អភិបូជារំលឹកសន្តីតេរេសានៅកាល់គូថាធ្វើនៅភូមិគ្រឹះមេត្តាករុណា

ភ្នំពេញ ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០២២

អត្ថបទ​ទី១៖ កូរិនថូស ទី១ ៥,១-៨
ថ្វី‌ដ្បិត​តែ​រូប​កាយ​ខ្ញុំ​មិន​នៅ​ជា​មួយ​បង‌ប្អូន តែ​វិញ្ញាណ​ខ្ញុំ​នៅ​ជា​មួយ​បង‌ប្អូន​ជា‌និច្ច។ ១ករ ៥,៣
ដំណឹងល្អ៖ លូកា ៦,៦-១១
តើ​ត្រូវ​សង្គ្រោះ​ជីវិត​មនុស្ស ឬ​ធ្វើ​ឲ្យ​វិនាស​អន្តរាយ? លក ៦,៩

“រិះ​គិត​អំពី​អនាគត​តាម​រយៈ​អ្នក​ម្តាយ​តេរេសា”

បង​ប្អូន​ជា​ទី​ស្រឡាញ់

នៅ​ថ្ងៃ​នេះ យើង​គោរព​អ្នក​ម្តាយ​តេរេសា ជា​សន្តី​ដែល​ព្រះសហគមន៍​បាន​ទទួល​ស្គាល់ ក្នុង​ឆ្នាំ​២០១៦ ជា​អំណរ​សប្បាយ​សម្រាប់​ព្រះសហគមន៍​ទាំង​អស់។

ជាពិសេស​ថ្ងៃ​នេះ ខ្ញុំ​ចង់​ឲ្យ​យុវជន​យុវនារី​គិត​ពិចារណា តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្តេច​ដើម្បី​រស់​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ដើម្បី​ចូល​នៅ​ក្នុង​គម្រោង​ការ​របស់​ព្រះយេស៊ូ​សម្រាប់​យើង​ផ្ទាល់? ពេល​នៅ​ក្មេង​យើង​គិត​ថា អនាគត​របស់​យើង​តើ​ត្រូវ​ធ្វើ​អ្វី​ខ្លះ? អនាគត​តើ​យើង​ជា​មនុស្ស​ដូច​ម្ដេច? យើង​ចាប់​ផ្ដើម​ដើរ​តាម​ព្រះយេស៊ូ  ជាសាវ័ករបស់ព្រះយេស៊ូ តើថ្ងៃ​អនាគត​យើង​ត្រូវ​ធ្វើ​ដូច​ម្តេច ដើម្បី​ឲ្យ​ជីវិត​របស់​យើង​ភ្ជាប់​ជា​មួយ​នឹង​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់? យើង​បាន​ស្ដាប់​នៅ​ក្នុង​គម្ពីរ​ថ្ងៃ​នេះ គឺ​ព្រះជាម្ចាស់​ជា​សេចក្ដី​ស្រឡាញ់។ ហើយ​យើង​ជា​យុវជន​យុវនារី​ដែល​ទទួល​ការ​ត្រាស់​ហៅ​ពី​ព្រះជាម្ចាស់ ឲ្យ​ក្លាយ​ជា​បុត្រ​ធីតា​របស់​ព្រះអង្គ ហើយ​យើង​ធ្វើ​ដូច​ម្តេច​ដើម្បី​រស់​នៅ​ក្នុង​សេចក្ដី​ស្រឡាញ់​ដ៏​ពិសេស ដែល​ព្រះជាម្ចាស់​ប្រទាន​ឲ្យ​យើង នេះ​គឺ​ជា​សំណួរ​មួយ​ដ៏​សំខាន់​ណាស់។

