សារលិខិតរបស់សម្តេចប៉ាបហ្វ្រង់ស៊ីស្កូទិវាសារគមនាគមន៍ពិភពលោកឆ្នាំ២០២២

«ការស្តាប់ជាមួយត្រចៀកនៃបេះដូង»

បងប្អូនជាទីស្រឡាញ់!

កាលពីឆ្នាំទៅយើងបានគិតលើប្រធានបទមួយ ស្ដីអំពី “មកអ្នកនឹងឃើញ” ដែលជាប្រធានបទ ដើម្បីឲ្យយើងបានរកឃើញធាតុពិត និងភាពដែលអាចធ្វើទៅបាន ដែលចាប់ផ្ដើមជាមួយនឹងបទពិសោធនៃព្រឹត្តិការណ៍និងការជួបមនុស្សទូទៅ។ ដោយបន្តនៅជាមួយរឿងនេះ ខ្ញុំសូមឲ្យបងប្អូនយកចិត្តទុកដាក់បន្ថែមទៀត ទៅនឹងពាក្យមួយថា “ស្ដាប់” ដែលជា​វេយ្យាករណ៍​នៃទំនាក់ទំនង និងជាលក្ខខណ្ឌមួយសម្រាប់ការសន្ទនាយ៉ាងពិតប្រាកដ។​

ជាការពិតយើងបានបាត់បង់លទ្ធភាពនៃការស្ដាប់ ចំពោះមនុស្សដែលកំពុងនៅទល់មុខយើង ក៏ដូចគ្នាដែរចំពោះការទំនាក់ទំនងជាលក្ខណៈធម្មតាប្រចាំថ្ងៃ និងនៅពេលដែលយើងកំពុងតែតស៊ូមតិ ដែលនេះមានសារៈសំខាន់នៅក្នុងជីវិតរស់នៅស៊ីវិល័យរបស់យើង។ ទន្ទឹមនឹងនេះដែរ ការស្ដាប់កំពុងតែឆ្លងកាត់ការអភិវឌ្ឍថ្មីមួយដ៏សំខាន់នៅក្នុងវិស័យទំនាក់ទំនងនិងព័ត៌មាន តាមរយៈផតខាស​(Podcast) និងការផ្សព្វផ្សាយព័ត៌មានជាសារសំឡេងផ្សេងៗដែលអាចបម្រើដល់ការស្ដាប់ គឺនៅតែមានសារៈសំខាន់សម្រាប់ទំនាក់ទំនងរបស់មនុស្ស។​

វេជ្ជបណ្ឌិតម្នាក់ដែលគួរឲ្យគោរព ត្រូវបានគេចោទសួរទាក់ទងជាមួយនឹងការព្យាបាលរបួសនៃព្រលឹងយ៉ាងនេះ​ថា​ តើតម្រូវការដ៏ធំបំផុតរបស់មនុស្សគឺជាអ្វី?​ គាត់បានឆ្លើយថា “បំណងប្រាថ្នាគ្មានព្រំដែនគឺដើម្បីឲ្យគេស្តាប់គាត់”​។​ បំណងប្រាថ្នាដែលតែងតែលាក់កំបាំង ក៏ប៉ុន្តែវាប្រឈមទៅនឹងមនុស្ស​មួយក្រុម​ដែលតាំងខ្លួន​ជា​អ្នកអប់រំ ឬអ្នកចេះដឹង ឬ​អ្នក​ដែល​មាន​ចរិកដើរតួជាអ្នក​ប្រាស្រ័យទាក់ទង  មាន​ដូច​ជា  ឪពុកម្តាយ លោកគ្រូអ្នកគ្រូ គ្រូគង្វាល បុគ្គលិកព្រះវិហារ អ្នកសារព័ត៌មានអាជីព និងអ្នកដែលកំពុងតែនិយាយទៅកាន់សង្គមឬក៏ អ្នកនយោបាយជាដើម។​

