អត្ថបទគម្ពីរ ថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០២២

សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងអេភេសូ អភ ៤,៣២-៥,៨

បងប្អូនជាទីស្រឡាញ់!
បងប្អូនត្រូវ​មាន​ចិត្ត​សប្បុរស និង​ចេះ​អាណិត​មេត្តា​ដល់​គ្នា​ទៅ​វិញ​ទៅ​មក។ ត្រូវ​ប្រណី‌សន្ដោស​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ព្រះ‌ជាម្ចាស់​បាន​ប្រណី‌សន្ដោស​បង‌ប្អូន ដោយ‌សារ​ព្រះ‌គ្រីស្ត​ដែរ។ សូម​បង‌ប្អូន​យក​តម្រាប់​តាម​ព្រះ‌ជាម្ចាស់​ចុះ ព្រោះ​បង‌ប្អូន​ជា​បុត្រ‌ធីតា​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះ‌អង្គ។ ចូរ​រស់​នៅ​ដោយ​មាន​ចិត្ត​ស្រឡាញ់ ដូច​ព្រះ‌គ្រីស្ត​បាន​ស្រឡាញ់​យើង ហើយ​បាន​បូជា​ព្រះ‌ជន្ម​សម្រាប់​យើងទុក​ជា​តង្វាយ​ថ្វាយ​ព្រះ‌ជាម្ចាស់ និង​ទុក​ជា​យញ្ញ‌បូជា​ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ​។ ដោយ​បង‌ប្អូន​ជា​ប្រជាជន​ដ៏‌វិសុទ្ធ មិន​ត្រូវ​ឱ្យមាន​ឮ​និយាយ​អំពី​ការ​ប្រាស‌ចាក​សីល‌ធម៌ អបាយ‌មុខ​គ្រប់​យ៉ាង ឬ​ការ​លោភ‌លន់​ក្នុង​ចំណោម​បង‌ប្អូន​សោះ​ឡើយ ហើយ​ក៏​មិន​ត្រូវ​ពោល​ពាក្យ​ទ្រគោះ​បោះ‌​បោក ពាក្យ​ឡេះ‌ឡោះ ឬ​ពាក្យ​អាស‌អាភាស​ដែរ ព្រោះ​ពាក្យ​ទាំង​នេះ​មិន​សមរម្យ​ទេ ផ្ទុយ​ទៅ​វិញ ត្រូវ​ពោល​ពាក្យ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់។ ចូរ​ដឹង​ឱ្យ​ច្បាស់​ថា អ្នក​ប្រាស‌ចាក​សីល‌ធម៌ អ្នក​ប្រព្រឹត្ត​អំពើ​អបាយ‌មុខ និង​អ្នក​លោភ‌លន់​ដែល​យក​ទ្រព្យ‌សម្បត្តិ​ធ្វើ​ជា​ព្រះ មិន​អាច​ទទួល​មត៌ក​ក្នុង​ព្រះ‌រាជ្យ​របស់​ព្រះ‌គ្រីស្ត និង​របស់​ព្រះ‌ជាម្ចាស់​បាន​ជា​ដាច់​ខាត។ សូម​កុំ​ឱ្យនរណា​ម្នាក់​បោក‌បញ្ឆោត​បង‌ប្អូន ដោយ​ពាក្យ​សម្ដី​ឥត​ខ្លឹម‌សារ​សោះ​ឡើយ ព្រោះ​អំពើ​ទាំង​នេះ​ហើយ​ដែល​នាំ​ឱ្យ​ព្រះ‌ជាម្ចាស់​ព្រះ‌ពិរោធ​នឹង​ពួក​អ្នក​ប្រឆាំង​ព្រះ‌អង្គ។ ដូច្នេះ សូម​កុំ​សេព‌គប់​ជា​មួយ​ពួក​គេ​ជា​ដាច់​ខាត។ កាល​ពី​ដើម បង‌ប្អូន​ងងឹត​មែន ប៉ុន្តែ ឥឡូវ​នេះ បង‌ប្អូន​ជា​ពន្លឺ ដោយ​បាន​រួម​ជា​មួយ​ព្រះ‌អម្ចាស់ ដូច្នេះ ចូរ​រស់​នៅ​ឱ្យសម​ជា​មនុស្ស​ដែល​មាន​ពន្លឺ​ក្នុង​ខ្លួន​ទៅ។