ថ្ងៃ​នេះ​ យើង​គោរព​អ្នក​ម្តាយ​តេរេសា​ដែល​ជា​សន្តី មិន​មែន​តែ​ជា​សន្ត​បុគ្គល ដែល​គេ​គោរព​តាំង​ពី​សតវត្សរ៍​មុន​នោះ​ទេ។ យើង​កំពុង​តែ​និយាយ​អំពី​អ្នក​ម្តាយ​តេរេសា ដែល​បាន​រស់​នៅ​ក្នុង​សតវត្សរ៍​ទី​ម្ភៃ មានន័យថាប៉ុន្មានឆ្នាំមុន។ ទោះ​បី​យើង​មិន​បាន​ស្គាល់​គាត់​ក៏​ដោយ ប៉ុន្តែ​យើង​ដឹង​ថា​គាត់​គឺ​ជា​បង​ស្រី​ធម្មតា។ គាត់​ជា​សាសន​ទូត​ម្នាក់ ដែល​ចេញ​ពី​ប្រទេស​របស់​គាត់ (អាល់បេនៀ) ហើយ​គាត់​ទៅ​ដល់​ប្រទេស​ឥណ្ឌា នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​គាត់ (ឡូរ៉េតូ) ដើម្បី​ធ្វើ​ជា​គ្រូ​បង្រៀន។ គាត់​ជា​គ្រូ​បង្រៀន​ធម្មតា​ម្នាក់ ប៉ុន្តែ​នៅ​ថ្ងៃ​ដែល​យើង​គោរព​ម្តាយ​តេរេសា​នៅ​ថ្ងៃ​នេះ មាន​ថ្ងៃ​មួយ​គាត់​បាន​ធ្វើ​ដំណើរ​ពេល​គាត់​ចេញ​ពី​បង្រៀន នៅ​ពេល​នោះ​គាត់​បាន​ឃើញ​អ្នក​ជំងឺ​ម្នាក់​ដែល​កំពុង​ជិត​ស្លាប់​នៅ​តាម​ផ្លូវ គាត់​មិន​ចាប់​អារម្មណ៍​ទេ​ហើយ​គាត់​បន្ត​ដំណើរ​ទៅ​មុខ។ ប៉ុន្តែ នៅ​ពេល​គាត់​ទៅ​ដល់​ផ្ទះ​របស់​គាត់ គាត់​នឹក​ឃើញ​អ្នក​ជំងឺ​នេះ​ដដែល ហាក់​ដូច​ជា​មាន​អ្វី​បុក​គ្នា​នៅ​ក្នុង​ខួរ​ក្បាល​របស់​គាត់​មាន​អ្នក​ជំងឺ​ផង និង​រូប​ព្រះយេស៊ូ​នៅ​លើ​ឈើ​ឆ្កាង​ផង។ ក្រោយ​មក វា​ហាក់​ដូច​ជា​នៅ​ជាប់​គ្នា ដែល​អ្នក​ជំងឺ​កំពុង​ជិត​ស្លាប់​នៅ​តាម​ផ្លូវ តាម​ពិត​គឺ​ព្រះយេស៊ូ​ផ្ទាល់។ គាត់​ក៏​រត់​ទៅ​រក​អ្នក​ជំងឺ​ដែល​ជិត​ស្លាប់ ក៏​ប៉ុន្តែ​ពេល​នោះ​ហួស​ពេល​ហើយ។ នៅ​ពេល​នោះ គាត់​ចាប់​ផ្ដើម​សម្រេច​ចិត្ត តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជួយ​អ្នក​ជំងឺ និង​អ្នក​ក្រីក្រ​ដែល​កំពុង​នៅ​តាម​ផ្លូវ?  បន្ទាប់​មក គាត់​ក៏​ចាប់​ផ្ដើម​ប្រមូល​យុវនារី​ខ្លះៗ ហើយ​ក៏​ចាប់​ផ្តើម​ផ្ទះ​នៃ​សេចក្ដី​សុខសាន្ត ផ្ទះ​នៃ​សេចក្ដី​ស្រឡាញ់។ បន្តិច​ម្តងៗ​ក្លាយ​ទៅ​ជា​ក្រុម​បង​ស្រី​ដែល​យើង​ស្គាល់ ហើយ​ដែល​កំពុង​មាន​វត្តមាន​នៅ​ភ្នំពេញ នៅ​សៀមរាប ក្នុង​ប្រទេស​កម្ពុជា​យើង ពី​យូរ​ឆ្នាំ​ណាស់​មក​ហើយ។ ម្តាយ​តេរេសា​ផ្ទាល់ ធ្លាប់​បាន​មក​ដល់​ទឹក​ដី​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​១៩៩១ ឬ​១៩៩២ ហើយ​បាន​ទទួល​ពី​សម្តេច​តេជោ ហ៊ុន សែន ផ្ទាល់​នូវ​ផ្ទះ​ដែល​យើង​ស្គាល់​សព្វ​ថ្ងៃ គឺ​ផ្ទះ​នៅ​ផ្លូវ​មុនីវង្ស ហើយ​បាន​ក្លាយ​ទៅ​ជា​សញ្ញា​សម្គាល់​របស់​ព្រះជាម្ចាស់​ជា​សេចក្ដី​ស្រឡាញ់។

