អត្ថបទគម្ពីរ ថ្ងៃសៅរ៏ ទី២៩ ខែតុលា ឆ្នាំ២០២២

សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងភីលីព ភីល ១,១៨-២៦

បងប្អូនជាទីស្រឡាញ់!
ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បើ​គេ​មាន​គំនិត​វៀច‌វេរ​ក្តី ស្មោះ​សរ​ក្តី ក៏​គេ​ផ្សាយ​ដំណឹង​អំពី​ព្រះ‌គ្រីស្ត​ដែរ ខ្ញុំ​សប្បាយ​ចិត្ត​នឹង​ការ​នេះ ហើយ​ខ្ញុំ​នឹង​សប្បាយ​ចិត្ត​ត​ទៅ​មុខ​ទៀត ដ្បិត​ខ្ញុំ​ដឹង​ថា ការ​នេះ​នឹង​ធ្វើ​ឱ្យ​ខ្ញុំ​ទទួល​ការ​សង្គ្រោះ​ទៅ​វិញ​ទេ ដោយ​បង‌ប្អូន​អង្វរ​ព្រះ‌ជាម្ចាស់​ឱ្យខ្ញុំ ហើយ​ដោយ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌យេស៊ូ‌គ្រីស្ត​ជួយ​ខ្ញុំ​ដែរ។ ខ្ញុំ​ទន្ទឹង​រង់‌ចាំ​យ៉ាង​ខ្លាំង​អស់​ពី​ចិត្ត និង​សង្ឃឹម​លើ​ព្រះ‌អង្គ ខ្ញុំ​មិន​ត្រូវ​អាម៉ាស់​មុខ​ត្រង់​ណា​ឡើយ។ ផ្ទុយ​ទៅ​វិញ ពេល​នេះ​ក៏​ដូច​ជា​ពេល​ណា​ទាំង​អស់ ខ្ញុំ​នៅ​តែ​មាន​ចិត្ត​រឹង‌ប៉ឹងឥត​រង្គើ ទោះ‌បី​ខ្ញុំ​ត្រូវ​រស់ ឬ​ស្លាប់​ក្តី ខ្ញុំ​នឹង​លើក​តម្កើង​ព្រះ‌គ្រីស្ត​ក្នុង​រូប​កាយ​ខ្ញុំ។ ចំពោះ​ខ្ញុំ បើ​រស់ ខ្ញុំ​រស់​រួម​ជា​មួយ​ព្រះ‌គ្រីស្ត ហើយ​បើ​ស្លាប់ ខ្ញុំ​ក៏​បាន​ចំណេញ​ដែរ។ ប៉ុន្តែ បើ​ខ្ញុំ​រស់​ក្នុង​លោក​នេះ​ត​ទៅ​ទៀត ធ្វើ​ឱ្យ​កិច្ច‌ការ​របស់​ខ្ញុំ​បាន​ផល ខ្ញុំ​មិន​ដឹង​ជា​ជ្រើស‌រើស​យក​ផ្លូវ​ណា​ឡើយ!។ ចិត្ត​ខ្ញុំ​រារែក​ទាំង​សង​ខាង គឺ​ម្យ៉ាង ខ្ញុំ​ប៉ង‌ប្រាថ្នា​ចង់​លា​ចាក​លោក​នេះទៅ​នៅ​ជា​មួយ​ព្រះ‌គ្រីស្ត នោះ​ប្រសើរ​ជាង​ឆ្ងាយ​ណាស់ ម្យ៉ាង​ទៀត បើ​ខ្ញុំ​នៅ​រស់​ក្នុង​លោក​នេះ​ត​ទៅ​មុខ នោះ​មាន​ប្រយោជន៍​ជាង​សម្រាប់​បង‌ប្អូន។ ខ្ញុំ​ជឿ​ជាក់ និង​ដឹង​ថា ខ្ញុំ​នឹង​នៅ​រស់ ហើយ​ស្នាក់​នៅ​ជា​មួយ​បង‌ប្អូន​ទាំង​អស់​គ្នា ដើម្បី​ឱ្យ​បង‌ប្អូន​បាន​ចម្រើន​ឡើង ទាំង​មាន​អំណរ​មក​ពី​ជំនឿ និង​ដើម្បីឱ្យ​បង‌ប្អូន​រឹង‌រឹត​តែ​ខ្ពស់​មុខ​ថែម​ទៀត ដោយ​បាន​រួម​ជា​មួយ​ព្រះ‌គ្រីស្ត‌យេស៊ូ ព្រោះ​តែ​ខ្ញុំ នៅ​ពេល​ដែល​ខ្ញុំ​វិល​មក​ជួប​បង‌ប្អូន​វិញ។

