សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៩,១-១០
ព្រះយេស៊ូមកដល់ក្រុងយេរីខូ ហើយយាងកាត់ទីក្រុង។ មានបុរសម្នាក់ឈ្មោះសាខេ ជាមេលើអ្នកទារពន្ធ គាត់មានទ្រព្យសម្បត្តិយ៉ាងច្រើន។ គាត់ចង់ឃើញព្រះយេស៊ូមានភិនភាគយ៉ាងណា ប៉ុន្តែ ដោយមានមនុស្សច្រើនពេក ហើយដោយគាត់មានមាឌតូចទៀតផងនោះ គាត់មើលព្រះអង្គមិនឃើញទេ។ គាត់រត់ទៅខាងមុខឡើងដើមឈើមួយដើមចាំមើលព្រះយេស៊ូ ព្រោះព្រះអង្គត្រូវយាងកាត់តាមនោះ។កាលព្រះយេស៊ូយាងមកដល់ ព្រះអង្គងើបព្រះភក្ត្រឡើង ហើយមានព្រះបន្ទូលទៅគាត់ថា៖«លោកសាខេអើយ! សូមអញ្ជើញចុះមកជាប្រញាប់ ដ្បិតថ្ងៃនេះ ខ្ញុំត្រូវស្នាក់នៅផ្ទះលោក»។ លោកសាខេក៏ចុះមកជាប្រញាប់ ហើយទទួលព្រះយេស៊ូដោយអំណរ។ កាលមនុស្សទាំងអស់ឃើញដូច្នោះ គេរអ៊ូរទាំថា៖«មើល៍! លោកនេះទៅស្នាក់នៅផ្ទះមនុស្សបាប!»។ លោកសាខេក្រោកឈរឡើង ទូលព្រះអម្ចាស់ថា៖«បពិត្រព្រះអម្ចាស់! ទូលបង្គំនឹងចែកទ្រព្យសម្បត្តិរបស់ទូលបង្គំចំនួនពាក់កណ្ដាលដល់មនុស្សក្រីក្រ ហើយប្រសិនបើទូលបង្គំទារពន្ធពីអ្នកណាហួសកម្រិត ទូលបង្គំនឹងសងអ្នកនោះវិញមួយជាបួន»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖«ថ្ងៃនេះ ការសង្គ្រោះបានមកដល់ផ្ទះនេះហើយ ដ្បិតបុរសនេះជាពូជពង្សរបស់លោកអប្រាហាំដែរ។ បុត្រមនុស្សបានមកដើម្បីស្វែងរក និងសង្គ្រោះមនុស្សដែលវិនាសបាត់បង់»។