ទំនុកតម្កើងលេខ ១,១-៦ បទកាកគតិ

អ្នកមិនប្រព្រឹត្តតាមមនុស្សទុច្ចរិតមិនស្ដាប់ទូន្មាន
ហើយមិនចូលចិត្តដើរតាមស្នាមដានអ្នកនោះនឹងមាន
មង្គលពេកក្រៃ
តែតាមការគិតពួកគេចូលចិត្តនឹងធម្មវិន័យ
របស់ព្រះម្ចាស់ទាំងយប់ទាំងថ្ងៃសញ្ជឹងរំពៃ
ឥតមានភ្លេចភ្លឹក
អ្នកនោះប្រៀបបានដើមឈើល្អថ្កានដុះក្បែរផ្លូវទឹក
មិនស្លោកស្រពោនឱ្យផលផ្លែស្លឹកចម្រើនសន្ធឹក
តាមកាលរដូវ
រីឯមនុស្សអាក្រក់មានចិត្តគម្រក់កេរ្ដិ៍ឈ្មោះអាស្រូវ
ពួកគេប្រៀបបានអង្កាមដែលត្រូវខ្យល់ផាត់ប៉ើងទៅ
បាចសាចខ្ចាត់ខ្ចាយ
ថ្ងៃព្រះអម្ចាស់វិន័យច្ឆ័យទោសជនពាលទាំងឡាយ
ព្រមទាំងមនុស្សបាបមិនស្ថិតស្ថេរឡើយត្រូវតែឃ្លាតឆ្ងាយ
ពីអ្នកសុចរិត
ដ្បិតព្រះអម្ចាស់ស្គាល់ប្រាកដណាស់មាគ៌ាប្រណីត
នៃមនុស្សល្អស្មោះសរសុចរិតមាគ៌ាឧក្រិដ្ឋ
នាំខ្លួនអន្ដរាយ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១៤៦,៥-៧

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់! អ្នកដែលពឹងផ្អែកលើព្រះអង្គ ពិតជាមានសុភមង្គល។ ព្រះអង្គតែងតែរំដោះមនុស្ស
ដែលជាប់ចំណង ហើយប្រោសអ្នកកើតទុក្ខសោកសង្រេងឱ្យងើបឡើងវិញ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៣,១០-១៧

ថ្ងៃ​មួយជា​ថ្ងៃ​សប្ប័ទ ព្រះ‌យេស៊ូ​កំពុង​តែ​ប្រៀន‌ប្រដៅ​គេ​ក្នុង​សាលា​ប្រជុំ។ នៅ​ទី​នោះ មាន​ស្ត្រី​ម្នាក់​ដែល​ត្រូវ​ខ្មោច​ធ្វើឱ្យ​ពិការអស់‌រយៈ​ពេល​ដប់​ប្រាំ​បី​ឆ្នាំ​មក​ហើយ នាង​កោង​ខ្នង ងើប​ត្រង់​ពុំ​កើត។ ពេល​ព្រះ‌យេស៊ូ​ទត​ឃើញ​ស្ត្រី​នោះ ព្រះ‌អង្គ​ហៅ​នាង​មក ហើយ​មាន​ព្រះ‌បន្ទូល​ថា៖«នាង​អើយ! នាង​បាន​ជា​សះ‌ស្បើយ​ហើយ»។ ព្រះ‌អង្គ​ដាក់​ព្រះ‌ហស្ដ​លើ​នាង នាង​ក៏​ឈរ​ត្រង់​វិញ​បាន​មួយ​រំពេច ព្រម​ទាំង​លើក​តម្កើង​សិរី‌រុង​រឿង​របស់​ព្រះ‌ជាម្ចាស់​ផង។ ប៉ុន្តែ អ្នក​ទទួល​ខុស​ត្រូវ​លើ​សាលា​ប្រជុំ​ទាស់​ចិត្ត​ណាស់ ដោយ​ឃើញ​ព្រះ‌យេស៊ូ​ប្រោស​អ្នក​ជំងឺ​ឱ្យជា​នៅ​ថ្ងៃ​សប្ប័ទ​ដូច្នេះ។ គាត់​ក៏​និយាយ​ទៅ​កាន់​បណ្ដា‌ជន​ថា៖«យើង​មាន​សិទ្ធិ​ធ្វើ​ការ​បាន​ចំនួន​ប្រាំ​មួយ​ថ្ងៃ។ ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​មក​រក​ព្យាបាល​ខ្លួន​ក្នុង​ថ្ងៃ​ទាំង​នោះ​ចុះ កុំ​មក​ថ្ងៃ​សប្ប័ទ​ឡើយ!»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អ្នក​ទទួល​ខុស​ត្រូវ​លើ​សាលា​ប្រជុំ​នោះ​ថា៖«មនុស្ស​មាន​ពុត​អើយ! តើ​អ្នក​រាល់​គ្នា​មិន​ស្រាយ​គោ ឬ​លាបញ្ចេញ​ពី​ក្រោល ដឹក​ទៅ​ផឹក​ទឹក​នៅ​ថ្ងៃ​សប្ប័ទ​ទេ​ឬ​អី?។ ឯ​ស្ត្រី​នេះ​ជា​ពូជ‌ពង្ស​របស់​លោក​អប្រាហាំ មារ​សាតាំង​បាន​ចង​នាង​អស់‌រយៈ​ពេល​ដប់​ប្រាំ​បី​ឆ្នាំ​មក​ហើយ តើ​មិន​គួរ​ឱ្យខ្ញុំ​ស្រាយ​ចំណង​នាង​នៅ​ថ្ងៃ​សប្ប័ទ​ទេ​ឬ​អី?»។ កាល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នោះ​ហើយ អ្នក​ប្រឆាំង​នឹង​ព្រះ‌អង្គ​អៀន‌ខ្មាស​យ៉ាង​ខ្លាំង រីឯ​បណ្ដា‌ជន​ទាំង​មូល​វិញ គេ​រីក‌រាយ​នឹង​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អង្គ​បាន​ធ្វើ។

Facebook
Twitter
LinkedIn