ធ្វើនៅព្រះសហគមន៍សន្តីម៉ារីញញឹម ចំការទៀង
តាកែវ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២
“ការចងចាំ និងអត្តសញ្ញាណនៅក្នុងព្រះសហគមន៍កាតូលិកកម្ពុជា”
បងប្អូនជាទីស្រឡាញ់
ពិធីដែលយើងប្រារព្ធធ្វើថ្ងៃនេះ សុំចូលព្រះសហគមន៍ (ជំហានទីមួយ) ជាពិធីមួយដែលពោរពេញដោយអត្ថន័យ សម្រាប់ព្រះសហគមន៍យើងក្នុងភូមិភាគភ្នំពេញទាំងមូល យើងស្វាគមន៍ប្អូន១២នាក់ដែលសម្រេចចិត្តដើរតាមព្រះយេស៊ូ។
នៅពេលខ្ញុំបានទៅលេងប្រទេសបារាំងមួយខែ រាល់អាទិត្យខ្ញុំទៅតាមព្រះវិហារមួយចំនួន ជាព្រះវិហារចាស់ មានកន្លែងខ្លះ១០០០ឆ្នាំ និងខ្លះ៥០០ឆ្នាំ កន្លែងខ្លះ៨០០ឆ្នាំ។ ពេលថ្វាយអភិបូជានៅក្នុងព្រះវិហារទាំងនោះ ខ្ញុំនឹកឃើញដល់ព្រះសហគមន៍ដែលធ្វើដំណើរពីរាប់សតវត្ស។ នៅពេលនោះ ខ្ញុំក៏បានផ្ដល់សក្ខីភាពអំពីព្រះសហមគន៍នៅក្នុងប្រទេសកម្ពុជា ដែលពិតមែនមានអាយុច្រើនដែរតាំងពីឆ្នាំ១៥៥៥។ ប៉ុន្តែ នៅឆ្នាំ១៩៧៥-១៩៧៩ ប្រទេសកម្ពុជាយើងបានធ្លាក់ក្នុងសង្រ្គាមស៊ីវិល ហើយព្រះសហគមន៍ចាប់ផ្តើមមានជីវិតឡើងវិញនៅឆ្នាំ១៩៩០។ ដូច្នេះ ពេលយើងគិតពីឆ្នាំ១៩៩០ រហូតដល់ឆ្នាំ២០២២ យើងមានតែ៣០ឆ្នាំតែប៉ុណ្ណឹង។ សម្រាប់ព្រះសហគមន៍សន្តីម៉ារីញញឹមចំការទៀងនេះមានអាយុតែ២២ឆ្នាំ សម្រាប់ព្រះសហគមន៍ត្រពាំងក្រញូងមានអាយុតែ៥ឆ្នាំ អត់ទាន់មានព្រះវិហារទៀត។
ប៉ុន្តែ នៅពេលគេស្ដាប់សក្ខីភាពដែលខ្ញុំផ្ដល់ អំពីព្រះសហគមន៍នៅក្នុងប្រទេសកម្ពុជា គេបានចាប់អារម្មណ៍មែនទែន។ ចាប់អារម្មណ៍អំពីបងប្អូនដែលជាយុវជនយុវនារី ជួនកាលដែលជាយុវចាស់ដែលចាប់ផ្ដើមធ្វើដំណើរដូចថ្ងៃនេះជាមួយព្រះយេស៊ូ។ ចាប់ផ្ដើមគិត តើជីវិតរបស់ខ្ញុំទៅណា? ថ្ងៃនេះយើងបានស្ដាប់ នៅពេលសុំចូលព្រះសហគមន៍ ខ្ញុំបានសួរ តើបងប្អូនសុំអ្វីពីព្រះសហគមន៍របស់ព្រះជាម្ចាស់? សូមចាំមួយជីវិតចម្លើយដែលយើងបានឆ្លើយនៅថ្ងៃនេះ គឺសុំជំនឿ។ សុំជំនឿដោយសារយើងដឹងថា ជំនឿផ្ដល់ជីវិតអស់កល្បជានិច្ច នេះជាព្រះសហគមន៍របស់យើង។ បងប្អូនជាទីស្រឡាញ់ នៅពេលយើងមើលព្រះសហគមន៍នៅក្នុងពិភពលោក ដែលមានអាយុជាង២០០០ឆ្នាំតាមព្រះយេស៊ូដែលសោយទិវង្គត ២០០០ឆ្នាំមុន ដែលមានអាយុចាស់នៅក្នុងប្រទេសមួយចំនួន ដែលមានអាយុក្មេងនៅក្នុងប្រទេសយើង។ យើងត្រូវការនឹកឃើញ យើងមានគោលដៅតែមួយ គឺទទួលជីវិតអស់កល្បជានិច្ច ដោយសារជំនឿ។ ថ្ងៃនេះ យើងចាប់ផ្ដើមធ្វើដំណើរដូចនៅក្នុងអត្ថបទទី១ថ្ងៃនេះ។
រូបគំនូរដែលមាននៅលើជញ្ជាំងព្រះវិហារនេះ មានផ្លូវដែលព្រះយេស៊ូបានដើរ ពីថ្ងៃដែលព្រះយេស៊ូត្រាស់ហៅក្រុមសាវ័ក ឡើងលើភ្នំ ក្រោយមកព្រះយេស៊ូធ្វើដំណើរដើម្បីជួបជាមួយអ្នកខ្វាក់ ជួបជាមួយកូនក្មេង ជួបជាមួយអ្នកក្រីក្រ ជួបជាមួយលោកសាខេ ជួបជាមួយស្រ្ដីសាម៉ារី ឡើងលើភ្នំជាមួយក្រុមសាវ័កម្តងទៀត។ ថ្ងៃនេះ ដែលយើងធ្វើជំហានទីមួយ យើងចូលនៅក្នុងដំណើររបស់ព្រះយេស៊ូដែរ យើងចាប់ផ្ដើមដើរតាមព្រះយេស៊ូ។ តាមពិតនៅពេលព្រះយេស៊ូបានត្រាស់ហៅក្រុមសាវ័កពីដើម គេអត់ដឹងថាគេទៅណា គេធ្លាប់សួរតើព្រះយេស៊ូមកពីណា? តើព្រះយេស៊ូមានកន្លែងស្នាក់នៅទីណា? ព្រះយេស៊ូឆ្លើយថា “សូមដើរតាមខ្ញុំ នោះអ្នកនឹងឃើញ”។ នេះជាពិធីដែលយើងចាប់ផ្ដើមថ្ងៃនេះ យើងអត់ទាន់ស្គាល់ព្រះយេស៊ូប៉ុន្មានទេ យើងអត់ទាន់ស្គាល់ព្រះសហគមន៍ប៉ុន្មានទេ យើងអត់ទាន់ស្គាល់ព្រះបន្ទូលប៉ុន្មានទេ។ ប៉ុន្តែ អំបាញ់មិញយើងបានប្រកាសយ៉ាងឱឡារឹក ដោយថ្វាយបង្គំដល់ឈើឆ្កាង “ខ្ញុំយកព្រះយេស៊ូជាទីពឹង” ដោយថ្វាយបង្គំដល់ព្រះគម្ពីរ “ខ្ញុំយកព្រះបន្ទូលជាទីពឹង” ដោយថ្វាយបង្គំមុខព្រះសហគមន៍ទាំងមូល “ខ្ញុំយកព្រះសហគមន៍ជាទីពឹង”។
ជីវិតដែលគ្មានទីពឹងជាជីវិតឯកោណាស់ ជីវិតដែលគ្មានទីពឹងជាជីវិតកំសត់ ប៉ុន្តែថ្ងៃនេះនៅពេលយើងសុំជីវិតអស់កល្បជានិច្ច យើងដឹងថាផ្លូវដែលយើងដើរត្រូវតែណែនាំយើង ឲ្យយើងរកឃើញជីវិតអស់កល្បជានិច្ច។ រូបនៅលើជញ្ជាំងដដែល ព្រះយេស៊ូបន្តធ្វើដំណើរទៅទីក្រុងយេរូសាឡឹម ពីទីក្រុងយេរូសាឡឹមព្រះយេស៊ូឡើងលើភ្នំដើម្បីអធិដ្ឋាននៅសួនកេតសេម៉ានី។ ក្រោយមក