ស្ដាប់ជាមួយនឹងត្រចៀកនៃបេះដូង

នៅក្នុងទំព័រនៃអត្ថបទគម្ពីរ យើងរៀនថា ការស្ដាប់គឺមិនមែនមានន័យថា ពួកយើងគ្រាន់តែឮព្រះបន្ទូល របស់ព្រះជាម្ចាស់ប៉ុណ្ណោះ ប៉ុន្តែតាមការពិតវាបានភ្ជាប់យ៉ាងសំខាន់រវាងទំនាក់ទំនងរបស់ព្រះជាម្ចាស់ជាមួយនឹងមនុស្ស។  «អ៊ីស្រាអែល​អើយ ចូរស្ដាប់!​» (ទយ៦,៤)។​ នេះគឺជាព្រះបន្ទូលដំបូងក្នុង​វិន័យ១០ប្រការ ដែលព្រះជាម្ចាស់បានមានបន្ទូល ហើយវាត្រូវបានយកមកបញ្ជាក់នៅក្នុងលិខិតរបស់សន្តប៉ូលត្រង់ចំណុចមួយថា​  «ជំនឿគឺបានមកពីការស្ដាប់» (រ៉ូម១០,១៧)។ ជាការពិតជាក់ស្ដែង ព្រះបន្ទូលទាំងនេះគឺមកពីព្រះជាម្ចាស់ដែលមានបន្ទូលមកកាន់យើង ហើយយើងជាអ្នកស្ដាប់ត្រូវតែឆ្លើយតបដោយការស្ដាប់ព្រះអង្គវិញ។  នៅចុងបញ្ចប់ ការស្ដាប់នេះលេចចេញជារូបរាង​ដោយ​ការ​ប្រសូតរបស់​ព្រះកុមារយេស៊ូ ដែលកើត​មកពីធម៌មេត្តាករុណារបស់ព្រះជាម្ចាស់  គឺបានមកពីការឆ្លើយតប របស់ឪពុកនិងម្តាយ(យ៉ូសែបនិងម៉ារី)របស់ព្រះអង្គ។​ នៅក្នុងចំណោមវិញ្ញាណទាំងប្រាំរបស់យើង មួយនៅក្នុងចំណោមនោះដែលព្រះជាម្ចាស់បានផ្តល់ឲ្យយើងគឺ ឲ្យយើងអាចស្ដាប់បាន ដែលនេះប្រហែលមកពី វាមានឯកសិទ្ធិមួយពិសេស ហើយប្រហែលជាឆ្លាតជាងការមើលឃើញទៅទៀត និងវាបាននាំឲ្យមនុស្សមានសេរីភាពច្រើនជាងមុន។​

ការស្ដាប់ ឆ្លើយតបទៅនឹង​ភាពសុភាពរាបសារបស់ព្រះជាម្ចាស់។ នេះគឺជាសកម្មភាពដែលអនុញ្ញាតឱ្យព្រះជាម្ចាស់បង្ហាញព្រះអង្គថា ទ្រង់ជាអ្នកមានព្រះបន្ទូល ហើយ​ព្រះបន្ទូលនេះ​បង្កើតបុរសនិងស្ត្រីជារូបតំណាងរបស់ព្រះអង្គ ហើយដោយការស្ដាប់ ពួកគេបានក្លាយជាដៃគូសន្ទនារបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់​ស្រឡាញ់ភាពជាមនុស្សលោក ហេតុនេះហើយបានជាព្រះអង្គផ្ទៀងព្រះកាណ៌ស្ដាប់ពួកគេ។​

ផ្ទុយទៅវិញ មនុស្សបានព្យាយាមចាកចេញពីការទំនាក់ទំនង ដោយពួកគេប្រែបែរខ្នង និងបាន​ «បិទត្រចៀករបស់ពួកគេ» ដោយពួកគេមិនស្តាប់ទៀតទេ។​ ការបដិសេធមិនស្ដាប់ជារឿយៗ ត្រូវបានប្រែបញ្ចប់ទៅដោយភាពខឹងសម្បាទៅកាន់អ្នកដទៃ ដូចជាអ្វីដែលបានកើតឡើងចំពោះលោកឧបដ្ឋាកស្តេផាន «គឺអស់អ្នកដែលបានស្ដាប់លោកហើយ បានយកដៃខ្ទប់ត្រចៀក ហើយនាំគ្នាស្ទុះទៅសង្គ្រប់ពីលើលោក» (កក៧,៥៧)។​