អ្នក​ម្តាយ​តេរេសា គឺ​ជា​គំរូ​សម្រាប់​យើង ណែនាំ​ឲ្យ​យើង​មាន​កម្លាំង​មែន​ទែន ដោយសារ​អ្នក​ម្តាយ​តេរេសា​ធ្លាប់​បាន​និយាយ​ថា “មនុស្ស​យើង​ទាំង​អស់​មិន​អាច​ធ្វើ​ការ​អស្ចារ្យ​ពិសេស​នោះ​ទេ ប៉ុន្តែ​យើង​ទាំង​អស់​គ្នា​អាច​ស្រឡាញ់​គេ​នៅ​ក្នុង​របៀប​អស្ចារ្យ ទោះ​បី​យើង​ធ្វើ​អ្វី​តូច​តាច​ក៏​ដោយ ប៉ុន្តែ​យើង​អាច​ស្រឡាញ់​គេ​នៅ​ក្នុង​របៀប​អស្ចារ្យ”។

ខ្ញុំ​គិត​ថា សម្រាប់​បង​ប្អូន​គ្រីស្ត​បរិស័ទ​ថ្មីៗ​ដែល​ទើប​តែ​ចាប់​ផ្តើម​ដើរ​តាម​ព្រះយេស៊ូ ត្រូវ​គិត​អំពី​អនាគត​របស់​ខ្ញុំ ប្រហែល​ជា​យើង​មិន​អាច​សង្គ្រោះ​ពិភព​លោក​បាន​នោះ​ទេ។ ប៉ុន្តែ យ៉ាង​ហោច​ណាស់​យើង​អាច​យក​ចិត្ត​ទុក​ដាក់​ស្រឡាញ់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ យើង​អាច​រៀប​ចំ​អ្វី​ដែល​ពិសេស​និង​ណែនាំ​ឲ្យ​ពិភព​លោក​របស់​យើង​កែ​ប្រែ​បន្តិច​ម្តងៗ។ ម្តាយ​តេរេសា​ធ្លាប់​និយាយ​ដល់​អ្នក​កាសែត​ម្នាក់​ដែល​បាន​សួរ​ទៅ​គាត់​ថា តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្ដេច​ដើម្បី​កុំ​ឲ្យ​មាន​សង្គ្រាម​ក្នុង​ពិភព​លោក? តើ​យើង​ធ្វើ​ដូច​ម្ដេច​ដើម្បី​ឲ្យ​មនុស្ស​ចេះ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ក្នុង​ពិភព​លោក? ម្តាយ​តេរេសា​គ្មាន​ចម្លើយ​អស្ចារ្យ​នោះ​ទេ គាត់​មើល​មុខ​អ្នក​កាសែត​នោះ ហើយ​និយាយ​ថា​ដើម្បី​ឲ្យ​យើង​មាន​សេចក្ដី​សុខ​នៅ​ក្នុង​ពិភព​លោក គឺ​ត្រូវ​ចាប់​ផ្តើម​ពី​ខ្លួន​ឯង ឲ្យ​ខ្លួន​ឯង​កែ​ប្រែ​ចិត្ត​គំនិត​សិន ឱ្យ​ខ្ញុំ​ផ្ទាល់​កែ​ប្រែ​ចិត្ត​គំនិត​សិន ហើយ​ក្រោយ​មក​មាន​អ្វី​កើត​ឡើង ដោយ​មើល​ឃើញ​ស្នា​ព្រះហស្ថ​របស់​ព្រះជាម្ចាស់​នៅ​ក្នុង​ជីវិត​របស់​យើង។

