ក្នុងពិធីប្រគល់មុខងារជូនលោកអភិបាល សិលា សួន ហង្សលី
ជាអភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម
បងប្អូនជាទីស្រឡាញ់
ខ្ញុំព្រះករុណា រួមជាមួយព្រះសហគមន៍ភូមិភាគភ្នំពេញទាំងមូល ទាំងបូជាចារ្យ ទាំងបងប្រុសបងស្រី ទាំងគ្រីស្តបរិស័ទ សូមបង្ហាញអំពីអំណរសប្បាយឥតឧបមា ដែលថ្ងៃនេះយើងថ្វាយលោកអភិបាលថ្មីសម្រាប់ភូមិភាគកំពង់ចាម គឺលោកអភិបាល សិលា សួន ហង្សលី។ នេះជាកាដូពិសេស ដែលព្រះសហគមន៍ភូមិភាគភ្នំពេញថ្វាយទៅព្រះសហគមន៍ភូមិភាគកំពង់ចាមថ្ងៃនេះ។
ដូច្នេះ ថ្ងៃនេះខ្ញុំសូមបង្ហាញអំពីអំណរសប្បាយដែលខ្ញុំមាន ដោយអរព្រះគុណព្រះជាម្ចាស់អំពីចិត្តរំភើបដែលខ្ញុំមាននៅព្រឹកនេះ។ នៅថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០២២ នៅពេលលោកអភិបាល លី បានចេញធ្វើដំណើរពីភ្នំពេញមកកំពង់ចាម ខ្ញុំក៏បានជូនពរលោកឱ្យធ្វើដំណើរយ៉ាងសុខសាន្ត។ ពេលនេះខ្ញុំក៏បានប្រាប់លោកអភិបាល លី ថាតាមពិតមិនមែនតែធ្វើដំណើរពីភ្នំពេញមកកំពង់ចាម ដែលប្រើរយៈពេលតែពីរបីម៉ោងទេ ប៉ុន្តែនៅពេលនេះ គឺជាការធ្វើដំណើរថ្មីនៅក្នុងជីវិតផ្ទាល់ខ្លួនជាអភិបាលនៅកំពង់ចាម។
ការធ្វើដំណើរនេះ គឺដូចព្រះយេស៊ូព្រះអង្គបានធ្វើដំណើររហូត ខ្ញុំក៏នឹកឃើញដល់រយៈពេលកន្លងមកដែលខ្ញុំទាំងពីរនាក់ បានចាប់ផ្តើមធ្វើដំណើរជាមួយគ្នានៅទីក្រុងកំពត កាលពីជាង២០ឆ្នាំមុន។ នៅពេលនោះ លោកអភិបាល លី ជាលោកបូជាចារ្យថ្មី ខ្ញុំក៏ជាសាសនៈទូតក្មេងខ្ចីដែរ យើងបានចាប់ផ្តើមរស់នៅក្នុងជីវិតជាអ្នកបួសនៅក្នុងអារាមសម្ងាត់ម្យ៉ាង។ យើងឥតមានគ្រីស្តបរិស័ទ យើងឥតមានព្រះវិហារ យើងឥតមានទីកន្លែងសោះ មានតែអធិដ្ឋានពីរនាក់នៅក្នុងទឹកដីនៃទីក្រុងកំពតក្នុងផ្ទះដែលយើងជួលគេ។
ក្រោយមក យើងបានខិតខំធ្វើជាសាសនៈទូតដែរ ដោយប្រកាសដំណឹងល្អ កាលនោះ លោកអភិបាល លី គាត់សង្ឃឹមនិងយកចិត្តទុកដាក់ដើម្បីប្រកាសដំណឹងល្អនៅមណ្ឌលសន្តអូហ្គូស្តាំង នៅជុំគិរី នៅចំការទៀង។ នៅពេលនោះ លោកអភិបាល លី បានបង្រៀនគោលមួយដែលជាប់នៅក្នុងចិត្តខ្ញុំអស់មួយជីវិត គឺ “ធ្វើដូចម្តេចដើម្បីឱ្យយើងយល់អំពីរឿងនិទានមួយ គឺរឿងអណ្ដើកនិងត្រី ដែលជួបគ្នា”។ ខ្ញុំសង្ឃឹមថាបងប្អូនស្គាល់រឿងនេះ នេះជារបៀបដែលវប្បធម៌ពីរជួបគ្នា ដោយសារលោកអភិបាល លី ខ្ញុំបានយល់ច្រើនដើម្បីធ្វើដំណើរយ៉ាងជ្រៅ ដើម្បីយល់ចិត្តគ្នា ដើម្បីចូលនៅក្នុងចិត្តគំនិតរបស់ប្រជារាស្ត្រដែលខ្ញុំបានទទួល។ អរគុណ អរគុណលោកឪពុក។