ម្យ៉ាងវិញទៀតព្រះជាម្ចាស់តែងតែបង្ហាញព្រះអង្គដោយការប្រាស្រ័យទាក់ទងដោយសេរី ហើយមួយវិញទៀត បុរសនិងស្ត្រីត្រូវបានសួរនាំដោយទន់ភ្លន់ក្នុងគោលបំណងឲ្យស្ដាប់ព្រះអង្គ។ ព្រះអម្ចាស់ បានហៅមនុស្ស ដោយចងសម្ព័ន្ធមេត្រីនៃសេចក្ដីស្រឡាញ់ ដូច្នេះ គេអាចពេញលក្ខណៈ ក្លាយទៅជាអ្វីដែលគេគឺជាគេ ក្នុងនោះរួមមាន រូបរាង និងលក្ខណៈដូចព្រះជាម្ចាស់ នៅក្នុងសមត្ថភាពនៃការស្ដាប់ ស្វាគមន៍ និងផ្ដល់កន្លែងសម្រាប់អ្នកដទៃ។ មូលដ្ឋាននៃការស្ដាប់ គឺជាចំណុចនៃសេចក្ដីស្រឡាញ់។​

ហេតុនេះហើយ ក្រោយស្តាប់ពាក្យប្រស្នាអំពីអ្នកសាបព្រោះរួច ព្រះយេស៊ូគ្រីស្ត​ហៅសាវ័ករបស់ព្រះអង្គ ឲ្យមកជុំគ្នា ហើយ​ដាស់តឿន​ពួកគេថា  «ចូរប្រុងប្រយ័ត្នអំពីរបៀបដែលអ្នករាល់គ្នាស្តាប់»(លក៨,១៨)​ ព្រះអង្គចង់បញ្ជាក់ថា មិនគ្រាន់តែស្ដាប់ធម្មតានោះទេ ប៉ុន្តែគឺត្រូវស្ដាប់ដោយប្រុងប្រយ័ត្ន។   ព្រះអង្គមានព្រះបន្ទូលទៀតថា  «អស់អ្នកដែលស្ដាប់ព្រះបន្ទូល ហើយចងចាំទុកយ៉ាងស្មោះអស់ពីចិត្ត រហូតដល់បានបង្កើតផលផ្លែជាច្រើនដោយចិត្តស៊ូទ្រាំ» (លក៨.១៥)។ វាមិនគ្រាន់តែស្ដាប់ដោយយកចិត្តទុកដាក់ទៅនឹងមនុស្សដែលកំពុងនិយាយមកកាន់យើង ទៅនឹងអ្វីដែលយើងស្ដាប់លឺ ហើយទៅនឹងរបៀបដែលយើងស្ដាប់ដែលនឹងឲ្យយើងរីកចម្រើនក្នុងសិល្បៈនៃការប្រាស្រ័យទាក់ទងទេ ហើយក៏មិនមែនបេះដូងពោរពេញដោយទ្រឹស្ដីឬក៏បច្ចេកទេសនោះដែរ «ក៏ប៉ុន្តែ គឺជាការបើកចិត្តឲ្យទូលាយ ដែលជំរុញឲ្យមានភាពជិតស្និទ្ធដែលអាចធ្វើទៅបាន។​» (Apostolic Exhortation Evangelii Gaudium, 171)

យើងទាំងអស់គ្នាមានត្រចៀក ប៉ុន្តែពេលខ្លះ សូម្បីតែអ្នកដែលមានការស្ដាប់ល្អ ក៏គ្មានលទ្ធភាពស្ដាប់នរណាម្នាក់ផងដែរ។  ជាការពិត នេះគឺជាភាពថ្លង់ម៉្យាងនៅខាងក្នុងខ្លួន​របស់មនុស្សដែលអាក្រក់ជាងរូបរាងកាយពិតប្រាកដទៅទៀត។  ជាការពិត ការស្ដាប់ត្រូវផ្ដោតអារម្មណ៍ទៅលើបុគ្គលនោះទាំងស្រុង ដោយមិនត្រឹមតែស្ដាប់តែប៉ុណ្ណោះ អ្នកដែលអង្គុយស្ដាប់ពិតប្រាកដនោះគឺបេះដូង។​  នៅគ្រាដែលស្ដេចសាឡូម៉ូនគ្រងរាជ្យក្នុង​វ័យក្មេង ព្រះអង្គបានហៅខ្លួនឯងជាអ្នកមានប្រាជ្ញា ពីព្រោះទ្រង់បានទូលសុំព្រះអម្ចាស់ ប្រទានឲ្យព្រះអង្គ «ចេះស្ដាប់ដោយបេះដូង» គឺចេះវិនិច្ឆ័យស្គាល់ការណ៍ល្អការណ៍អាក្រក់(១ពង្ស៣,៩)។  សន្តអគូស្ទីន ធ្លាប់លើកទឹកចិត្តឲ្យមានការស្ដាប់ដោយប្រើបេះដូង ដោយទទួលព្រះបន្ទូលមិនមែនតែសភាពខាងក្រៅតាមត្រចៀកប៉ុណ្ណោះទេ ប៉ុន្តែ ដោយប្រើបេះដូងប្រកប​ដោយវិញ្ញាណ។  លោកបានមានប្រសាសន៍ថា «កុំគ្រាន់តែស្ដាប់នឹងត្រចៀក ក៏ប៉ុន្តែត្រូវស្ដាប់ដោយប្រើត្រចៀកនៃបេះដូង»[1]។  សន្តហ្វ្រង់ស្វ័រនៅអាស៊ីស៊ី  បានបង្រៀនក្រុមបព្វជិតរបស់គាត់ «ឲ្យចេះប្រើត្រចៀកនៃបេះដូង» ​ផងដែរ។​[2]