ម្សិល​មិញ​ព្រះសហគមន៍​យើង​បាន​តែង​តាំង​សម្តេច​ប៉ាប យ៉ូហាន​ប៉ូល​ទី​មួយ ពោរពេញ​ដោយ​សុភមង្គល។ សម្តេច​ប៉ាប មាន​វត្ត​មាន​ត្រឹម​តែ​៤៣​ថ្ងៃ មាន​ពេល​ខ្លី​មែន​ទែន ប៉ុន្តែ​នៅ​ក្នុង​រយៈ​ពេល​៤៣​ថ្ងៃ​នេះ គាត់​មាន​ឥទ្ធិពល​លើ​ព្រះសហគមន៍​នៅ​ក្នុង​ពិភព​លោក ដោយសារ​តែ​គាត់​ពូកែ​ញញឹម។ អ្នក​ម្តាយ​តេរេសា ក៏​បាន​និយាយ​ដែរ​ថា “សេចក្ដី​សុខ​សាន្ត​កើត​ឡើង​ដោយសារ​ស្នាម​ញញឹម​របស់​យើង​ទៅ​រក​គេ នៅ​ពេល​យើង​ចាប់​ផ្ដើម​ញញឹម​ទៅ​រក​គេ គឺ​យើង​ចាប់​ផ្ដើម​សេចក្ដី​សុខ សេចក្ដី​ស្រឡាញ់ សន្តិភាព និង​ការ​សហការ​គ្នា។ ដូច្នេះ យើង​យល់​ថា​ពួក​គេ​យើង​មិន​បាន​ធ្វើ​អ្វី​អស្ចារ្យ ប៉ុន្តែ​យើង​ដឹង​ថា​នៅ​ពេល​ដែល​យើង​ចាប់​ផ្ដើម​ញញឹម​ទៅ​រក​គេ គឺ​ជីវិត​របស់​គេ​ចាប់​ផ្ដើម​ផ្លាស់​ប្តូរ ដោយ​ដឹង​ថា​យើង​ស្រឡាញ់​គេ យើង​យក​ចិត្ត​ទុក​ដាក់​ជា​មួយ​គេ។

សម្រាប់​អនាគត​របស់​យុវជន​យុវនារី ខ្ញុំ​គិត​ថា​អ្នក​ម្តាយ​តេរេសា​មាន​គំនិត​ច្រើន ដែល​ណែនាំ​ឲ្យ​យើង​ត្រូវ​តែ​មាន​កម្លាំង។ នៅ​ពេល​ដែល​យើង​ឃើញ​លោកីយ៍​របស់​យើង យើង​ឃើញ​ពិភព​លោក​របស់​យើង ប៉ុន្មាន​ដង​ប៉ុន្មាន​សា​យើង​បាន​អស់​សង្ឃឹម សង្គ្រាម​ក៏​មាន យើង​រត់​តាម​ទ្រព្យ​សម្បត្តិ យើង​គិត​ថា​យើង​ជោគ​ជ័យ​នៅ​ក្នុង​សង្គម លុះត្រាតែ​យើង​មាន​លុយ​ច្រើន យើង​ជោគ​ជ័យ​នៅ​ក្នុង​ជីវិត​លុះត្រាតែ​យើង​មាន​ឋានៈ យើង​ជា​អ្នក​ធំ ជា​អ្នក​ដែល​គេ​ទទួល​ស្គាល់។

