អភិបូជាអគ្គសញ្ញាលាបថ្ងាស ធ្វើនៅព្រះសហគមន៍សន្តសិលា ពោធិ៍ធំ

ភ្នំពេញ​ខាង​ជើង ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០២២

អត្ថបទ​ទី១៖ ព្រះប្រាជ្ញាញាណ ៩,១៣-១៨
តើ​នរណា​អាច​ស្គាល់​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ​បាន? ប្រាញ ៩,១៣
អត្ថបទ​ទី២៖ ភីលេម៉ូន ៩-១០,១២-១៧
សូម​ទទួល​គាត់​ឲ្យ​បាន​ដូច​ទទួល​ខ្ញុំ​ផ្ទាល់​ដែរ។ ភល ១៧
ដំណឹងល្អ៖ លូកា ១៤,២៥-៣៣
អ្នក​ណា​មិន​លី​ឈើ​ឆ្កាង​របស់​ខ្លួន​មក​តាម​ខ្ញុំ​ទេ អ្នក​នោះ​ក៏​ពុំ​អាច​ធ្វើ​ជា​សាវ័ក​របស់​ខ្ញុំ​បាន​ដែរ។ លក ១៤,២៧

“ទៅ​ជា​សាវ័ក​របស់​ព្រះយេស៊ូ”

បង​ប្អូន​ជា​ទី​ស្រឡាញ់

យប់​មិញ​ខ្ញុំ​មើល​នៅ​ក្នុង​យូធូប អំពី​ពិធី​អធិដ្ឋាន​ដ៏​ធំ​មួយ​នៅ​ឆ្នាំ​១៩៩៧ ជា​មួយ​សម្ដេច​ប៉ាប យ៉ូហាន​ប៉ូល​ទី​២​នៅ​ទី​ក្រុង​ប៉ារីស គឺ​ទិវា​យុវជន​ពិភព​លោក។ នៅ​ពេល​នោះ មាន​មួយ​លាន​នាក់​ដែល​មក​ពី​ជុំ​វិញ​ពិភព​លោក​ជួប​ជុំ​គ្នា សម្ដេច​ប៉ាប​បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក និង​អគ្គ​សញ្ញា​លាប​ថ្ងាស​ដល់​បេក្ខជន​២០​នាក់ នៅ​ក្នុង​នោះ​មាន​ខ្មែរ​ម្នាក់។ ពេល​ឃើញ​គេ​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​សម្ដេច​ប៉ាប ដូច​ជា​ទឹក​ភ្នែក​ហូរ តែ​មិន​មែន​ហូរ​ដោយ​សារ​ពិបាក​ចិត្ត គឺ​ហូរ​ដោយ​សារ​រំភើប។ ពេល​ទទួល​អគ្គ​សញ្ញា​លាប​ថ្ងាស​ពី​សម្ដេច​ប៉ាប បេក្ខជន​ញញឹម​យ៉ាង​ស្អាត​ដូច​ជា​ទទួល​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​យ៉ាង​ពេញ​លក្ខណៈ។ សម្ដេច​ប៉ាប យ៉ូហាន​ប៉ូល​ទី​២ បាន​ក្លាយ​ទៅ​ជា​សន្ត​ពី​ប៉ុន្មាន​ឆ្នាំ​ហើយ ថ្ងៃ​នេះ​នៅ​ទីក្រុង​រ៉ូម​សម្ដេច​ប៉ាប ហ្វ្រង់ស៊ីស្កូ បាន​តែង​តាំង​សម្ដេច​ប៉ាប យ៉ូហាន​ប៉ូល​ទី​១ ទៅ​ជា​អ្នក​ដែល​ពោរពេញ​ដោយ​សុភមង្គល ជា​ជំហាន​ទី​មួយ​មុន​ក្លាយ​ទៅ​ជា​សន្ត។

