អភិបូជានៅព្រះសហគមន៍ព្រះកុមារយេស៊ូ បឹងទំពន់
ភ្នំពេញខាងត្បូង ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២
អត្ថបទទី១៖ ម៉ាឡាគី ៣,១៩-២០ក ការសង្គ្រោះរបស់យើងនឹងលេចមក ដូចព្រះអាទិត្យរះ។ មគ ៣,២០ អត្ថបទទី១៖ ថេស្សាឡូនិក ទី២ ៣,៧-១២ យើងខំប្រឹងធ្វើការហត់នឿយ ទាំងយប់ ទាំងថ្ងៃ កុំឲ្យនរណាម្នាក់ពិបាកនឹងផ្គត់ផ្គង់យើង។ ២ថស ៣,៨ ដំណឹងល្អ៖ លូកា ២១,៥-១៩ អ្នករាល់គ្នានឹងបានរួចជីវិត ព្រោះអ្នករាល់គ្នាមានចិត្តស៊ូទ្រាំ។ លក ២១,១៩ |
បងប្អូនជាទីស្រឡាញ់
ថ្ងៃនេះ មកច្រើនដោយសារយើងមានអំណរសប្បាយ ដើម្បីជួបជាមួយព្រះជាម្ចាស់ ជាពេលវេលាមួយ ដើម្បីឲ្យយើងស្ដាប់គម្ពីរដែលចាប់ផ្ដើមឲ្យយើងព្រួយបារម្ភខ្លះៗ។ ដោយសារ នៅពេលព្រះយេស៊ូមានព្រះបន្ទូល “នៅពេលខាងមុខ អ្វីៗដែលអ្នករាល់គ្នាឃើញនៅពេលនេះ នឹងត្រូវរលំបាក់បែកអស់ជាមិនខាន លែងមានថ្មត្រួតពីលើថ្មទៀតហើយ”។ ពេលយើងស្ដាប់នេះ ដូចជាព្រួយបារម្ភមែនទែន ដោយសារយើងទាំងអស់គ្នាខិតខំកសាងជីវិត ខិតខំកសាងសកម្មភាពច្រើន ខិតខំកសាងសង្គមរបស់យើង ព្រះសហគមន៍របស់យើង គ្រួសាររបស់យើង យើងស្ដាប់នេះ អនាគតដូចជាអត់មានអ្វីសោះ អត់នៅសល់អ្វីសោះ។ ពេលយើងស្ដាប់ថែមទៀត អំពីសញ្ញាដែលណែនាំឲ្យយើងមើលឃើញ ជិតដល់ពេលវេលាដែលយើងបាត់បង់អ្វីៗទាំងអស់។
ខ្ញុំអានសញ្ញានេះម្ដងទៀត ដែលព្រះយេស៊ូមានព្រះបន្ទូល “ប្រជាជាតិមួយនឹងធ្វើសង្គ្រាមតទល់នឹងប្រជាជាតិមួយទៀត ប្រទេសមួយតទល់នឹងប្រទេសមួយទៀត មានរញ្ជួយផែនដីជាខ្លាំង មានកើតគ្រោះទុរភិក្ស និងមានជម្ងឺដែលណែនាំឲ្យយើងធ្លាក់អស់ហើយ”។ ពេលយើងស្ដាប់នេះ យើងនឹកឃើញពិភពលោកយើងភ្លាមៗ យើងចេញពីកូវីដ យើងចូលនៅក្នុងសង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ី រាប់ខែហើយ។ ប៉ុន្មានថ្ងៃមុន យើងមានឃើញរញ្ជួយដីដែរ មានប៉ុន្មានកន្លែងខ្លះខ្វះម្ហូបអាហារដែរ។ ដូច្នេះ ពេលយើងស្ដាប់នេះទាំងអស់ ណែនាំឲ្យយើងគិតថា ជាព្រះយេស៊ូធ្វើឲ្យយើងភ័យ និងព្រះយេស៊ូប្រហែលធ្វើឲ្យយើងភ្ញាក់ស្មារតីមែនទែន។ ក៏ប៉ុន្តែ អ្វីដែលសំខាន់គឺមើលព្រះយេស៊ូបានបន្តដើម្បីណែនាំឲ្យយើងមានសេចក្ដីសង្ឃឹម “ទោះបីយើងជួបបញ្ហាក៏ដោយ ទោះបីគេណែនាំឱ្យយើងទៅតុលាការក៏ដោយ ដោយនាមរបស់ព្រះយេស៊ូយើងដឹងថា ព្រះយេស៊ូណែនាំឲ្យយើងមានថ្វីមាត់ ណែនាំឲ្យយើងមានប្រាជ្ញា ណែនាំឲ្យយើងមានចម្លើយគ្រប់ពេលវេលា ណែនាំឲ្យយើងមានសេចក្ដីសង្ឃឹម លើសពីនេះទៀតសូម្បីតែសក់អ្នករាល់គ្នាមួយសរសៃរក៏មិនត្រូវបាត់ឡើយ អ្នករាល់គ្នានឹងបានរួចជីវិតដោយសារអ្នករាល់គ្នាមានចិត្តស៊ូទ្រាំ”។
