានខ្លះគេរអ៊ូរទាំ។ ប៉ុន្តែ ព្រះយេស៊ូងើបព្រះភក្រ្តមើលលោកសាខេ ម្នាក់ឯងដែលនៅលើដើមឈើ។ នេះណែនាំឲ្យយើងយល់ថា របៀបដែលព្រះជាម្ចាស់អនុវត្តនៅក្នុងព្រះយេស៊ូ មហាគម្រោងការរបស់ព្រះអង្គ គឺព្រះយេស៊ូបានចាប់អារម្មណ៍។ ចាប់អារម្មណ៍អំពីមនុស្ស ប៉ុន្តែមិនមែនមនុស្សទូទៅ ប៉ុន្តែព្រះអង្គចាប់អារម្មណ៍អំពីមនុស្សម្នាក់នៅក្នុងចំណោមមហាជន។ ព្រះយេស៊ូចាប់អារម្មណ៍ យកចិត្តទុកដាក់ជាមួយមនុស្សនោះដែលឃើញគាត់ប្លែក គាត់ឡើងលើដើមឈើ ដោយឈ្វេងយល់ដួងចិត្តរបស់គាត់។
ដោយសារ លោកសាខេ ប្រហែលម្យ៉ាងចង់មើលព្រះយេស៊ូដោយសារគាត់ទាប ម្យ៉ាងគាត់ខ្លាចមហាជនវៃគាត់ដែរ ព្រោះនៅពេលគេអន់ចិត្តជាមួយអ្នកទារពន្ធ គេក៏អាចវៃសម្លាប់បានដែរ។ ដូច្នេះ នេះជារបៀបមួយដើម្បីលាក់ខ្លួនផង ដើម្បីលួចមើលព្រះយេស៊ូផង ដោយសារគាត់ឮអំពីព្រះយេស៊ូច្រើន គាត់ចង់ដឹងចង់ស្គាល់។ ប្រហែលនៅក្នុងចិត្តគាត់ មានអ្វីដែលណែនាំឲ្យគាត់អត់សូវស្រួលដែរ ដោយសារគាត់ខ្លាចប្រជាជនដែរ។ គាត់ដឹងរបៀបគាត់ គឺគាត់ខុសគាត់ គាត់មិនយកតែពន្ធធម្មតា ប៉ុន្តែយកលើសពីអ្វីដែលច្បាប់កំណត់។ ប៉ុន្តែ ព្រះយេស៊ូបានចាប់អារម្មណ៍និងឈ្វេងយល់អំពីដួងចិត្តរបស់គាត់ ព្រះយេស៊ូមានព្រះបន្ទូលថា “លោកសាខេអើយ! សុំអញ្ជើញចុះមកជាប្រញាប់ ត្បិតថ្ងៃនេះខ្ញុំត្រូវស្នាក់នៅផ្ទះលោក”។ ព្រះយេស៊ូស្គាល់ឈ្មោះលោកសាខេ ដោយសារព្រះយេស៊ូឈ្វេងយល់មិនមែនតែចិត្តគំនិត ប៉ុន្តែទាំងអស់ដែលមនុស្សម្នាក់មាន។ ឈ្មោះសំខាន់ណាស់ ដោយសារឈ្មោះនេះជាទីសម្គាល់បុគ្គលម្នាក់ ដែលមានចរិក ដែលមានរបៀប ដែលមានទុក្ខលំបាក ដែលមានអំណរសប្បាយ ព្រះយេស៊ូស្គាល់ទាំងអស់។ ថ្ងៃនេះ ព្រះអង្គយល់ជាពេលវេលា ដើម្បីទៅដល់ផ្ទះរបស់លោកសាខេ។