នៅពេល លោកអភិបាល លី បានត្រឡប់មកពីប្រទេសបារាំងវិញក្នុងឆ្នាំ២០១៥ យើងបានបន្តធ្វើដំណើររួមជាមួយគ្នា នៅព្រះសហគមន៍ថ្មីសន្តសិលា និងសន្តប៉ូលភ្នំពេញថ្មី លោកក៏ជាតំណាងពេញសិទ្ធិរបស់ខ្ញុំដែរ។ ជាមួយលោកឪពុកក្នុងរយៈពេល៧ឆ្នាំ យើងបានចូលរួមអធិដ្ឋានពេលព្រឹករាប់រយដង ក្នុងពិធីបុណ្យនានាក្នុងភូមិភាគភ្នំពេញលែងរាប់បាន ក្នុងប្រជុំបូជាចារ្យ ប្រជុំទីប្រឹក្សា ប្រជុំគណៈកម្មការរាប់រយដង…។ ខ្ញុំជឿថា រយៈ៧ឆ្នាំនេះដូចជា “សាលារៀនដើម្បីធ្វើជាអភិបាល” ដូចថ្ងៃនេះ នៅព្រះសហគមន៍ភូមិភាគកំពង់ចាម។
លោកអភិបាលជាទីស្រឡាញ់ ថ្ងៃនេះខ្ញុំរំភើបណាស់ខ្ញុំសូមស្វាគមន៍លោកអភិបាលយ៉ាងឱឡារិកនៅក្នុងក្រុមលោកអភិបាលឡាវកម្ពុជា។ ថ្ងៃនេះ យើងមានលោកកាឌីណាល់ លីង ដែលជាប្រធានក្រុមអភិបាលឡាវកម្ពុជារបស់យើង យើងមានលោកអភិបាលថ្មីដែរ គឺលោកអភិបាល ស៊ុកសាវ៉ាត់។ ថ្ងៃនេះ យើងនឹកឃើញដល់លោកអភិបាល ព្រីដា ដែលនៅតាឃេកកំពុងថ្វាយអភិបូជាយ៉ាងឱឡារិកសម្រាប់សន្តីតេរេសា។ ពិតមែនខ្ញុំសូមស្វាគមន៍លោកអភិបាល លី ក្នុងក្រុមលោកអភិបាលរបស់យើង។
ថ្ងៃនេះ ខ្ញុំសូមថ្លែងអំណរគុណដល់លោកឪពុក វុំាងសង់ ដែលជាប្រធានក្រុមសាសនៈទូតក្រៅប្រទេសនាទីក្រុងប៉ារីស (MEP)។ លោកឪពុកគឺជាអតីតទីប្រឹក្សារបស់ខ្ញុំយ៉ាងជិតស្និទ្ធ លោកឪពុក លី បានបន្តពីគាត់នៅក្នុងក្រុមទីប្រឹក្សារបស់ខ្ញុំ។ ថ្ងៃនេះ វត្តមានរបស់លោកឪពុក វុំាងសង់ ពោរពេញដោយអត្ថន័យ យើងអាចនិយាយបានថាថ្ងៃនេះនៅក្នុងភូមិភាគកំពង់ចាម ក្រុមសាសនៈទូតក្រៅប្រទេសនាទីក្រុងប៉ារីស (MEP) បានបំពេញតួនាទីផ្ទាល់ខ្លួន គឺបង្កើតព្រះសហគមន៍ដែលមានកូនខ្មែរដើម្បីដឹកនាំព្រះសហគមន៍ផ្ទាល់ខ្លួន។
ពិតមែន លោកអភិបាល ឡេស្វេស លោកអភិបាល អន់តូនី លោកអភិបាល ប៊ុ្រយណូ បានយកចិត្តទុកដាក់សាបព្រោះគ្រាប់ពូជដ៏ល្អប្រសើរ ដោយមានសេចក្តីស្រឡាញ់ ដោយការយកចិត្តទុកដាក់យ៉ាងច្រើន ខ្ញុំសូមអរគុណ អរគុណច្រើន។
ថ្ងៃនេះ ការតែងតាំងរបស់លោកអភិបាល សិលា សួន ហង្សលី ជាផ្លែនៃការសាបព្រោះនេះ។ ថ្ងៃនេះពិតមែន យើងសូមអបអរសាទរអភិបាលកូនខ្មែរដំបូងនៃភូមិភាគកំពង់ចាម និងអបអរសាទរអភិបាលដំបូងដែលជាកូនខ្មែរតាំងពីលោកអភិបាល ឆ្មារ សាឡាស់ បានទទួលមរណៈភាពនៅឆ្នាំ១៩៧៧។
លោកអភិបាលជាទីស្រឡាញ់
ពីការនេសាទត្រីនៅមាត់ទន្លេមេគង្គនៅពោធិ៍ធំ លោកអភិបាលបានទៅជាអ្នកនេសាទមនុស្ស។ នៅក្នុងបន្ទប់អធិដ្ឋានដ៏តូចដែលយើងមាននៅកំពត យើងបានអធិដ្ឋានរាល់ថ្ងៃនៅទីនោះមានផ្ទាំងកញ្ចក់មួយ ដែលមានរូបព្រះយេស៊ូដែលកំពុងត្រាស់ហៅលោកសិលា នៅមាត់សមុទ្រកែបជិតជើងភ្នំបូកគោ។ ខ្ញុំជឿថា ប៉ុន្មានដងព្រះយេស៊ូបានត្រាស់ហៅលោកអភិបាលដូចគ្នា