យ៉ូហាន​ប៉ូល​ទី​១ យើង​អត់​សូវ​ស្គាល់​ទេ យ៉ូហាន​ប៉ូល​ទី​១​ធ្វើ​ជា​សម្ដេច​ប៉ាប​បាន​តែ​៣៣​ថ្ងៃ ហើយ​ព្រះអង្គ​សោយ​ទិវង្គត។ ពេល​យើង​នឹក​ឃើញ​សម្ដេច​ប៉ាប យ៉ូហាន​ប៉ូល​ទី​១ យើង​នឹក​ឃើញ​តែ​រឿង​មួយ​ពី​ព្រះអង្គ គឺ​ព្រះអង្គ​ពូកែ​ញញឹម។ ពិភព​លោក​បាន​ភ្ញាក់ ដោយសារ​ពី​សម័យ​ដើម​សម្តេច​ប៉ាប​ដូច​ជា​ព្រះមហាក្សត្រ។ ព្រះអង្គ​ញញឹម ដោយសារ​ទ្រង់​ទត​ឃើញ​វត្តមាន​របស់​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ និង​ព្រះយេស៊ូ​នៅ​ក្នុង​ជីវិត​ព្រះអង្គ។ ជា​មូល​ហេតុ​ថ្ងៃ​នេះ ព្រះសហគមន៍​អាច​ទទួល​ស្គាល់​ថា​ទ្រង់​អាច​ធ្វើ​ជា​សន្ត​បាន។ ថ្ងៃ​នេះ ប្អូនៗ​ដែល​ទទួល​អគ្គ​សញ្ញា​លាប​ថ្ងាស​ដឹង​ថា អនាគត​របស់​យើង​គឺ​រស់​នៅ​ជា​មួយ​ព្រះជាម្ចាស់ គោល​ដៅ​របស់​យើង​គឺ​ទទួល​ជីវិត​អស់​កល្ប​ជានិច្ច។ គោល​ដៅ​របស់​យើង គឺ​ទៅ​ជា​សន្ត​សន្តី​ម្យ៉ាង មាន​ន័យ​ថា​រស់​នៅ​អស់​ពី​សមត្ថភាព​នៅ​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ព្រះជាម្ចាស់ រស់​នៅ​អស់​ពី​សមត្ថភាព​ដោយ​ខិត​ខំ​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់។ សន្ត​សន្តី មិន​មាន​ន័យ​ថា​អ្នក​បរិសុទ្ធ​មួយ​រយ​ភាគ​រយ ប៉ុន្តែ​យើង​យក​ចិត្ត​ទុក​ដាក់​រស់​នៅ​តាម​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

បង​ប្អូន​ជា​ទី​ស្រឡាញ់ នៅ​ពេល​ខ្ញុំ​មក​ដល់​ព្រឹក​មិញ​នៅ​ព្រះវិហារ​សន្ត​សិលា​ពោធិ៍ធំ ពេល​ជួប​ជា​មួយ​បង​ប្អូន​លោក​អភិបាល លី ខ្ញុំ​រំភើប​ណាស់។ ខ្ញុំ​នឹក​ឃើញ​ប៉ុន្មាន​ខែ​មុខ ខ្ញុំ​បាន​មក​ថ្វាយ​អភិបូជា​នៅ​ទី​នេះ ខ្ញុំ​បាន​ទេសនា​ថា ពោធិ៍ធំ​ជា​កន្លែង​ពិសេស ជា​កន្លែង​ដែល​យើង​បាន​ស្គាល់​យ៉ាង​ច្បាស់​លោក ឆ្មារ សាឡាស់ និង​លោក ឆ្មារ សាឡឹម ដែល​ជា​មរណៈ​សាក្សី​យើង។ ជា​កន្លែង​ដែល​លោក ឆ្មារ សាឡឹម បាន​ថ្វាយ​អភិបូជា​បុណ្យ​ចម្លង​ចុង​ក្រោយ​មុន​ខ្មែរ​ក្រហម​ចូល​ទី​ក្រុង​ភ្នំពេញ មុន​គាត់​ចេញ​ធ្វើ​ដំណើរ​ទៅ​តាំង​គោក។ ជា​កន្លែង​ដែល​យើង​បាន​បង្កើត​លោក​បូជាចារ្យ​ជំនាន់​ក្រោយ​ម្នាក់​គឺ​លោក​ឪពុក លី ឥលូវ​នេះ​សម្តេច​ប៉ាប​ជ្រើស​រើស​លោក លី ជា​អភិបាល​សម្រាប់​កំពង់ចាម។ ចូល​នៅ​ក្នុង​ប្រវត្តិ​សាស្រ្ត​របស់​ព្រះសហគមន៍​នៅ​ក្នុង​សតវត្ស​ទី​២០​និង​២១ ដោយសារ​នៅ​ក្នុង​សតវត្ស​យើង​ជា​លើក​ទី​មួយ ដែល​យើង​មាន​អភិបាល​ព្រះសហគមន៍​ជា​ជនជាតិ​ខ្មែរ។ ប៉ុន្តែ ក្នុងសតវត្ស​ទី​២០​ដែរ ដោយសារ​ពី​ឆ្នាំ​១៩៧៧​ដែល​លោក ឆ្មារ សាឡាស់ លោក សាឡឹម លោក សម្រើន និង​លោក​អភិបាល ទេព អ៊ីម បាន​ស្លាប់​ជា​លើក​ទី​មួយ​ដែល​យើង​មាន​អភិបាល​ខ្មែរ​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​ព្រះសហគមន៍​កាតូលិក​យើង​ពី​ឆ្នាំ១៩៧៧​រហូត​ដល់​បច្ចុប្បន្ន។