ជាមួយគ្នានេះ នៅពេលដែលយើងស្វែងរកកិច្ចសន្ទនាពិតប្រាកដមួយ ប្រភេទនៃការស្ដាប់ត្រូវបានរកឃើញជាដំបូងគឺ ការស្ដាប់មនុស្សម្នាក់ ស្តាប់តម្រូវការពិតប្រាកដរបស់មនុស្សម្នាក់ ស្តាប់អ្វីដែលបានកើតឡើងចំពោះបុគ្គលម្នាក់នោះ។​ ហើយយើង​គ្រាន់​តែ​អាច​ចាប់ផ្តើមស្ដាប់អ្វីដែលធ្វើ​ឲ្យយើង​ក្លាយស្នាព្រះហស្ដមួយរបស់ព្រះជាម្ចាស់  ដែលសម្រេចចិត្តមានទំនាក់ទំនងជាមួយ​បងប្អូនឯទៀត និងទៅកាន់អ្នកដទៃទៀត។  យើងមិនមែនបង្កើតឡើងដើម្បីរស់នៅដូចជាគ្រាប់បែកនោះទេ ក៏ប៉ុន្តែយើងរស់នៅដើម្បីរួបរួមគ្នា។​

ការស្ដាប់ជាលក្ខខណ្ឌនៃការទំនាក់ទំនងល្អ

មានប្រភេទនៃការស្តាប់ឮដែលមិនមែនជាការស្តាប់ ប៉ុន្តែវាផ្ទុយពីការលួចស្ដាប់។  ជាការពិតការលួចស្ដាប់ ឬក៏ចារកម្ម គឺជាការស្វែងរកការចាប់អារម្មណ៍របស់យើងផ្ទាល់ខ្លួន ហើយវាក៏ជាវត្តមានរបស់មារសាតាំង ដែលសព្វថ្ងៃនេះកំពុងតែក្លាយទៅជាការល្បួងដែលមិនធ្លាប់មានក្នុងពេលបច្ចុប្បន្ននេះ ដែលវាហាក់ដូចជាកាន់តែធ្ងន់ធ្ងរទៅនៅក្នុងសម័យបណ្ដាញសង្គម។ ជាមួយគ្នានេះអ្វីដែលសំខាន់ធ្វើឲ្យទំនាក់ទំនងបានល្អប្រសើរ និងពោរពេញទៅដោយភាពជាមនុស្ស គឺការស្ដាប់មនុស្សដែលនៅចំពោះមុខយើង ការប្រាស្រ័យទាក់ទងទល់មុខគ្នា ការស្ដាប់មនុស្សណាម្នាក់ដោយយុត្តិធម៌ដោយទំនុកចិត្ត និងដោយការបើកចំហដោយស្មោះត្រង់។​