ប៉ុន្តែ ជួន​កាល​យើង​ក៏​ធ្លាក់​ទឹក​ចិត្ត​ដែរ ដោយ​សារ​នៅ​ពេល​ដែល​យើង​ទៅ​មុខ​នៅ​ក្នុង​ជីវិត មាន​គេ​ច្រណែន មាន​គេ​ស្អប់ មាន​គេ​ខិត​ខំ​ជិះ​ជាន់ គេ​ចង់​សម្លាប់។ ដូច្នេះ អ្នក​ម្តាយ​តេរេសា មាន​ប្រាំ​បី​ចំណុច​ណែនាំ​យើង ដើម្បី​ឲ្យ​យើង​អាច​តស៊ូ​នៅ​ក្នុង​ជីវិត​របស់​យើង​ដើម្បី បង្កើត​នូវ​ពិភព​ថ្មី​តាម​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់ នៅ​ក្នុង​សេចក្ដី​ស្រឡាញ់។

ទី​មួយ យើង​ធ្លាក់​ទឹក​ចិត្ត នៅ​ពេល​ដែល​មនុស្ស​នៅ​ជុំ​វិញ​យើង​មាន​ចិត្ត​លោភ​លន់ មាន​ចិត្ត​ចង្អៀត​ចង្អល់ មាន​ចិត្ត​ស្អប់ មាន​ចិត្ត​មើល​ងាយ​អ្នក​តូច​តាច។ ដូច្នេះ ដើម្បី​ឲ្យ​យើង​អាច​ចូល​នៅ​ក្នុង​ទំនាក់​ទំនង​ជា​មួយ​នឹង​បង​ប្អូន​ឯទៀតៗ យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​អំពី​ការ​លើក​លែង​ទោស។ នេះ​គឺ​ជា​មូល​ដ្ឋាន​នៃ​អ្វីៗ​ទាំង​អស់ នៅ​ក្នុង​ទំនាក់​ទំនង គឺ​ការ​លើក​លែង​ទោស។

ទីពីរ ប្រសិន​បើ​យើង​មាន​ចិត្ត​ល្អ មាន​ចិត្ត​ស្រឡាញ់ ជួន​កាល​ណែនាំ​ឲ្យ​អ្នក​ដទៃ​គិត​ថា គាត់​ចិត្ត​ល្អ​ជា​មួយ​ខ្ញុំ​ដោយសារ​គាត់​មាន​គម្រោង​ការ​ផ្សេង គាត់​មាន​ល្បិច គាត់​អែប​អប​ខ្ញុំ គាត់​ផ្អែម​ជា​មួយ​ខ្ញុំ។ តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ឲ្យ​យើង​បន្ត​មាន​ចិត្ត​ល្អ ចិត្ត​ស្រឡាញ់​ដែល​ចេញ​មក​ពី​ដួង​ចិត្ត​របស់​យើង​ដ៏​ពិត​ប្រាកដ​មែន។ ទោះ​បី​ជា​គេ​ខិត​ខំ​រិះ​គន់​យើង យើង​ត្រូវ​តែ​បន្ត​ការ​តស៊ូ​ដោយសារ​មាន​តែ​ចិត្ត​ល្អ​និង​ចិត្ត​ស្រឡាញ់ ដែល​អាច​ណែនាំ​ឲ្យ​បន្តិច​ម្តងៗ​ពិភព​លោក​របស់​យើង និង​ជីវិត​របស់​យើង​ក្លាយ​ទៅ​ជា​ពិភព​ថ្មី​និង​ជីវិត​ថ្មី។

ទី​បី ប្រសិន​បើ​យើង​ចាប់​ផ្ដើម​ជោគ​ជ័យ​នៅ​ក្នុង​ជីវិត ទោះ​បី​ជា​មាន​ស​ត្រូវ​ដែរ ដែល​គេ​ចង់​ឲ្យ​យើង​បរាជ័យ ឲ្យ​យើង​ធ្លាក់ ក៏​ប៉ុន្តែ​យើង​ត្រូវ​តែ​បន្ត​តស៊ូ ដើម្បី​ទទួល​បាន​ការ​ជោគ​ជ័យ​របស់​យើង។

