ភ្នំពេញខាងត្បូង ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២
“លើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់”
អត្ថបទទី១៖ បេនស៊ីរ៉ាក ៣,១៧-១៨.២០.២៨-២៩ ទឹកពន្លត់ភើ្លងដែលឆេះសន្ធោសន្ធៅយ៉ាងណា ការដាក់ទានក៏លុបលាងបាបយ៉ាងនោះដែរ។ បសរ ៣,២៨ អត្ថបទទី២៖ ហេប្រឺ ១២,១៨-១៩.២២-២៤ក បងប្អូនចូលមកជិតព្រះយេស៊ូ ដែលជាស្ពាននៃសម្ពន្ធមេត្រីថ្មី។ ហប ១២,២៤ ដំណឹងល្អ៖ លូកា ១៤,១.៧-១៤អ្ នកណាលើកតម្កើងខ្លួន អ្នកនោះនឹងត្រូវគេបន្ទាបចុះ។ លក ១៤, |
បងប្អូនជាទីស្រឡាញ់
ថ្ងៃនេះជាពេលវេលាមួយ ដើម្បីចូលនៅក្នុងរបៀបដែលយើងជាគ្រីស្តបរិស័ទ យកចិត្តទុកដាក់ជាមួយពិធីអភិបូជា ដែលជាពិធីសក្ការៈបំផុតសម្រាប់យើង។ នៅពេលយើងមើលឃើញកូនបម្រើអាសនៈ ពេលយើងស្ដាប់អត្ថបទទី១ “ចូរមានចិត្តស្លូតបូតនៅក្នុងគ្រប់កិច្ចការដែលកូនធ្វើ មនុស្សម្នានិងស្រឡាញ់កូនជាងអ្នកមានចិត្តទូលាយទៅទៀត”។ ខ្ញុំគិតថា ព្រះបន្ទូលនេះដែលចេញពីបេនស៊ីរ៉ាក់ គឺជាព្រះបន្ទូលដែលត្រូវតែចូលនៅក្នុងចិត្តគំនិតរបស់អ្នកបម្រើអាសនៈ “ចូរមានចិត្តស្លូតបូតនៅក្នុងគ្រប់កិច្ចការ”។ ជាពិសេស នៅក្នុងកិច្ចការមួយដែលយើងបានទទួលតួនាទី គឺបម្រើដើម្បីឲ្យអភិបូជា ដើម្បីឲ្យពិធីដ៏សក្ការៈបំផុត ទៅជាពិធីមួយយ៉ាងឱឡារិក ណែនាំឲ្យបងប្អូនដែលជាគ្រីស្តបរិស័ទ អាចចូលយ៉ាងជិតស្និតថែមទៀតជាមួយព្រះជាម្ចាស់។
តាមពិត លោកឪពុកថ្វាយអភិបូជាម្នាក់ឯងក៏បានដែរ ប៉ុន្តែនៅពេលយើងមានបងប្អូនដែលជាអ្នកបម្រើអាសនៈ ចូលនៅក្នុងពិធីយើង ដូចយើងឃើញអំបាញ់មិញ។ នៅពេលឈរ នៅពេលយើងរៀបចំកំញាណ នៅពេលយើងកាន់ទៀន នៅពេលយើងស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ បន្តិចទៀតនៅពេលបម្រើអាសនៈដើម្បីរៀបចំតុសក្ការៈ។ នៅពេលហ្នឹង ហាក់បីដូចជាវត្តមានរបស់កូនបម្រើអាសនៈ ណែនាំឲ្យពិធីរបស់យើងឱឡារិកទៅៗ ណែនាំឲ្យយើងដែលជាគ្រីស្តបរិស័ទដូចជារំភើបនៅក្នុងការចូលក្នុងពិធីដ៏សក្ការៈ។ ណែនាំឲ្យយើងទីមួយលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ និងទីពីរណែនាំឲ្យយើងជួបជាមួយព្រះជាម្ចាស់ផ្ទាល់។