កង្វះការស្តាប់ដែលយើងធ្លាប់មានបទពិសោធជារៀងរាល់ថ្ងៃនៅក្នុងជីវិតរបស់យើង គឺជាអកុសល ក៏បង្ហាញឲ្យឃើញនៅក្នុងជីវិតជាសាធារណៈផងដែរ ជំនួសឲ្យការស្ដាប់គ្នាទៅវិញទៅមក នៅគ្រប់កន្លែង យើងតែងតែ «និយាយកាត់គ្នាទៅវិញទៅមក»។​ នេះគឺជាសញ្ញាមួយដែលបង្ហាញការពិតថា យើងមិនបានស្វែងរកសេចក្ដីពិតនិង​អ្វីដែលល្អ ឬការឯកភា​ពគ្នានោះទេ ​ផ្ទុយទៅវិញ បែរជាម្ខាងៗស្តាប់សំឡេង​របស់​ភាគីខ្លួនប៉ុណ្ណោះ។  ការប្រាស្រ័យទាក់ទងល្អ មិនព្យាយាមធ្វើឲ្យសាធារណជនចាប់អារម្មណ៍ ហើយមានគោលបំណងចំអកឲ្យអ្នកដទៃម្ខាងទៀតនោះទេ ផ្ទុយទៅវិញ បានយកចិត្តទុកដាក់អំពីហេតុផលនៃភាគីម្ខាងទៀត និងព្យាយាមស្វែងរកចំណុចស្មុគស្មាញសំខាន់នៃការពិត។  វាជារឿងគួរឲ្យសោកស្ដាយនៅពេលដែលព្រះសហគមន៍ធ្វើតាមរបៀបឯកតោភាគី  នោះការស្ដាប់នឹងបាត់បង់  ដែលបន្សល់ទុកនូវការប្រឆាំងកើតមានឡើង។​

នៅក្នុងភាពពិតជាក់ស្តែង ការសន្ទនាភាគច្រើន យើងមិនបានប្រាស្រ័យទាក់ទងគ្នានោះទេ។​ ជាធម្មតាយើងបានកំពុងចាំឲ្យមនុស្សម្នាក់ទៀតនិយាយចប់ ហើយនឹងអាចបញ្ចេញមតិផ្ទាល់ខ្លួនវិញ។​ នៅក្នុងស្ថានភាពបែបនេះ អ្នកទស្សនវិជ្ជាឈ្មោះអាប្រាហាម កាប្លុង (Abraham Kaplan) បាននិយាយថា​[3] «សន្ទនាគឺជាការសន្ទនា តែគ្រាន់តែជាខ្យល់សំឡេងនៃមនុស្សពីរនាក់តែប៉ុណ្ណោះ»។  នៅក្នុងការប្រាស្រ័យទាក់ទងគ្នាយ៉ាងពិតប្រាកដ ទោះបីជាយ៉ាងណា «ខ្ញុំ​» ហើយនិង «អ្នក» យើងទាំងពីរ        «កំពុង​តែ​ទៅរួមគ្នា» ដើម្បីឈ្វេងយល់អំពីគ្នាទៅវិញទៅមក។​

ការស្ដាប់ គឺជាធាតុផ្សំតែមួយគត់ដែលមិនអាចខ្វះបានក្នុងកិច្ចសន្ទនានិងសម្រាប់ការប្រាស្រ័យទាក់ទងល្អ។  ការប្រាស្រ័យទាក់ទងមិនអាចធ្វើទៅបាននោះទេ ប្រសិនបើគ្មានការស្ដាប់ដោយយកចិត្តទុកដាក់ ហើយក៏គ្មានអ្នកសារព័ត៌មានល្អនោះដែរ នៅពេលគេខ្វះលទ្ធភាពនៃការស្ដាប់។ ដើម្បីផ្តល់នូវភាពជឿជាក់ តុល្យភាព និងព័ត៌មានគ្រប់ជ្រុងជ្រោយមួយ វាត្រូវការជាចាំបាច់នូវការស្ដាប់នៅក្នុងពេលមួយដ៏យូរ។  ដើម្បីរៀបរាប់ព្រឹត្តិការណ៍ឡើងវិញ ឬក៏ពិពណ៌នាអំពីបទពិសោធនៅក្នុងរបាយការណ៍ព័ត៌មាន វាត្រូវការជាចាំបាច់ ត្រូវដឹងអំពីរបៀបនៃការស្ដាប់ ត្រូវត្រៀមខ្លួនដើម្បីផ្លាស់ប្ដូរចិត្តគំនិតរបស់បុគ្គលណាមួយ និងត្រូវ​ផ្ទៀងផ្ទាត់ដើម្បីឲ្យគេជឿជាក់ទទួលយកថាជាការពិតដោយគ្មានសំណួរ។​