គេកាត់ក្ដីព្រះយេស៊ូ ព្រះយេស៊ូសោយទិវង្គត ព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ ព្រះយេស៊ូមានព្រះជន្មថ្មី ក្រុមគ្រីស្តទូតបន្តធ្វើដំណើរ ជាព្រះសហគមន៍ដំបូង។ ប្រសិនបើយើងបន្តមើលទៀត មានផ្លូវមួយទៀតឡើងដល់ព្រះវិហារចំការទៀង ដល់សាលាសន្តហ្វ្រង់ស្វ័រ យើងធ្វើដំណើរជាមួយព្រះយេស៊ូ និងព្រះយេស៊ូធ្វើដំណើរជាមួយយើង។ ដូច្នេះ យើងលែងឯកោទៀតហើយដោយសារយើងមានព្រះយេស៊ូជាទីពឹង នេះជាអ្វីដែលយើងបានប្រកាស។
ដោយសារយើងមានព្រះបន្ទូលជាពឹង ដើម្បីដឹកនាំយើងពីមួយថ្ងៃទៅមួយថ្ងៃ តើយើងត្រូវការធ្វើអ្វីខ្លះ? នៅពេលយើងស្តាប់ព្រះបន្ទូលដូចថ្ងៃនេះ យើងបានឃើញព្រះយេស៊ូថា “ពិតមែនទ្វារដើម្បីដើរតាមព្រះយេស៊ូ ទ្វារដើម្បីចូលនៅក្នុងជីវិតអស់កល្បជានិច្ច ជាទ្វារចង្អៀត”។ ក៏ប៉ុន្តែ ទោះបីចង្អៀតក៏ដោយយើងដឹងថា យើងមានព្រះយេស៊ូដែលគង់នៅ លុះត្រាតែយើងថែរក្សាជំនឿរបស់យើង លុះត្រាតែយើងស្រឡាញ់ព្រះជាម្ចាស់ពិត លុះត្រាតែយើងយកចិត្តទុកដាក់ជាមួយបងប្អូនឯទៀតៗ។
យើងយកព្រះសហគមន៍ជាទីពឹង យើងត្រូវការចូលនៅក្នុងជីវិតនៃព្រះសហគមន៍របស់យើង ដើម្បីឲ្យយើងចាក់គ្រឹះនៅលើទឹកដីកម្ពុជា។ ទោះបី ព្រះសហគមន៍របស់យើងនៅចំការទៀងនេះមានអាយុតែ២០ឆ្នាំ ប៉ុន្តែយើងចូលនៅក្នុងជីវិតនៃព្រះសហគមន៍កម្ពុជាសិន។ យើងត្រូវការទទួលមរតកទាំងអស់ យើងត្រូវការចូលនៅក្នុងការចងចាំ ដើម្បីរកឃើញអត្តសញ្ញាណរបស់យើងដែលជាគ្រីស្តបរិស័ទខ្មែរ។ យើងត្រូវការមើលឃើញពីសម័យដើមឆ្នាំ១៥៥៥ ដែលមានសាសនាទូតចាប់ផ្ដើមចូលនៅក្នុងប្រទេសកម្ពុជា ត្រូវការនឹកឃើញដល់ជនជាតិជប៉ុនដែលគេចខ្លួនពីប្រទេសគេ ដោយសាររដ្ឋអំណាចកំពុងសម្លាប់គ្រីស្តបរិស័ទ។ ដូច្នេះ គេចេញពីប្រទេសជប៉ុនមកដល់ប្រទេសកម្ពុជា ជិតពញាឮនៅក្នុងខេត្តកណ្ដាល យើងត្រូវការមើលឃើញជនជាតិឥណ្ឌូនេស៊ី ដែលចេញពីប្រទេសឥណ្ឌូនេស៊ីដែរ ដែលចូលនៅទឹកដីកម្ពុជាពីដើម។ យើងត្រូវការនឹកឃើញដល់គ្រីស្តបរិស័ទមួយចំនួន