ដូច្នេះ ពេលយើងមើលអត្ថបទថ្ងៃនេះ ដែលណែនាំឲ្យអាទិត្យក្រោយ យើងគោរពព្រះយេស៊ូជាព្រះមហាក្សត្រនៃពិភពលោក ដែលយាងមកដើម្បីកាត់ក្ដីយើង។ ក្រោយមក ចូលនៅក្នុងរដូវរង់ចាំ ដើម្បីទន្ទឹងរង់ចាំព្រះយេស៊ូដែលកំពុងយាងមក ណែនាំឲ្យយើងយល់ថា ជីវិតរបស់យើងដែលជាគ្រីស្តបរិស័ទ មានអត្តសញ្ញាណមួយដ៏សំខាន់បំផុត យើងត្រូវតែមានសេចក្ដីសង្ឃឹមជានិច្ច។ ទោះបី អ្វីៗទាំងអស់ដែលយើងមើលឃើញសព្វថ្ងៃនៅលើពិភពលោករបស់យើង នៅក្នុងជីវិតរបស់យើងផ្ទាល់ ជួនកាលនៅក្នុងប្រទេសរបស់យើងផ្ទាល់ដែរ គឺមិនមែនណែនាំឲ្យយើងថា ឥលូវនេះឈប់ហើយ យើងនៅក្នុងបន្ទប់របស់យើងល្អជាង យើងបិទទ្វារចាក់សោរ យើងលែងមើលព័ត៌មាន យើងលែងចេញខាងក្រៅខ្លាចមានគ្រោះថ្នាក់ ខ្លាចមានបញ្ហាអ្វីមួយ។ ផ្ទុយទៅវិញ ព្រះយេស៊ូជំរុញយើងឲ្យយើងពោរពេញដោយសេចក្ដីសង្ឃឹម នៅក្នុងសេចក្ដីស្រឡាញ់របស់ព្រះអង្គ។
បងប្អូនជាទីស្រឡាញ់ នៅពេលយើងមើលឃើញអ្វីដែលកើតឡើងប៉ុន្មានថ្ងៃកន្លងមក នៅរាជធានីភ្នំពេញដែលទៅជាពាក់កណ្ដាលនៃពិភពលោក។ នេះជាការអស្ចារ្យ យើងបានឃើញអ្នកដឹកនាំនៅក្នុងទ្វីបអាស៊ី ប៉ុន្តែមិនមែនតែអាស៊ានតែប៉ុណ្ណឹង គឺមកពីប្រទេសចិន មកពីប្រទេសជប៉ុន មកពីប្រទេសកូរ៉េទៀត។ ម្សិលមិញ ពេលយន្តហោះដែលដឹកប្រធានាធិបតីសហរដ្ឋអាមេរិក AIR FORCE ONE បានមកដល់ ជាយន្តហោះ ដែលពិសេសបំផុតនៅក្នុងពិភពលោក អ្នកណាក៏ចង់ឃើញ អ្នកណាក៏ចង់មើល។ ដោយដឹងថា នៅប្រទេសកម្ពុជារបស់យើង នៅក្នុងពេលវេលាពីរថ្ងៃបានទៅជាពាក់កណ្ដាលនៃពិភពលោក។ ពីសហរដ្ឋអាមេរិក កាណាដា និងទ្វីបអាស៊ីទាំងអស់បានចូលរួម ដើម្បីប្រជុំកំពូលអាស៊ាន។ ប្រធានបទសម្រាប់កិច្ចប្រជុំអាស៊ានឆ្នាំ២០២២នេះគឺ “ឲ្យយើងរួមគ្នាមានសេចក្ដីក្លាហាននិងរឹងមាំ”។