នៅកម្ពុជាយើងអត់ទាន់មានវិសាលវិហា ឬអាសនៈវិហារទេ នៅពេលខ្ញុំអាយុ៨ឆ្នាំម្តាយខ្ញុំបានណែនាំឲ្យខ្ញុំចូលនៅក្នុងពិធីតែងតាំងបូជាចារ្យ នៅក្នុងអាសនៈវិហារដ៏ធំនៅក្នុងភូមិភាគកំណើតរបស់ខ្ញុំ។ នៅពេលនោះ មានបូជាចារ្យជាង៤០០អង្គ នៅពេលហែចូលមានប្រវែងជិត១០០ម៉ែត្រ អ្វីដែលខ្ញុំចាំគឺពិធីយ៉ាងឱឡារិកបំផុត វាចូលនៅក្នុងខ្លួនធ្វើឲ្យយើងរំភើបរហូតដល់សព្វថ្ងៃ។ ខ្ញុំជឿថា ប្អូនៗដែលមានតួនាទីនេះទោះបីយើងនៅក្មេងក៏ដោយ ប្រហែលអត់ទាន់យល់អស់ ប៉ុន្តែថ្ងៃណាមួយក៏យល់ដែរ។ ដូចយើងបានស្ដាប់សក្ខីភាពរបស់បងប្រុស វី សំណាង អំបាញ់មិញ យើងនឹកឃើញអ្វីដែលកើតឡើងនៅពេលយើងអាយុប្រាំពីរប្រាំបីឆ្នាំ។ ពេលយើងចូលអភិបូជាដំបូង ពេលយើងចាប់ផ្ដើមមើលលោកបូជាចារ្យ ដែលយកចិត្តទុកដាក់ថ្វាយអភិបូជាយ៉ាងស្អាត ពេលយើងចូលនៅក្នុងពិធីយ៉ាងឱឡារិកបំផុត។ វាប៉ះនឹងដួងចិត្តរបស់យើងរហូតដល់យើងយល់ថា ពេលក្រោយថ្ងៃនេះខ្ញុំបានជួបជាមួយព្រះជាម្ចាស់ផ្ទាល់។
ខ្ញុំសង្ឃឹមថា ប្អូនៗនឹងមានបទពិសោធន៍នេះថ្ងៃណាមួយ នៅពេលចូលអភិបូជាដោយបម្រើយ៉ាងជិតៗអាសនៈ កំពុងមើលព្រះកាយព្រះគ្រីស្តគិតថា ថ្ងៃនេះខ្ញុំបានជួបជាមួយព្រះយេស៊ូផ្ទាល់មែនទែន។ នេះជាបទពិសោធន៍ដែលបានភ្ជាប់អស់មួយជីវិតនៅក្នុងអំណរសប្បាយ ដោយដឹងថាយើងបានមានចិត្តស្លូតបូត យើងបានយកចិត្តទុកដាក់បម្រើព្រះជាម្ចាស់នៅក្នុងអភិបូជា ដោយសេចក្ដីស្រឡាញ់ នេះជាអ្វីដែលយើងត្រូវតែទទួល។ សម្រាប់យើងនៅពេលយើងចូលនៅក្នុងអភិបូជាក៏ដូចគ្នាដែរ យើងមិនចូលនៅក្នុងពិធីមួយធម្មតាទេ យើងមិនចូលនៅក្នុងពេលវេលាមួយដែលណែនាំឲ្យយើងនឹកឃើញនេះនឹកឃើញនោះ យើងចូលនៅក្នុងសក្ការបូជារបស់ព្រះយេស៊ូគ្រីស្ត។ ហេតុនេះហើយ យើងដឹងថានៅពេលនោះ យើងស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ នៅពេលនោះយើងទទួលព្រះកាយព្រះគ្រីស្ត ដើម្បីភ្ជាប់ជិតស្និតថែមជាមួយព្រះជាម្ចាស់ ដើម្បីយល់ថាពិតមែនព្រះអង្គគង់នៅជាមួយខ្ញុំ។