ដែលជាជនជាតិខ្មែរចាប់ផ្ដើមដើរតាមព្រះយេស៊ូពីរាប់រយឆ្នាំមុន។ យើងត្រូវការនឹកឃើញ មុនសម័យប៉ុលពតដែលយើងមានបូជាចារ្យខ្មែរបួនប្រាំអង្គ មានលោកអភិបាលខ្មែរមួយអង្គ គឺលោកអភិបាល ឆ្មារ សាឡាស់ និងមានលោក ទេព អ៊ឹម មួយអង្គទៀត។ យើងត្រូវការនឹកឃើញគ្រីស្តបរិស័ទ ដែលបានតស៊ូនៅក្នុងសម័យប៉ុលពត ដោយបានស្លាប់យ៉ាងច្រើនជាពិសេសបងស្រី លោកឪពុក លោកអភិបាល និងគ្រីស្តបរិស័ទមួយចំនួន។
ប៉ុន្តែ ទោះបីពិបាកក៏ដោយបានតស៊ូនៅក្នុងជំនឿ ដោយដឹងថាព្រះជាម្ចាស់មិនលះបង់ចោល។ យើងត្រូវការនឹកឃើញ ដល់គ្រីស្តបរិស័ទពីឆ្នាំ១៩៧៩ដល់ឆ្នាំ១៩៩០ ដែលអត់មានអភិបូជាទេដោយសារអត់មានបូជាចារ្យ។ គេបានធ្វើដំណើរដល់ព្រំដែនថៃ ដោយដឹងថានៅប្រទេសថៃយើងមានសាសនាទូតខ្លះធ្លាប់នៅខ្មែរ លោកបានផ្ញើព្រះកាយព្រះគ្រីស្តឲ្យគេនៅតាមព្រំដែន។ យើងត្រូវការនឹកឃើញដល់គ្រីស្ដបរិស័ទ ដែលត្រឡប់ពីជំរំវិញជាពិសេសនៅជុំគិរី គាត់បានទទួលជីវិតថ្មីនៅក្នុងជំរំនៅប្រទេសថៃ។ យើងត្រូវការនឹកឃើញ ដល់លោកអភិបាល អ៊ីវ និងលោកអភិបាល អេមីល ដែលបានថ្វាយអភិបូជាដំបូងនៅឆ្នាំ១៩៩០ នៅពេលបុណ្យចម្លង នៅពេលបុណ្យចូលឆ្នាំ។ អត់មានអភិបូជាពីឆ្នាំ១៩៧៧ នៅពេលលោក ឆ្មារ សាឡាស់ លោក ឆ្មារ សាឡឹម និងលោក សម្រើន បានស្លាប់។ យើងត្រូវការនឹកឃើញ ដល់ព្រះសហគមន៍របស់យើងដែលចាប់ផ្ដើមដើរបន្តិចម្ដងៗ យើងមានលោកគ្រូជៀងដែលបានទទួលពិធីជ្រមុជទឹកពីឆ្នាំ១៩៩៨។ នឹកឃើញដល់លោកឪពុក អ៊ុន សុន ដែលមានស្រុកកំណើតនៅភូមិចំការទៀងនេះ និងដែលបានទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យនៅឆ្នាំ២០០១។ នឹកឃើញដល់សាសនាទូត ដែលបានមកប្រកាសដំណឹងល្អប្រចាំនៅនេះ នឹកឃើញអ្វីដែលបានកើតឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដើម្បីប្រកាសដំណឹងល្អពីព្រះសហគមន៍តែមួយ រហូតដល់សព្វថ្ងៃយើងមានព្រះសហគមន៍៨ ប្រហែលជិត៩ដែរ។