ដើម្បីធានាឲ្យការប្រាស្រ័យទាក់ទងប្រកបដោយសុខដុមនីយកម្មជោគជ័យយ៉ាងពិតប្រាកដ វាចាំបាច់ត្រូវទាត់ចោលនូវចំណុចមួយគឺ ការនិយាយតែម្នាក់ឯង។ កាស្ដាប់ពីប្រភពផ្សេងៗ ជារឿងមួយសំខាន់ ដូចអ្នកជំនាញបានបង្រៀនយើងថា  គឺវាធានានូវភាពជឿជាក់និងទម្ងន់នៃព័ត៌មានដែលយើងបញ្ជូនទៅ  ដោយយើងមិនបានបញ្ចប់ត្រឹមតែនៅកន្លែងស៊ីផឹកនោះទេ។  ការស្ដាប់សំឡេងជាច្រើន ការស្ដាប់គ្នាទៅវិញទៅមក ទោះបីនៅក្នុងព្រះសហគមន៍ ទោះបីនៅក្នុងចំណោមបងប្អូនរបស់យើង បានណែនាំឲ្យយើងហ្វឹកហាត់សិល្បៈនៃការយល់ដឹងមួយ ដែលតែងតែលេចឡើងជាសមត្ថភាពនៅក្នុងការតម្រង់ទិសរបស់យើង ឲ្យមានសំឡេងមួយយ៉ាងពីរោះ។​

ក៏ប៉ុន្តែហេតុអ្វីបានជាយើងប្រឈមមុខនឹងការស្ដាប់? ក្រសួងការបរទេសនៃសន្តអាសនៈ លោកកាឌីណាល់ អគូស្ទីនី កាហ្សារ៉ូលី (Agostino Casaroli) ធ្លាប់បាននិយាយថា ក្នុងកាលៈទេសៈដែលរឹតត្បិតសេរីភាព “ភាពអត់ធ្មត់នៃសាក្សី” គឺត្រូវការស្ដាប់ និងត្រូវឮ នៅក្នុងការចរចារវាងភាគីដែល     លំបាកៗ ដើម្បីរកឲ្យឃើញនូវភាពល្អដែលអាចធ្វើទៅបាន។ ប៉ុន្តែទោះបីជានៅក្នុងស្ថានភាពមិនសូវពិបាក ការស្ដាប់តែងតែត្រូវបានទាមទារនូវគុណតម្លៃនៃការអត់ធ្មត់ រួមជាមួយគ្នានឹងសមត្ថភាពដែលអាចធ្វើទៅបានរបស់បុគ្គលដើម្បីបង្ហាញការពិតដ៏អស្ចារ្យ ដោយក្នុងនាមជាមនុស្សយើងត្រូវស្ដាប់ ទោះ​បីស្ថិតក្នុងចំណែកមួយដ៏តូចនៃការពិតក៏ដោយ។  មានតែភាពភ្ញាក់ផ្អើលទេដែលអាចជាចំណេះដឹង។  ខ្ញុំសញ្ជឹងគិតអំពីការចង់ដឹងមិនចេះចប់មិនចេះហើយរបស់កុមារៗ ដែលចង់មើលពិភពលោកជុំវិញខ្លួនរបស់ពួកគេដោយបើកភ្នែកធំៗ។  ការចង់ដឹងរបស់កុមារពីការយល់ដឹងរបស់មនុស្សធំ ជាគំនិតឆេះឆួលគឺតែងតែរីកធំឡើងៗ ពីព្រោះពួកគេដឹងថានឹងមានអ្វីផ្សេងទៀតដែលពួកគេត្រូវដឹង ទោះបីជារឿងតូចក្ដី គឺជាអ្វីដែលខ្ញុំអាចរៀនពីមនុស្សដទៃទៀតនិងណែនាំឲ្យមានផលផ្លែនៅក្នុងជីវិតផ្ទាល់ខ្លួនរបស់ខ្ញុំ។​

សមត្ថភាពនៃការស្ដាប់នៅក្នុងសង្គម គឺមានតម្លៃជាងរបួសស្នាមក្នុងអំឡុងពេលជំងឺរាតត្បាតនាពេលដ៏យូរ។ ការមិនទុកចិត្តទៅលើ “ព័ត៌មានផ្លូវការ” មានច្រើនណាស់ ដែលបណ្តាលឲ្យកើតមាន “ព័ត៌មានក្លែងក្លាយ”  ខណៈពេលដែលព័ត៌មាននៃពិភពលោក គឺត្រូវប្រជែងគ្នាដើម្បីទទួលបានភាពជឿជាក់ និងតម្លាភាព។  យើងត្រូវការពឹងផ្អែកទៅលើត្រចៀក និងការស្ដាប់ដោយយកចិត្តទុកដាក់ ជាពិសេស ក្នុងភាពអាសន្ននៅក្នុងសង្គមកាន់តែកើនឡើង ដែលបណ្តាលឲ្យធ្លាក់ចុះឬក៏ផ្អាកសកម្មភាពសេដ្ឋកិច្ចជាច្រើន។​

