អត្ថបទព្រះគម្ពីរសម្រាប់​ថ្ងៃព្រហស្បតិ៍ ទី៨ ខែកញ្ញា ឆ្នាំ ២០២២

ថ្ងៃកំណើតព្រះនាងព្រហ្មចារិនីម៉ារី

ពេលកូនម្នាក់កើតមក ឪពុកម្តាយតែងអរសប្បាយ និងអរព្រះគុណព្រះជាម្ចាស់ ដែលទ្រង់បានប្រទានជីវិតព្រះអង្គឱ្យមនុស្ស។ ព្រះអង្គពិតជាប្រភពនៃជីវិតមែន។ ព្រះសហគមន៍មានអំណរដោយនឹកពីពេលព្រះនាងម៉ារីកើតមក ព្រោះជាពេលព្រះមាតានៃព្រះបុត្រារបស់ព្រះជាម្ចាស់កើតឡើង។ ព្រះនាងពោរពេញដោយព្រះវិញ្ញាណតាំងពីកំណើតមក។ ព្រះសហគមន៍សន្មតយកថ្ងៃនេះធ្វើជាថ្ងៃនឹកដល់ពេលព្រះនាងកើតមក ព្រោះជាថ្ងៃខួបបុណ្យឆ្លងព្រះវិហារសង់ឡើងនៅកន្លែងគេស្មានថា ជាផ្ទះរបស់សន្តីហាណ្ណា។

សូមថ្លែងព្រះគម្ពីរព្យាការីមីកា មីក ៥,១-៤

ព្រះម្ចាស់មានព្រះបន្ទូលថា៖ «បេថ្លេហិមអេប្រាតាអើយ! ក្នុងចំណោមអំបូរទាំងប៉ុន្មាន នៅស្រុកយូដា​ អ្នកតូចជាងគេមែន តែស្តេចដែលត្រូវគ្រប់គ្រងលើអ៊ីស្រាអែលក្នុងនាមយើង នឹងប្រសូត្រចេញមកពីអ្នក។ ព្រះអង្គនោះមានដើមកំណើតតាំងពីបុរាណកាលដ៏យូរអង្វែង»។ ព្រះម្ចាស់នឹងបោះបង់ចោលប្រជាជនអ៊ីស្រាអែលមួយរយៈសិន រហូតដល់ពេលស្ត្រី ដែលជាមាតាសម្រាលបុត្រនោះមក។ នៅពេលនោះ បងប្អូនរបស់ព្រះរាជបុត្រដែលសេសសល់ នឹងវិល មកជួបជុំគ្នាជាមួយពូជពង្សរបស់លោកអ៊ីស្រាអែលវិញ។ ស្តេចនោះនឹងក្រោកឡើង ហើយដឹកនាំជនជាតិអ៊ីស្រាអែល ដោយព្រះចេស្តារបស់ព្រះអម្ចាស់ និងភាពថ្កុំថ្កើងនៃព្រះនាមរបស់ព្រះជាម្ចាស់ជាព្រះរបស់លោក។ អ៊ីស្រាអែលនឹងរស់នៅដោយសុខសាន្ត ដ្បិតចាប់ពីពេលនេះទៅ ស្តេចនោះមានអំណាចឧត្តុង្គឧត្តម រហូតដល់ទីដាច់ស្រយាលនៃផែនដី។​ ស្តេចនោះហើយដែលផ្តល់សុខសន្តិភាព! ប្រសិនបើជនជាតិអាស៊ីរីលើកទ័ពមកវាយលុកស្រុកយើង ហើយវាយចូលដល់កំពែងក្រុងរបស់យើង ពួកយើងនឹងចាត់មេដឹកនាំប្រាំពីរប្រាំបីនាក់របស់ប្រជាជនឲ្យទៅតយុទ្ធនឹងពួកគេ។

ទំនុកតម្កើងលេខ ១៣ (១២),៦ បទពំនោល

ចំពោះរូបខ្ញុំឃ្មៀតខ្មីទុកចិត្តហឫទ័យប្រណីរបស់ព្រះអង្គ
សូមឱ្យខ្ញុំត្រេកអរផងពីព្រោះព្រះអង្គបានសង្គ្រោះទូលបង្គំ
សូមឱ្យខ្ញុំច្រៀងរងំសរសើរឧត្តមដល់ខ្ញុំព្រះអង្គប្រណី

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
យើងនាំគ្នារំឭកថ្ងៃព្រះនាងព្រហ្មចារិនីម៉ារីកើងមក! លំពែងរបស់លោកយ៉េសាយមានផ្ការីកឡើង
ដោយសារព្រះនាង! ព្រះជាម្ចាស់ជាព្រះរបស់យើង ប្រទានពរមកយើងដោយសារព្រះនាងដែរ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១,១-១៦.១៨-២៣ (ឬយ៉ាងខ្លី ១,១៨-២៣)