សម្រាប់​កំពង់ចាម ជា​មហា​កំពូល​ដោយសារ​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​កំពង់ចាម​ខ្លី បង្កើត​នៅ​ឆ្នាំ​១៩៦៨​ជា​លើក​ទី​មួយ​ដែល​មាន​អភិបាល​ខ្មែរ។ មាន​លោក លេស្វេស )MEP) មាន​លោក អង់តូនី (MEP) និង​លោក លី ដែល​បន្ត​ពី​លោក​អន់តូនី ធ្វើ​ជា​លោក​អភិបាល​ថ្មី។ អ្វី​ដែល​ខ្ញុំ​ចង់​និយាយ នៅ​ពេល​យើង​មើល​ប្រវត្តិសាស្រ្ត​ព្រះសហគមន៍​របស់​យើង ដែល​ជា​ប្រវត្តិសាស្រ្ត​សំខាន់​បំផុត​សម្រាប់​ភូមិភាគ​ភ្នំពេញ សម្រាប់​ប្អូនៗ​ដែល​ថ្ងៃ​នេះ​សុំ​ទទួល​អគ្គ​សញ្ញា​លាប​ថ្ងាស។ នៅ​ពេល​យើង​ស្ដាប់​គម្ពីរ​ដំណឹង​ល្អ​ថ្ងៃ​នេះ យើង​ត្រូវ​តែ​សួរ​ថា តើខ្ញុំជាគ្រីស្តបរិស័ទនៅលើទឹកដីក្ដីកណ្ដាល ពោធិ៍ធំ តើខ្ញុំជាគ្រីស្តបរិស័ទនៅលើទឹកដីព្រះសហគមន៍​កាតូលិក​កម្ពុជា ខ្ញុំធ្វើដូចម្ដេចដើម្បីទៅជាសាវ័ករបស់ព្រះយេស៊ូដ៏ពេញលក្ខណៈ? យើង​មាន​គំរូ សន្ត យ៉ូហាន​ប៉ូល​ទី​២ យើង​មាន​គំរូ យ៉ូហាន​ប៉ូល​ទី​១ យើង​មាន​គំរូ ឆ្មារ សាឡាស់ និង សាឡឹម យើង​មាន​គំរូ​ដែល​រស់​នៅ​សព្វ​ថ្ងៃ​ជា​គ្រូ​គង្វាល គឺ​លោក លី ដែល​ពី​ដើម​ជា​អ្នក​នេសាទ​ត្រី​នៅ​ទន្លេ ពី​អ្នក​នេសាទ​ត្រី​ទៅ​ជា​អ្នក​នេសាទ​មនុស្ស​ដ៏​ពេញ​លក្ខណៈ។