ថ្ងៃនេះ យើងគោរពសន្តអូគូស្តាំង គាត់បានដើរតាមផ្លូវផ្សេងៗ រកមិនឃើញព្រះជាម្ចាស់ និងម្ដាយគាត់ឈ្មោះ មូនីកា គាត់យំនិងអធិដ្ឋានឲ្យកូនគាត់កែប្រែចិត្តគំនិត រកឃើញព្រះជាម្ចាស់នៅក្នុងជីវិតគាត់។ ដោយសារ ការអធិដ្ឋានរបស់ម្ដាយគាត់ គាត់បានរកឃើញព្រះជាម្ចាស់ពិតមែន ប៉ុន្តែមិនមែនរកឃើញព្រះជាម្ចាស់នៅខាងក្រៅ មិនមែនរកឃើញព្រះជាម្ចាស់នៅក្នុងពិធីអភិបូជាទេ គាត់បានរកឃើញព្រះជាម្ចាស់នៅក្នុងចិត្តរបស់គាត់។ គាត់ភ្ញាក់ពីដេក និងគាត់យល់ថាខ្ញុំស្វែងយល់ព្រះជាម្ចាស់យូរឆ្នាំហើយ ប៉ុន្តែឥលូវនេះខ្ញុំយល់ព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់ខ្ញុំពីដើមរៀងមក។ បងប្អូនជាទីស្រឡាញ់ ខ្ញុំគិតថានៅពេលបងប្អូនចូលនៅក្នុងពិធីអភិបូជាម្តងៗ ជាពេលវេលាដើម្បីមានបទពិសោធន៍នេះម្ដងទៀត គឺព្រះជាម្ចាស់តាមរយៈព្រះបន្ទូល តាមរយៈព្រះកាយព្រះគ្រីស្ត យកចិត្តទុកដាក់នឹងយើង ដើម្បីយកយើងជាទីលំនៅ ជាព្រះដំណាក់របស់ព្រះអង្គ។ ដោយដឹងថាក្នុងដួងចិត្តរបស់យើង យើងមានព្រះជាម្ចាស់ដែលគង់នៅ។
ថ្ងៃនេះ យើងស្ដាប់នៅក្នុងគម្ពីរដំណឹងល្អ អំពីរបៀបដែលយើងត្រូវការអញ្ជើញភ្ញៀវ មិនមែនអញ្ជើញតែមិត្តសម្លាញ់ ឬអ្នកដែលយើងមាននិស្ស័យ។ ប៉ុន្តែ អញ្ជើញភ្ញៀវណាក៏បាន ជាពិសេសអ្នកក្រីក្រ អ្នកតូចតាច ជនមានពិការភាព អ្នកដែលគ្មានទីពឹង។ ដោយដឹងថា គេអត់មានអ្វីសងគុណដល់យើងបានទេ យើងត្រូវតែអញ្ជើញគេទទេ។ ប៉ុន្តែ ពេលយើងចូលនៅក្នុងពិធីអភិបូជា នៅពេលនោះយើងជាព្រះសហគមន៍ ជាសហគមន៍របស់គ្រីស្តបរិស័ទដែលព្រះជាម្ចាស់ត្រាស់ហៅ។ មានន័យថា នៅពេលយើងចូលពិធីអភិបូជាគឺយើងទទួលលិខិតអញ្ជើញយ៉ាងពិសេសបំផុត គឺព្រះជាម្ចាស់ផ្ទាល់ដែលអញ្ជើញយើងជាភ្ញៀវកិត្តិយស។ បងប្អូនជាទីស្រឡាញ់ នៅក្នុងពិធីអភិបូជាយើងមានមហាកិត្តិយស ដោយសារជាព្រះយេស៊ូផ្ទាល់ដែលអញ្ជើញយើង។ ដូច្នេះ កុំឲ្យយើងខ្លាចមកជិតអាសនៈ ដើម្បីភ្ជាប់ជាមួយព្រះយេស៊ូផ្ទាល់។ ជួនកាល ខ្ញុំអត់សូវយល់មូលហេតុអ្វីយើងចង់អង្គុយនៅខាងក្រៅ ខ្ញុំទេសនាអ្វីក៏បានព្រោះស្ដាប់មិនឮ មើលមិនឃើញ។