ក្រោយមក មហាជនគេចាប់ផ្ដើមរអ៊ូរទាំ មើលព្រះយេស៊ូគាត់ទៅហូបបាយនៅផ្ទះអ្នកបាប ព្រះយេស៊ូមិនស្ដាប់អ្នកដែលរិះគន់ព្រះអង្គ។ ព្រះយេស៊ូបានបន្តចូលនៅក្នុងមហាគម្រោងការរបស់ព្រះជាម្ចាស់ ដែលណែនាំឲ្យស្រឡាញ់មនុស្សទាំងអស់។ ទោះបី មនុស្សដែលត្រូវតែស្អប់ក៏ត្រូវតែស្រឡាញ់ដែរ ដូច្នេះព្រះយេស៊ូមិនស្ដាប់អ្វីដែលគេរិះគន់ អ្វីដែលគេនិយាយអត់ល្អអំពីគាត់។ ព្រះយេស៊ូដឹងអំពីមហាគម្រោងការរបស់ព្រះអង្គ ដែលផ្ទុយនឹងគំនិតរបស់មនុស្សលោក ផ្ទុយនឹងគំនិតលោកីយ៍។ ដូច្នេះ ព្រះយេស៊ូមិនរវីរវល់នឹងពាក្យរអ៊ូរទាំ ព្រះយេស៊ូទៅ ព្រះយេស៊ូហូបបាយជាមួយគាត់។ នៅពេលព្រះយេស៊ូហូបបាយជាមួយគាត់ ណែនាំឲ្យលោកសាខេ ភ្ញាក់ស្មារតី ប្រហែលគាត់មិនដឹងថាព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់។ ប៉ុន្តែ យ៉ាងតិចដូចស្ដ្រីសាម៉ារី គាត់យល់ថានេះជាព្យាការីម្នាក់ដែលមកពីព្រះជាម្ចាស់ពិតមែន ដែលមកស្នាក់នៅផ្ទះរបស់គាត់។ ណែនាំឲ្យគាត់ភ្ញាក់ស្មារតី កែប្រែចិត្តគំនិតតែម្ដង នេះជាការអស្ចារ្យមួយ ដោយសុខចិត្តជួយលើសពីអ្វីដែលគាត់បានយក និងសងអ្វីដែលគាត់បានយកគុណជាបួន។ ប៉ុន្តែ ជាពិសេសព្រះបន្ទូលរបស់ព្រះយេស៊ូម្ដងទៀត ដែលអនុវត្តមហាគម្រោងការរបស់ព្រះជាម្ចាស់ “ថ្ងៃនេះការសង្រ្គោះបានមកដល់ផ្ទះនេះហើយ ត្បិតបុរសនេះជាពូជពង្សរបស់លោកអាប្រាហាំដែរ បុត្រមនុស្សបានមកស្វែងរកនិងសង្គ្រោះមនុស្សដែលវិនាសបាត់បង់”។
ថ្ងៃនេះ ពិតមែនលោកសាខេ មានជីវិតថ្មី នេះជាលទ្ធិផល ជាផ្លែនៃមហាគម្រោងការរបស់ព្រះជាម្ចាស់ ណែនាំឲ្យក្នុងមហាជននេះមនុស្សម្នាក់ទទួលជីវិតថ្មី មនុស្សម្នាក់កែប្រែចិត្តគំនិតដើម្បីចូលនៅក្នុងជីវិតដែលព្រះជាម្ចាស់បានរៀបចំពីដើមរៀងមកឲ្យគាត់។ ដូច្នេះ បងប្អូនជាទីស្រឡាញ់សម្រាប់យើងដែលជាព្រះសហគមន៍នៅទីនេះ ជាពេលវេលាដើម្បីភ្ញាក់ស្មារតីដែរ។ ភ្ញាក់ស្មារតី៖
ទីមួយ ប្រហែលដូចលោកសាខេ តើយើងធ្វើដូចម្ដេងដើម្បីកែប្រែចិត្តគំនិត? តើយើងធ្វើដូចម្ដេចដើម្បីលួចមើលព្រះយេស៊ូនៅក្នុងចិត្តរបស់យើង? តើធ្វើដូចម្ដេចដើម្បីឲ្យយើងស្ដាប់ព្រះយេស៊ូ ដែលអញ្ជើញផ្ទាល់ខ្លួនចូលនៅក្នុងជីវិតរបស់យើង? ជួនកាលព្រះយេស៊ូចង់ចូល តែយើងអត់ស្ដាប់យើងអត់ដឹង យើងបិទដួងចិត្តយើង បិទត្រចៀកយើង បិទអ្វីទាំងអស់។ ទោះបីព្រះយេស៊ូចង់ចូលក៏ចូលអត់កើតទេ ទោះបីព្រះយេស៊ូគោះទ្វារអស់ពីសមត្ថភាពក៏ចូលមិនកើតទៀត។ ដូច្នេះយើងត្រូវតែបើកចិត្តគំនិតរបស់យើង ដើម្បីឲ្យព្រះយេស៊ូចូលពិតមែន។