ទី​បួន ប្រសិន​បើ​យើង​មាន​ចិត្ត​ស្មោះ​ត្រង់ និង​បើ​យើង​ចេះ​យក​ចិត្ត​ទុក​ដាក់​មែន​ទែន យើង​ចាប់​ផ្ដើម​មើល​មនុស្ស​យ៉ាង​ច្រើន​ដែល​គ្មាន​ចិត្ត​ស្មោះ​ត្រង់ ដែល​កុហក់​យើង ដែល​និយាយ​មិន​ល្អ​អំពី​យើង។ ប៉ុន្តែ កុំ​ឲ្យ​យើង​ធ្លាក់​ទឹក​ចិត្ត ឱ្យ​យើង​បន្ត​តស៊ូ​ដោយ​មាន​ចិត្ត​ស្មោះ​ត្រង់ ចំពោះ​បង​ប្អូន​ឯទៀតៗ ចិត្ត​ស្មោះ​ចំពោះ​ព្រះជាម្ចាស់ និងចិត្ត​ដែល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សកម្មភាព​ដែល​យើង​ធ្វើ។

ទី​ប្រាំ ប្រសិន​បើ​យើង​ជា​មនុស្ស​ដែល​ចាប់​ផ្ដើម​បង្កើត​សកម្មភាព​ថ្មី បង្កើត​កម្មវិធី​ថ្មី បង្កើត​អ្វី​ដែល​ពិសេស ភ្លាមៗ​មាន​មនុស្ស​ដែល​ចង់​បំផ្លាញ​នូវ​អ្វី​ដែល​យើង​កំពុង​ធ្វើ ក៏​ប៉ុន្តែ​យើង​ត្រូវ​តែ​មាន​ចិត្ត​តស៊ូ ដើម្បី​ឱ្យ​យើង​បន្ត​បង្កើត។

ទី​ប្រាំ​មួយ ប្រសិន​បើ​យើង​ជា​មនុស្ស​ម្នាក់​ដែល​មាន​អំណរ​សប្បាយ នៅ​ក្នុង​ខ្លួន​មាន​ភាព​ស្ងៀម​ស្ងាត់ និង​ប្រាជ្ញា​ញាណ មួយ​រយ​ភាគ​រយ​គឺ​មាន​មនុស្ស​ដែល​ច្រណែន​យើង។ មូល​ហេតុ​អ្វី​គាត់​សប្បាយ? មូល​ហេតុ​អ្វី​គាត់​មាន​ភាព​ស្ងៀម​ស្ងាត់ និង​ឈ្លាសវៃ? ហើយ​គេ​ចាប់​ផ្តើម​រក​មធ្យោ​បាយ​ដើម្បី​ឱ្យ​យើង​បាត់​អំណរ​សប្បាយ។ ផ្ទុយ​ទៅ​វិញ ឲ្យ​យើង​បន្ត​យក​ចិត្ត​ទុក​ដាក់ ធ្វើ​ជា​មនុស្ស​ដែល​ចេះ​ប្រមូល​អំណរ​សប្បាយ ដែល​មក​ពី​ព្រះជាម្ចាស់​ផ្ទាល់ ពី​ព្រោះ​មាន​តែ​ព្រះជាម្ចាស់​ដែល​ប្រទាន​អំណោយ​សប្បាយ។

ទី​ប្រាំ​ពីរ ប្រសិន​បើ​ថ្ងៃ​នេះ​យើង​ធ្វើ​អំពើ​ល្អ​ច្រើន យើង​ដឹង​ថា​ថ្ងៃ​ស្អែក​គេ​ភ្លេច​អស់​ហើយ គេ​ភ្លេច​អ្វី​ដែល​យើង​ខិត​ខំ​កសាង។ ប៉ុន្តែ សំខាន់​ឱ្យ​យើង​យក​ចិត្ត​ទុក​ដាក់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ធ្វើ​អំពើ​ល្អ​មែន​ទែន។

