សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស ១ករ ៦,១-១១
បងប្អូនជាទីស្រឡាញ់!
ក្នុងចំណោមបងប្អូន កាលណាម្នាក់មានរឿងទាស់ទែងនឹងម្នាក់ទៀត ហេតុអ្វីបានជាគេហ៊ានរកចៅក្រមដែលជាអ្នកទុច្ចរិតឱ្យកាត់ក្ដី ម្ដេចក៏មិនទុកឱ្យជនដ៏វិសុទ្ធកាត់ក្ដីវិញទៅ! បងប្អូនជ្រាបថា ជនដ៏វិសុទ្ធនឹងវិនិច្ឆ័យពិភពលោក! ប្រសិនបើបងប្អូនវិនិច្ឆ័យ ពិភពលោកដូច្នេះ ហេតុដូចម្ដេចបានជាបងប្អូនថា ខ្លួនមិនសមនឹងអារកាត់រឿងរ៉ាវដ៏តូចបំផុតនេះ? បងប្អូនជ្រាបច្បាស់ថា សូម្បីតែពួកទេវទូតក៏យើងនឹងវិនិច្ឆ័យដែរ ចុះទម្រាំបើរឿងរ៉ាវក្នុងជីវិតនេះវិញ ម្ដេចក៏យើងអារកាត់មិនកើត!។ ពេលបងប្អូនមានរឿងប្ដឹងផ្ដល់គ្នាអំពីបញ្ហាក្នុងជីវិតនេះ ម្ដេចក៏បងប្អូនទៅរកពួកអ្នកដែលព្រះសហគមន៍មិនរាប់រកឱ្យមកកាត់ក្ដីដូច្នេះ។ ខ្ញុំនិយាយនេះ ដើម្បីឱ្យបងប្អូនខ្មាសខ្លួនឯង។ ក្នុងចំណោមបងប្អូន តើគ្មាននរណាមានប្រាជ្ញាអាចអារកាត់រឿងរ៉ាវដែលកើតឡើងរវាងបងប្អូន សូម្បីតែម្នាក់ក៏គ្មានផងដែរទែឬ? បងប្អូនបែរជាប្ដឹងផ្ដល់គ្នាឯង ហើយថែមទាំងនៅមុខអ្នកមិនជឿទៀតផង! គ្រាន់តែបងប្អូនប្ដឹងផ្ដល់គ្នាឯងនោះ វាខុសទាំងស្រុងទៅហើយ!។ ហេតុអ្វីបានជាបងប្អូនមិនស៊ូទ្រាំនឹងអំពើអយុត្តិធម៌? ហេតុអ្វីបានជាមិនព្រមឱ្យគេរឹបយកទ្រព្យរបស់បងប្អូន?។ ផ្ទុយទៅវិញ គឺបងប្អូនទេតើដែលប្រព្រឹត្តអំពើអយុត្តិធម៌ ហើយរឹបអូសយកទ្រព្យពីគេដែលសុទ្ធតែជាបងប្អូនរបស់ខ្លួនថែមទៀត! បងប្អូនជ្រាបច្បាស់ថា អ្នកប្រព្រឹត្តិអំពើទុច្ចរិត ពុំអាចទទួលព្រះរាជ្យព្រះជាម្ចាស់ទុកជាមត៌កបានឡើយ! សូមបងប្អូនកុំយល់ច្រឡំឱ្យសោះ! អស់អ្នកដែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌ ពួកថ្វាយបង្គំព្រះក្លែងក្លាយ ពួកមានសាហាយស្មន់ ពួកជនពាល ពួកអ្នករួមសង្វាសនឹងភេទដូចគ្នាពួកចោរប្លន់ ពួកលោភលន់ចង់បានទ្រព្យគេ ពួកប្រមឹក ពួកជេរប្រមាថ ពួកប្លន់យកទ្រព្យគេពុំអាចទទួលព្រះរាជ្យរបស់ព្រះជាម្ចាស់ទុកជាមត៌កបានឡើយ។ កាលពីដើម បងប្អូនខ្លះក៏ជាមនុស្សប្រភេទនេាះដែរ។ ប៉ុន្ដែ ព្រះជាម្ចាស់បានលាងសម្អាតបងប្អូន! ព្រះអង្គបានប្រោសបងប្អូនឱ្យបានវិសុទ្ធ! ទ្រង់ក៏បានប្រោសបងប្អូនឱ្យបានសុចរិតដែរ ក្នុងព្រះនាមព្រះអម្ចាស់យេស៊ូគ្រីស្ដ និងដោយសារព្រះវិញ្ញាណនៃព្រះជាម្ចាស់របស់យើងរួចស្រេចហើយ។
ទំនុកតម្កើងលេខ ១៥០(១៤៩),១-៦.៩ បទកាកគតិ
១ | ចូរច្រៀងបទថ្មី | ថ្វាយព្រះម្ចាស់ថ្លៃ | ប្រសើរកន្លង |
ចូរច្រៀងតម្កើង | ព្រះនាមព្រះអង្គ | ក្នុងចំណោមផង | |
អ្នកដែលជឿព្រះ | ។ | ||