ដូច្នេះ ពេលយើងថាព្រះសហគមន៍ជាទីពឹង យើងមិនតែនឹកឃើញមនុស្សដែលយើងឃើញមុខពេលនេះ។ ប៉ុន្តែ យើងត្រូវការយល់ថាយើងចូលនៅក្នុងមរតកពិសេសពីក្រុមគ្រីស្តទូតមែន ប៉ុន្តែមរតករបស់យើងនៅក្នុងប្រទេសយើង។ យើងដឹងថា យើងចូលនៅក្នុងមរតកពិសេសហ្នឹងដែលជាកម្លាំង ដើម្បីឲ្យយើងដែលជាជំនាន់ថ្មីៗបន្តរស់នៅជាមួយព្រះយេស៊ូ និងណែនាំឲ្យព្រះសហគមន៍យើងមានជីវិត។ យើងត្រូវការអធិដ្ឋាន ដើម្បីឲ្យយើងមានយុវជនមួយចំនួនសុខចិត្តឆ្លើយតបទៅព្រះសហគមន៍ ទៅព្រះជាម្ចាស់ ដើម្បីបម្រើព្រះសហគមន៍ធ្វើជាបូជាចារ្យ ធ្វើជាបងសី្រ។ ព្រះសហគមន៍ដែលអត់មានបូជាចារ្យនៅក្នុងប្រទេស ជាព្រះសហគមន៍ដែលត្រូវតែងាប់ ដោយសារនៅថ្ងៃណាមួយមានបញ្ហាធំណាស់ ដែលអត់មានលោកចេញពីប្រទេសផ្ទាល់។ មានលោកធ្វើអគ្គសញ្ញាព្រះកាយព្រះគ្រីស្តដែលផ្ដល់ជីវិត អគ្គសញ្ញាលើកលែងទោសដែលផ្ដល់កម្លាំងថ្មី អគ្គសញ្ញាអាពាហ៍ពិពាហ៍ទៅជាប្ដីប្រពន្ធនៅក្នុងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ អគ្គសញ្ញាសម្រាប់អ្នកជម្ងឺដែលកំពុងធ្វើដំណើរនៅក្នុងការពិបាកនិងទុក្ខលំបាក។
អាទិត្យមុនខ្ញុំនៅប្រទេសឡាវ ដើម្បីចូលរួមពិធីតែងតាំងលោកអភិបាលថ្មីជាជនជាតិឡាវ ព្រះសហគមន៍ឡាវមានគ្រីស្តបរិស័ទ៥០០០០នាក់ នៅក្នុងចំណោមប្រជាជនតែ៦លាននាក់។ ដូច្នេះ បើគិតជាភាគរយច្រើនជាងខ្មែរយើងឆ្ងាយ ដោសសារយើងគ្រីស្តបរិស័ទតែ២០០០០នាក់ ក្នុងចំណោមប្រជាជនជាង១៦លាននាក់។ ព្រះសហគមន៍ឡាវ ជាព្រះសហគមន៍មួយដែលនៅឆ្នាំ១៩៧៥ រដ្ឋាភិបាលបានបណ្ដេញសាសនាទូតទាំងអស់ទៅគេប្រទេសវិញ។ ខ្មែរយើងឆ្នាំនោះបានចូលនៅក្នុងរបបខ្មែរក្រហម ដែលបាត់បង់សេរីភាពទាំងអស់ តែនៅប្រទេសឡាវគេចូលនៅក្នុងរបបគមុយនីស្ត។ នៅរបបគមុនីស្តមិនមែនធ្ងន់ធ្ងរដូចប៉ុលពតទេ អត់បានវាយព្រះវិហារចោលប៉ុន្តែបានសម្លាប់បូជាចារ្យ គ្រូអប់រំជំនឿ អស់១៧នាក់ដែលជាមរណសាក្សីផ្លូវការ។ សព្វថ្ងៃ ប្រទេសឡាវនៅកាន់របបគមុយនីស្តដដែល អត់សូវមានសេរីភាពដើម្បីប្រកាសដំណឹងល្អ ហេតុនេះហើយសាសនាទូតពីប្រទេសផ្សេងៗមិនអាចចូលប៉ុន្មានទេ។ ដូច្នេះ គេទីពឹងលើបូជាចារ្យឡាវ គេទីពឹងលើបងស្រីឡាវ នៅក្នុងអនុទេវវិទ្យាល័យដែលគេកំពុងត្រៀមខ្លួនចូលឆ្នាំទីមួយ នៅទេវវិទ្យាល័យ គេមាន១៨នាក់ជាជនជាតិឡាវទាំងអស់ នៅក្នុងទេវវិទ្យាល័យគេមានគ្នាជិត២០នាក់ រាល់ឆ្នាំគេតែងតាំងលោកបូជាចារ្យពីរបីនាក់។