ថ្ងៃ​នេះ យើង​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះយេស៊ូ “បើអ្នកណាចង់មកតាមខ្ញុំ តែមិនស្រឡាញ់ខ្ញុំខ្លាំងជាង​ឪពុកម្ដាយ ប្រពន្ធកូន បងប្អូនប្រុសស្រី និងជីវិតខ្លួនទេ អ្នកនោះពុំអាចធ្វើជាសាវ័ករបស់ខ្ញុំបានឡើយ អ្នកណាមិនលីឈើឆ្កាងរបស់ខ្លួនមកតាមខ្ញុំទេ អ្នកនោះក៏ពុំអាចធ្វើជាសារ័ករបស់ខ្ញុំបានដែរ”។ ពេល​ស្ដាប់​នេះ ប្អូនៗ​ដែល​នៅ​ក្មេងៗ​ប្រហែស​កំពុង​ភ័យ ធ្វើ​ដូច​ម្តេច​ត្រូវ​ស្រឡាញ់​ព្រះយេស៊ូ​ជាង​ឪពុក​ម្ដាយ ធ្វើ​ដូច​ម្ដេច​ដើម្បី​ស្រឡាញ់​ព្រះយេស៊ូ​ជាង​ប្ដី។ ដោយសារ​អត្ថបទ​គម្ពីរ​នេះ យើង​ធ្លាប់​លឺ​គេ​ថា​សាសនា​យេស៊ូ​ណែនាំ​ឲ្យ​យើង​មិន​ស្រឡាញ់​ឪពុក​ម្ដាយ សាសនា​យេស៊ូ​ណែនាំ​ឲ្យ​យើង​មិន​គោរព​ឪពុក​ម្ដាយ…។ គេ​យល់​ច្រលំ ព្រះយេស៊ូ​មិន​ដែល​ថា​កុំ​ស្រឡាញ់​ឪពុក​ម្ដាយ ឬ​កុំ​ស្រឡាញ់​ប្រពន្ធ​កូនទេ ប៉ុន្តែ​ព្រះយេស៊ូ​ចង់​បង្ហាញ​ថា​ព្រះអង្គ​ជា​អាទិភាព​នៅ​ក្នុង​ជីវិត​របស់​យើង។ ថ្ងៃ​នេះ​ដែល​យើង​ទទួល​អគ្គ​សញ្ញា​លាប​ថ្ងាស ដើម្បី​ទៅ​ជា​គ្រីស្ត​បរិស័ទ​ដ៏​ពេញ​លក្ខណៈ ទោះ​បី​នៅ​ក្មេង​ក៏​ដោយ​យើង​យល់​ថា ព្រះយេស៊ូ​ភ្ជាប់​ជា​មួយ​យើង​អស់​កល្ប​ជានិច្ច។ នៅ​ពេល​ទទួល​អគ្គ​សញ្ញា​ជ្រមុជ​ទឹក នៅ​ពេល​នោះ​យើង​បាន​បំពាក់​អាវ​ស ដើម្បី​បង្ហាញ​ថា​យើង​បំពាក់​ព្រះយេស៊ូ​ផ្ទាល់។ ប៉ុន្តែ អាវ​នេះ​ដោះ​ចេញ​មិន​កើត​ទេ វា​ភ្ជាប់​ជា​មួយ​យើង​អស់​មួយ​ជីវិត។