នៅក្នុងបីអាទិត្យកន្លងមក យើងមានប្រជុំមួយដែរ FABC គឺជាសមាគមន៍លោកអភិបាលអាស៊ីទាំងអស់។ ដែលមាន១៧ក្រុមលោកអភិបាល ដែលមានជាង២០ប្រទេសដែលចូលរួម បានជួបជុំគ្នានៅទីក្រុងបាំងកកបីអាទិត្យ។ សម្រាប់ព្រះសហគមន៍ប្រទេសកម្ពុជា តំណាងរបស់យើងគឺលោកអភិបាល គីគេ គាត់បានចូលរួម។ នៅក្នុងបីអាទិត្យនេះ គេបានប្រារព្ធ៥០ឆ្នាំនៃសមាគមន៍លោកអភិបាលអាស៊ី ដែលខិតខំជួបជុំគ្នាជារៀងរាល់ឆ្នាំ ពី៥០ឆ្នាំកន្លងមកដើម្បីកសាងព្រះសហគមន៍របស់យើងនៅក្នុងទ្វីបអាស៊ី។ ឆ្នាំនេះ ប្រធានបទរបស់ FABC ក្នុងឆ្នាំ២០២២ គឺ “រួមគ្នាយើងធ្វើដំណើរ”។ លទ្ធផលនៃកិច្ចប្រជុំនេះ គឺរួមគ្នាយើងធ្វើដំណើរដើម្បីបម្រើអ្នកក្រីក្រ រួមគ្នាយើងធ្វើដំណើរដើម្បីការពារថែរក្សាធម្មជាតិរបស់យើង ដែលជាអំណោយទានយ៉ាងពិសេស ដែលយើងបានទទួលពីព្រះជាម្ចាស់។ រួមគ្នាធ្វើដំណើរ ដើម្បីចូលនៅក្នុងការស្វែងរករបស់យុវជនយុវនារី អំពីអនាគតបច្ចុប្បន្ននេះ និងរួមគ្នាធ្វើដំណើរដើម្បីការពារថែរក្សាសិទ្ធិរបស់នារី។ នេះជាលទ្ធផលរួមគ្នាធ្វើដំណើរសម្រាប់លោកអភិបាល។
ខ្ញុំចាប់អារម្មណ៍ ប្រធានបទអាស៊ានគឺរួមគ្នាយើងមានសេចក្ដីក្លាហាននិងរឹងមាំ និងប្រធានបទ FABC គឺយើងរួមគ្នាធ្វើដំណើរ។ បងប្អូនជាទីស្រឡាញ់ ដើម្បីទៅមុខយើងមិនអាចទៅមុខម្នាក់ឯងបានទេ ប្រសិនបើយើងស្ដាប់តែគម្ពីរនេះណែនាំឲ្យយើងភ័យខ្លាច។ យើងដឹងថា យើងចាក់សោរនៅក្នុងបន្ទប់យើង ដូចខ្ញុំនិយាយអំបាញ់មិញ ផ្ទុយទៅវិញយើងធ្វើដំណើររួមជាមួយគ្នា ដើម្បីរឹងមាំរួមជាមួយគ្នា។ សម្រាប់យើងដែលជាព្រះសហគមន៍ សម្រាប់យើងដែលជាគ្រីស្តបរិស័ទ យើងដឹងថា យើងនៅក្នុងមហាគ្រួសារមួយយ៉ាងពិសេស។ គ្រួសារនេះ ដែលមានព្រះយេស៊ូផ្ទាល់ណែនាំឲ្យយើងធ្វើដំណើរ ដោយសារការរួមគ្នារបស់យើង មិនមែនរួមគ្នាតាមលោកីយ៍ទេ ការរួមគ្នារបស់យើងជាការរួមគ្នាយ៉ាងពិសេសបំផុត។ ដោយសារ នៅក្នុងព្រះយេស៊ូយើងជាបុត្រធីតារបស់ព្រះជាម្ចាស់ នៅក្នុងព្រះយេស៊ូយើងជាព្រះសហគមន៍តែមួយមែន។ ប៉ុន្តែ យើងជាគ្រួសារតែមួយ ដែលធ្វើដំណើររួមជាមួយគ្នា។ យើងដឹងថា សម្រាប់យើងសំខាន់បំផុតគឺការធ្វើដំណើរជាមួយគ្នា យើងមានក្បាលមួយយ៉ាងពិសេស គឺព្រះយេស៊ូ។