ដូច្នេះយើងត្រូវការគិត ពេលយើងមើលឃើញព្រះសហគមន៍ឡាវដែលមានសមត្ថភាពតូច ប៉ុន្តែមានកម្លាំង ដោយសារមានបូជាចារ្យ មានបងស្រីជាជនជាតិផ្ទាល់ខ្លួនដើម្បីបម្រើ។ ព្រះសហគមន៍កម្ពុជាយើង មានសាសនាទូតច្រើនមកពីបរទេស នៅភ្នំពេញយើងមានសាសនាទូត២០០នាក់ ទាំងបងស្រី ទាំងបងប្រុស ទាំងបូជាចារ្យ ទាំងគ្រីស្តបរិស័ទដែលសុខចិត្តបម្រើ ប៉ុន្តែគេមកពី២៥ប្រទេស។ ភូមិភាគភ្នំពេញ យើងនៅសល់លោកបូជាចារ្យខ្មែរតែ២អង្គ បងស្រីសានី មកពីក្រុមឧបការគុណ និងបងស្រីបួនប្រាំនាក់នៅក្រុមសាលេស៊ានដុនបូស្កូ។ ដូច្នេះ ជាពេលវេលាមួយដើម្បីនឹកឃើញដល់ព្រះសហគមន៍របស់យើង នេះមិនមែនព្រះសហគមន៍គេ មិនមែនព្រះសហគមន៍របស់ជនបរទេស។ ថ្ងៃស្អែក យើងបើកមហាសន្និបាត FABC គឺសហគមន៍របស់ក្រុមលោកអភិបាលនៅក្នុងទ្វីបអាស៊ី មានជាង២០ប្រទេសដែលចូលរួម មានលោកអភិបាលបរទេសតែ៣អង្គគត់ មានលោក គីកេ លោក អូលីវីយ៉េ និងលោកម្នាក់នៅប្រទេសម៉ុងហ្គូលីតែប៉ុណ្ណឹង ប្រទេសផ្សេងសុទ្ធតែលោកអភិបាលជនជាតិផ្ទាល់ខ្លួន។ ដូច្នេះ យើងត្រូវការគិតមែនទែនសម្រាប់ព្រះសហគមន៍របស់យើង ឲ្យយើងធ្វើដូចម្ដេចដើម្បីឲ្យព្រះសហគមន៍បន្តមានជីវិត។ ដោយសារ គ្រីស្តបរិស័ទចាក់គ្រឹះនៅក្នុងប្រវត្តិសាស្រ្ត ប៉ុន្តែចាក់គ្រឹះដើម្បីឲ្យមានផ្លែនៅថ្ងៃអនាគត។
រុក្ខជាតិពេលផ្កាងាប់ផ្កានេះទៅជាផ្លែ ដូចជាដើមស្វាយពេលផ្កាវាងាប់បានក្លាយជាផ្លែ ជួនកាលផ្កាមួយទងបានប៉ុន្មានផ្លែច្រើនណាស់។ ប៉ុន្តែ នៅក្នុង៥០ផ្លែនេះ វាអាចក្លាយជាផ្លែធំដែលយើងអាចញ៉ាំបានប្រហែលនៅសល់តែមួយពីរតែប៉ុណ្ណឹង ផ្លែតូចៗមានច្រើនណាស់ប៉ុន្តែទឹកដែលផ្តល់ជីវិតអត់ទៅដល់វា ធ្វើឱ្យវាងាប់ទៅវិញនៅសល់តែផ្លែមួយពីរ។ ដូច្នេះ ខ្ញុំឃើញផ្កាច្រើនណាស់នៅក្នុងព្រះសហគមន៍របស់យើង