ហេតុ​នេះ​ហើយ នៅ​ពេល​យើង​ជា​គ្រីស្ត​បរិស័ទ ប្រសិន​បើ​យើង​ចង់​ធ្វើ​ជា​សាវ័ក​របស់​ព្រះជាម្ចាស់ យើង​យក​ព្រះជាម្ចាស់​ជា​អាទិភាព​នៅ​ក្នុង​ជីវិត​របស់​យើង។ ពេល​យើង​មើល​លោក ឆ្មារ សាឡាស់ គឺ​ជា​អ្វី​ដែល​គាត់​បាន​ធ្វើ​នៅ​ពេល​គាត់​កំពុង​រៀន​បន្ត​នៅ​ប្រទេស​បារាំង លោក អ៊ីវ​រ៉ាមុស ហៅ​គាត់​ឱ្យ​មក​វិញ។ គាត់​មក​វិញ​ភ្លាម ទោះ​បី​ដឹង​ថា​សង្រ្គាម​ចាប់​ផ្ដើម​ហើយ នៅ​ពេល​គាត់​ទទួល​អគ្គ​សញ្ញា​តែង​តាំង​ជា​អភិបាល បី​ថ្ងៃ​ក្រោយ​មក​គេ​មក​ចាប់​គាត់ ដើម្បី​បណ្តេញ​ចេញ​ពី​ទី​ក្រុង​ភ្នំពេញ។ នៅ​ពេល​នោះ គាត់​ចេញ​ធ្វើ​ដំណើរ​គាត់​បាន​យក​តែ​វ៉ាលី​តូច​មួយ នៅ​ក្នុង​នោះ​គាត់​ដាក់​សម្ភារៈ​គ្រឿង​សក្ការៈ​ដើម្បី​ថ្វាយ​អភិបូជា។ ដោយសារ គាត់​យល់​ថា​យើង​បាន​ផ្ញើ​ជីវិត​ទៅ​លើ​ព្រះជាម្ចាស់ ព្រះជាម្ចាស់​ជា​អាទិភាព។ ប៉ុន្តែ នៅ​ពេល​យើង​ផ្ញើ​ជីវិត​ទៅ​លើ​ព្រះជាម្ចាស់ មិន​មែន​ដើម្បី​មាន​ជីវិត​កំសត់​ទុរគត​ទេ គឺ​ដើម្បី​រក​ឃើញ​សុភមង្គល។ សុភមង្គល​ពិសេស​ដែល​យើង​មាន គឺ​ដឹង​ថា យល់​ថា​យើង​ជា​កូន​របស់​ព្រះជាម្ចាស់ ដឹង​ថា​យើង​មាន​ព្រះបិតា​ដែល​ស្រឡាញ់​យើង។ ព្រះជាម្ចាស់​ជា​ព្រះជាម្ចាស់ យើង​ជា​មនុស្ស​តូច​តាច​សាមញ្ញ​ធម្មតា ប៉ុន្តែ​ប្រសិន​បើ​យើង​នឹក​ឃើញ​មួយ​ភ្លែត ជួន​កាល​យើង​ត្រូវ​ការ​បើក​ភ្នែក​តិចៗ បើក​បេះ​ដូង​តិចៗ​ដើម្បី​នឹក​ឃើញ​ថា ព្រះជាម្ចាស់​បាន​ជ្រើស​រើស​ខ្ញុំ​ផ្ទាល់ ដើម្បី​ទៅ​ជា​កូន​របស់​ព្រះអង្គ។ ព្រះជាម្ចាស់​ដែល​ជា​ព្រះ​ដ៏​មាន​ឬទ្ធានុភាព​សព្វ​ប្រការ បាន​ជ្រើស​រើស​ខ្ញុំ​ដើម្បី​ធ្វើ​ជា​កូន​របស់​ព្រះអង្គ​មិន​ធម្មតា​ទេ។

យើង​មាន​អំណរ​សប្បាយ ដោយសារ​យើង​នឹក​ឃើញ​នេះ ព្រះជាម្ចាស់​ស្រឡាញ់​ខ្ញុំ​យ៉ាង​ខ្លាំង​ណាស់ ព្រះជាម្ចាស់​ជ្រើស​រើស​ខ្ញុំ​ធ្វើ​ជា​បុត្រា​បុត្រី។ ព្រះជាម្ចាស់​ណែនាំ​ឲ្យ​ខ្ញុំ​ធ្វើ​ដំណើរ​ពី​មូយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដើម្បី​ថ្ងៃ​ណា​មួយ​អាច​មើល​ឃើញ​ព្រះជាម្ចាស់​ផ្ទាល់ នេះ​ជា​អំណរ​សប្បាយ​ដែល​យើង​មាន។ ដូច្នេះ អំណរ​សប្បាយ​នេះ​ណែនាំ​ឲ្យ​យើង​ចេះ​ស្វាគមន៍​បង​ប្អូន​ឯទៀតៗ​ជា​បង​ប្អូន​ពិត​មែន​។ នៅ​ក្នុង​ព្រះសហគមន៍​ទាំង​ពីរ ដែល​យើង​ចូល​អភិបូជា​រួម​គ្នា​ថ្ងៃ​នេះ ទាំង​សន្ត​សិលា​ពោធិ៍ធំ ទាំង​សន្ត​យ៉ូសែប​ក្ដី​កណ្ដាល យើង​ជា​បង​ប្អូន​នៅ​ក្នុង​ព្រះយេស៊ូ​គ្រីស្ត។ យើង​មិន​មែន​ជា​សាសន៍​ដទៃ យើង​មិន​មែន​ជា​មនុស្ស​ដែល​មិន​ចង់​មើល​គ្នា ប៉ុន្តែ​យើង​ជា​បង​ប្អូន​គ្នា។ ដោយសារ​យើង​មាន​ព្រះបិតា​ដែល​ស្រឡាញ់​យើង​ទាំង​អស់ យើង​ជា​បង​ប្អូន​គ្នា​ដោយសារ​យើង​មាន​ព្រះបិតា​តែ​មួយ ដែល​ណែនាំ​ឲ្យ​យើង​ទៅ​ជា​កូន​របស់​ព្រះអង្គ។ ដូច្នេះ យើង​ត្រូវ​ការ​គិត​ធ្វើ​ដូច​ម្ដេច​ដើម្បី​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ជា​បង​ប្អូន​ដ៏​ពិត​ប្រាកដ។