ធាតុពិតដែលជំរុញឲ្យមានចំណាកស្រុក គឺជារឿងស្មុគស្មាញ  ហើយគ្មាននរណាម្នាក់ប្រុងប្រៀបដើម្បីដោះស្រាយបញ្ហានេះនោះឡើយ។​ ខ្ញុំត្រូវតែនិយាយវាម្ដងទៀត ដើម្បីយកឈ្នះការរើសអើងចំពោះជនចំណាកស្រុក ហើយដើម្បីរំលាយភាពរឹងរូសនៃបេះដូងរបស់យើង ដែលយើងគួរតែចាប់ផ្ដើមស្ដាប់រឿងរ៉ាវរបស់ពួកគេ។  រំលេចឈ្មោះរបស់ពួកគេនឹងរឿងរ៉ាវរបស់ពួកគេ។​ អ្នកសារព័ត៌មានល្អៗជាច្រើន បានធ្វើរួចមកហើយ។​ ហើយមានអ្នកសារពព័ត៌មានជាច្រើនទៀតក៏បានចូលរួមផងដែរ ប្រសិនបើពួកគេអាចធ្វើទៅបាន។​ ចូរយើងលើកទឹកចិត្តពួកគេ! ចូរយើងស្ដាប់រឿងរ៉ាវរបស់ពួកគេ!​ ចូរស្ដាប់រឿងរ៉ាវទាំងអស់នោះ!​ ម្នាក់ៗនឹងមានសេរីភាពដើម្បីគាំទ្រគោលនយោបាយនៃជនចំណាកស្រុក ដែលពួកគេចាត់ទុកថាសមស្របបំផុតសម្រាប់ប្រទេសរបស់ពួកគេ។  ក៏ប៉ុន្តែនៅក្នុងករណីខ្លះ ការមើលឃើញដោយភ្នែករបស់យើងផ្ទាល់ មិនត្រូវមើលជាមួយតួលេខនោះទេ ហើយក៏មិនមែនដោយភាពភ័យខ្លាចនៃគ្រោះថ្នាក់ ក៏ប៉ុន្តែគឺយើងមើលទៅលើផ្ទៃមុខនិងរឿងរ៉ាវរបស់ពួកគេ ដោយការសម្លឹងមើលឃើញពីអារម្មណ៍ ការរំពឹងទុក និងការឈឺចាប់របស់បុរសនិងស្ត្រីដែលចង់ឲ្យយើងស្ដាប់ពួកគេ។​

ការស្ដាប់គ្នាទៅវិញទៅមកនៅក្នុងព្រះសហគមន៍

នៅក្នុងព្រះសហគមន៍របស់យើងក៏ដូចជាគ្នាដែរ មានតម្រូវការដ៏ចាំបាច់មួយគឺការស្តាប់និងឮអំពីគ្នាទៅវិញទៅមក។  នេះគឺជាវត្ថុដ៏មានតំលៃអស្ចារ្យនិងជាអំណោយទាននៃជីវិត ដែលយើងម្នាក់ៗអាចផ្តល់ឲ្យគ្នាទៅវិញទៅមក។ «គ្រីស្តបរិស័ទ បានបំភ្លេចចោលថាបេសកកម្មនៃការស្ដាប់ ត្រូវបានទាមទារដោយព្រះជាម្ចាស់ ដែលជាអ្នកស្ដាប់ដ៏ល្អឥតខ្ចោះ និងជាម្ចាស់នៃកិច្ចការដែលពួកគេត្រូវរាយការណ៍ថ្វាយ។ យើងគួរតែស្ដាប់ជាមួយនឹងត្រចៀករបស់ព្រះជាម្ចាស់ នោះទើបយើងនឹងអាចនិយាយព្រះបន្ទូលរបស់ព្រះអង្គបាន [4]។​» ជាមួយនេះ ទេវវិទូប្រូតេស្តង់​លោកដេតទ្រិក  ប៊ុនហូអេហ្វឺ (Dietrich Bonhoeffer)  រំឭកយើងថា កិច្ចការដំបូងដែលយើងជំពាក់នៅក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃនោះ គឺការស្ដាប់ពួកគេ។​ អស់អ្នកដែលមិនចេះរបៀបស្ដាប់បងប្អូនប្រុសស្រី មិនយូរប៉ុន្មានក៏នឹងមិនអាចស្ដាប់ព្រះជាម្ចាស់បានដែរ[5]។​