ប៉ុន្តែជាពេលវេលាសម្រាប់គ្រីស្តបរិស័ទចាស់ សម្រាប់គ្រូអប់រំជំនឿ សម្រាប់ឪពុកម្ដាយដែលជាគ្រីស្តបរិស័ទ ដើម្បីស្រោចទឹកយ៉ាងច្បាស់លាស់ឲ្យផ្កានេះចេញជាផ្លែ។ យើងអាចនិយាយបានថា ឃ្មុំជាសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ដែលណែនាំឲ្យយើងមានផ្លែ។ ប៉ុន្តែ ប្រសិនបើយើងមិនបើកចិត្តគំនិតដើម្បីទទួលស្គាល់សេចក្ដីស្រឡាញ់នេះដ៏ពេញលក្ខណៈ យើងបង្កើតផ្លែអត់កើតទេ។ នៅក្នុងគំនូរនេះ មានស្រែមួយដែលមានបន្លា ដូច្នេះស្មៅនិងស្រូវចេញជាមួយគ្នា ក្រោយមកវាងាប់អស់ហើយដោយសារបន្លាធ្វើឲ្យវាងាប់ ស្រែមួយទៀតសុទ្ធតែថ្មមានដីតិចៗដំបូងស្រូវលូតលាស់ល្អណាស់ តែក្រោយមកស្វិតអស់ហើយព្រោះមានសុទ្ធតែថ្ម។ ប៉ុន្តែ ស្រែទីបីដែលបានទទួលស្រូវយ៉ាងច្រើន ដោយសារដីល្អ ដីល្អដោយសារមានម្ចាស់ចម្ការដែលបានថែរក្សា ហើយម្ចាស់ចម្ការគឺព្រះជាម្ចាស់ផ្ទាល់។
បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះដែលជាថ្ងៃពិសេសសម្រាប់ព្រះសហគមន៍នៅក្នុងភូមិភាគភ្នំពេញទាំងមូល ជាពេលវេលាដើម្បីអធិដ្ឋានឲ្យយើងដែលជាគ្រីស្តបរិស័ទ យើងថែរក្សាអំណោយទានពិសេស ទ្រព្យសម្បត្តិដ៏ពិសេសដែលយើងបានទទួល គឺជំនឿ។ យើងធ្វើឲ្យជំនឿនេះមានផ្លែ ផ្លែដើម្បីឲ្យព្រះសហគមន៍របស់យើងមានជីវិត ដើម្បីឲ្យព្រះសហគមន៍របស់យើងអាចផ្ដល់សក្ខីភាពអំពីសេចក្ដីស្រឡាញ់មែន។ ប៉ុន្តែ ឲ្យយើងមានគ្នាយើងដោយដឹងថា នេះជាព្រះហគមន៍ខ្ញុំ នេះជាគ្រួសារខ្ញុំ នេះជាផ្ទះខ្ញុំ ខ្ញុំត្រូវតែថែរក្សាស្រឡាញ់ផ្ទះខ្ញុំ គ្រួសារខ្ញុំ ព្រះសហគមន៍ខ្ញុំ ដោយបម្រើមិនទុកឲ្យអ្នកផ្សេងបម្រើរហូត។ ដូច្នេះ បងប្អូនជាទីស្រឡាញ់សូមឲ្យយើងមានលោកឪពុកយ៉ាងច្រើន បងស្រីយ៉ាងច្រើន ដើម្បីឲ្យព្រះសហគមន៍របស់យើងអាចទៅមុខនៅក្នុងសេចក្ដីស្រឡាញ់រួមជាមួយគ្នា។
- លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ
អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា
ភូមិភាគភ្នំពេញ