សព្វ​ថ្ងៃ នៅ​ក្នុង​ពិភព​លោក​សង្គ្រាម​ក៏​មាន នៅ​ក្នុង​គ្រួសារ​របស់​យើង​ជួន​កាល​ឈ្លោះ​គ្នា​ក៏​មាន នៅ​ក្នុង​ព្រះសហគមន៍​របស់​យើង​ជួន​កាល​អត់​ចេះ​គោរព​គ្នា អត់​ចេះ​ស្រឡាញ់​គ្នា អន់​ចិត្ត​គ្នា ច្រណែន​គ្នា​ក៏​មាន​ដែរ។ ប៉ុន្តែ នេះ​ផ្ទុយ​ពី​អ្វី​ដែល​ព្រះជាម្ចាស់​ចង់​បាន ព្រះជាម្ចាស់​ចង់​មាន​គ្រួសារ​ដ៏​សុខ​សាន្ត។ ថ្ងៃ​នេះ ប្អូនៗ​ដែល​ទទួល​អគ្គ​សញ្ញា​លាប​ថ្ងាស ជា​ព្រះវិញ្ញណ​ដ៏​វិសុទ្ធ​ដែល​ណែនាំ​ឲ្យ​យើង​ពោរពេញ ដោយ​សេចក្ដី​ស្រឡាញ់​និង​សេចក្ដី​សុខ​ដែល​មក​ពី​ព្រះជាម្ចាស់។ នៅ​ពេល​ព្រះយេស៊ូ​បង្ហាញ​ខ្លួន​ម្ដងៗ ក្រោយ​ពេល​ព្រះអង្គ​មាន​ព្រះជន្ម​រស់​ឡើង​វិញ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​រហូត “សូមសេចក្ដីសុខសាន្តគង់​នៅ​ជាមួយបងប្អូន”។ ពេល​លោក​អភិបាល​បើក​អភិបូជា លោក​មាន​ប្រសាសន៍​ថា “សូមសេចក្ដីសុខសាន្តគង់នៅជាមួយបងប្អូន” ជា​សេចក្ដី​សុខ​សាន្ត​ដែល​យើង​ចង់​បាន។ ប៉ុន្តែ អាស្រ័យ​លើ​យើង​នៅ​ពេល​យើង​ចេញ​ពី​វិហារ​ថ្ងៃ​នេះ នៅ​ពេល​យើង​បាន​ទទួល​អគ្គសញ្ញា​លាប​ថ្ងាស​ហើយ តើយើងធ្វើដូចម្ដេចដើម្បី​បន្ត​រស់នៅជាសាវ័ករបស់ព្រះយេស៊ូ? យក​ចិត្ត​ទុក​ដាក់​អធិដ្ឋាន យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ យក​ចិត្ត​ទុក​ដាក់​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដ៏​ពិត​ប្រាកដ។