ប៉ុន្មានអាទិត្យមុន ខ្ញុំនៅប្រទេសបារាំង នៅភូមិកំណើតរបស់ខ្ញុំ ខ្ញុំបានទៅព្រះវិហារដែលខ្ញុំធ្លាប់ទៅពេលខ្ញុំនៅក្មេងរហូតដល់អាយុ១៨ឆ្នាំ ដែលខ្ញុំទទួលការត្រាស់ហៅ។ ខ្ញុំបានមើលឃើញកន្លែងដែលខ្ញុំធ្លាប់អង្គុយ ដោយសាររាល់អាទិត្យជាមួយឪពុកម្ដាយខ្ញុំអង្គុយនៅកៅអីទីមួយខាងស្ដាំ ខ្ញុំចូលចិត្តនៅមុខដើម្បីស្ដាប់ ដើម្បីមើល ដើម្បីដឹងថាយើងជាភ្ញៀវដែលព្រះជាម្ចាស់អញ្ជើញ។ នៅពេលនោះ ខ្ញុំប្រហែលជាមិននឹកឃើញ តែនៅពេលនេះខ្ញុំនឹកឃើញដែរ។ ដូច្នេះ ជាពេលវេលាមួយយ៉ាងពិសេសនៅក្នុងអភិបូជាដោយដឹងថា គឺទី១ព្រះជាម្ចាស់អញ្ជើញយើង នៅពេលនោះកុំភ្លេចព្រះជាម្ចាស់អញ្ជើញយើង ប៉ុន្តែព្រះជាម្ចាស់មិនទន្ទឹងរង់ចាំអ្វីពីយើងទេ។ ដោយសារ ព្រះជាម្ចាស់ជាព្រះជាម្ចាស់ដ៏ពេញលក្ខណៈ ព្រះជាម្ចាស់ជាព្រះដ៏វិសុទ្ធ។ ក៏ប៉ុន្តែ វត្តមានរបស់យើងសំខាន់ណាស់ រាល់ថ្ងៃអាទិត្យឲ្យយើងយល់ថាពេលយើងភ្ញាក់ពីដេក ថ្ងៃនេះជាថ្ងៃអាទិត្យ ថ្ងៃនេះខ្ញុំរៀបចំខ្លួនដើម្បីចូលអភិបូជា។ សម្រាប់យើងជាគ្រីស្តបរិស័ទ ឥរិយាបថក៏សំខាន់ សម្លៀកបំពាក់របស់យើងក៏សំខាន់ដែរ យើងទុកសម្លៀកបំពាក់មួយកំផ្លេរពិសេស ដើម្បីចូលអភិបូជាថ្ងៃអាទិត្យ។ កុំឲ្យយើងចូលអភិបូជាពាក់ខោសេរីថ្មី ដែលរហែកអស់ហើយ ពេលយើងចូលអភិបូជាយើងដឹងថាដូចយាយៗចូលវត្ត។ យើងចូលនៅក្នុងពិធីដ៏សក្ការៈ យើងជាភ្ញៀវកិត្តិយសរបស់ព្រះជាម្ចាស់។ ទោះបី ព្រះជាម្ចាស់មិនបានសរសេរលិខិតអញ្ជើញ ប៉ុន្តែយើងដឹងថាយើងជាភ្ញៀវកិត្តិយស។
ដូច្នេះ ថ្ងៃនេះយើងត្រូវតែរៀបចំឥរិយាបថរបស់យើង ដើម្បីចូលរួមពិធីអភិបូជាជារៀងរាល់អាទិត្យ ជាពិសេសដើម្បីដឹងថាវត្តមានរបស់យើង គឺណែនាំវត្តមានរបស់ព្រះជាម្ចាស់គឺមិនមានអ្វីថែមទៀតនៅក្នុងព្រះជន្មរបស់ព្រះអង្គ។ ប៉ុន្តែ ដឹងថាធ្វើឲ្យព្រះជាម្ចាស់ពោរពេញដោយព្រះហឫទ័យស្រឡាញ់យើង នៅថ្ងៃណាមួយយើងនឹងទទួលសិរីរុងរឿងរួមជាមួយព្រះអង្គនៅស្ថានបរមសុខ។ ដូច្នេះ ឲ្យយើងកែប្រែចិត្តគំនិតដោយដឹងថា នៅថ្ងៃអាទិត្យជាថ្ងៃដែលព្រះជាម្ចាស់អញ្ជើញយើងជាភ្ញៀវកិត្តិយស។ យើងមានអ្នកបម្រើអាសនៈដែលបម្រើយើងមែន ដែលស្វាគមន៍យើងមែន ប៉ុន្តែពីមួយថ្ងៃទៅមួយថ្ងៃ យើងធ្វើដូចម្ដេចដើម្បីបម្រើដែរ យើងធ្វើដូចម្ដេចដើម្បីទទួលស្វាគមន៍ទាំងវត្តមានរបស់ព្រះជាម្ចាស់នៅក្នុងជីវិតរបស់យើង ទាំងបងប្អូនឯទៀតៗដើម្បីបង្កើតគ្រួសារមួយ។ យើងអាចធ្វើបាន លុះត្រាតែ ”យើងមានចិត្តស្លូតបូតនៅក្នុងគ្រប់កិច្ចការដែលកូនធ្វើ” ដូចក្នុងអត្ថបទបេនស៊ីរ៉ាកថ្ងៃនេះ។
