អត្ថបទគម្ពីរ ថ្ងៃអង្គារ ទី០៤ ខែតុលា ឆ្នាំ ២០២២

សន្តហ្រ្វង់ស្វ័រ នៅក្រុងអាស៊ីស

លោកហ្វ្រង់ស្វ័រ (១១៨២-១២២៦) ជាកូនអ្នកឈ្មួញម្នាក់ជាអ្នកមានស្តុកស្តម្ភនៅក្រុងអាស៊ីស៊ី (ប្រទេសអ៊ីតាលី)។ ដល់អាយុម្ភៃឆ្នាំ លោកសុខចិត្តលះបង់ទ្រព្យសម្បត្តិទាំងអស់ ដើម្បីបម្រើព្រះយេស៊ូយ៉ាងស្មោះអស់ពីចិត្ត ហើយចេញដំណើរទៅពន្យល់គម្ពីរ។ លោកធ្លាប់កោតសរសើរព្រះជាម្ចាស់ដែលបានបង្កើតសត្វលោកទាំងឡាយ ដោយចាត់ទុកថាសត្វលោកទាំងនោះសុទ្ធតែជាបងប្អូនរបស់គាត់។ ដោយលោកស្រឡាញ់ព្រះយេស៊ូយ៉ាងខ្លាំងជាទីបំផុត លោកទទួលស្នាមរបួសរបស់ព្រះយេស៊ូភ្ជាប់នឹងដៃ ជើង និងត្រង់ឆ្អឹងជំនីរ។ លោកបង្កើតក្រុមគ្រួសារបព្វជិតមួយដែលមានឥទ្ធិពលជាខ្លាំងក្នុងសាកលលោករហូតមកសព្វថ្ងៃ។

សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទស្រុកកាឡាទី កាឡ ១,១៣-២៤

បងប្អូនជាទីស្រលាញ់!
បងប្អូនបានឮគេនិយាយអំពីកិរិយាមារយាទរបស់ខ្ញុំកាលពី​ដើមស្រាប់ហើយ គឺពេលខ្ញុំកាន់សាសនាយូដានៅឡើយ ខ្ញុំបានបៀតបៀនព្រះសហគមន៍​របស់ព្រះជាម្ចាស់យ៉ាងកាចសាហាវបំផុត ហើយខ្ញុំក៏ចង់កម្ទេចព្រះសហគមន៍នេះទៀត​ផង។ ខ្ញុំបានកាន់សាសនាយូដាយ៉ាងល្អប្រសើរជាងអស់អ្នកដែលមានអាយុស្រករៗខ្ញុំ​ និងជាជនរួមជាតិរបស់ខ្ញុំទៅទៀត ដ្បិតខ្ញុំមានចិត្តខ្នះខ្នែងកាន់តាមប្រពៃណីបុព្វបុរស​របស់ខ្ញុំហួសប្រមាណ។ ក៏ប៉ុន្ដែ ព្រះជាម្ចាស់បានញែកខ្ញុំទុកដោយឡែកពីគេ តាំងពីក្នុងផ្ទៃម្ដាយមកម៉្លេះ ហើយព្រះអង្គបានត្រាស់ហៅខ្ញុំ ដោយព្រះហប្ញទ័យប្រណីសន្ដោសរបស់ព្រះអង្គ។ នៅ​ពេលព្រះអង្គសព្វព្រះហប្ញទ័យសម្ដែងឱ្យខ្ញុំស្គាល់ព្រះបុត្រារបស់ព្រះអង្គ ដើម្បីឱ្យ​ខ្ញុំនាំដំណឹងល្អអំពីព្រះបុត្រាទៅជូនសាសន៍ដទៃ ខ្ញុំពុំបានទៅសួរយោបល់ពីមនុស្សណា​ម្នាក់ឡើយ។ ខ្ញុំក៏ពុំបានឡើងទៅក្រុងយេរូសាឡឹម ដើម្បីជួបអស់លោកដែលជាសាសន​ទូតមុនខ្ញុំដែរ គឺខ្ញុំបានធ្វើដំណើរទៅស្រុកអារ៉ាប៊ី រួចក៏ត្រឡប់មកក្រុងដាម៉ាសវិញ។ បីឆ្នាំក្រោយមក ខ្ញុំបានឡើងទៅក្រុងយេរូសាឡឹមដើម្បីឱ្យបានស្គាល់លោកកេផាស​ ហើយខ្ញុំស្នាក់នៅជាមួយលោកអស់រយៈពេលដប់ប្រាំថ្ងៃ។ ប៉ុន្ដែ ខ្ញុំពុំបានជួបនឹងសាសន​ទូតណាផ្សេងទៀតឡើយ លើកលែងតែលោកយ៉ាកុបជាបងប្អូនរបស់ព្រះអម្ចាស់​ប៉ុណ្ណោះ។ សេចក្ដីដែលខ្ញុំសរសេរ​មកជូនបងប្អូននេះ ឥតកុហកទេ មានព្រះជាម្ចាស់​ជាសាក្សីស្រាប់។ បន្ទាប់មកទៀត ខ្ញុំធ្វើដំណើរទៅតំបន់ផ្សេងៗនៅស្រុកស៊ីរី និងស្រុកស៊ីលីស តែ​ព្រះសហគមន៍នានាដែលជឿព្រះគ្រីស្ដនៅស្រុកយូដាពុំបានស្គាល់មុខខ្ញុំទេ។ បងប្អូន​ទាំងនោះ គ្រាន់តែបានឮគេនិយាយថា អ្នកដែលបៀតបៀនយើងកាលពីដើម​ ឥឡូវនេះគាត់បែរជាប្រកាសដំណឹងល្អអំពីជំនឿដែលគាត់ចង់កម្ទេចពីមុននោះទៅវិញ!។ គេក៏នាំគ្នាលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ព្រោះតែខ្ញុំ។