អ្វីដែលយើងស្ដាប់នៅក្នុងគម្ពីរថ្ងៃនេះ ណែនាំឲ្យយើងមើលឃើញសេចក្ដីសង្ឃឹម ដែលជួនកាលយើងខ្វះនៅក្នុងដួងចិត្តរបស់យើង។ យើងធ្វើដំណើររួមជាមួយព្រះយេស៊ូគ្រីស្ត យើងមានសេចក្ដីក្លាហាននិងយើងរឹងមាំ ដោយសារយើងមានព្រះវិញ្ញាណដ៏វិសុទ្ធ។ ព្រះវិញ្ញាណដ៏វិសុទ្ធ ដែលយើងបានទទួលគឺ កម្លាំងមួយយ៉ាងពិសេសដែលយើងបានទទួលសម្រាប់ព្រះសហគមន៍របស់យើង។ យើងធ្វើដំណើររួមជាមួយគ្នា ដោយសារយើងទាំងអស់យើងមានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលដឹកនាំជីវិតរបស់យើងពីមួយថ្ងៃទៅមួយថ្ងៃ។ នៅពេលយើងចូលអភិបូជារួមជាមួយគ្នាដូចថ្ងៃនេះ យើងដឹងថាកន្លះម៉ោងទៀត មួយម៉ោងទៀតយើងចេញហើយ។ ប៉ុន្តែ យើងចេញហើយមិនមែនរបៀបដូចយើងបានចូល ជួនកាលយើងចូលនៅក្នុងព្រះវិហារយើងនឹកឃើញពេញមួយអាទិត្យយើងអស់កម្លាំង យើងមានរឿង យើងមានអំណរសប្បាយ យើងមានសេចក្ដីសង្ឃឹមខ្លះៗដែរ។ ដូច្នេះ យើងបានប្រមូលនេះទាំងអស់នៅក្នុងអភិបូជានៅពេលហ្នឹង យើងកំពុងផ្ញើទៅព្រះជាម្ចាស់ និងកន្លះម៉ោង ឬមួយម៉ោងទៀតយើងចេញ។ យើងចេញ ដោយស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គ យើងចេញដោយបានទទួលព្រះកាយព្រះគ្រីស្ត យើងចេញដោយបានទទួលព្រះពរពីព្រះជាម្ចាស់។ ណែនាំឲ្យ យើងមានកម្លាំងសម្រាប់ពេញមួយអាទិត្យ យើងមានអំណរសប្បាយពេញមួយអាទិត្យ ដោយសារយើងដឹងថាព្រះយេស៊ូគង់នៅជាមួយយើង។ យើងមើលឃើញ យើងជាគ្រួសារតែមួយ យើងជាក្មេង យើងជាចាស់ យើងជាបងប្អូន។ នេះជាកម្លាំងមួយទៀត ដែលណែនាំឲ្យព្រះសហគមន៍របស់យើងពោរពេញដោយសេចក្ដីសង្ឃឹម ដោយសារយើងមិនមែនឯកោ យើងមិនមែនម្នាក់ឯង។ យើងដឹងថា យើងមានគ្រួសារយើងដែលស្វាគមន៍យើងជានិច្ច ដែលណែនាំឲ្យយើងមានចិត្តស៊ូទ្រាំ។ ដោយសារ ស៊ូទ្រាំម្នាក់ឯងពិបាកណាស់ យើងមានកម្លាំងពីណា ប៉ុន្តែនៅក្នុងគ្រួសារមួយ ដោយដឹងថាយើងមានបងប្អូនដែលមានបញ្ហាដូចយើង យើងមានបងប្អូនដែលមានសេចក្ដីសង្ឃឹមដូចយើង យើងមានបងប្អូនដែលកំពុងនឹកឃើញអនាគតកូនរបស់គេផ្ទាល់ដូចយើងដែរ។ នេះជាកម្លាំងមួយ ដើម្បីស៊ូទ្រាំរួមជាមួយគ្នានៅក្នុងព្រះយេស៊ូគ្រីស្ត នៅក្នុងព្រះសហគមន៍ យើងមិនមែនឯកោ យើងមិនមែនម្នាក់ឯង ប៉ុន្តែយើងធ្វើដំណើររួមជាមួយគ្នាពិតមែន ដើម្បីឲ្យយើងរឹងមាំ ដើម្បីឲ្យយើងពោរពេញដោយសេចក្ដីក្លាហានរួមជាមួយគ្នា។