បានត្រាស់ហៅលោកអភិបាលឱ្យស្រឡាញ់ព្រះអង្គ និងណែនាំឱ្យបងប្អូនទាំងអស់ស្រឡាញ់ព្រះយេស៊ូដែរ។ ដូច្នេះ ថ្ងៃនេះលោកអភិបាលអាចចាប់ផ្តើមនៅក្នុងកំពង់ចាម ដើម្បីបោះសំណាញ់ ទម្លាក់អួននៅក្នុងទន្លេមេគង្គដែលកាត់ពីព្រំដែនឡាវ-កម្ពុជា រហូតដល់ព្រំដែនភូមិភាគភ្នំពេញ គឺអ្នកលឿង និងព្រែកតាមាក់។ លោកអភិបាល អាចបន្តទៅដល់មហាព្រៃដ៏ស្អាតបំផុតនៅមណ្ឌលគិរី និងរតនៈគិរី។ ប៉ុន្តែដើម្បីនេសាទ គឺត្រូវនេសាទដោយចិត្តស្លូតបូត ដោយដាក់ខ្លូន ដោយមានប្រាជ្ញាឈ្លាសវៃ ដោយមានជំនឿ ដោយមានចិត្តរឹងមាំ និងនេសាទដោយមានការតស៊ូ។
បងប្អូនជាទីស្រឡាញ់ នេះទាំងអស់ជាគុណធម៌ដែលមាននៅក្នុងខ្លួនរបស់លោកអភិបាល សិលា សួន ហង្សលី ស្រាប់ពីដើមរៀងមក។
ជាចុងក្រោយ ខ្ញុំចង់និយាយនេះតែប៉ុណ្ណឹង “សូមទៅជាសេចក្តីស្រឡាញ់នៅក្នុងព្រះបេះដូងនៃព្រះសហគមន៍ ដែលជាមាតារបស់លោកអភិបាល ដូចសន្តីតេរេសាធ្លាប់មានប្រសាសន៍ដែរ”។ ប៉ុន្តែ សម្រាប់លោកអភិបាល ព្រះសហគមន៍ឥលូវនេះមិនមែនតែជាព្រះមាតា គឺជាភរិយាដែរ ជាពិសេសព្រះសហគមន៍កំពង់ចាម។ ខ្ញុំជឿថា លោកបូជាចារ្យ បងប្រុសបងស្រី និងគ្រីស្តបរិស័ទទាំងអស់នៅក្នុងភូមិភាគកំពង់ចាមទន្ទឹងរង់ចាំ គ្រូគង្វាលដែលបង្ហាញអំពីព្រះហឫទ័យស្រឡាញ់របស់ព្រះជាម្ចាស់ ទៅជាសេចក្តីស្រឡាញ់នៅក្នុងព្រះបេះដូងនៃព្រះសហគមន៍ភូមិភាគកំពង់ចាម។
ថ្ងៃនេះ លោកអភិបាល អេមីល បានផ្ញើសញ្ញាមួយដល់យើង គឺលោកអភិបាល អេមីល បានធ្វើដំណើរនៅក្នុងជីវិតនៃការត្រាស់ហៅរបស់លោកអភិបាល សិលា សួន ហង្សលី។ គឺលោកអភិបាល អេមីល ដែលបានតែងតាំងលោកជាឧបដ្ឋាកនិងជាបូជាចារ្យ។ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១០ លោកអភិបាល អេមីល បានចូលនិវត្តន៍។ ដូច្នេះ ថ្ងៃនេះលោកអភិបាល អេមីល លោកអភិបាល ឆ្មារ សាឡាស់ លោកឪពុក ឆ្មារ សាឡឹម ដែលមកពីភូមិកំណើតជាមួយលោកអភិបាល លី។ រួមជាមួយម្តាយរបស់លោកអភិបាល លី ដែលបានអធិដ្ឋានសម្រាប់លោកអភិបាលយ៉ាងច្រើន ឪពុកបង្កើតរបស់លោកអភិបាល លី និងលោកអភិបាល អ៊ីវ រ៉ាមូស នៅក្នុងបង្អួចនៃស្ថានបរមសុខចូលរួមជាមួយអគ្គទេវទូត (មីកាអែល កាព្រីអែល និងរ៉ាហ្វាអែល) ជាមួយទេវទូតការពារយើងទាំងអស់ដែលយើងគោរពថ្ងៃស្អែក ដើម្បីច្រៀងជាមួយគ្នា “សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់” សុខសប្បាយលោកអភិបាល៕
កំពង់ចាម ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២២
+ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ
អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា
ភូមិភាគភ្នំពេញ