ទី​ប្រាំ​បី ប្រសិន​បើ​យើង​ឲ្យ​អ្វីៗ​ទាំង​អស់​នៅ​ក្នុង​ខ្លួន​ដល់​បង​ប្អូន​ឯទៀតៗ គេ​ចង់​ទាម​ទារ​ថែម​ទៀត​និង​ថែម​ទៀត ជួយ​នេះ​តែ​ប៉ុណ្ណឹង​មិន​គ្រប់​គ្រាន់​នោះ​ទេ។ ក៏​ប៉ុន្តែ កុំ​ឲ្យ​យើង​ធ្លាក់​ទឹក​ចិត្ត ហើយ​យើង​បន្ត​ជួយ​អស់​ពី​សមត្ថភាព​នៅ​ក្នុង​សេចក្ដី​ស្រឡាញ់។

អ្វីៗ​ទាំង​អស់​ដែល​យើង​ធ្វើ យើង​មិន​ធ្វើ​ដើម្បី​តែ​បង​ប្អូន​ឯទៀតៗ​តែ​ប៉ុណ្ណោះ​នោះ​ទេ គឺ​យើង​ធ្វើ​ជា​មួយ​ព្រះជាម្ចាស់ អ្វីៗ​ដែល​កើត​ឡើង​នៅ​ក្នុង​សេចក្តី​ស្រឡាញ់​និង​ធម៌​មេត្តា​ករុណា​ទាំង​អស់​នោះ គឺ​រវាង​ខ្ញុំ​ផ្ទាល់​និង​ព្រះជាម្ចាស់។ ខ្ញុំ​មិន​ធ្វើ​ដើម្បី​អ្នក​ដទៃ​នោះ​ទេ គឺ​ខ្ញុំ​ធ្វើ​សម្រាប់​ព្រះជាម្ចាស់ ដោយ​ដឹង​ថា​ព្រះជាម្ចាស់​ទទួល​ស្គាល់ ដោយ​ដឹង​ថា​ព្រះជាម្ចាស់​ណែនាំ​ឲ្យ​ខ្ញុំ​ទៅ​មុខ។

បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ​យើង​យក​អ្នក​ម្តាយ​តេរេសា​ជា​គំរូ​យ៉ាង​ពិសេស ដើម្បី​ឲ្យ​យើង​ធ្វើ​ដំណើរ​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន​នេះ។ ដោយ​ដឹង​ថា អ្វីៗ​ទាំង​អស់​សម្រាប់​ព្រះជាម្ចាស់ ជា​មួយ​ព្រះជាម្ចាស់ ដោយ​ព្រះជាម្ចាស់​ប្រទាន​កម្លាំង​ដើម្បី​ឲ្យ​យើង​ជោគ​ជ័យ ក៏​ប៉ុន្តែ​មិន​មែន​ជោគ​ជ័យ​តាម​របៀប​លោកីយ៍ គឺ​ជោគ​ជ័យ​តាម​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់ ដែល​ជា​សេចក្ដី​ស្រឡាញ់។

នៅ​ពេល​នេះ យើង​ទូល​អង្វរ​អ្នក​ម្តាយ​តេរេសា ដើម្បី​ឲ្យ​អ្នក​ម្តាយ​តេរេសា ជួយ​យើង​ដែល​ជា​យុវជន​យុវនារី ដើម្បី​ចូល​ទៅ​ក្នុង​គម្រោង​ការ​របស់​ព្រះជាម្ចាស់​ជា​ប្រចាំ និង​ដើម្បី​រៀប​ចំ​ជីវិត​ទៅ​ជា​ជីវិត​ថ្មី និង​កសាង​ពិភព​ថ្មី ដោយ​ដឹង​ថា​យើង​មិន​អាច​ធ្វើ​ការ​អស្ចារ្យ​ពិត​មែន ប៉ុន្តែ​យើង​អាច​ស្រឡាញ់​តាម​របៀប​អស្ចារ្យ។ អាម៉ែន៕

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ

អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា

ភូមិភាគ​ភ្នំពេញ

Facebook
Twitter
LinkedIn