ប៉ុន្មានថ្ងៃទៀត ព្រះសហគមន៍មានអំណរសប្បាយតែងតាំងឧបដ្ឋាកបីនាក់ ឧបដ្ឋាកមានន័យថាបម្រើ។ នៅពេលបងប្អូនបានទទួលពិធីជ្រមុជទឹក នៅពេលនោះយើងទទួលឋានៈបី ជាព្រះមហាក្សត្រ ជាបូជាចារ្យ និងជាព្យាការី។ យើងមិនមែនបូជាចារ្យដែលទទួលអគ្គសញ្ញាតែងតាំង ប៉ុន្តែយើងជាបូជាចារ្យនៅក្នុងអត្ថន័យថា យើងគ្រីស្តបរិស័ទយើងចូលរួមដើម្បីថ្វាយបង្គំដែរ យើងចូលរួមដើម្បីអធិដ្ឋានដែរ។ ថ្ងៃនេះ តាមពិតខ្ញុំចង់ថែមថា មិនមែនតែបូជាចារ្យទេ យើងជាឧបដ្ឋាកដែរ នៅក្នុងឋានៈជាអ្នកបម្រើ។ យើងជាអ្នកបម្រើផង យើងជាអ្នកថ្វាយបង្គំគោរពដល់ព្រះជាម្ចាស់ ដើម្បីទទួលជីវិតថ្មីផ្ទាល់ខ្លួន និងណែនាំដើម្បីឲ្យបងប្អូនឯទៀតៗទទួលជីវិតថ្មី។ ដូច្នេះ ថ្ងៃនេះយើងអធិដ្ឋានដើម្បីយើងជាព្រះសហគមន៍យកចិត្តទុកដាក់មែនទែន ដើម្បីឲ្យពិធីនីមួយៗទៅជាពិធីសក្ការៈ។ ប៉ុន្តែ មិនមែនតែសក្ការៈដោយសារអ្នកបម្រើអាសនៈ ដោយសារលោកបូជាចារ្យ តែសក្ការៈដោយសារព្រះជាម្ចាស់ជាព្រះដ៏វិសុទ្ធគង់នៅជាមួយយើង។ ប៉ុន្តែ សក្ការៈដោយសារយើងដែរ របៀបដែលយើងចូលរួម របៀបដែលយើងយកចិត្តទុកដាក់ របៀបដែលយើងអត់មានអវត្តមាន។
ព្រះសហគមន៍ភូមិភាគភ្នំពេញរបស់យើង កំពុងរងទុក្ខលំបាកដោយសារប៉ុន្មានថ្ងៃទៀតយើងបាត់លោកបូជាចារ្យច្រើនអង្គ។ បងប្អូនជាទីស្រឡាញ់ អ្វីដែលជាសំខាន់គឺយើងដែលស្ថិតស្ថេរ លោកបូជាចារ្យមិនស្ថិតស្ថេរទេ អាស្រ័យលើប្រធានក្រុមរបស់លោកចាត់ឱ្យទៅបម្រើ។ តែយើងស្ថិតស្ថេរ តើយើងត្រូវធ្វើយ៉ាងដូចម្ដេចដើម្បីឲ្យព្រះសហគមន៍បន្តមានជីវិត បន្តអធិដ្ឋាន បន្តបម្រើអ្នកក្រីក្រ បន្តប្រកាសដំណឹងល្អ? យើងអធិដ្ឋានសម្រាប់ព្រះសហគមន៍យើង ដើម្បីឲ្យព្រះវិញ្ញាណដ៏វិសុទ្ធប្រទានលោកមួយចំនួន ឲ្យយើងអធិដ្ឋាន ឲ្យយើងបម្រើ ឲ្យយើងប្រកាសដំណឹងល្អគ្រប់ពេលវេលា៕
+ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ
អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា
ភូមិភាគភ្នំពេញ