ទីពីរ នេះជាសំណួរសម្រាប់យើងទាំងអស់ ដែលជាព្រះសហគមន៍ មិនមែនតែរឿងផ្ទាល់ខ្លួន តើយើងធ្វើដូចម្ដេចដើម្បីចាប់អារម្មណ៍អំពីបងប្អូនឯទៀតៗ? ខ្ញុំគិតថា ឲ្យមានគ្រីស្តបរិស័ទម្នាក់ ទទួលខុសត្រូវនៅថ្ងៃអាទិត្យ ពេលយើងឃើញបងប្អូនមិនហ៊ានចូលនៅក្នុងវិហារ សូមអញ្ជើញឲ្យគេចូលក្នុងព្រះវិហារ។ យើងតែងតាំងគ្រីស្តបរិស័ទម្នាក់ ជាគណៈកម្មការស្វាគមន៍ ដើម្បីឲ្យទាំងអស់គ្នាមានសេចក្ដីសុខ។ ដូច្នេះ យើងត្រូវការបង្កើតដើម្បីចាប់អារម្មណ៍ ដោយសារជួនកាលយើងចេះតែគិត គម្រោងការធំៗសម្រាប់យើងទាំងអស់ យើងធ្វើរឿងតូចៗក៏អស្ចារ្យដែរ។
ទីបី ឲ្យយើងបន្តយកចិត្តទុកដាក់ជាមួយបងប្អូនឯទៀតៗយ៉ាងទូលំទូលាយ ខ្ញុំគិតថា ជាពេលវេលាដើម្បីមើលទឹកដីនៃព្រះសហគមន៍។ ទឹកដីព្រះសហគមន៍របស់យើង មិនមែនជុំវិញបឹងទំពន់តែប៉ុណ្ណឹង ទឹកដីព្រះសហគមន៍របស់យើងទៅដល់ចំការដូង ទៅដល់ស្ទឹងមានជ័យ ទៅដល់ផ្សារទួលទំពូងទៀត។ ដូច្នេះ សូមគូសផែនទីទឹកដីយើង សូមមានតំណាងតាមតំបន់នីមួយៗដែលជាគណៈកម្មាការសង្គហៈ ដែលជាភ្នែក ដែលជាបេះដូង ដែលជាត្រចៀក ដៃនៃព្រះយេស៊ូ នៃព្រះសហគមន៍របស់យើង ដែលបង្ហាញសេចក្ដីស្រឡាញ់។ យើងបានបង្កើតក្រុមសិល្បៈសាជាថ្មី នេះជាឱកាសមួយដើម្បីប្រមូលកូនក្មេងមួយចំនួន ដើម្បីឲ្យគេចាប់អារម្មណ៍អំពីសេចក្ដីស្រឡាញ់ដែលយើងមានចំពោះគេ ដោយសារ កូនក្មេងយ៉ាងច្រើនគេទន្ទឹងរង់ចាំដែរ។ ព្រឹកមិញ ពេលខ្ញុំចេញពីភ្នំពេញថ្មីខ្ញុំសប្បាយចិត្ត ដោយសារខ្ញុំឃើញកូនក្មេងរាប់រយនាក់ កំពុងមានសកម្មភាពជាមួយមេៗកាយរិទ្ធិ។ ប៉ុន្តែ ពេលខ្ញុំមកដល់បឹងទំពន់ប៉ុន្មានដងប៉ុន្មានសារ ខ្ញុំអត់ដែលឃើញកូនក្មេងប៉ុន្មានទេ។ យើងធ្វើដូចម្ដេច ដើម្បីឲ្យយើងបង្កើតសកម្មភាពថ្មី ដើម្បីទទួលកូនក្មេងដែរ។ ដោយសារ ព្រះយេស៊ូបានយកកូនក្មេងជាអាទិភាពជានិច្ច ដើម្បីឲ្យកូនក្មេងមានសេចក្ដីសុខនៅក្នុងខ្លួន។ ដូច្នេះ យើងត្រូវតែបន្តទៅជាអ្នកស្វាគមន៍នៅក្នុងរបៀបថ្មីៗ តាមរយៈសិល្បៈ តាមរយៈកូនក្មេង។ ជាពិសេសបន្តិចទៀត ជារដូវបុណ្យព្រះយេស៊ូប្រសូត ជាអំណរសប្បាយសម្រាប់យើងទាំងអស់ យើងត្រូវការគិតសាជាថ្មីដើម្បីយើងទៅជាអ្នកប្រកាសដំណឹងល្អ។
ទីបួន សម្រាប់ព្រះសហគមន៍យើង សម្រាប់យើងទាំងអស់គ្នានៅក្នុងជីវិត កុំឲ្យយើងភ្លេចរបៀបរបស់ព្រះជាម្ចាស់នៅក្នុងអត្ថបទទី១ កុំឲ្យយើងភ្លេចរបៀបរបស់ព្រះយេស៊ូនៅក្នុងគម្ពីរដំណឹងល្អ។ យើងមិនមែននៅទីនេះ ដើម្បីវិនិឆ្ឆ័យ កាត់ក្ដី បងប្អូនឯទៀតៗ យើងនៅទីនេះដើម្បីស្វាគមន៍ និងបើកឱកាសឲ្យមនុស្សទាំងអស់អាចទៅជាមនុស្សថ្មី។ ដោយយើងអនុវត្ត មហាគម្រោងការរបស់ព្រះជាម្ចាស់ គឺការលើកលែងទោស លើកលែងទោសឲ្យគា្នទៅវិញទៅមក លើកលែងទោសឲ្យគ្នាផ្ទាល់ខ្លួន លើកលែងទោសជាមួយព្រះជាម្ចាស់។ ដោយសារ មានតែការលើកលែងទោសដែលណែនាំឲ្យយើងយល់អំពី ព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះជាម្ចាស់ និងណែនាំឲ្យយើងធ្វើដំណើរជាមួយគ្នាបាន។ យើងមិនមែនបងប្អូនបង្កើត ប៉ុន្តែនៅក្នុងព្រះយេស៊ូយើងជាបងប្អូនបង្កើត យើងមិនមែនជាគ្រួសារបង្កើត ប៉ុន្តែនៅក្នុងព្រះយេស៊ូនិងព្រះបិតាយើងជាគ្រួសារបង្កើត។ គ្រួសារបង្កើតអាចធ្វើដំណើរនៅក្នុងព្រះសហគមន៍ពិតមែន លុះត្រាតែយើងចេះលើកលែងទោសឲ្យ។
យើងបន្តរស់នៅជាគ្រួសារតែមួយ ចូលនៅក្នុងមហាគម្រោងការរបស់ព្រះជាម្ចាស់ ដើម្បីអនុវត្តពីមួយថ្ងៃទៅមួយថ្ងៃ និងណែនាំឲ្យយើងទៅដល់គោលដៅនៃជីវិតរបស់យើង។ មហាគោលដៅនៃជីវិតរបស់យើងគឺជីវិតអស់កល្បជានិច្ច។ អាម៉ែន៕
+ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ
អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា
ភូមិភាគភ្នំពេញ