ដោយ​មើល​គំរូ ជា​ពិសេស​មើល​ម្ដាយ​តេរេសា គាត់​មិន​មែន​ជា​មនុស្ស​អស្ចារ្យ​ទេ ជា​បង​ស្រី​មួយ​ធម្មតា​នៅ​ប្រទេស​ឥណ្ឌា ថ្ងៃ​មួយ​កាត់​ដើរ​តាម​ផ្លួវ គាត់​បាន​ឃើញ​អ្នក​ជម្ងឺ​ម្នាក់​ដែល​ជិត​ស្លាប់​នៅ​តាម​ផ្លូវ។ នៅ​ពេល​នោះ គាត់​ឈប់​មើល​មួយ​ភ្លែត​និង​បន្ត​ធ្វើ​ដំណើរ​ទៅ​មុខ​ទៀត  ពេល​គាត់​ទៅ​ដល់​ផ្ទះ គាត់​នឹក​ឃើញ​អ្នក​ជម្ងឺ​នៅ​តាម​ផ្លូវ​ភ្ជាប់​ជា​មួយ​ព្រះយេស៊ូ​នៅ​លើ​ឈើ​ឆ្កាង។ ដូច្នេះ គាត់​ឃើញ​ទាំង​ពីរ អ្នក​ជម្ងឺ​នៅ​តាម​ផ្លូវ​និង​ព្រះយេស៊ូ​នៅ​លើ​ឈើ​ឆ្កាង រហូត​ដល់​ទាំង​ពីរ​ធ្វើ​តែ​មួយ។ ក្រោយ​មក​គាត់​ថា “ព្រះជាម្ចាស់អើយ អំបាញ់មិញគឺជាព្រះយេស៊ូនៅ​តាម​ផ្លូវកំពុង​ជិត​ស្លាប់” ដូច្នេះ​គាត់​រត់​ត្រឡប់​ទៅ​វិញ ប៉ុន្តែ​ហួស​ពេល​ហើយ​ដោយសា​អ្នក​ជម្ងឺ​នោះ​ស្លាប់​ហើយ។ ហេតុ​នេះ​ហើយ គាត់​គិត​យើង​ត្រូវ​បម្រើ​អ្នក​ដទៃ​អស់​ពី​កម្លាំង​កាយ​កម្លាំង​ចិត្ត ដូច្នេះ​គាត់​ឈប់​ធ្វើ​ជា​គ្រូ​បង្រៀន​ភាសា​អង់គ្លេស។ គាត់​បាន​ទៅ​សុំ​លោក​អភិបាល បង្កើត​ក្រុម​បង​ស្រី​ថ្មី ដោយ​គាត់​ប្រមូល​យុវនារី​ប៉ុន្មាន​នាក់ និង​ចាប់​ផ្ដើម​បម្រើ​អ្នក​ក្រីក្រ ជា​ពិសេស​ដែល​កំពុង​ស្លាប់ អ្នក​ជម្ងឺ​នៅ​តាម​ផ្លូវ ដើម្បី​ឲ្យ​គេ​ស្លាប់​នៅ​ក្នុង​មោទនភាព នៅ​ក្នុង​តម្លៃ​ថ្លៃ​ថ្នូរ។

ថ្ងៃ​នេះ យើង​ចូល​នៅ​ក្នុង​ជីវិត​របស់​យើង​ដែល​ភ្ចាប់​ជា​មួយ​ព្រះជាម្ចាស់​ដ៏​ពិត​ប្រាកដ ដើម្បី​គិត​ថា “ខ្ញុំទោះបីក្មេងក៏ដោយ ខ្ញុំ​ភ្ជាប់ជាមួយព្រះយេស៊ូនៅក្នុងសេចក្ដីសុខពីមួយថ្ងៃទៅមួយថ្ងៃ ជាមួយពួកម៉ាក់ខ្ញុំ ជាមួយឪពុកម្ដាយខ្ញុំ ជាមួយលោកតាលោកយាយខ្ញុំ ខ្ញុំ​ខិតខំស្រឡាញ់ ខ្ញុំខិតខំបម្រើ ខ្ញុំខិតខំបង្ហាញសេចក្ដីសុខ”។ ថ្ងៃ​នេះ យើង​អរ​ព្រះគុណ​ព្រះជាម្ចាស់​សម្រាប់​ជីវិត​ដ៏​ពិសេស​ដែល​ព្រះអង្គ​ប្រទាន យើង​ទូល​អង្វរ​ព្រះអង្គ​តាម​រយៈ​ម្ដាយ​តេរេសារ តាម​រយៈ​សន្ត​យ៉ូហាន​ប៉ូល​ទី​២ តាម​រយៈ​សន្ត​យ៉ូហាន​ប៉ូល​ទី​១​បន្តិច​ទៀត ដើម្បី​ឲ្យ​យើង​ទាំង​អស់​គ្នា​ធ្វើ​ដំណើរ​នៅ​ក្នុង​សេចក្ដី​សុខ និង​បង្កើត​ព្រះសហគមន៍​របស់​ព្រះអង្គ​នៅ​លើ​ទឹក​ដី​កម្ពុជា។ អាម៉ែន៕

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ

អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា

ភូមិភាគ​ភ្នំពេញ

Facebook
Twitter
LinkedIn