ថ្ងៃនេះ សម្ដេចប៉ាបឲ្យយើងនឹកឃើញដល់អ្នកក្រីក្រ នៅក្នុងរដូវរង់ចាំសម្រាប់ព្រះសហគមន៍របស់យើង ជាពេលវេលាមួយដើម្បីគិត តើយើងអាចធ្វើអ្វីខ្លះសម្រាប់អ្នកក្រីក្រនៅជុំវិញយើង? ថ្ងៃនេះ សម្ដេចប៉ាបហូបបាយជាមួយអ្នកក្រីក្រ ប្រហែល១២០០នាក់នៅវ៉ាទីកង់ក្នុងទីក្រុងរ៉ូម។ ដូច្នេះ សម្រាប់យើងដែលជាព្រះសហគមន៍ យើងធ្វើដំណើររួមជាមួយគ្នា ឲ្យមានផ្លែ។ ឲ្យយើងគិត នៅក្នុងរដូវរង់ចាំ តើយើងអាចធ្វើអ្វីខ្លះដើម្បីអញ្ជើញអ្នកក្រីក្រមួយចំនួនមកចូលរួមនៅក្នុងអំណរសប្បាយនៃបុណ្យព្រះយេស៊ូប្រសូត? ចូលនៅក្នុងមហាគ្រួសារមួយ ដែលចេះលើកទឹកចិត្តគ្នា ដែលចេះធ្វើដំណើរជាមួយគ្នា ដើម្បីមានកម្លាំងថ្មីនិងសេចក្ដីសង្ឃឹមជានិច្ច “ព្រះអង្គបានដាក់ខ្លួនមកជាអ្នកក្រីក្រ ដើម្បីឲ្យបងប្អូនបានទៅជាអ្នកមាន ដោយសារភាពក្រីក្ររបស់ព្រះអង្គ”។ នេះជាការអស្ចារ្យរបស់ព្រះយេស៊ូគ្រីស្ត ព្រះយេស៊ូបានចាប់កំណើតជាមនុស្ស ព្រះយេស៊ូបានដាក់ខ្លួនជាអ្នកក្រីក្រ ដើម្បីឲ្យយើងទៅជាអ្នកមាន។ ប៉ុន្តែ មិនមែនអ្នកមានដោយសារយើងពោរពេញដោយលុយ អ្នកមានដោយសារយើងពោរពេញដោយសេចក្ដីក្លាហានិងសេចក្ដីស្រឡាញ់ ដែលបានមកពីព្រះជាម្ចាស់ អ្នកមានដោយសារ យើងចេះចែករំលែកជាមួយបងប្អូនឯទៀតៗ។
ពីសម័យដើម លោកប៉ូលគាត់ខិតខំណាស់ គាត់ខិតខំនិយាយទៅគ្រីស្តបរិស័ទ ខិតខំប្រមូលទ្រព្យសម្បត្តិ សូមប្រមូលកម្លាំង។ រាល់ដងដែលយើងជួបជុំគ្នានៅក្នុងការអធិដ្ឋាន សូមប្រមូលទ្រព្យសម្បត្តិ ប្រមូលហើយគេផ្ទេរទៅឧបដ្ឋាក។ នេះជាអ្វីដែលសន្តយូស្តាំងគាត់និយាយនៅក្នុងលិខិតរបស់គាត់ពីសម័យដើម គេផ្ទេរទៅឧបដ្ឋាក និងឧបដ្ឋាកទៅចែកដល់អ្នកក្រីក្រ។ ដូច្នេះ ដើម្បីបំពេញបេសកកម្មនៅក្នុងខែធ្នូនេះ លោកឧបដ្ឋាកសូមទៅរកបងប្អូនក្រីក្រមួយចំនួន នឹងរៀបចំជប់លៀងមួយផ្សេងពីថ្ងៃបុណ្យព្រះយេស៊ូប្រសូត។ យើងរៀបចំជប់លៀងមួយយ៉ាងធំ ដើម្បីឲ្យអ្នកទាំងអស់គ្នាដឹងថា យើងក្រឬមិនក្រ ប៉ុន្តែសំខាន់យើងមានគ្រួសារមួយដែលចេះលើកទឹកចិត្តគ្នាទៅវិញទៅមក។
យើងអធិដ្ឋាន ដើម្បីឲ្យយើងបន្តធ្វើដំណើររួមគ្នា ដើម្បីរឹងមាំរួមគ្នា ប៉ុន្តែដោយដឹងថាគឺព្រះយេស៊ូដែលនៅខាងមុខ។ គឺព្រះយេស៊ូដែលនៅក្នុងដួងចិត្តរបស់យើង គឺព្រះយេស៊ូដែលមានសេចក្ដីស្រឡាញ់ ដើម្បីជំរុញយើង ដើម្បីឲ្យយើងធ្វើដំណើរតទៅទៀតនៅក្នុងសេចក្ដីសង្ឃឹម។ អាម៉ែន៕
+ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ
អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា
ភូមិភាគភ្នំពេញ