នេះជាបញ្ជីរាយនាមព្រះអយ្យកោរបស់ព្រះយេស៊ូគ្រីស្ត ជាព្រះរាជវង្សរបស់ព្រះបាទដាវីឌដែលត្រូវជាពូជពង្សរបស់លោកអប្រាហាំ។លោកអប្រាហាំបង្កើតលោកអ៊ីសាក លោកអ៊ីសាកបង្កើតលោកយ៉ាកុប លោកយ៉ាកុបង្កើតលោកយូដា និងប្អូនរបស់គាត់ លោកយូដា និងនាងថាម៉ារបង្កើតលោកផារេស និងលោកសេរ៉ា លោកផារេសបង្កើតលោកហេតស្រូម លោកហេតស្រូមបង្កើតអរ៉ាម លោកអារ៉ាមបង្កើតលោកអមីណាដាប់ លោកអមីណាដាប់បង្កើតលោកណាសូន លោកណាសូនបង្កើតលោកសាលម៉ូន លោកសាលម៉ូន និងនាងរ៉ាហាបបង្កើតលោកបូអាស លោកបូអាស និងនាងរូថបង្កើតលោកអូបេដ លោកអូបេដបង្កើតលោកយេសាយ លោកយេសាយបង្កើតស្តេចដាវីឌ។ ស្តេចដាវីឌ និងភរិយារបស់អ៊ូរីបង្កើតស្តេចសាឡូម៉ូន ស្តេចសាឡូម៉ូនបង្កើតស្តេចរ៉ូបោម ស្តេចរ៉ូបោមបង្កើតស្តេចអប៊ីយ៉ា ស្តេច​អប៊ីយ៉ាបង្កើតស្តេចអសាភ ស្តេចអសាភបង្កើតស្តេចយ៉ូសាផាត ស្តេចយ៉ូសាផាតបង្កើតស្តេចយ៉ូរ៉ាម ស្តេចយ៉ូរ៉ាមបង្កើតស្តេចអូស្យាស ស្តេចអូស្យាសបង្កើតស្តេចយ៉ូថាម ស្តេចយ៉ូថាមបង្កើតស្តេចអខាល ស្តេខអខាលបង្កើតស្តេចអេសេខ្យាស ស្តេចអេសេខ្យាសបង្កើតស្តេចម៉ាណាសេ ស្តេចម៉ាណាសេបង្កើតស្តេចអម៉ូន ស្តេចអម៉ូនបង្កើតស្តេចយ៉ូស្យាស ស្តេចយ៉ូស្យាសបង្កើតស្តេចយេកូញ៉ាស និងអនុជរបស់ព្រះអង្គ ក្នុងគ្រាដែលគេកៀរជនជាតិអ៊ីស្រាអែលយកទៅធ្វើជាឈ្លើយនៅស្រុកបាប៊ីឡូន។ ក្រោយគ្រាដែលគេកៀរជនជាតិអ៊ីស្រាអែល យកទៅធ្វើជាឈ្លើយនៅស្រុកបាប៊ីឡូន ស្តេចយេកូញ៉ាសបង្កើតលោកសាឡាធាល លោកសាឡាធាលបង្កើតលោកសូរ៉ូបាបិល លោកសូរ៉ូបាបិលបង្កើតលោកអប៊ីយូដ លោកអប៊ីយូដបង្កើតលោកអេលីយ៉ាគីម លោកអេលីយ៉ាគីមបង្កើតលោកអស៊រ លោកអស៊របង្កើតលោកសាដុក លោកសាដុកបង្កើតលោកអគីម លោកអគីមបង្កើតលោកអលីយូដ លោកអលីសូដបង្កើតលោកអេលាសារ លោកអេលាសារបង្កើតលោកម៉ាថាន លោកម៉ាថានបង្កើតលោកយ៉ាកុប លោកយ៉ាកុបបង្កើតលោកយ៉ូសែបជាស្វាមីរបស់នាងម៉ារីដែលបង្កើតព្រះយេស៊ូហៅថា “ព្រះគ្រីស្ត”។ នេះជាដំណើររឿងអំពីកំណើតរបស់ព្រះយេស៊ូគ្រីស្ត។ នាងម៉ារី មាតារបស់ព្រះអង្គត្រូវជាគូដណ្តឹងរបស់លោក យ៉ូសែប។ មុនពេលអ្នកទាំងពីររួមរស់ជាមួយគ្នា នាងម៉ារីមានផ្ទៃពោះដោយសារព្រះវិញ្ញាណដ៏វិសុទ្ធរួចទៅហើយ។ លោកយ៉ូសែប ស្វាមីរបស់នាងជាមនុស្សសុចរិត លោកមិនចង់បំបាក់មុខនាងឡើយ​ គឺលោកសម្រេចចិត្តថា​ នឹងផ្តាច់ពាក្យដោយស្ងាត់ៗវិញ។ ពេលលោកកំពុងគិចដូច្នេះ ស្រាប់តែមានទេវទូតរបស់ព្រះជាម្ចាស់មកប្រាប់លោកក្នុងសុបិន្តនិមិត្តថា៖ “លោកយ៉ូសែបជាព្រះរាជវង្សរបស់ព្រះបាទដាវីឌអើយ! សូមកុំខ្លាចនឹងទទួលនាងម៉ារីមកធ្វើជាភរិយាឡើយ! បុត្រដែលនៅក្នុងផ្ទៃនាងកើតមកពីព្រះវិញ្ញាណដ៏វិសុទ្ធ។ នាងនឹងសម្រាលបានបុត្រមួយ ហើយលោកត្រូវថ្វាយព្រះនាមថា៖ “យេស៊ូ” ដ្បិតបុត្រនោះនឹងសង្គ្រោះប្រជារាស្ត្រព្រះអង្គឱ្យរួចផុតពីបាបរបស់គេ។ ហេតុការណ៍នេះកើតឡើងស្របនឹងសេចក្តីដែលព្រះអម្ចាស់មានព្រះបន្ទូលតាមរយៈព្យាការីថា៖ “មើល! ស្ត្រីព្រហ្មចារីនឹងមានផ្ទៃពោះ” នាងនឹងសម្រាលបានបុត្រមួយ ដែលគេនឹងថ្វាយព្រះនាមថា៖ “អេម៉ានូអែល” ប្រែថា “ព្រះជាម្ចាស់គង់ជាមួយយើង”។

Facebook
Twitter
LinkedIn