ទំនុកតម្កើងលេខ ១៣៨ (១៣៩) ​,១-៣.១៣-១៥ បទពាក្យ ៧

បពិត្រព្រះម្ចាស់ដ៏សប្បុរសទ្រង់ឈ្វេងយល់អស់ជម្រៅចិត្ត
នៃទូលបង្គំដែលមានពិតព្រះអង្គស្គាល់ឥតសល់ចន្លោះ
ទ្រង់ជ្រាបឥតបីមានសង្ស័យក្រោកឈរអង្គុយគ្រប់ទាំងអស់
ឈ្វេងយល់គំនិតខ្ញុំឥតខ្ចោះពីមុនទាំងអស់ស្រេចទៅហើយ
ទោះបីដើរដេកធ្វើកិច្ចការតិចច្រើនម្ដេចម្ដាមិនបាត់ឡើយ
ព្រះអង្គទ្រង់ជ្រាបអស់ទៅហើយសម្រាកក៏ដោយមិនកំបាំង
១៣ព្រះអង្គបង្កើតខ្ញុំបានសុខហើយទ្រង់បានទុកខ្ញុំក្នុងផ្ទៃ
អ្នកម្ដាយមានគុណយូរខែថ្ងៃសន្ដោសប្រណីគ្រប់កាយា
១៤ខ្ញុំសូមលើកតម្កើងព្រះអង្គស្នាព្រះហស្ដទ្រង់ដ៏អស្ចរ្យ
ខ្ញុំដឹងថាអ្វីគ្រប់ប្រការសុទ្ធតែអស្ចរ្យកើតពីទ្រង់
១៥ពេលទូលបង្គំចាប់កំណើតនៅក្នុងទីស្ងាត់លាក់កំបាំង
ក៏មិនអាចពួននឹងព្រះអង្គអ្វីៗក៏ទ្រង់ជ្រាបទាំងអស់

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម វវ ៣,២០

អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកណាឮព្រះសូរសៀងរបស់ព្រះអម្ចាស់ ហើយបើកទ្វារថ្វាយព្រះអង្គ អ្នកនោះពិតជាមានសុភមង្គលហើយ! អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១០,៣៨-៤២

ព្រះយេស៊ូធ្វើដំណើរជាមួយក្រុមសាវ័ក ហើយយាងចូលក្នុងភូមិមួយ។ ស្រ្ដីម្នាក់​ឈ្មោះម៉ាថាទទួលព្រះអង្គឱ្យស្នាក់ក្នុងផ្ទះនាង។ នាងមានប្អូនស្រីម្នាក់ ឈ្មោះម៉ារី​អង្គុយនៅទាបព្រះបាទាព្រះអម្ចាស់ ស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គ។ រីឯនាងម៉ាថាវិញនាងមានកិច្ចការរវល់ជាច្រើនដើម្បីបម្រើព្រះអង្គ។ នាងចូលមកទូលថា៖«បពិត្រព្រះ​អម្ចាស់! ប្អូនខ្ញុំម្ចាស់ទុកឱ្យខ្ញុំម្ចាស់បម្រើព្រះអង្គតែម្នាក់ឯង តើព្រះអង្គមិនអើពើទេឬ? សូមទ្រង់ប្រាប់ឱ្យនាងមកជួយខ្ញុំម្ចាស់ផង»។ ព្រះអម្ចាស់មានព្រះបន្ទូលទៅនាងថា៖​«ម៉ាថា! ម៉ាថា! នាងមានកង្វល់ ហើយរវល់នឹងកិច្ចការច្រើនណាស់ ប៉ុន្ដែ មានកិច្ចការ​តែមួយគត់ ដែលចាំបាច់ នាងម៉ារីបានជ្រើសយកចំណែកដ៏ល្អវិសេសនោះហើយ មិន​ត្រូវយកចេញពីនាងទេ»។

Facebook
Twitter
LinkedIn