ទំនុកតម្កើងលេខ ៤២(៤១),២-៣.៥ បទពាក្យ៧

បពិត្រព្រះជាម្ចាស់ខ្ញុំប្រាថ្នាណាស់ចង់នៅជាមួយ
គិតដេកមិនលក់យប់នឹកថ្ងៃព្រួយចង់នៅជាមួយ
ដូចក្ដាន់រកទឹក
ខ្ញុំស្រេកខ្ញុំឃ្លានព្រះជាម្ចាស់ដ៏មានបារមីមានប្ញទិ
ព្រះជន្មគង់នៅស្ថិតស្ថេរពិតៗខ្ញុំចង់នៅជិត
ព្រះភក្រ្តព្រះអង្គ
ខ្ញុំយំខ្ញុំសោកស្រណោះស្រណោកនឹកឃើញកាលគ្រា
ខ្ញុំដឹកនាំមុខអស់ទាំងប្រជាច្រើនឥតគណនា
ឆ្ពោះទៅដំណាក់
គេស្រែកគេហ៊ោរគេមានអំណារក្អាកក្អាយឱ្យឥតអាក់
គេអរព្រះគុណព្រះខ្ពស់ហួសថ្នាក់មិនដែលអន់អាក់
សប្បាយពេកក្រៃ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១១៣,៥.៧-៨

អាលេលូយ៉ា! អាលេលូយ៉ា!
តើនរណាប្រៀបនឹងព្រះអម្ចាស់ជាព្រះរបស់យើងបាន? ព្រះអង្គលើកអ្នកក្រីក្រឡើងដើម្បីអង្គុយលើបល័ង្គ រួមជាមួយសេ្ដចនានា។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៤,១.៧-១១

មាន​ថ្ងៃ​មួយ​ជា​ថ្ងៃ​សប្ប័ទ ព្រះ‌យេស៊ូ​យាង​ទៅ​សោយ​ព្រះ‌ស្ងោយ​នៅ​ផ្ទះ​របស់​មេ​ដឹក​នាំ​ខាង​គណៈ‌ផារីស៊ីម្នាក់ អស់​អ្នក​ដែល​នៅ​ផ្ទះ​នោះ​តាម​ឃ្លាំ​មើល​ព្រះ‌អង្គ។ ព្រះ‌យេស៊ូ​សង្កេត​ឃើញ​ភ្ញៀវៗ​ចេះ​តែ​រើស​កន្លែង​កិត្តិ‌យស​អង្គុយ ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ជា​ប្រស្នា​ទៅ​គេ​ថា៖«បើ​មាន​គេ​អញ្ជើញ​អ្នក​ទៅ​ជប់‌លៀងក្នុង​ពិធី​មង្គល‌ការ​ណា​មួយ សុំ​កុំ​ទៅ​អង្គុយ​កន្លែង​ដែល​គេ​បម្រុង​ទុកសម្រាប់​ភ្ញៀវ​កិត្តិ‌យស ក្រែង​លោ​គេ​បាន​អញ្ជើញ​ភ្ញៀវ​ម្នាក់​ទៀតមាន​ឋានៈ​ខ្ពស់​ជាង​អ្នក។ ប្រសិន​បើ​ម្ចាស់​ផ្ទះ​បាន​អញ្ជើញ​អ្នក​ផង អញ្ជើញ​ភ្ញៀវ​មាន​ឋានៈ​ខ្ពស់​នោះ​ផង គាត់​មុខ​ជា​សុំ​ឱ្យអ្នក​ទុក​កន្លែង​កិត្តិ‌យស​ជូន​អ្នក​មាន​ឋានៈ​ខ្ពស់​ជា​មិន​ខាន។ ពេល​នោះ អ្នក​នឹង​ត្រូវ​អាម៉ាស់​មុខ ហើយ​ទៅ​អង្គុយ​កន្លែង​អន់​ជាង​គេ​វិញ។ ដូច្នេះ បើ​មាន​គេ​អញ្ជើញ​អ្នក ចូរ​ទៅ​អង្គុយ​កន្លែង​អន់​ជាង​គេ​សិន លុះ​ដល់​ម្ចាស់​ផ្ទះ​ពោល​មក​កាន់​អ្នក​ថា “សម្លាញ់​អើយ! សូម​អ្នក​មក​អង្គុយ​នៅ​កន្លែង​ខាង​មុខ​នេះ​វិញ” ពេល​នោះ អ្នក​នឹង​មាន​កិត្តិ‌យស​នៅ​ចំពោះ​មុខ​ភ្ញៀវ​ទាំង​អស់ដែល​អង្គុយ​រួម​តុ​ជា​មួយ​អ្នក​ជា​មិន​ខាន។ អ្នក​ណា​លើក​តម្កើង​ខ្លួន អ្នក​នោះ​នឹង​ត្រូវ​គេ​បន្ទាប​ចុះ។ រីឯ​អ្នក​ដែល​បន្ទាប​ខ្លួន នឹង​ត្រូវ​គេ​លើក​តម្កើង​វិញ»។

Facebook
Twitter
LinkedIn