២ | ចួរឱ្យជនជាតិ | ស្រាអែលខ្មីឃ្មាត | រីករាយទាំងអស់ |
ដោយសារព្រះអង្គ | បានបង្កើតមនុស្ស | ទាំងស្រីទាំងប្រុស | |
ពាសពេញផែនដី | ។ | ||
៣ | សូមនាំគ្នារាំ | ថ្វាយព្រះឧត្តម | កុំវេះគេចពួន |
តម្កើងព្រះនាម | ឱ្យបានសមសួន | វាយក្រាប់ផ្ទួនៗ | |
ទាំងដេញពិណថ្វាយ | ។ | ||
៤ | ដ្បិតព្រះអម្ចាស់ | សព្វព្រះទ័យណាស់ | នឹងរាស្រ្ដទាំងឡាយ |
ទ្រង់តែងសង្គ្រោះ | ដឹកនាំត្រួសត្រាយ | ហើយតែងខ្វល់ខ្វាយ | |
ជួយអ្នកទន់ទាប | ។ | ||
៥ | សូមឱ្យអស់អ្នក | សង្ឃឹមជឿជាក់ | លើព្រះដរាប |
នាំគ្នាសប្បាយ | ប្រសើរលើសលប់ | តម្កើងសាយសព្វ | |
សិរីព្រះម្ចាស់ | ។ | ||
ទោះជាពេលយប់ | ក៏គេមិនឈប់ | គេនៅប្រកាស | |
ទាំងលើកតម្កើង | សិរីព្រះម្ចាស់ | ឱ្យបានខ្ពង់ខ្ពស់ | |
ទាំងអំណរផង | ។ | ||
៦ | សូមទាំងអស់គ្នា | សរសើរគ្រប់គ្រា | កុំបីរំលង |
មាត់ពោលពាក្យល្អ | ដៃកាន់ដាវផង | ទុក្ខសោកមួរហ្មង | |
វិនាសខ្ចាត់ខ្ចាយ | ។ | ||
៩ | ឯការដាក់ទោស | ជាតិសាសន៍ទាំងនោះ | ត្រឹមត្រូវឥតប្រែ |
តាមការសម្រេច | ព្រះមិនខុសទេ | ពួកវាត្រូវតែ | |
ទទួលទោសនោះ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១៥,១៦
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់បានជ្រើសរើសពួកគេពីចំណោមមនុស្សលោក ដើម្បីឱ្យគេបង្កើតផល ព្រមទាំងឱ្យផលរបស់គេនៅស្ថិតស្ថេរ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៦,១២-១៩
នៅគ្រានោះ ព្រះយេស៊ូយាងឡើងទៅលើភ្នំដើម្បីអធិដ្ឋាន។ ព្រះអង្គអធិដ្ឋានពេញមួយយប់។ លុះព្រលឹមឡើង ព្រះអង្គត្រាស់ហៅក្រុមសាវ័កមក។ ក្នុងចំណោមសាវ័កទាំងនោះ ព្រះអង្គជ្រើសយកដប់ពីរនាក់ ហើយទ្រង់ប្រទានងារជាទូតរបស់ព្រះអង្គ គឺមានស៊ីម៉ូន ដែលទ្រង់ប្រទានឈ្មោះថា សិលា និងអន់ដ្រេជាប្អូនរបស់គាត់ យ៉ាកុប យ៉ូហាន ភីលីព បាថូឡូមេ ម៉ាថាយ ថូម៉ាស យ៉ាកុបជាកូនលោកអាល់ផាយ ស៊ីម៉ូនហៅអ្នកជាតិនិយម យូដាសជាកូនលោកយ៉ាកុប និងយូដាសអ៊ីស្ការីយ៉ុត ដែលនឹងក្បត់ព្រះអង្គ។ ព្រះយេស៊ូយាងចុះពីលើភ្នំជាមួយសាវ័កទាំងដប់ពីរនាក់ មកប្រថាប់នៅត្រង់កន្លែងមួយរាបស្មើ។ នៅទីនោះមានសាវ័កជាច្រើន និងមហាជនពីស្រុកយូដា ពីក្រុងយេរូសាឡឹម ពីក្រុងទីរ៉ូស និងក្រុងស៊ីដូន នៅតាមមាត់សមុទ្រមករង់ចាំព្រះអង្គយ៉ាងកកកុញ។ គេនាំគ្នាមកស្ដាប់ព្រះអង្គ និងសូមព្រះអង្គប្រោសឱ្យជាពីជំងឺ។ រីឯអស់អ្នកដែលមានខ្មោចចូលក៏បានជាដែរ។ បណ្ដាជនប្រជៀតគ្នាចូលមកពាល់ព្រះយេស៊ូ ដ្បិតមានប្ញទ្ធានុភាពចេញពីព្រះអង្គមកប្រោសគេឱ្យជាគ្រប់ៗគ្នា។