កិច្ចការងារដែលសំខាន់បំផុតនៅក្នុងកិច្ចការបម្រើនោះគឺ «ត្រចៀកនៃគ្រីស្តទូតរបស់ព្រះយេស៊ូ» មានន័យថាត្រូវស្ដាប់មុនពេលនិយាយ ដូចគ្រីស្តទូតយ៉ាកុបបានទូន្មានថា «បងប្អូនជាទីស្រឡាញ់អើយ!​ បងប្អូនសុទ្ធតែជាអ្នកចេះដឹងហើយ ក៏ប៉ុន្តែម្នាក់ៗត្រូវប្រុងប្រៀបស្ដាប់ តែកុំប្រញាប់និយាយ» (យក១,១៩)។​ ការទុកពេលឱ្យខ្លួនរបស់យើងស្ដាប់អ្នកដទៃ គឺជាទង្វើដំបូងនៃធម៌មេត្តាករុណា។​

ដំណើរការនៃមហាសន្និបាត បានចាប់ផ្ដើមឡើងហើយ។ សូមយើងអធិដ្ឋាន ដើម្បីឲ្យវាក្លាយទៅជាឱកាសនៃការស្ដាប់គ្នាទៅវិញទៅមក។ ជាការពិត ភាពជាធ្លុងតែមួយ គឺមិនត្រឹមតែជាលទ្ធផលនៃយុទ្ធសាស្ត្រនិងកម្មវិធីផ្សេងៗនោះទេ ក៏ប៉ុន្តែ គឺត្រូវបានធ្វើឡើងដើម្បីឲ្យមានការស្ដាប់ពីបងប្អូនរបស់យើង។ វាប្រៀបដូចជានៅក្នុងវង់ភ្លេងមួយ ការរួបរួមគ្នាមិនទាមទារ អំពីឯកសណ្ឋាន ភាពលេចធ្លោរបស់បុគ្គលណាម្នាក់ ប៉ុន្តែវាគឺជាលក្ខណៈរួម និងមានសំឡេងជាច្រើនប្រភេទរួមបញ្ចូលជាមួយនឹងចង្វាក់ភ្លេងនិងទំនុកបទផងដែរ។ ក្នុងពេលជាមួយគ្នានោះ អ្នកចម្រៀងម្នាក់ៗត្រូវស្ដាប់សំឡេងគ្នាច្រៀង​  និងដើម្បីឲ្យបទភ្លេងទាំងមូលបញ្ចូលគ្នាយ៉ាងពីរោះ។ ភាពល្អប្រសើរនេះ កើតឡើង​ដោយអ្នកនិពន្ធ ក៏ប៉ុន្តែ វាក៏ត្រូវការពឹងផ្អែកទៅលើកត្តាផ្សេងៗ ដូចជាក្រុមចម្រៀងនិងអ្នកប្រគំភ្លេងផងដែរ។​

យោងទៅតាមការយល់ដឹង ដែលយើង​បានចូលរួមក្នុងភាពជាធ្លុងតែមួយ ក្នុងដំណើរការនិងរួមបញ្ចូលយើងទាំងអស់គ្នា យើង​អាច​រក​ឃើញតន្ត្រីរបស់​ព្រះសហគមន៍  ដែលមាន​ម្នាក់ៗអាចច្រៀងជាមួយសំឡេង​របស់​ពួកគេដោយផ្ទាល់ ហើយការ​ស្វាគមន៍សំឡេង​របស់​អ្នកដទៃប្រៀបដូច​ជាអំណោយទានមួយដើម្បីបង្ហាញពីសុខដុមនីកម្មទាំងស្រុង​ដែលព្រះវិញ្ញាណដ៏វិសុទ្ធបាន​តាក់តែង៕

ធ្វើនៅទីក្រុង​រ៉ូម សន្ត​យ៉ហាន ឡាតេរ៉ង់ ថ្ងៃទី២៤  ខែមករា ឆ្នាំ២០២២ ក្នុង​ពិធីបុណ្យរំលឹកសន្ត ហ្រ្វង់ស្វ័រនៅសាល។​

សម្តេចប៉ាប​ហ្វ្រង់ស៊ីស្កូ

Facebook
Twitter
LinkedIn